មិន និល៖ អប់រំកុមារឲ្យរាយការណ៍ពីកំហុសឪពុកម្ដាយ

មិន និល អាយុ៥៣ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ និល បានឃើញប្រជាជនថ្មីជាច្រើននាក់ ត្រូវបានជម្លៀសចូលមករស់នៅក្នុងភូមិរបស់គាត់។ ប្រជាជនថ្មីទាំងអស់រស់នៅក្នុងភូមិបានមួយរយៈពេលខ្លី ទើបអង្គការបញ្ជូនយកទៅសម្លាប់ជាបន្តបន្ទាប់។ ក្នុងនោះ និល ធ្លាប់បានឃើញអង្គការបណ្ដើរស្ដ្រីម្នាក់ បីកូនតូចនៅដៃ នៅពេលយប់ម៉ោងប្រមាណ១១ ទៅ១២ យប់ ដើម្បីយកទៅសម្លាប់នៅក្នុងព្រៃ។ ក្រៅពីនោះ និល បានឃើញអង្គការយកខ្សែតូចៗទៅចងដៃប្រជាជន ១៧ មេសា ជាច្រើននាក់ទៅសម្លាប់នៅព្រៃស្វាយ។

គ្រួសារនិល មិនមែនជាប្រជាជនពេញសិទ្ធនោះទេ។ អង្គការបានចោទប្រកាន់គ្រួសារគាត់ថាជាវៀតណាម ព្រោះឪពុកម្ដាយរបស់គាត់មកពីកម្ពុជាក្រោម។  ជាញឹកញាប់ អង្គការមានបំណងជម្លៀសគ្រួសាររបស់ និល យកទៅសម្លាប់ ឬក៏ចេញពីភូមិ ប៉ុន្តែដោយសារតែមានប្រជាជនអាណិតស្រលាញ់ច្រើន ហើយជួយនិយាយទើបរួចខ្លួន។ នៅក្នុងសហករណ៍ អង្គការអប់រំ និល និងកុមារផ្សេងទៀត ឲ្យចេះរាយការណ៍កំហុសរបស់ឪពុកម្ដាយ។ លើសពីនេះទៅទៀត ឈ្មោះ ហូយ មាននាទីជាមេកងនារី បានបង្ខំឲ្យ និល ឆ្លើយថាម្ដាយគាត់ចាប់មាន់ដែលធ្លាក់ចូលក្នុងបង្គន់ យកទៅធ្វើម្ហូប ប៉ុន្តែគាត់បដិសេធ ទើបរួចខ្លួន។

បន្ទាប់មកឈ្មោះ រី បានបញ្ជូន និល ចេញពីកងកុមារក្នុងភូមិ ឲ្យទៅក្នុងកងកុមារជំទង់ នៅត្រពាំងរុន ដោយមានមេកងឈ្មោះលឹម។ នៅត្រពាំងរុន និល ធ្វើការងារដេញចាប នៅរដូវស្រូវទុំ។ ពេលធ្វើការងារ និល បានលួចបូតស្រូវ យកទៅវាយជាមួយធាងត្នោតឲ្យទក់ រួចហូបព្រោះហេវខ្លាំងពេក ប៉ុន្តែអង្គការចាប់បាន និងយកគាត់ទៅកសាងដោយឈរជើងមួយ និងដុតភ្លើងពីក្រោយ។ ពេលកសាង និល បានដួលលើភ្លើង ព្រោះគាត់ហេវខ្លាំងពេក ប៉ុន្តែប្រធានកងនៅតែដាក់ទោសគាត់ឲ្យឈរបន្តទៀត។ ក្រោយមក និល បានទៅធ្វើការងារដេញចាបម្ដងទៀត ប៉ុន្តែពេលនោះគាត់បានលួចចាប់ត្រីផ្ទក់យកមកដុតហូប។ និល ហូបត្រីដុតបានមួយម៉ាត់ ឈ្មោះ វង់ នៅស្វាយពារ មកចាប់គាត់ម្ដងទៀត រួចឲ្យគាត់ជីករណ្ដៅ និងកប់ និល ត្រឹមក។ និល បានរួចខ្លួនដោយសារតែបងជីដូនមួយរបស់គាត់ឈ្មោះ មុំ ដែលធ្វើជាមេកងដូចគ្នា ទៅសម្លុត វង់ ឲ្យគាស់គាត់ឡើងមកវិញ។ នៅពេល វង់ កាប់កាយដី និល មានភាពភ័យខ្លាច ព្រោះចបកាប់ក្បែរៗក្បាលរបស់គាត់។

ក្រោយមក អង្គការចាត់តាំង និល ឲ្យចូលក្នុងកងកុមារ ដើម្បីធ្វើការងាររែកដី ហើយនៅពេលគាត់រែកមិនរួច ប្រធានកងវាយគាត់ធ្លាក់ចូលរណ្ដៅបន្ថែមទៀត។ ក្រៅពីការងាររែកដី និល ធ្លាប់បានចូលរួម ដឹកជញ្ជូន គ្រាប់បែក និងបាយសំណុំ យកទៅឲ្យយោធាវាយជាមួយវៀតណាម នៅសមរភូមិទួលលាំងការ ពីរនាក់តាំងសេង។ ពេលទៅកាន់ក្រុមដឹកជញ្ជូន និល នៅតែបន្តជួបការលំបាកក្នុងការហូបអាហារ ព្រោះគាត់មិនអាចហូបបាយសំណុំដែលគាត់ដឹកទៅគ្រប់ពេលនោះទេ។

និល មិនបានតាមដានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ ព្រោះគាត់រវល់ប្រកបការងារចិញ្ចឹមជីវិត។ បើទោះបីជាមិនបានតាមដាន ប៉ុន្តែ និល បានដឹងថាមានការកាត់ក្ដី និងពេញចិត្តជាមួយតុលាការ។ នៅពេលអ្នកស្ម័គ្រិចិត្តសម្ភាស និល មិនសូវចងចាំរឿងរ៉ាវក្នុងរបបខ្មែរក្រហម និងរឿងរ៉ាវផ្សេងៗនោះទេ ដោយសាតែគាត់ធ្លាប់ដួលម៉ូតូក្អួតឈាម។ ប៉ុន្តែ និល ធ្លាប់បាននិយាយពីបទពិសោធន៍របស់គាត់នៅក្នុងសម័យខ្មែរក្រហម ប្រាប់ទៅកូនចៅរបស់គាត់ជំនាន់ក្រោយ។

សម្ភាសដោយ៖ គ្រី ភាព ថ្ងៃទី២៥ ខែសីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០៧ ខែកក្កដា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin