ខ្មែរក្រហមសម្លាប់បញ្ញវន្តនៅទួលតាភី

ស សាវ៉ុន រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង​។

(ខេត្តព្រៃវែង)៖ ស សាវ៉ុន មានអាយុ៦៤ឆ្នាំ និង​មានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង​។ បច្ចុប្បន្ន សាវ៉ុន  រស់នៅជាមួយក្មួយៗនៅស្រុកកំណើត។

សាវ៉ុន បាននិយាយថានៅឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមឡើងកាន់អំណាច គាត់ឃើញមានប្រជាជន១៧មេសា ជម្លៀសពីភ្នំពេញ មករស់នៅក្នុងភូមិ។ ប្រជាជនទាំងនោះត្រូវបានកងឈ្លបបង្ខំឲ្យធ្វើការធ្ងន់ៗ ហើយបញ្ញ​វន្តដែលគ្មានកំហុសមួយចំនួន ត្រូវបានចងយកទៅសម្លាប់នៅទួលតាភី​។ សាវ៉ុន ត្រូវកងឈ្លបចាត់​ឲ្យធ្វើការក្នុងកងចល័តនារីស្រុកព្រះស្ដេច និងស្រុកពាមជរ៍ ខេត្តព្រៃវែង។ នៅពេលថ្ងៃ គាត់ត្រូវទៅលើកប្រព័ន្ធភ្លឺស្រែ និងលើកដីធ្វើផ្លូវថ្នល់ ហើយនៅពេលយប់ត្រូវជួយរកសត្វកណ្តុរ។ នៅរដូវវស្សា សាវ៉ុន ត្រូវជួយបេះត្រកួត និងត្រកៀត (ឈ្មោះ​ស្មៅ​ទឹក​ពួក​ត្រាវ ធាង ​និង​គល់​ប្រើ​ជា​បន្លែ​បាន) សម្រាប់ឲ្យចុង​ភៅ​យកទៅធ្វើម្ហូបនៅរោងបាយរួម។ សាវ៉ុន បាននិយាយបន្តថា នៅគ្រានោះ ការងារមានសភាពលំបាកខ្លាំង ព្រោះត្រូវធ្វើការងារច្រើន និងត្រូវចុះទឹកជ្រៅៗដើម្បីបេះត្រកួត និងត្រកៀត។ ផ្ទុយទៅវិញ គាត់ទទួលបានរបបអាហារតិចតួច ដែល​​មានតែបបរលាយជាមួយពោត។ សាវ៉ុន បន្ថែមថាអង្ករមានភាព​ខ្វះខាត ទើបអង្គការយកពោតមកលាយ ហើយបបរមានគ្រាប់អង្ករតិចជាងទឹក និងពោត។ សាវ៉ុន និយាយបន្ថែមថា សមាជិកក្នុងកងចល័ត​នារី បានបាត់ខ្លួនជាញឹកញាប់ ហើយឃើញមានសមា​ជិក​ថ្មី​មកជំនួស។ គាត់​បានឮអ្នកធ្វើការជាមួយនិយាយថា ​កងចល័តនារីដែលបាត់ខ្លួនត្រូវបាននាំទៅសម្លាប់​។

ក្រោយមកអង្គការបានបញ្ជូន សាវ៉ុន ទៅកោះរការ។ នៅទីនោះ​របបអាហារកាន់តែខ្វះខាតខ្លាំងជាងនៅស្រុកកំណើតរបស់គាត់ទៅទៀត រហូត​ដល់ សាវ៉ុន និងប្រជាជននៅទីនោះចាប់សត្វគីង្គក់ និងកណ្តុរយកមកធ្វើជាអាហារទៀតផង។ ដោយ​សារការរស់នៅកោះរការមានការលំបាកខ្លាំង គាត់បានសម្រេចចិត្តរត់មកស្រុកកំណើតវិញ។ ពេលមកដល់គ្រួសាររបស់សាវ៉ុន បានលាក់ព័ត៌មានគាត់ពីអង្គការ។ ក្រោយមក អង្គការបានដឹង ប៉ុន្តែមិនបានយកទោសពៃរ៍ទេ និងឲ្យគាត់ទៅធ្វើការក្នុងកងចល័តបន្ត។

នៅចុងឆ្នាំ១៩៧៨ មានយន្តហោះទម្លាក់គ្រាប់បែក និងមានកងទ័ពវៀតណាម​ធ្វើសង្គ្រាមជាមួយយោធាខ្មែរក្រហម​។ គ្រួសាររបស់សាវ៉ុន និងប្រជាជនភិតភ័យក៏បាននាំគ្នារត់ចេញពីភូមិ។ នៅពេលនោះ សាវ៉ុន បានរត់បែកគ្នាជាមួយឪពុកម្តាយ។ គាត់បានរត់ទៅជាមួយម្តាយមីង រហូតដល់ព្រៃស្វាយ ក្បែរតំបន់អ្នកលឿង។ ក្រោយពីរបបខ្មែរក្រហមដួលរលំ សាវ៉ុន និងម្តាយមីងបានធ្វើដំណើរដោយថ្មើរជើងត្រលប់មករស់នៅជួបជុំគ្រួសារនៅស្រុកកំណើតវិញ។

បច្ចុប្បន្ន សាវ៉ុន មានសុខភាពមិនសូវល្អទេ ដោយឧស្សាហ៍មានអាការចុករោយដៃ-ជើង និងជង្គង់មិនអាចធ្វើដំណើរទៅឆ្ងាយៗបាន។ គាត់ធ្លាប់ទៅពិនិត្យជំងឺនៅមន្ទីរពេទ្យឯកជន និងមណ្ឌលសុខភាពនិងបានធូរស្បើយមួយរយៈ។ ក្រោយមក គាត់ក៏ឈឺឡើងវិញ​៕

សម្ភាសន៍ដោយ ជួន រក្សា ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin