សកម្មភាពចូលបម្រើបដិវត្តន៍

សកម្មភាពចូលបម្រើបដិវត្តន៍ របស់ សៀង ផុន ហៅផា[1]
អត្ថបទនេះ គឺជាសេចក្តីសង្ខេបនៃឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន២០ទំព័រ របស់ សៀង ផុន ហៅ ផា អតីតអ្នកធ្វើស្រែ។ មុនអង្គការចាប់ខ្លួន ផា គឺជាជំនួយការ វរៈតូច៧០១ កងពលលេខ១៧៤ ភូមិភាគកណ្ដាល។ ឯកសារចម្លើយសារភាពលេខ J00១០៧ បានបង្ហាញអំពីសកម្មភាព ឈ្មោះ ផា ចូលបម្រើក្នុងជួរបដិវត្តន៍ ដោយទទួលផែនការពីឈ្មោះ វេង ជាភ្នាក់ងារ សេ.អ៊ី.អា.។ ក្នុងការធ្វើបដិវត្តន៍នេះ ផា បានជាប់ពាក់ព័ន្ធជាមួយក្រុមមនុស្សចំនួន៣៤នាក់ ដោយធ្វើផែនការបំផុសយុវជននៅក្នុងអង្គភាពឲ្យរត់ចូលតំបន់ខ្មាំង និងរត់ទៅរស់នៅផ្ទះវិញ ថែមទាំងបំផ្លាញសម្ភាររបស់អង្គការបដិវត្តន៍ទៀតផង។ រហូតមកដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ១៩៧៧ ផា ត្រូវបានអង្គការចាប់ខ្លួន។ ចម្លើយសារភាពនេះ ថែមទាំងបានរំលេចនូវហត្ថលេខា អ្នកសួរចម្លើយដែលជាកម្មាភិបាលខ្មែរក្រហម ក៏ដូចជាមានកាលរិច្ឆេទនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៧៧។ ខាងក្រោមនេះ ជាសេចក្ខីសង្ខេបចម្លើយសារភាពរបស់ សៀង ផុន ហៅ ផា៖
សៀង ផុន ហៅ ផា ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ តំបន់៤២ ភូមិភាគកណ្ដាល។[2] នៅអាយុ៩ឆ្នាំ ផា បានចូលរៀនថ្នាក់ទី១២ នៅសាលាបឋមសិក្សាល្អៀត។ ចូលមកដល់អាយុ ១២ឆ្នាំ ផា រៀនដល់ថ្នាក់ទី១០ ក៏ឈប់រៀន ត្រលប់មកជួយធ្វើស្រែឪពុកម្ដាយនៅភូមិកែង ឃុំជ្រោយបន្ទាយ តំបន់៤២វិញ។ ផា ធ្វើស្រែបានមួយរយៈ ក៏ត្រលប់ទៅរៀនម្ដងទៀត នៅសាលាបឋមសិក្សាភូមិកែង។ រហូតដល់ថ្នាក់ទី៨ ផា បានឈប់រៀន និងមកជួយធ្វើស្រែឪពុកម្ដាយនៅភូមិខ្សាច់ទប់រហូតមក។
នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ១៩៧៣ ផា ចូលធ្វើបដិវត្តន៍ និងបានមករស់នៅជាមួយកងទ័ពនៅស្រុកព្រែកប្រសប់។ អំឡុងពេលនោះ សង្រ្គាមបានកើតមានឡើងនៅខេត្តកំពង់ចាម។ ផា ត្រូវរបួស និងបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងភូមិហាន់ជ័យ អស់រយៈពេល១ខែ ទើបបានត្រលប់ផ្ទះវិញ។ នៅខែធ្នូ ឆ្នាំ១៩៧៣ អង្គការចាត់តាំង ផា ឲ្យមករស់នៅក្នុងវរៈតូចលេខ ៤១០ តំបន់ ៤២ នៅភូមិភាគកណ្ដាលនៃខេត្តកំពង់ចាម។ [3] ពេលនោះ តាមរយៈ វេង ផា ត្រូវបានបញ្ចូលឲ្យធ្វើជាសេ.អ៊ី.អា. ដែលត្រូវបំផុសដល់យុវជន នៅក្នុងអង្គភាពឲ្យរត់ចូលតំបន់ខ្មាំង និងចូលបង្កប់ខ្លួនក្នុងសមរភូមិធ្វើឲ្យបែកការ ។ នៅឆ្នាំ១៩៧៤ ផា និងហេង បំផុសយុវជនឲ្យរត់ទៅផ្ទះអស់ចំនួន២នាក់។ លើសពីនេះ វេង បានចាត់តាំង អ្នកទាំងពីរឲ្យចាំយាមការពារខ្លួន អំឡុងពេលប្រជុំជាមួយគណៈរវៈតូច និងកងធំ នៅភូមិអំពិលជ្រុំ។ ក្រោយពេលប្រជុំចប់ វេង បានណែនាំ ផា ឲ្យស្គាល់កម្លាំងម្នាក់ទៀត ឈ្មោះ សែ។ បន្ទាប់មក វេង បានដាក់ផែនការដល់អ្នកទាំងនេះឲ្យបំផុសយុវជននៅក្នុងអង្គភាពឲ្យរត់ចូលតំបន់ខ្មាំង ដើម្បីបំផ្លាញសម្ភារបដិវត្តន៍ឲ្យបានច្រើនទៀត។ ពេលនោះ ផា និងបក្ខពួក៣នាក់ កសាងកម្លាំងបានចំនួន២នាក់បន្ថែម ដែលជាយុវជននៅតំបន់រវៈតូច ៤០៨ នៅភូមិទ្រាល ស្រុកចំការលើ តំបន់៤២។ ក្រោយមក នៅខែមេសា ឆ្នាំ១៩៧៥ ផា បានទៅចូលរួមការប្រជុំនៅភូមិគៀនជ្រៃ ជាមួយមនុស្ស១១នាក់ បង្ហាញអំពីផែនការសកម្មភាពកម្ទេចរោងចក្រក្នុងខេត្តកំពង់ចាម និងបញ្ជូនទ័ពនៅវរៈតូចលេខ ៤០៧ ទៅត្រៀមចាំការពារនៅព្រែកក្ដាម ក្នុងក្រុងកំពង់ចាម ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ តាមរយៈឈ្មោះ រាប ផា ត្រូវបានបញ្ជូនឲ្យទៅរស់នៅភូមិផ្នៀង ដើម្បីប្រមូលក្រុមទាហាន នៅវាលវង់ និងអប់រំ ឈ្មោះ តុល រួមទាំងបក្ខពួកកម្លាំង សេ.អ៊ី.អា. ជាច្រើនបន្ថែមទៀត។ លុះស្អែកឡើង ផា ប្រមូលទាហាននៅវាលវង់ បានប្រហែលចំនួន៥០នាក់ ក៏បញ្ជូនទៅឲ្យឈ្មោះ ថា នៅវត្តស្នួល ។ សកម្មភាពពេលនោះ ផា និងបក្ខពួក ប្រមូលយកកាំភ្លើងនៅបន្ទាយស៊ុប បានចំនួន៥០ដើម យកទៅដុតបំផ្លាញចោលនៅខាងជើងបន្ទាយ ឈឹម យ៉ាន ។ នៅខែមេសា ឆ្នាំ១៩៧៦ ផា បានដាក់ការប្រជុំម្ដងទៀតនៅព្រែកដើមចាន់ ជាមួយមនុស្ស១១នាក់ លើកឡើងអំពីការប្រឆាំងនឹងការធ្វើបដិវត្តិន៍នៅទូទាំងប្រទេស ហើយត្រូវធ្វើសកម្មភាពបំផុសបំផុល និងកសាងកម្លាំង សេ.អ៊ី.អា. ឲ្យបានច្រើន ដើម្បីវាយយកក្រុងកំពង់ចាម ។ ជាមួយគ្នានេះដែរ ផា ក៏ជួបជាមួយឈ្មោះ ហ៊ុន (មិត្តនារី) នៅភូមិត្រពាំងជ្រៃ និងឈ្មោះ ភឿន មានតួនាទីអនុប្រធានឃុំក្រឡ ស្រុកកំពង់សៀម តំបន់៤២ ជាខ្សែបណ្ដាញរបស់ហ៊ុនដែរ។ អ្នកទាំងពីរ បានធ្វើសកម្មភាពបណ្ដេញប្រជាជន នៅភូមិត្រពាំងត្រស់ ចំនួន៤នាក់ឲ្យរត់ចេញពីភូមិ រួចប្រគល់ទៅឲ្យចោរព្រៃ នៅបឹងធំ។ ក្រោយមក ផា ទៅនៅចាំការពារឈ្មោះ សី នៅមន្ទីរស៊ុបកំពង់ចាម។ ហើយ ផា និងយ៉ន ត្រូវបានចាត់តាំងឲ្យនៅចាំបាញ់សម្លាប់ ឈ្មោះ ពក នៅកន្លែងផ្លូវស៊ុបកំពង់ចាមនោះដែរ។ នៅខែមេសា ឆ្នាំ១៩៧៧ អង្គការបានដក ផា ឲ្យត្រលប់មករស់នៅកងវរៈតូច៧០១វិញ។ តាមការដាក់ផែនការពីឈ្មោះ រាប ផា ត្រូវបញ្ជូនឲ្យចាំការពារនៅរោងចក្រចំការកៅស៊ូ និងចំការអណ្ដូង ដើម្បីលួចកម្ទេចកម្មាភិបាលដែលចេញពីភូមិភាគនិរតី (ភូមិភាគ៤០៥) ដែលមកពីខេត្តតាកែវ និងខេត្តកំពត ។ [4]
នៅដើមខែកក្កដា ឆ្នាំ១៩៧៧ អង្គការបានផ្លាស់ប្ដូរ ផា ឲ្យទៅរស់នៅអង្គភាព១០៧ វិញ។ រស់នៅទីនោះបានរយៈពេលប្រហែល១០ថ្ងៃ ផា បានចូលរួមប្រជុំ ជាមួយមនុស្ស១៣នាក់ និងទទួលផែនការពីបក្ខពួកឲ្យកសាងកម្លាំង សេ.អ៊ី.អា. និងវាយយកក្រុងកំពង់ចាម។ អ្នកទទួលកិច្ចការនេះ មានចំនួន៤នាក់ ដែលត្រូវអនុវត្តការសម្លាប់ឈ្មោះ ពក និងកម្ទេចកម្លាំងយុវជន នៅតាមក្រសួង ហើយវាយយកក្រុងភ្នំពេញទាំងមូល។ ក្រោយមកទៀត នៅខែសីហា ឆ្នាំ១៩៧៧ ផា និងបក្ខពួកខ្លួន ចាប់បានចោរព្រៃនៅខាងលិចថ្មពួនបានចំនួន៣នាក់ ហើយនាំទៅសួរចម្លើយទើបដឹងថា ឈ្មោះ ឡុក មានតួនាទីប្រធានភូមិក្ដុល រស់នៅភូមិក្ដុល ឃុំថ្មពួន ស្រុកព្រៃឈរ តំបន់៤១ ជាខ្សែបណ្ដាញ សេ.អ៊ី.អា. ដែលផ្ដល់ស្បៀងឧបត្ថម្ភទៅឲ្យចោរព្រៃទាំងនោះ។ ផា និងបក្ខពួក បានជួបជុំគ្នាអស់រយៈពេល៥យប់ ហើយនាំយកអង្ករ ១៥គីឡូក្រាម និងមាន់ ទៅប្រគល់ឲ្យឈ្មោះ ឡុក ដើម្បីបញ្ជូនទៅឲ្យប្រជាជន និងចោរព្រៃដែលរស់នៅព្រៃរូង។ នៅខែ សីហា ឆ្នាំ១៩៧៧ ផា និងឡុក បានជួបគ្នាជាមួយចោរព្រៃឈ្មោះ វិន ហើយទាក់ទងសួរនាំ និងបង្វែងដានកងទ័ព ថែមទាំងប្រគល់គ្រាប់កាំភ្លើង ទៅឲ្យចោរព្រៃនោះ ប្រហែល២០០គ្រាប់ទៀតផង។
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៧៧ ផា បានទៅប្រជុំនៅសាលារវៈតូចលេខ៧០១ ជាមួយមនុស្ស៤នាក់ ដើម្បីរំឭកអំពីផែនការចាស់ៗ និងដឹកនាំកម្លាំងមួយកងតូច ដើម្បីចាំកម្ទេចកម្លាំងបដិវត្តន៍ មកពីភូមិភាគឧត្ដរ (ភូមិភាគ៣០៣) តំបន់៤១ នៅរោងចក្រចំការកៅស៊ូ និងចំការអណ្ដូងនៅស្រុកព្រែកប្រសប់ ក្នុងខេត្តក្រចេះ ។ សកម្មភាពបន្តទៀត ផា និង លី បានបំផ្ទុះគ្រាប់បែកនៅក្រុងកំពង់ចាម ប៉ុន្តែផែនការនេះមិនបានសម្រេចឡើយ។ រហូតមកដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ១៩៧៧ ផា ត្រូវអង្គការចាប់ខ្លួន និងសួរចម្លើយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៧៧។
អត្ថបទដោយ៖ ជីម សុខគា
ឯកសារយោង
[1] ឯកសារ J 00១០៧ តម្កល់នៅបណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សកម្មភាពចូលបម្រើបដិវត្តន៍ របស់សៀង ផុន ហៅផា» ។ បានបង្ហាញអំពីសកម្មភាព ធ្វើផែនការបំផុសយុវជននៅក្នុងអង្គភាពឲ្យរត់ចូលតំបន់ខ្មាំង ដែលទទួលផែនការពីឈ្មោះ វេង ជាភ្នាក់ងារ សេ.អ៊ី.អា. ។
[2] ដកស្រង់ចេញពី, សៀវភៅសាក្សីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ មជ្ឃមណ្ឌលឯកសារកម្ពុជា ២០២០, បង្ហាញទីតាំងភូមិសាស្ត្រ នៅស្រុកព្រែកប្រសប់ ខេត្តក្រចេះ, ៣៣-៣៤។
[3] ដកស្រង់ចេញពី, សៀវភៅសាក្សីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ មជ្ឃមណ្ឌលឯកសារកម្ពុជា ២០២០, បង្ហាញទីតាំងភូមិសាស្ត្រ, ៣៣-៣៤។
[4] ដកស្រង់ចេញពី, សៀវភៅសាក្សីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ មជ្ឃមណ្ឌលឯកសារកម្ពុជា ២០២០, បង្ហាញទីតាំងភូមិសាស្ត្រ, ៣៣-៣៤។