ខ្មែរក្រហមបំបែកបំបាក់គ្រួសារខ្ញុំ

ឱម សៀន រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ​(២០២៤)

(ស្ទឹងត្រែង)៖ កើតនៅឆ្នាំ១៩៥៦ ឱម សៀន ភេទប្រុស មានអាយុ ៦៨ឆ្នាំ។ សៀន មានស្រុកកំណើតនៅខេត្តកំពង់ធំ និងបច្ចុប្បន្នរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។​ សៀន មានឪពុកឈ្មោះ ឱម ឆៅ និងម្ដាយឈ្មោះ ឱម ឆៅ (ឪពុកម្ដាយសៀន គឺជាបងប្អូនជីដូនមួយនឹងគ្នា)។ សៀន មានបងប្អូនបួននាក់ ក្នុងនោះស្រីពីរនាក់។

នៅឆ្នាំ១៩៧០ រដ្ឋប្រហារកើតមានឡើងនៅទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧២ សៀន រត់ភៀសខ្លួនពីភូមិកំណើតមួយរយៈ ដោយសារទាហាន លន់ នល់ ចាប់បង្ខំគាត់ឲ្យធ្វើទាហាន។ នៅឆ្នាំ១៩៧៣ ខ្មែរក្រហមចូលកាន់កាប់ភូមិរបស់សៀន និងបង្កើតក្រុមសាមគ្គី ធ្វើស្រែប្រវាស់ដៃ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមជម្លៀសប្រជាជនចេញពីភូមិទៅរស់នៅតាមសហករណ៍ ដោយរស់នៅរួម ធ្វើការរួម និងហូបរួម។ ខ្មែរក្រហមបានរកឃើញថាឪពុករបស់សៀនជាអតីតទាហានជំនាន់អាណានិគមបារាំង ដូច្នេះខ្មែរក្រហមបានជម្លៀសឪពុកម្ដាយ និងបងប្អូនរបស់សៀនទៅរស់នៅតំបន់ផ្សេង។

ចំណែក សៀន ដែលមានវ័យ ១៨ឆ្នាំ ត្រូវធ្វើស្រែចម្ការ និងធ្វើការតាមការដ្ឋានក្នុងខេត្តរតនគិរី។ សៀន និយាយថា ខ្មែរក្រហមបែងចែកការងារជាក្រុម ដោយក្នុងមួយក្រុមមានសមាជិក៣០នាក់ជាដើម។ សៀន ត្រូវស្ទូងស្រូវ, ភ្ជួរស្រែ, ជីកប្រឡាយ និងលើកទំនប់។ ចំណែករបបអាហារសម្រាប់មនុស្ស១០នាក់ គឺមានតែអង្ករមួយកំប៉ុងហូបក្នុងមួយពេលប៉ុណ្ណោះ។ សៀន បន្តថាការហូបចុកមិនគ្រប់គ្រាន់ និងការធ្វើពលកម្មហួសកម្លាំងក្នុងរបបខ្មែរក្រហម ជាកត្តាមួយដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រចាំថ្ងៃរបស់គាត់។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ សៀន រត់មកស្រុកអូរស្វាយ ខេត្តស្ទឹងត្រែង។ នៅឆ្នាំ១៩៨០ សៀន រៀបការជាមួយប្រពន្ធ និងរស់នៅភូមិអូររុនតាំងពីពេលនោះមក។ ប្រពន្ធរបស់សៀន ជាអ្នករស់នៅអូររុនតាំងពីទសវត្សរ៍ឆ្នាំ១៩៦០។ សៀន មានកូនប្រាំនាក់ ក្នុងនោះស្រីបីនាក់។

បច្ចុប្បន្ន សៀន ប្រកបរបរធ្វើស្រែចម្ការ និងនេសាទត្រី ប៉ុន្តែ សៀន លើកឡើងថា ការនេសាទមានការថមថយ ដោយសារកត្ដាធម្មជាតិ ដូចជាការប្រែប្រួលអាកាសធាតុ និងកត្ដាមនុស្ស ដូចជាការនេសាទខុសច្បាប់ និងការសាងសង់ទំនប់វារីអគ្គិសនី៕

សម្ភាសដោយ ឃន់ ឃឺម ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin