ជូ ថា៖ ធ្វើការងារក្នុងកងកុមារភ្នំទេព

ជូ ថា អាយុ៥៨ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ អង្គការបានជម្លៀសគ្រួសារថា ឲ្យទៅរស់នៅមាត់ទន្លេ ក្បែរភ្នំទេព ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅអង្គរបូរី គ្រួសាររបស់ ថា មិនបានរស់នៅជួបជុំគ្នានោះទេ ដោយប្អូនរបស់គាត់ឈ្មោះធូរ ត្រូវចូលទៅរស់នៅក្នុងមណ្ឌល ហើយប្អូនប្រុសត្រូវទៅរស់នៅក្នុងកងកុមារ, ថា ធ្វើការងារនៅក្នុងកងកុមារភ្នំទេព ហើយម្ដាយឪពុករបស់គាត់ធ្វើការងារនៅក្នុងក្រុមផ្សេងទៀត។ នៅពេលដែលនឹកឪពុកម្ដាយខ្លាំង ក្មេងៗអាចសុំមកលេងផ្ទះយូរៗម្ដង។ លើសពីនេះទៅទៀត កុមារអាចទៅរស់នៅជាមួយឪពុកម្ដាយមួយរយៈពេលខ្លី អំឡុងពេលទឹកឡើង និងនៅរដូវចូលឆ្នាំ។

នៅក្នុងកងកុមារ ថា ត្រូវដេញចាបនៅរដូវស្រូវទំ, ធ្វើស្មៅចេក ឬដំណាំហូបផ្លែ និងជញ្ជូនកណ្ដាប់។ នៅរដូវស្រូវទុំ ប្រធានកងចាត់តាំងកុមារ៣នាក់ ទៅដេញចាបនៅលើផ្ទៃដីមួយហិកតា នៅមុខភ្នំដា។ នៅភ្នំដា ថា ត្រូវដើរទៅឆ្លងទឹកប្រឡាយរាល់ថ្ងៃ ហើយពេលខ្លះគាត់ត្រូវលង់ទឹក និងត្រូវសត្វឈ្លើងទាមក៏មាន។ ពេលទៅដេញចាប ថាត្រូវត្រលប់មកហូបអាហារនៅសហករណ៍វិញនៅម៉ោងប្រមាណ១១ កន្លះ និងត្រលប់ទៅដេញចាបវិញនៅម៉ោងប្រមាណ២រសៀលរហូតដល់ល្ងាច។ ពេលខ្លះនៅពេលដែលចាបចុះច្រើន អង្គការបានបញ្ជូនកុមារប្រហែល៣០នាក់ ទៅសម្រាកលើដី និងចងមុងគោ នៅស្រែតែម្ដង ដើម្បីចាំដេញសត្វកុំឲ្យស៊ីស្រូវ។ នៅពេលសម្រាកនៅស្រែបានមួយសប្ដាហ៍ ថា បានធ្លាក់ខ្លួនឈឺ និងត្រូវកោសខ្យល់ក៏មាន។

ចំណែកម្ដាយឪពុករបស់ថា ត្រូវបានអង្គការបញ្ជូនឲ្យទៅការដ្ឋានការងារផ្សេងពីគ្នា។ ថា បានឲ្យដឹងថា អង្គការបានបញ្ជូនម្ដាយរបស់គាត់ទៅតំបន់០៩ ដើម្បីធ្វើត្រីប្រហុក ហើយឪពុករបស់គាត់ធ្វើការងារដឹកស្រូវយកទៅកិន រួចយកអង្ករមកដាក់ក្នុងសហករណ៍។ ក្រោយមក ឪពុករបស់ថា បានស្លាប់ ដោយសារជំងឺធ្លាក់ឈាម ខ្វះខាតអាហារហូបចុក និងធ្វើការងារហួសកម្លាំង។

ថា បានរៀបរាប់ថា នៅតំបន់ដែលគាត់នៅ មុនដំបូងអង្គការបានរៀបចំបែងចែកប្រជាជនជា៥សហករណ៍ ដើម្បីធ្វើការងារនិងហូបអាហារ ប៉ុន្តែដោយសារតែប្រជាជនស្លាប់រាល់ថ្ងៃ ប្រមាណ៣០ ទៅ៤០ក្នុងមួយថ្ងៃ ទើបអង្គការបញ្ជូលនៅសល់តែ២សហករណ៍។ ថា បានបន្តថា ក្នុងមួយឆ្នាំ គាត់អាចហូបបាយបានប្រមាណជិត២ខែប៉ុណ្ណោះ គឺនៅអំឡុងពេលរដូវចូលឆ្នាំ។ បន្ទាប់ពីនោះគឺហូបបបរ ឬបបរលាយជាមួយពោត ឬដំឡូងមី នៅពេលដាច់ស្បៀងខ្លាំង។ ចំពោះកុមារវិញ ក្នុងមួយពេល អង្គការចែកបបរ ឬបាយកន្លះឆ្នាំង សម្រាប់គ្នា៤នាក់ ប៉ុន្តែមិនគ្រប់គ្រាន់នោះទេ។ មួយវិញទៀត កុមារមួយចំនួន រួមទាំងប្អូនរបស់ថា ឈ្មោះធូ បានពុលបបរលាយជាមួយដំឡូងមីស្ទើរស្លាប់ ប៉ុន្តែបានពេទ្យព្យាបាល និងចាក់ថ្នាំឲ្យមួយម្ជុលទើបរស់។ ថា បានឲ្យដឹងថា បើមិនជិតស្និតជាមួយមេកង ឬកម្មាភិបាលខ្មែរក្រហមទេ គឺមិនបានចាក់ថ្នាំទេ។

បន្ទាប់មក អង្គការបានកុហក ថា និងកុមារផ្សេងទៀតថា នាំទៅមើលនាងពៅ ដើរចេញពីប្រាសាទ ប៉ុន្តែជាក់ស្ដែងនាំឲ្យចូលក្នុងកងចល័តនារី។ នៅក្នុងក្រុមនារី ថា ធ្វើកាងារមិនសូវលំបាកខ្លាំងប៉ុន្មានទេ ខុសពីក្រុមនារីធំៗ ដែលត្រូវធ្វើការងារគាស់គល់ឈើធ្ងន់ៗឲ្យអង្គការក្នុងមួយថ្ងៃឲ្យបានមួយគល់។

ថា បានឲ្យដឹងថា គាត់ពេញចិត្តចំពោះតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម។ មួយវិញទៀត ថា យល់ស្របចំពោះការស្រាវជ្រាវប្រវត្តិសាស្រ្ដខ្មែរក្រហម រួចបង្កើតកន្លែងថែរក្សា ដើម្បីឲ្យក្មេងជំនាន់ក្រោយបានសិក្សារៀនសូត្រ ។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ថា មានជំងឺក្រពះ ឡើងអាស៊ីត និងឡើងជាតិស្ករ។ ដើម្បីព្យាបាលជំងឺ ថា បានទៅទិញថ្នាំពីពេទ្យឯកជន និងប្រើប្រាស់ថ្នាំខ្មែរក្រហម។

សម្ភាសដោយ៖ គ្រី ភាព ថ្ងៃទី២៩ ខែសីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២២ ខែកក្កដា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin