ខ្លាចរអាមិនហ៊ានឈ្លោះ ខ្លាចខូចសីលធម៌

បេ ឡាក់លី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅខេត្តកំពង់ធំ (២០២៤)។

(កំពង់ធំ)៖ បេ ឡាក់លី អាយុ៨៣ឆ្នាំ រស់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅជិតនឹងតំបន់របស់គាត់រស់នៅ មានការទម្លាក់គ្រាប់បែកពីសំណាក់យន្តហោះអាមេរិកាំង លើកងទ័ពវៀតកុង។ ឡាក់លី បាននិយាយថា ខ្មែរក្រហមចាប់ផ្ដើមចូលគ្រប់គ្រងលើភូមិរបស់គាត់តាំងពីឆ្នាំ១៩៧៣ មកម្ល៉េះ។ នៅពេលដែលចូលដំបូង ខ្មែរក្រហមចាប់ផ្ដើមចាត់តាំងឲ្យប្រជាជនធ្វើការងារប្រវាស់ដៃ។ នៅពេលនោះ ឡាក់លី ទើបតែសម្រាលកូនរួច។ ខ្មែរក្រហម បានចាត់តាំងឲ្យគាត់ទៅធ្វើការងារនៅកងរែងអង្ករ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហម បានកាន់កាប់អំណាចទូទាំងប្រទេស ដែលពេលនោះ ឡាក់លី មានអាយុប្រហែល៣៤ឆ្នាំ។ នៅតំបន់ដែល ឡាក់លី រស់នៅ ដោយសារពេលនោះគាត់បានរៀបការរួចហើយ ខ្មែរក្រហមបានឲ្យគាត់រស់នៅជុំជាមួយប្ដី និងកូនរបស់គាត់ ហើយការរស់នៅគឺនៅផ្ទះដាច់ដោយឡែកពីប្រជាជនដទៃ។ ចំណែកយុវជន-យុវនារី ដែលមិនទាន់រៀបការ គឺត្រូវខ្មែរក្រហម ចាត់តាំងឲ្យរស់នៅរួមគ្នាជាមួយនឹងអ្នកដែលមិនទាន់រៀបការដូចគ្នា ដោយគ្រាន់តែការរស់នៅនោះដាក់ដាច់ដោយឡែកពីគ្នា។ យុវជន រស់នៅកងយុវជន និងយុវនារី រស់នៅកងយុវនារី។

ឡាក់លី ជាប្រជាជនមូលដ្ឋាន ហើយការងារដែលខ្មែរក្រហម ចាត់តាំងឲ្យគាត់នៅពេលនោះគឺធ្វើតាមរដូវ មានរដូវប្រាំង និងរដូវវស្សា។ ការងារដែលប្រជាជនតែងតែធ្វើនៅរដូវវស្សាគឺ ដកសំណាប និងស្ទូងស្រូវ ចំណែករដូវប្រាំងវិញគឺ រែកដី, ជីកប្រឡាយ និងលើកទំនប់។ ការងារមិនមែនមានតែពេលព្រឹក និងថ្ងៃទេ គឺពេលខ្លះប្រជាជនត្រូវធ្វើការងារបន្ថែមនៅពេលយប់ទៀតផង។

ឡាក់លី បានបញ្ជាក់ក្នុងបទសម្ភាសថា នៅរបបខ្មែរក្រហមមិនមានប្រជាជនណាម្នាក់ហ៊ានប្រឆាំងតវ៉ាជាមួយនឹងច្បាប់ដែលអង្គការកំណត់មកឡើយ។ នៅពេលនោះមិនសូវមានការឈ្លោះប្រកែក មិនមាននរណានិយាយអាក្រក់ពីអង្គការ ឬខុសខូចសីលធម៌រវាងបុរស និងស្រ្តីឡើយ ព្រោះប្រជាជនទាំងអស់ដឹងច្បាស់ថា ប្រសិនជាកើតមានបញ្ហាទាំងនេះ អង្គការប្រាកដជាចាប់យកទៅសម្លាប់ចោល។ ដូច្នេះ ប្រជាជនខ្លាចរអាក្នុងការប្រព្រឹត្តរឿងទាំងអស់នោះ។

ចំពោះរបបអាហារ ដែលប្រជាជនទទួលបាននៅពេលនោះគឺ អាហារពីរពេលក្នុងមួយថ្ងៃ ពេលថ្ងៃត្រង់ និងពេលល្ងាច។ ការផ្ដល់អាហារឲ្យប្រជាជនគឺគិតទៅតាមរដូវកាល នៅរដូវប្រាំងទើបតែច្រូតស្រូវហើយថ្មីៗគឺផ្ដល់ឲ្យនូវបាយ ចំណែករដូវវស្សាវិញគឺជាបបររាវ ជាមួយនឹងសម្លដើមចេក និងសម្លត្រកួន។

បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ទៅ ប្រជាជនកម្ពុជាមួយចំនួនវិលត្រលប់ទៅស្វែងរកឪពុកម្ដាយ បងប្អូន នៅឯស្រុកកំណើត។ ប្រជាជនមួយចំនួនបានជួបសមាជិកគ្រួសារវិញ ប្រជាជនមួយចំនួនទៀតក៏មិនបានជួប។ ប្រជាជនខ្លះទៀតមិនវិលត្រលប់មកស្រុកកំណើតវិញព្រោះតែឆ្ងាយ គឺសម្រេចចិត្តបន្តរស់នៅ និងមានគ្រួសារនៅទីតាំងដែលខ្មែរក្រហមជម្លៀសទៅ៕

សម្ភាសន៍ដោយ៖ សេង គីមឡាង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin