ពលកម្មដោយបង្ខំជាទម្ងន់ នៅរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)
ប្រជាជនគ្រប់រូបក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានចាត់តាំងឲ្យធ្វើការងារទាំងអស់។ កុមារត្រូវបានប្រើឲ្យធ្វើការងារស្រាលៗ ចំណែកឯមនុស្សចាស់ ត្រូវទទួលតួនាទីមើលថែទាំកុមារតូចៗនិងសត្វពាហនៈ ព្រមទាំងត្បាញកញ្ច្រែង ល្អី។ មនុស្សដែលមានអាយុចាប់ពី ១៤ឆ្នាំឡើងទៅ (កុមារវ័យជំទង់) ត្រូវទទួលការងារធ្ងន់ៗនិងលំបាក។ កុមារជំទង់ៗទាំងនេះ ត្រូវទទួលបញ្ជាឲ្យជីកប្រឡាយឬអាងស្តុកទឹក, លើកទំនប់, កាប់ឈើធ្វើផ្ទះ, រានដីដើម្បីធ្វើស្រែចម្ការ ក៏ដូចជាដាំដំណាំ និងច្រូតកាត់ស្រូវជាដើម។ ប្រជាជនស្ទើរគ្រប់រូប ធ្វើការច្រើនជាង១២ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយគ្មានពេលសម្រាក ឬទទួលទានអាហារបានគ្រប់គ្រាន់ទេ[1]។ ដូចប្រជាជនឯទៀតដែរ តិច ត្រូវបានខ្មែរក្រហមប្រើឲ្យកាប់គាស់ព្រៃ ដើម្បីរានយកដីធ្វើស្រែចម្ការ, ជីកទំនប់ ប្រឡាយទឹក និងបំពេញការងារគ្រប់បែបយ៉ាង។ ខ្មែរក្រហម បានកំណត់ថា ក្នុងមួយព្រឹក តិច ត្រូវកាប់គាស់ព្រៃឲ្យបាន៥ម៉ែត្រ និងពេលល្ងាចកាប់គាស់ព្រៃឲ្យបាន៦ម៉ែត្រ។ បើតិច កាប់គាស់ព្រៃមិនបានដូចការកំណត់ទេ ខ្មែរក្រហមនឹងបន្ថែមការងារឲ្យគាត់។ ជាឧទាហរណ៍ ពេលព្រឹកបើគាត់ធ្វើមិនគ្រប់៥ម៉ែត្រ ខ្មែរក្រហមនឹងយកចំនួននោះគុណនឹង២ ដែលមានន័យថា គាត់ត្រូវធ្វើឲ្យបាន១០ម៉ែត្រក្នុងមួយព្រឹក នាថ្ងៃបន្ទាប់។ ហេតុនេះ តិចខិតខំធ្វើការងារទោះហត់ក៏មិនហ៊ានសម្រាក គឺធ្វើការទាំងឈឺ ។ តិច ត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើការគ្មានពេលសម្រាក ប៉ុន្តែមិនបានទទួលការហូបចុកគ្រាប់គ្រាន់ឡើយ។
អួច តិច[2] ភេទប្រុស អាយុ៩២ឆ្នាំ មានស្រុកកំណើតនៅភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន តិច រស់នៅក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ តិច មានប្រពន្ធឈ្មោះ មុំ ឆក អាយុ៨២ និងមានកូន១០នាក់ ( ប្រុស៨នាក់ ស្រី២នាក់)។ ក្នុងនោះ កូនរបស់គាត់ចំនួន២នាក់បានស្លាប់ ហើយបច្ចុប្បន្នគាត់នៅសល់តែកូន៨នាក់ប៉ុណ្ណោះ។ តិច មានបងប្អូន៤នាក់ ប៉ុន្តែសព្វថ្ងៃ មានតែ តិច ម្នាក់ឯងទេដែលនៅរស់រានមានជីវិត។ បងប្អូន៣នាក់ទៀតរបស់គាត់ បានស្លាប់ អស់ទៅហើយ។ ដោយសារតែធ្វើជាទាហាននៅសម័យ លន់ នល់ បងប្រុសរបស់តិច ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោល។ នៅសម័យខ្មែរក្រហម អ្នកដែលមានចំណេះដឹង ឬធ្លាប់បម្រើការងារជាទាហាន ឬអតីតទាហាន លន់ នល់ តែងត្រូវខ្មែរក្រហមយកទៅសម្លាប់ចោលទាំងអស់។ វត្តអារាម, សាលារៀន និងមន្ទីរពេទ្យ ត្រូវបានខ្មែរក្រហម វាយបំបែកចោល ឬយកធ្វើជាកន្លែងដាក់អីវ៉ាន់ផ្សេងៗ។
កាលពីកុមារភាព តិច បានរៀនសូត្រតិចតូចប៉ុណ្ណោះ។ តិច រៀននៅវត្តរៀងរាល់ពេលព្រឹកដោយមានព្រះសង្ឃជាអ្នកបង្រៀន ។ ចំណែកពេលថ្ងៃ តិច នៅផ្ទះជួយធ្វើការងារផ្ទះឪពុកម្ដាយធម្មតា។ តិច រៀនមិនចេះទេ ហើយគាត់បានរៀនជាមួយក្មេងប្រុសៗជាច្រើនផ្សេងទៀត។ ចំពោះក្មេងស្រីៗនៅជំនាន់នោះ មិនបានរៀនសូត្រទេ ព្រោះការរៀនសូត្រធ្វើឡើងនៅវត្ត ហើយព្រះសង្ឃជាអ្នកបង្រៀន។ នៅក្នុងភូមិក្រវៀនដំបូងមានតែ៣០គ្រួសារប៉ុណ្ណោះ គឺមិនមានច្រើនគ្រួសារដូចឥឡូវទេ។ នៅក្នុងភូមិ ដំបូងឡើយ សម្បូរចោរប្លន់ណាស់ ដែលបានបង្កជាភាពរញ៉េរញ៉ៃពេញភូមិ ធ្វើឲ្យប្រជាជនពិបាកក្នុងការរស់នៅណាស់។
នៅឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងនៅក្នុងភូមិក្រវៀន ដោយមានយន្តហោះជាច្រើនហោះកាត់ពីលើភូមិ ធ្វើឲ្យប្រជាជនក្នុងភូមិនាំគ្នាជីករណ្ដៅត្រង់សេ ដើម្បីការពារខ្លួនពីការទម្លាក់គ្រាប់បែក។ ការជីករណ្ដៅត្រង់សេនេះ មិនមែនជីកនៅរួមគ្នាទេ គឺជីកសម្រាប់គ្រួសារនីមួយៗ។ ប្រភេទគ្រាប់ដែលយន្តហោះទម្លាក់ គឺប្រភេទគ្រាប់បេណាំហាយ (B52) ហើយភាគច្រើនទម្លាក់នៅពេលព្រឹក ធ្វើឲ្យប្រជាជននៅក្នុងភូមិស្លាប់អស់ជាច្រើន។ ប្រជាជន រស់នៅគ្មានសេចក្ដីសុខសប្បាយទេ ព្រោះត្រូវរស់នៅទាំងភាពភ័យខ្លាច។ ពេលខ្លះ ប្រជាជនត្រូវសម្រាកនៅក្នុងរណ្ដៅត្រង់សេ រហូតទាល់តែស្ងាត់សំឡេងយន្តហោះ ទើបអាចចេញមកក្រៅប្រកបការងារធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតបាន។ តិច បានរៀបការតាំងពីមុនសម័យខ្មែរក្រហមទៅទៀត។ នៅពេលគាត់មានកូនបីនាក់ ទើបខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជាទាំងមូល។ កាលពីពេលដែល តិច រៀបការ មានការរៀបចំពីឪពុកម្ដាយទាំងសងខាង ហើយតិច និងប្រពន្ធ ក៏បានស្រលាញ់ពេញចិត្តនឹងគ្នាដែរ។ មង្គលការរបស់តិច មានបងប្អូនចូលរួមយ៉ាងច្រើន ព្រមទាំងមានភ្លេងខ្មែរ ដូចជាទ្រ ចាប៉ី និងស្គរ ប្រគុំអបអរថែមទៀតផង។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហម បានឡើងកាន់កាប់ប្រទេសកម្ពុជាទាំងមូល។ ខ្មែរក្រហមចូលមកដល់ភូមិរបស់តិចដំបូង កូនរបស់តិច ចំនួនពីរនាក់ បានរត់ចាកចេញពីភូមិទៅមុនតិច។ បន្ទាប់មក ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីភូមិទាំងអស់។ នៅក្នុងភូមិ គ្មានប្រជាជនរស់នៅម្នាក់ទេ។ ពេលដែលជម្លៀស ខ្មែរក្រហមមិនឲ្យប្រជាជនរស់នៅជួបជុំគ្រួសារទេ។ ប្រជាជនរស់នៅបែកបាក់គ្នា ដោយប្ដីទៅផ្សេង ប្រពន្ធទៅផ្សេង។ តិច ត្រូវបានខ្មែរក្រហមជម្លៀសទៅខេត្តក្រចេះ ហើយតិចត្រូវស្នាក់នៅភូមិស្រែស្រណុក ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ពេលដែលខ្មែរក្រហមជម្លៀសទៅ ប្រជាជនគ្មានយានជំនិះទេ គឺត្រូវដើររហូតដល់កន្លែងដែលខ្មែរក្រហមបានកំណត់ ដោយគ្មានស្បែកជើងពាក់។ ពេលទៅដល់ស្រែស្រណុក តិចត្រូវបានខ្មែរក្រហមប្រើឲ្យកាប់គាស់ព្រៃ ដើម្បីរានយកដីធ្វើស្រែចម្ការ, ជីកទំនប់, ប្រឡាយទឹក និងធ្វើការងារគ្រប់បែបយ៉ាង។ ខ្មែរក្រហមបានកំណត់ថា ក្នុងមួយព្រឹក តិច ត្រូវកាប់គាស់ព្រៃឲ្យបាន៥ម៉ែត្រ និងពេលល្ងាចត្រូវកាប់គាស់ព្រៃ ឲ្យបាន៦ម៉ែត្រ។ បើតិច កាប់គាស់ព្រៃមិនបានតាមកំណត់ ខ្មែរក្រហមនឹងបន្ថែមការងារគុណនឹងពីរឲ្យគាត់នៅថ្ងៃបន្ទាប់។ ហេតុនេះ តិច ខិតខំធ្វើការងារទោះហត់ក៏មិនហ៊ានសម្រាក។ បើឈឺ គឺគាត់ធ្វើការងារទាំងឈឺ។ តិច ត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើការគ្មានពេលសម្រាក និងទទួលបានការហូបចុកមិនគ្រាប់គ្រាន់ឡើយ។
ខ្មែរក្រហម បានប្រមូលទ្រព្យសម្បត្តិប្រជាជនទាំងអស់ ដូចជាគោក្របី ចានឆ្នាំង ដីធ្លី ដាក់ជារបស់រួមទាំងអស់ ហើយគ្មានអ្វីជាកម្មសិទ្ធឯកជនទេ។ ខ្មែរក្រហម បានឲ្យប្រជាជនទាំងអស់ហូបបាយរួម និងធ្វើការរួម។ មុនដំបូង ខ្មែរក្រហមបានបង្កើតសហករណ៍ជាពីរកម្រិត គឺសហករណ៍កម្រិតទាបនិងសហករណ៍កម្រិតខ្ពស់។ សហករណ៍កម្រិតទាប គឺធ្វើការងារចែកផលគ្នា ចំណែកឯសហករណ៍កម្រិតខ្ពស់ ធ្វើការងាររួម និងហូបបាយរួម។ ពេលហូបបាយ ខ្មែរក្រហមបានវាយជួងជាសញ្ញាប្រាប់ឲ្យប្រជាជនទាំងអស់ដឹងថា ដល់ម៉ោងហូបបាយ។ ការវាយជួងនេះ ខ្មែរក្រហមបានបែងចែកជាពីរ គឺជួងទីមួយសម្រាប់កុមារតូចៗ ឯជួងទីពីរសម្រាប់យុវជននិងមនុស្សចាស់។ នៅពេលព្រឹក ខ្មែរក្រហមឲ្យប្រជាជនទាំងអស់ហូបបាយ ចំណែកនៅពេលល្ងាច ខ្មែរក្រហមឲ្យប្រជាជនហូបបបរ។
នៅសម័យខ្មែក្រហម ការងារដែលក្មេងៗត្រូវធ្វើ រួមមានកាប់ទន្ទ្រានខេត្តសម្រាប់ធ្វើជីដាក់ដំណាំ។ យាយចាស់ៗ នៅសម័យខ្មែរក្រហម ត្រូវមើលក្មេងតូចៗ ដើម្បីឲ្យឪពុកម្ដាយរបស់ក្មេងៗទាំងនោះ ទៅធ្វើការងារស្រែចម្ការ។ នៅសម័យខ្មែរក្រហម គ្មាននរណាម្នាក់នៅទំនេរដោយគ្មានការងារធ្វើនោះទេ។ ខ្មែរក្រហម ប្រើឲ្យប្រជាជន ធ្វើការគ្មានពេលសម្រាក ប៉ុន្តែផ្តល់អាហារហូបចុកមិនគ្រប់គ្រាន់ឡើយ។ សូម្បីតែដំណាំដែលប្រជាជនខំដាំនិងខំថែ ក៏ប្រជាជនទាំងនោះ គ្មានសិទ្ធបេះយកមកហូបដែរ។ បើនរណាហ៊ានបេះ ខ្មែរក្រហមនឹងយកអ្នកនោះទៅសម្លាប់ចោលជាមិនខាន។ ក្នុងរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ ប្រជាជនកម្ពុជារស់នៅយ៉ាងលំបាកវេទនា ដោយត្រូវធ្វើការទាំងយប់ទាំងថ្ងៃ។ ពេលប្រជាជនឈឺថ្កាត់ គឺគ្មានថ្នាំព្យាបាលត្រឹមត្រូវទេ គឺមានតែថ្នាំរាងដូចអាចម៍ទន្សាយមូលៗ ពណ៌ខ្មៅ ដែលប្រើប្រាស់សម្រាប់គ្រប់ជំងឺ។ មិនថាឈឺអ្វី ប្រជាជនត្រូវលេបថ្នាំនេះទាំងអស់។
នៅសម័យខ្មែរក្រហម គ្មានថ្នាំចាក់។ អ្នកឈឺធ្ងន់ហើយស្រែកខ្លាំងៗ ត្រូវបានខ្មែរក្រហម យកទឹកចាក់បញ្ចូលក្នុងសាច់តែម្ដង ដើម្បីឲ្យស្លាប់ភ្លាមៗ។ អ្នកជំងឺភាគច្រើនកើតជំងឺហើម ដោយសារកង្វះបាយហូប និងការហូបចុកខ្វះជីវជាតិ ដែលបង្កឲ្យរាងកាយមនុស្សចុះទ្រុឌទ្រោម និងស្លាប់ជាច្រើននាក់។ នៅពេលយប់ ពេលប្រជាជនសម្រាក ក៏មានឈ្លបនៅចាំស្ដាប់នៅក្រោមផ្ទះដែរ។ ខ្មែរក្រហម ឲ្យឈ្មោះថា អង្គការភ្នែកម្នាស់ ព្រោះខ្មែរក្រហមខ្លាចប្រជាជននាំគ្នាពិភាក្សា ដែលបង្កើតឲ្យមានចលនាបះបោរតស៊ូប្រឆាំងនឹងខ្មែរក្រហម។ ពេលចូលសម្រាក តិច មិនដែលហ៊ាននិយាយគ្នាទេ ព្រោះខ្លាចខ្មែរក្រហមយកទៅសម្លាប់ចោល។ ចំពោះការរៀបការ ឬការជ្រើសរើសគូស្រករនៅសម័យខ្មែរក្រហម ប្រជាជនគ្មានសិទ្ធក្នុងការជ្រើសរើសទេ។ ការរៀបការធ្វើឡើងដោយបង្ខំ ហើយគ្មាននរណាហ៊ានប្រកែកដែរ។ ការរៀបការម្ដងៗ ធ្វើឡើងសម្រាប់ប្រជាជនយ៉ាងតិច១២គូ ដោយគ្មានការរៀបចំអ្វីច្រើនទេ។ ការរៀបការ ត្រូវបានរៀបចំជាលក្ខណៈជួបជុំគ្នាមួយព្រឹក ហើយគូស្រករដែលត្រូវចាត់តាំង ឡើងនិយាយសន្យានៅចំពោះមុខអង្គការ ថានឹងធ្វើជាប្រពន្ធប្ដីនឹងគ្នា។ ក្រោយការរៀបការបញ្ចប់ទៅ ប្រជាជនបំបែកគ្នាទៅធ្វើការងារធម្មតារៀងៗខ្លួន។
នៅឆ្នាំ១៩៧៩ ប្រទេសត្រូវបានរំដោះ ដែលពេលនោះ តិច រស់នៅភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម និងកំពុងនៅធ្វើស្រែចម្ការធម្មតា។ បន្ទាប់ពីទទួលដំណឹងភ្លាម តិច ក៏នាំគ្រួសារត្រលប់មកស្រុកកំណើតវិញ។ តិច បានធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ចាម រួចបានជិះកាណូតមកខាងទន្លេបិទ។ អំឡុងពេលនៃការធ្វើដំណើរ តិចបានជួបជាមួយឡានដែលបរកាត់តាមបណ្តោយផ្លូវនោះដែរ ប៉ុន្តែតិច មិនហ៊ានជិះទេ ព្រោះតិច ខ្លាចជិះចំឡានដែលគេយកប្រជាជនទៅសម្លាប់ចោល។ តិចបានជិះកាណូតដល់ទន្លេបិទ រួចក៏បន្តដំណើរពីទន្លេបិទដោយថ្មើរជើងមកដល់ស្រុកមេមត់ ប្រើប្រាស់រយៈពេលអស់១៥ថ្ងៃ។ តិច បានឈប់សម្រាកនៅមេមត់៤ទៅ៥យប់ទើបបន្តដំណើរមកភូមិក្រវៀន។
ពេលមកដល់ភូមិក្រវៀនដំបូង តិច ឃើញថាក្នុងភូមិនមានព្រៃដុះជុំជិត។ ផ្ទះសំបែង ត្រូវទទួលរងការខូចខាតអស់ ហើយមនុស្សជាច្រើនបានស្លាប់ដោយសារជាន់គ្រាប់មីនដែលមិនទាន់ផ្ទុះនៅក្នុងភូមិ ដែលបន្សល់ពីការទម្លាក់គ្រាប់បែកនៅឆ្នាំ១៩៧០។ ពេលដែល តិច មកដល់ក្នុងភូមិ ក្រវៀន កូនៗរបស់គាត់ មិនទាន់ត្រលប់មកវិញនៅឡើយ។ តិច បានសាងសង់ផ្ទះសំបែងរួចរាល់ទើបកូនៗរបស់គាត់បានមកជួបជុំគ្នា។ តិច បានបាត់បង់កូនពីរនាក់ នៅក្នុងសម័យខ្មែរក្រហម ក្នុងអំឡុងពេលនៃការជម្លៀស។ មកដល់ពេលបច្ចុប្បន្ន គាត់មិនដែលឃើញកូនត្រលប់មកវិញទេ ហើយក៏មិនដឹងថាកូនទាំងពីរនៅរស់ឬក៏ស្លាប់ដែរ។ បងជីដូនមួយរបស់តិច បានស្លាប់នៅសម័យខ្មែរក្រហម ដោយសារអត់បាយហូប។ តិច បានបាត់បង់សាច់ញាតិច្រើនណាស់ នៅសម័យខ្មែរក្រហម។ ក្នុងនាមជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ តិច បានផ្ដាំថាសូមឲ្យក្មេងៗជំនាន់ក្រោយ ខិតខំរៀនសូត្រឲ្យមានចំណេះដឹងជ្រៅជ្រះ ព្រមទាំងមានចិត្តស្រឡាញ់ជាតិសាសន៍ខ្លួន និងដោះស្រាយបញ្ហាដោយសន្តិវិធី។
អត្ថបទដោយ៖ ម៉ាប់ ស៊ីណា
ឯកសារយោង
[1] ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)បោះពុម្ភលើកទី២ ទំព័រ៤៧
[2]មជ្ឈមណ្ឌឯកសារកម្ពុជា ថ្ងៃទី២ខែមករាឆ្នាំ២០២៤ ម៉ាប់ ស៊ីណា សម្ភាសជាមួយ អួច តិច ភេទប្រុស អាយុ ៩២ឆ្នាំ