អោក ខេង៖ ឆ្អឹងមួយគំនរលិចក្បាល

អោក ខេង អាយុ៦៥ឆ្នាំ រស់នៅភូមិត្បាច ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៣ ប្រធានភូមិត្បាច បានចោទប្រកាន់លោកតារបស់ខេង ថាជាកម្លាំងទី៣ ជាគិញ និងចាប់គាត់យកទៅសម្លាប់នៅក្នុងវត្តស្រះក្រាំងបន្ទាយ ។ អំឡុងពេលនោះ លោកតារបស់ខេង ធ្វើការងាជាមេ ៥០ខ្នង។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានរៀបចំឲ្យប្រជាជនធ្វើស្រែប្រវាស់ដៃ ហើយបន្ទាប់មក ធ្វើស្រែរួមគ្នា និងហូបអាហារួមគ្នា។ ខេង បានឲ្យដឹងថា ប្រជាជនត្រូវធ្វើការចាប់តាំងពីព្រឹកម៉ោង៤ រហូតដល់ម៉ោង១១ ហើយថ្ងៃរសៀលចាប់ពីម៉ោង១ រហូតដល់ម៉ោង៥ និងយប់ពីម៉ោង៦ ដល់ម៉ោង៩។ ក្រៅពីការងារធ្វើស្រែ ប្រជាជនត្រូវធ្វើការងារជីកព្រែក និងជីកប្រឡាយ។ អង្គការកំណត់ថាក្នុងមួយថ្ងៃ ក្រុមកងចល័តត្រូវជីកព្រែកឲ្យរួចរាល់ប្រវែងទទឹង៥ម៉ែត្រ និងជម្រៅ១៥ម៉ែត្រ។ ខេង បានចំណាយពេល៨ខែ ធ្វើការងារជីកព្រែកនៅក្នុងព្រៃ ជាមួយក្រុមកងចល័តតំបន់។

ខេង បានឲ្យដឹងថា អង្គការបានបង្ខំយុវជន-យុវនារីកងចល័តឃុំ និងកងចល័តស្រុកឲ្យរៀបការជាមួយគ្នាម្ដងចំនួន ២០ ទៅ៣០គូ ក្នុងរយៈពេល២ម៉ោង។ ចំណែកឯយុវជន-យុវនារីកងចល័តតំបន់ អាចស្នើប្រធានកងរៀបការដោយខ្លួនឯង និងគ្មានការបង្ខំពីអង្គការនោះទេ។ នៅក្នុងការរៀបការនេះ ប្រសិនបើគូមួយណាប្រកែក ឬក៏ពេលរៀបការរួច រស់នៅមិនចុះសម្រុងគ្នា អង្គការនឹងយកទៅសម្លាប់ចោល។ នៅពេលរៀបការួច អង្គការអនុញ្ញាតឲ្យគូស្រករថ្មីថ្មោងរស់នៅជាមួយគ្នាមួយសប្ដាហ៍ពេលយប់ ដោយពេលថ្ងៃទៅធ្វើការងារធម្មតា។ ក្រោយមក ប្ដីប្រពន្ធដែលទើបតែរៀបការរួច ត្រូវបំបែកចេញពីគ្នាឲ្យទៅធ្វើការងារនៅកន្លែងផ្សេងគ្នា រយៈពេល១ ទៅ២ខែ ទើបអាចជួបគ្នាម្ដង។

ខេង បានរៀបរាប់ថា គាត់បានឃើញអង្គការចាប់មនុស្សប្រហែល៣០នាក់ ដោតខ្សែគោ យកទៅសម្លាប់នៅខាងលិចភូមិ។ អង្គការបានចោទប្រជាជនទាំងនោះថាជា សេ.អ៊ី.អា. ឬជាគិញ ប្រឆាំងជាមួយអង្គការ។ ខេង បានបន្តថា គាត់បានឃើញកន្លែងសម្លាប់មនុស្សផ្សេងទៀតនៅស្វាយគោល ខាងកើតភូមិត្បាញដែរ។ នៅស្វាយគោល អង្គការបានជីករណ្ដៅប្រមាណ៥ ទៅ៦រណ្ដៅ ដើម្បីសម្លាប់មនុស្សរាប់ពាន់នាក់។ ក្រៅពីកន្លែងសម្លាប់មនុស្ស ខេង ធ្លាប់ឃើញអង្គការធ្វើទារុណកម្មមនុស្សដោយចងព្យួរជើងឡើងលើ យោល ហើយយកផ្ដៅ ឬក៏បំពង់ឬស្សីវាយ។ មួយវិញទៀត ខេង ឃើញកងឈ្លបដាក់ច្រវាក់អ្នកទោសប្រវែង១០ម៉ែត្រនៅក្រោមដើមខ្វិត ដើម្បីប្រើឲ្យធ្វើការងារផ្លាក់ដីជុំវិញដើមឈើ។

នៅដើមឆ្នាំ១៩៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយបណ្ដេញកម្មាភិបាលខ្មែរក្រហមឲ្យរត់ភៀសខ្លួនចេញពីភូមិ។ ប៉ុន្តែនៅពេលដែលកងទ័ពវៀតណាមដកកម្លាំងចេញ កម្មាភិបាលខ្មែរក្រហមដែលធ្វើការក្នុងភូមិត្បាច បានត្រលប់មកវិញ និងសម្លាប់ប្រជាជនមួយចំនួនដែលចូលទៅប្រមូលសម្ភារ និងស្បៀងអាហារ មាន់ ទា នៅក្នុងសហករណ៍។ ខេង បានឃើញថា កម្មាភិបាលខ្មែរក្រហមដែលចូលទៅសម្លាប់ប្រជាជនមានចំនួន ១២នាក់ ក្នុងនោះមានកាន់ភ្លៅរទេះមូលចំបើងចំនួន១២ដើម និងកាំភ្លើង១២ដើម និងមូលជើងខោមកវាយប្រជាជន។

ក្រោយមកមានកងទ័ពរណសិរ្សសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមចូលទៅរំដោះប្រជាជននៅក្នុងភូមិ និងដេញកម្មាភិបាលខ្មែរក្រហមឲ្យរត់ភៀសខ្លួនទៅខាងលិចប្រទេស។ នៅថ្ងៃបន្តបន្ទាប់ ខេង បានចេញទៅកាប់ឧសយកមកទុកចម្អិនម្ហូបអាហារ ប៉ុន្តែមិនទាន់បានកាប់ផង ស្រាប់តែគាត់បានចូលទៅជាន់ចំរណ្ដៅកប់សាកសពមនុស្ស ផុងជើងចុះត្រឹមជង្គង់ ចេញទឹកពណ៌ខ្មៅព្រីកដូចជ្រាំគោ។ ក្រោយមកប្រជាជននាំគ្នាទៅគាស់សាកសពចេញពីរណ្ដៅ ហើយយកឆ្អឹងលលាដ៏ក្បាលខ្មោច និងឆ្អឹងដៃជើងរបស់មនុស្ស ដាក់មួយគំនរលិចក្បាល ប៉ុន្តែក្រោយមកត្រូវគោស៊ីអស់។

សម្ភាសដោយ៖ សឿន ធារ៉ា ថ្ងៃទី២៤ សីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០៩ ខែឧសភា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin