កូន និងប្តីស្លាប់ដោយសាររបបខ្មែរក្រហម

(ស្វាយរៀង) ៖ ជេត សារ៉េត អាយុ៧២ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

សារ៉េត ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គាត់​បានឆ្លងកាត់ទុក្ខលំបាក និងរឿងរ៉ាវឈឺចាប់ជាច្រើនតាំងពីរបបលន់ នល់ រហូតដល់របបខ្មែរក្រហម។ ប្តីរបស់សារ៉េត ត្រូវបានខ្មែរក្រហមសម្លាប់ដោយចោទប្រកាន់ថា បានចូលដៃជាមួយវៀតណាម។ ចំណែកកូនបានស្លាប់ដោយសារជំងឺ​កញ្ជ្រឹលគ្មានអ្នកមើលថែ និង​គ្មានថ្នាំព្យាបាលត្រឹមត្រូវ​។

សារ៉េត បានរៀបរាប់ថា បន្ទាប់ពីរបប លន់ នល់ ដួលរលំ ខ្មែរក្រហមបានឡើង​កាន់អំណាចប្រជាជនទទួលរងទុក្ខលំបាកទ្វេដង។ គាត់ថ្លែងថា ប្រទេសកម្ពុជាបានប្រែក្លាយជាប្រទេសដែលទីផ្សារលែងដំណើរការ។ ប្រជាជន​រស់នៅគ្មានសិទ្ធិសេរីភាព និងត្រូវរស់​នៅរួមជាក្រុម ជាកងតាមការរៀបចំចាត់ចែងរបស់អង្គការ​។​ ប្រជាជនមិនអាចរស់នៅផ្ទះដែលខ្លួនមានបន្តទៀតទេ គឺ​ត្រូវរស់នៅរួមគ្នាតាមសហករណ៍ក្នុងកងកុមារ កងយុវជន និងកងចាស់តាមប្រភេទអាយុ។ ទ្រព្យសម្បត្តិឯកជនត្រូវ​បានខ្មែរក្រហមប្រមូលទុកក្នុងសហករណ៍សម្រាប់ប្រើប្រាស់រួម ប្រជាជនគ្មានសិទ្ធិលើកម្មសិទ្ធិផ្ទាល់ខ្លួន សូម្បីតែដំណាំហូបផ្លែដែលខ្លួន​បានដាំក៏គ្មានសិទ្ធិបេះហូបដែរ។ កម្មសិទ្ធិមានតែចាន និងស្លាបព្រាមួយដែលជារបបសម្រាប់ហូបអាហារពីរពេលតែ​ប៉ុណ្ណោះ។ ម្យ៉ាងទៀតអ្នកចេះដឹងពីរបប លន់ នល់ ទំាងប្រជាជនមូលដ្ឋាន និងប្រជាជនថ្មីត្រូវបាននាំយកទៅសម្លាប់ដោយកុហុកថាទៅរៀនសូត្រ។ របបខ្មែរក្រហមចាត់ទុកអ្នកចេះដឹងគឺជាជនអាចងើប​បះ​បោរ ឬលំបាកក្នុងការ​គ្រប់គ្រង។ ប្រជាជនមួយចំនួនបានស្លាប់ដោយ​សាររបបអាហារមិនគ្រប់គ្រាន់ និងត្រូវធ្វើការងារធ្ងន់​ៗ​​។ ជាក់ស្តែង​បងប្អូនចំនួនបីនាក់របស់ សារ៉េត បានស្លាប់​ដោ​​យ​សារធ្វើការងារធ្ងន់ និងហូបអាហារមិនគ្រប់គ្រាន់។

សារ៉ត ក៏បានរៀបរាប់ថា ប្រជាជនគ្មានសិទ្ធិរើស​គូស្រករទេ។ ប្តីប្រពន្ធ ត្រូវបានអង្គការរៀបចំឲ្យ ដូចជានៅ​សហករណ៍ដែលគាត់រស់នៅមានការរៀបការដោយបង្ខំ​ដែលធ្វើឡើងដោយប្រធានសហករណ៍។ កម្មវិធីរៀប​ការ មានចំនួនចាប់ពី២០គូ ទៅ៣០គូ​ ដែលជាយុវជន-យុវនារី រស់នៅជិតៗសហករណ៍​ មួយចំនួនមិនពេញចិត្តប៉ុន្តែ​មិនហ៊ានប្រកែកចំពោះការរៀបចំ។ ក្រោយពីរៀប​ការបានបី ទៅប្រាំពីរថ្ងៃ ប្តីប្រពន្ធត្រូវបានអង្គការបញ្ជាឲ្យទៅរស់នៅ ​និង​ធ្វើការកន្លែងផ្សេងៗគ្នាទៅតាមការចាត់តាំង។

ក្រោយមក សារ៉េត ត្រូវបានខ្មែរក្រហមបម្រុងជម្លៀសទៅខេត្តបាត់ដំបង ដោយសារគាត់ជាប់សង្ស័យ​ថា ​ជាជនក្បត់ ព្រោះប្តីត្រូវបានសម្លាប់​ដោយសារអង្គការចោទថាចូលដៃជាមួយវៀតណាម។ ប៉ុន្តែពេលធ្វើដំណើរដល់អ្នក​លឿង​គាត់ត្រូវ​បានឲ្យស្នាក់នៅមួយរយៈដោយសារតែគាត់សសៃខ្ចី។ នៅទីនេះទាហានខ្មែរក្រហមនប្រើឲ្យ សារ៉េត ឲទូលស្រូវពីព្រឹករហូតដល់យប់ និង បន្តទូលដល់យប់អាធ្រាតុ ប្រសិនបើមិនគ្រប់តាម​ផែនការ។ ធ្វើការនៅតំបន់អ្នកលឿងបានមួយ​រយៈ​ ​សំណាងល្អរបបខ្មែរក្រហមបានដួលរលំទើប សារ៉េត មានឱកាស​​ត្រឡប់មករស់នៅស្រុកកំណើតវិញរហូតដល់សព្វថ្ងៃ​។

សម្ភាសន៍ដោយ ព្រាប ច័ន្ទពិសី នៅថ្ងៃទី៣ មីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin