ខ្មែរក្រហមចោទថា ខ្ញុំធ្វើពុតជាខ្ជិល

(ក្រចេះ) ៖ ទេស រ៉ាន ភេទស្រី អាយុ៦៩ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់​មានបងប្អូនសរុបទាំងអស់ប្រាំបីនាក់ ស្លាប់អស់បួននាក់ ប្អូនប្រុសម្នាក់ស្លាប់នៅក្នុងរបបខ្មែរក្រហម និងបីនាក់ទៀតស្លាប់ក្រោយសម័យរំដោះ។

នៅក្នុងរបបខ្មែរក្រហម រ៉ាន ជាប្រជាជនមូលដ្ឋាន ធ្វើការនៅកងចល័ត ធ្វើស្រែចម្ការ លើកទំនប់អូរបេង ទំនប់នៅឃុំកន្ទួត ព្រមទាំងទំនប់ច្រវាមួយទៀត និងបន្ទាប់មកទៀតគឺកាប់ប្រព័ន្ធភ្លឺស្រែ។ គាត់បាននិយាយថា អង្គការបញ្ជាឲ្យប្រជាជនគ្រប់រូបធ្វើការជារៀងរាល់ថ្ងៃ មិនសូវមានពេលសម្រាក ធ្វើយ៉ាងណាត្រូវធ្វើឲ្យសម្រេចតាមផែនការ។ ម៉ោងបួនទាបភ្លឺ គាត់ត្រូវក្រោកចេញទៅធ្វើការ ម៉ោងប្រាំទៅម៉ោងប្រាំមួយល្ងាចទើបឈប់សម្រាកទៅផ្ទះជួបមុខ​កូន។

ពេលខ្លះគាត់​មានជំងឺ អង្គការចោទថា គាត់ធ្វើពុតជាខ្ជិលមិនទៅធ្វើការ។ កន្លែងធ្វើការ និង រោងអាហារ​​មានចម្ងាយឆ្ងាយពីគ្នា ដូចនេះគ្រាន់តែប្រជាជនហូបអាហាររួច គឺត្រូវដល់ម៉ោងចេញទៅធ្វើការវិញ។​ អាហារដែលទទួលបាន គឺត្រឹមតែបាយពីរចានចង្កឹះតូចមួយក្នុងមួយថ្ងៃ។ ថ្ងៃខ្លះ គាត់ត្រូវបែងចែកចំណែកបាយរបស់គាត់ឲ្យទៅកូន។ គាត់ទ្រាំហូបតែទឹកសម្ល ដែលអង្គការចែកឲ្យដើម្បីឲ្យមានសារជាតិចូលក្នុងក្រពះខ្លះ។

គាត់បានបន្ថែមថា នៅក្នុងរបបនោះមានការលំបាកវេទនាជាខ្លាំង គាត់មិននឹកស្មានថា គាត់អាចមានជីវិតរស់មកដល់បច្ចុប្បន្ននោះទេ។ ក្នុងពេលនោះដែរ អង្គការបានបញ្ជូនឲ្យ រ៉ាន ទៅរៀនអក្សរនៅសហករណ៍ ក៥ នៅភូមិច្រវា។ រ៉ាន បានបន្ថែមទៀតថា គាត់មិនដែលហ៊ានលួចអាហារ ឬផ្លែឈើហូបឡើយ ព្រោះខ្លាចអង្គការធ្វើបាប។ គាត់ធ្លាប់សុំផ្លែក្រូចមួយផ្លែពីអង្គការដើម្បីហូបចម្អែតក្រពះ តែអង្គការមិនឲ្យ។

ប្រជាជនកម្ពុជាគ្រប់រូប មានការមិនពេញចិត្តជាមួយនឹងអង្គការជាខ្លាំង ប៉ុន្តែមិនមាននរណាម្នាក់ហ៊ានចេញមុខតវ៉ាឡើយ។ ប្រជាជនគ្រប់គ្នាតែងតែសម្ដែងថាស្រឡាញ់ ពេញចិត្ត គោរពអង្គការ។

រ៉ាន បាននិយាយថា៖ «អ្នកណាក៏ដូចតែគ្នាដែររឿងស្រឡាញ់អង្គការនោះ គឺថាស្រឡាញ់តែពេលនៅនឹងមុខ ពេលដល់ធុញថប់ ខឹង។ បើយើងមិនទៅធ្វើ[ការងារ] គេមកហៅរាល់ថ្ងៃ យប់គេហៅប្រជុំជីវភាព»

ជារៀងរាល់យប់ តែងតែមានការប្រជុំជីវភាព ដើម្បីសួរប្រជាជនអំពីការធ្វើការងារថា តើមានអ្នក​ណា​​ខ្លះដែលធ្វើការមិនគ្រប់តាមផែនការ?

នៅក្នុងរបបខ្មែរក្រហម អង្គការបានវាយកម្ទេចវត្តអារាម ចាប់ព្រះសង្ឃផ្សឹក ដើម្បីឲ្យទៅធ្វើការដូចជាប្រជាជនធម្មតា។ មានព្រះសង្ឃមួយអង្គ ដែលមានព្រះជន្មច្រើនមិនអាចធ្វើការបាន អង្គការមិនបានផ្ដល់អាហារឲ្យលោកឆាន់ឡើយ។ ពេលនោះដែរ រ៉ាន ទើបតែសម្រាលកូនរួច នៅសរសៃរខ្ចី អង្គការបានឲ្យគាត់ធ្វើការនៅក្នុងរោងបាយ គាត់បានលួចដួសបាយយកទៅប្រគេនព្រះសង្ឃឆាន់។ មិនបានប៉ុន្មានអង្គការបានដឹងពីរឿងនោះ អង្គការបាន​ហៅគាត់ទៅណែនាំ ហើយឲ្យគាត់បញ្ឃប់សកម្មភាពនោះបន្តទៀត។

គាត់បានចងចាំនៅពេលមួយ អង្គការប្រើឲ្យគាត់ស្ទូងស្រូវឲ្យត្រង់ជួរ បើមិនដូច្នេះទេ នឹងដកចេញឲ្យស្ទូងម្ដងទៀត។ ពេលនោះអង្គការបានតែបញ្ជាឲ្យគាត់ធ្វើការឲ្យល្អប៉ុណ្ណោះ មិនមានការវាយដំលើរូបគាត់ឡើយ។ ចំពោះការសម្លាប់មនុស្ស អង្គការមិនដែលសម្លាប់នៅនឹងមុខប្រជាជនផ្សេងឡើយ អង្គការតែងតែចាប់យកទៅតំបន់ឆ្ងាយ។ ជាក់ស្ដែងមានប្រជាជនម្នាក់ ដែលមានឪពុកជាជនជាតិ  វៀតណាម អង្គការបានបញ្ឆោតប្រាប់ថា នាំទៅធ្វើត្រីប្រហុក ហើយបាត់គាត់រហូតមិនឃើញគាត់ត្រឡប់មកផ្ទះវិញ​ឡើយ៕

សម្ភាសន៍ដោយ ធឿន ស្រីណុច នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin