អាត ឌៀត៖ ស្ទើរតែបាត់បង់ជីវិតនៅក្នុងសមរភូមិប្រយុទ្ធ

ឌៀត គឺជាយុវជនម្នាក់ ក្នុងចំណោមយុវជនជាច្រើននាក់ផ្សេងទៀត ដែលត្រូវបានអង្គការបង្ខំឲ្យចូលធ្វើជាយោធាខ្មែរក្រហម។ ឌៀត ចូលធ្វើជាយោធា ដោយសារតែមិនចង់ឲ្យអង្គការដាក់ទោស បងប្រុស និងឪពុក។ ឌៀត បានឲ្យដឹងថា មានយុវជនជាច្រើននាក់ រួមទាំងអ្នកដែលចេញពីភូមិជាមួយគាត់បានស្លាប់នៅនៅសមរភូមិប្រយុទ្ធ។ ខាងក្រោមនេះគឺជាប្រវត្តិសង្ខេបរបស់ឈ្មោះ អាត ឌៀត ចាត់តាំងពីក្មេង រហូតដល់ខ្មែរក្រហមចាញ់សង្គ្រាម៖[1]
អាត ឌៀត ភេទប្រុស មានអាយុ៦៦ឆ្នាំ។ ឌៀត រស់នៅភូមិពន្លៃ ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ឌៀត មានឪពុកឈ្មោះ ចែម អាត ម្ដាយឈ្មោះ ខាត់ ងឺត និងមានបងប្អូនចំនួន៦នាក់ ក្នុងនោះមានស្រីចំនួន៣នាក់។ គ្រួសាររបស់ឌៀត មានជីវភាពល្អប្រសើរ ព្រោះឪពុករបស់គាត់ មានដីសម្រាប់ធ្វើស្រែច្រើន។ ឌៀត បានចូលរៀនដំបូងនៅសាលាភូមិស្ដៅ ថ្នាក់ទី១២ ប៉ុន្តែដោយសារលោកគ្រូមកបង្រៀនមិនទៀងទាត់ ទើបឪពុករបស់គាត់បានប្ដូរ ឌៀត ឲ្យទៅរៀននៅសាលាបឋមសិក្សាព្រៃកណ្ដៀងវិញ។ ឌៀត ឈប់រៀនត្រឹមថ្នាក់ទី៩ ដោយសារមានសង្គ្រាមកើតឡើង។
នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់ឌៀត បានភៀសខ្លួនពីមួយកន្លែងទៅមួយកន្លែងទៀតដើម្បីគេចពីការប្រយុទ្ធគ្នា និងទម្លាក់គ្រាប់បែក។ កន្លែងដែលគ្រួសាររបស់ឌៀត ទៅរស់នៅគឺ នៅខាងពាមស្ដី, ភូមិអន្លង់ទ្រា, ភូមិវាលព្រៅ និងភូមិបឹងរ៉ាច់។ ពេលរស់នៅភូមិវាលព្រៅ ឌៀត ធ្លាក់ពីលើខ្នងក្របី និងមុតជើងជាមួយស្នែងក្របី។ នៅពេលជម្លៀស ឪពុករបស់ឌៀត បានលួចត្រលប់មកយកស្បៀតអាហារនៅភូមិពន្លៃវិញ ដើម្បីផ្គត់ផ្គង់គ្រួសារ។ ក្រោយមកទៀត ប្រជាជននៅក្នុងភូមិពន្លៃទាំងអស់ ដែលភៀសខ្លួនទៅទីកន្លែងផ្សេងៗគ្នា បានប្ដូរទៅរស់នៅភូមិទ័ពស្ដេច ស្រុកបាភ្នំ តាមការរៀបចំរបស់ប្រធានភូមិ។ នៅភូមិទ័ពស្ដេច ឌៀត មានតួនាទីមើលក្របី និងរៀនសូត្របន្តិចបន្តួច ហើយឪពុករបស់គាត់ ចូលទៅធ្វើស្រែនៅក្នុងភូមិពន្លៃវិញ។ ការលំបាករបស់ ឌៀត នៅពេលមើលក្របីគឺ ត្រូវយកក្របីឆ្លងកាត់ទឹកហូរខ្លាំងៗជារៀងរាល់ថ្ងៃ។ ចំណែកឪពុករបស់ឌៀត ដែលចូលមកធ្វើស្រែនៅជិតភូមិពន្លៃ ក៏ត្រូវលាក់ខ្លួនពីការទម្លាក់គ្រាប់បែកជាញឹកញាប់ដូចគ្នា។
នៅឆ្នាំ១៩៧៥ គ្រួសាររបស់ឌៀត ត្រលប់មករស់នៅក្នុងភូមិពន្លៃវិញ។ នៅពេលដែលចូលទៅរស់នៅក្នុងភូមិ ឌៀត បានឈប់រៀន និងចូលធ្វើការជាអ្នកភ្ជួរស្រែ និងជញ្ជូនសំណាប។ នៅឆ្នាំ១៩៧៦ ប្រធានសហករណ៍ឈ្មោះ លន់ បានបង្ខំ ឌៀត ឲ្យចូលធ្វើជាយោធា ខ្មែរក្រហម។ ឌៀត មិនចង់ចូលរួមបដិវត្តន៍ប៉ុន្មានទេ ប៉ុន្តែគាត់ខ្លាចអង្គការយកបងប្រុស និងឪពុកទៅសម្លាប់។ នៅក្នុងភូមិរបស់ឌៀត មានយុវជនប្រមាណ ៦នាក់ផ្សេងទៀតធ្វើដំណើរទៅជាមួយគាត់ និងទៅស្នាក់នៅម្ដុំអនុវិទ្យាល័យព្រៃកណ្ដៀងសព្វថ្ងៃ(២០២៥)។ នៅក្នុងជំរំជិតអនុវិទ្យាល័យព្រៃកណ្ដៀង មានយុវជនចំនួន៣០០នាក់ និងបែងចែកជា៣គ។ ឌៀត ស្ថិតនៅក្នុងគ២។ ជារៀងរាល់ថ្ងៃ យុវជនទាំងអស់ត្រូវចេញទៅហ្វឹកហាត់ក្បួនទ័ពនៅ ទួលពោធិ៍តាវែន ហើយទៅហូបអាហារនៅ ភូមិទួលក្ដីត្បាល ដែលជាបន្ទាយទាហានពីដើម និងត្រូវត្រលប់មកសម្រាក និងហូបបបរពេលព្រឹកវិញនៅជិតអនុវិទ្យាល័យព្រៃកណ្ដៀង។ អង្គការបង្វឹកយោធាដូចជា រៀនលូន, ក្រាប, រត់លើដី, រត់ក្នុងទឹកកុំឲ្យឮសំឡេង, រៀនបាញ់, រៀនចោលកាំបិទ, រៀនចោលគ្រាប់បែក និងហាត់បោកចំបាប់ជាដើម។
ឌៀត បានចំណាយពេល២ខែ ដើម្បីហ្វឹកហាត់ ទើបអង្គការបញ្ជូនក្រុម គ២ ឲ្យទៅប្រចាំការនៅ កោះសំពៅ និងបានប្រយុទ្ធជាមួយយោធាវៀតណាមនៅទួលចម្ការចេក។ បីខែក្រោយមក អង្គការបានបញ្ជូនសមាជិកក្រុម គ២ ប្រមាណ៣០នាក់ទៅបង្ក្រាបខ្មាំងរបស់អង្គការ ដែលហៅថា ស៊ី អ៊ី អា នៅភូមិច្រាំងទទឹង។ ក្រោយមក អង្គការបញ្ជូនក្រុមរបស់ឌៀត ឲ្យទៅសមរភូមិស្រុកព្រះស្ដេចវិញ ព្រោះការប្រយុទ្ធគ្នាជាមួយប្រទេសវៀតណាមកាន់តែខ្លាំងឡើង។ នៅសមរភូមិប្រយុទ្ធ ឌៀត បានឮដំណឹង ពីការតាមចាប់កម្មាភិបាលរបស់ សោភឹម ភូមិភាគបូព៌ា។ ចំណែក យោធាខ្មែរក្រហមដែលប្រយុទ្ធជាមួយទាហានវៀតណាម បានស្លាប់ជាច្រើននាក់ ជាពិសេស ក្នុងសមរភូមិនៅទួលបារាយកូនក្អែក ស្រុកព្រះស្ដេច។ យោធាប្រមាណ ២គ ស្មើ២០០នាក់ បានចូលទៅវាយជាមួយទាហានវៀតណាម ប៉ុន្តែដោយសារតែខាងវៀតណាមនៅខ្ពស់ជាង ហើយយោធាររបស់អង្គការត្រូវឆ្លងទឹកទៅវាយទៀត ទើបធ្វើឲ្យយោធាស្លាប់អស់ប្រមាណ១៨០នាក់ជាង។ មួយវិញទៀត សមរភូមិ នៅទួលកន្តូង ទួលកណ្ដាល ទាហានវៀតណាម បានបាញ់យោធាខ្មែរក្រហមស្លាប់អស់ជាច្រើននាក់ដូចគ្នា ហើយជើងរបស់ ឌៀត ម្ខាងបានត្រូវរបួសដោយសារគ្រាប់កាំភ្លើង។
នៅចុងឆ្នាំ១៩៧៨ ឌៀត មានអាការៈក្ដៅខ្លួនយ៉ាងខ្លាំង បន្ទាប់ពីត្រលប់មកពីសមរភូមិមុខ។ ឌៀត បានសុំប្រធានកងទៅព្យាបាលជំងឺនៅមន្ទីរពេទ្យព្រៃទ័ព។ បន្ទាប់ពីជាពីជំងឺ ឌៀត បានបន្លំសំបុត្រប្រធានកងដើម្បីរត់ត្រលប់មកផ្ទះវិញ ដោយសារតែគាត់ឃើញមានយោធាមកពីភូមិភាគនិរតី ចូលមកចាប់ប្រធានកងពលលេខ២០៦ និងប្រធានរបស់ ឌៀត យកទៅបាត់។[2] នៅពេលធ្វើដំណើរមកដល់ចុងទំនប់ពោធិ៍បុរី ស្រុកព្រះស្ដេច អង្គបានចាប់ ឌៀត បាននិងយកទៅឃុំឃាំងនៅមន្ទីរស្រុកព្រះស្ដេច។ ឌៀត ធ្វើការងារនៅក្នុងមន្ទីរសន្តិសុខស្រុកបាន ៣ថ្ងៃ គាត់បានសម្រេចចិត្តលួចរត់តាមរូងឆ្កែកើតកូន ជាមួយយុវជនម្នាក់ឈ្មោះ ម៉ៃ ទាំងយប់។ ពេលព្រឹកឡើង ឌៀត ធ្វើដំណើរមកដល់ផ្លូវជាតិលេខមួយ និងបានឃើញសន្តិសុខជិះសេះតាមពីក្រោយ។ ជាសំណាងល្អ ឌៀត ខំធ្វើដំណើររហូតមកដល់ទំនប់ព្រៃក្ដួច ទើបបានជួបក្រុមកងចល័តកំពុងតែដើរតាមផ្លូវ។ ឌៀត បានបន្លំខ្លួន នៅក្នុងកងលច័ត ទើបរួចខ្លួន។ ឌៀត បានធ្វើដំណើទៅដល់ ភូមិពន្លៃ នៅម៉ោង១ រសៀល។ ឌៀត រស់នៅក្នុងភូមិបាន៤ថ្ងៃ អង្គការចាប់គាត់យកទៅឃុំនៅមន្ទីរស្រុកពាមរក៍។ ឌៀត ចូលទៅដល់មន្ទីរស្រុកបានតែមួយម៉ោងគាត់បានសម្រេចចិត្តរត់ទៅពួននៅព្រៃជិតភូមិ ហើយឪពុករបស់ឌៀត ដែលមាននាទីជាអ្នកកាប់ឧស យកបាយបន្តិចបន្តួចទៅឲ្យគាត់។
ឌៀត រស់នៅក្នុងព្រៃបានប្រមាណ១០ថ្ងៃ មានកងទ័ពវៀតណាមចូលទៅរំដោះប្រជាជន ហើយឌៀត បានចូលមករស់នៅក្នុងភូមិធម្មតា។ កងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះ បានក្លាយជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ។ រណសិរ្សនេះ បានបង្កើតរបបថ្មីឈ្មោះថា “សាធារណរដ្ឋប្រជាមានិតកម្ពុជា”។[3] ចម្លងចេញពី៖ សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ ចំណងជើង (ខ្មែរនិងដំណើរឆ្ពោះទៅកាន់វិបុលភាព) បោះពុម្ពឆ្នាំ២០២៥។
ក្រោយមកទៀត ឌៀត បានចូលទៅស្ដីដណ្ដឹងឈ្មោះ ហួត ម្លប់ ដើម្បីរៀបការ។ នៅចុងឆ្នាំ១៩៨០ ឌៀត បានចូលរួមទៅធ្វើជាពលករ សែងគ្រាប់ និងកាប់ព្រៃនៅខាង កូបមួយ, កូបពីរ, ភ្នំខៀវ និងស្រុកអន្លង់វែង។ ឌៀត ធ្វើការបាន៣ខែ ក៏ធ្លាក់ខ្លួនឈឺជំងឺគ្រុនចាញ់ និងបានមកព្យាបាលនៅពេទ្យសំរោង។ បន្ទាប់ពីជាពីជំងឺ ឌៀត បានត្រលប់មកផ្ទះ។ ឌៀត មកដល់ផ្ទះបាន៤ថ្ងៃ មេភូមិមានបំណងបញ្ជូនគាត់ឲ្យទៅធ្វើទាហានស្រុកពាមរក៍បន្តទៀត ប៉ុន្តែ ឌៀត បដិសេធដោយលើកយកសំបុត្រពិការភាពជើងរបស់គាត់ដែលធ្លាប់ធ្លាក់ពីលើខ្នងក្របី។ ក្រោយមកទៀត ឌៀត និងគ្រួសារប្រកបរបរធ្វើស្រែដើម្បីចិញ្ចឹមជីវិត៕
អត្ថបទដោយ ភា រស្មី
[1] កិច្ចសម្ភាសជាមួយ អាត ឌៀត, ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ (មជ្ឈមណ្ឌលឯកសារកម្ពុជា៖ គម្រោង វេទិកាប្រវត្តិសាស្រ្ដគ្រួសារ)។
[2] ហ៊ុយ វណ្ណៈ, កងពលខ្មែក្រហមលេខ ៧០៣ ពីជ័យជម្នះឆ្ពោះទៅការបំផ្លាញខ្លួនឯង (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា)ទំព័រ១៣៥។ នៅក្នុងសៀវភៅបានសរសេរថា៖ ស្របពេលដែលកងទ័ពវៀតណាមកំពុងវាយសម្រុកកាន់តែខ្លាំងនៅតាមព្រំដែន ការចាប់យុទ្ធជន និងកម្មាភិបាលនៅក្នុងជួរបដិវត្តន៍កាន់តែកើនឡើងជាលំដាប់។ ហេតុផលដ៏ចម្បងដែលនាំទៅដល់ការចាប់ខ្លួនសមមិត្តនៅក្នុងជួរបដិវត្តន៍ គឺដោយចោទប្រកាន់ថាជាខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុងបដិវត្តន៍។ ពាក្យថា ខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុងបដិវត្តន៍ បានក្ដោបក្រសោបមនុស្សទាំងឡាយណាដែលត្រូវបានចោទថាជា “សេ អ៊ី អា ឬក៏ កា ហ្សេ បេ” និង “ខ្មាំងយួន” ថែមទៀត។
[3] ឃួន វិច្ឆិកា និងអ្នកឯទៀត, “ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរនិងដំណើរឆ្ពោះទៅកាន់វិបុលភាព”, ([ភ្នំពេញ]៖ អនុគណៈកម្មាការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។