បបរទឹក
(រតនគិរី)៖ ប្លាង ចាន់ មានអាយុ៦៥ឆ្នាំ ជាកសិកររស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ចាន់ ជាជនជាតិដើមភាគតិចកាវែត។
នៅសម័យខ្មែរក្រហមចាន់បានរស់នៅតាមសហករណ៍ និងធ្វើការតាមកងចល័តពីភូមិកងណង ទៅដល់ភូមិហាត់ប៉ក់ និងពីភូមិកោះពាក្យ ទៅដល់ភូមិអូរតាង។ នៅអូរតាង ចាន់បានលើកទំនប់ប្រឡាយទាំងយប់ទាំងថ្ងៃ ក្នុងម្នាក់ត្រូវជីកឲ្យបានទំហំមួយម៉ែត្រកន្លះ ទើបទទួលបានបាយសម្រាប់ហូប។ ក្នុងកងរបស់គាត់ សមាជិកខ្លះត្រូវដើររកដំឡូងព្រៃ និងបន្លែដែលបរិភោគបាននៅក្នុងព្រៃ។ នៅពេលម៉ោងបាយ គេបានវាយមិន (សំដៅទៅលើឧបករណ៍ម៉្យាងដែលហៅថា ឃ្មោះ) ដើម្បីចែកបាយ និងរកមើលអ្នកដែលមានជំងឺ។ សម្រាប់អ្នកដែលឈឺត្រូវយកទៅព្យាបាល តែសម្រាប់អ្នកកុហកថា ឈឺត្រូវបង្អត់អាហារ ឬឲ្យតែបបរទឹកប៉ុណ្ណោះ។
កងរបស់ ចាន់ ក៏បានដាំដំឡូងនៅជុំវិញផ្ទះសម្រាប់ហូបលាយជាមួយបាយ។ អ្នកដែលយកដំឡូងដោយមិនអនុញ្ញាតពីកងរបស់គាត់ត្រូវចាប់ដាក់ខ្នោះដៃ និងចងជើងជាមួយដែក។ ក្រោយមកទៀត កងរបស់គាត់ភ្ជួរស្រែ និងច្រូតស្រូវពីព្រលឹមនៅម៉ោង៤ភ្លឺ ចំពោះអ្នកដែលមកយឺតត្រូវបានត្មះដៀល។ សម្រាប់មនុស្សចាស់ត្រូវធ្វើការ ដោយចែកជាពីរក្រុម បុរសមួយក្រុម និងស្ត្រីមួយក្រុម។
នៅតាមសហករណ៍វិញ ចំពោះអ្នកដែលមិនទៅធ្វើការតាមការចាត់ចែងរបស់អង្គការ ត្រូវយកទៅរៀនសូត្រ ឬសម្លាប់ ខ្លះត្រូវបង្ខំឲ្យធ្វើការហួសកម្លាំង ឬបង្អត់អាហារក្នុងរយៈពេលពីរថ្ងៃជាដើម។ ចាន់ ត្រូវបានឃ្លាតឆ្ងាយពីឪពុកម្តាយដោយដើរតាមមេកង ដើម្បីជីកដំឡូងព្រៃនៅប៉ាកាឡាន់ ឬទៅជីកដើមចេកយកទៅអូរតាង។
នៅថ្ងៃមួយពេលគាត់កំពុងធ្វើការ ស្រាប់តែលឺស្នូរគ្រាប់កាំភ្លើង កងរបស់ចាន់បាននាំគ្នារត់ចូលព្រៃ និងកាប់ដើមចេកដើម្បីឆ្លងអូរ។ កងទ័ពមិនឲ្យកងរបស់គាត់និយាយអ្វីនោះទេ ព្រោះនៅភូមិប៉ាកាឡាន់មានការធ្វើឃាតមនុស្សដោយកាត់ករ លឺដូច្នេះកងរបស់ចាន់ ក៏បានរត់ទៅភូមិរ៉ក។
នៅពេលមានការចូលមកដល់របស់កងទ័ពវៀតណាម ប្រជាជនបាននាំគ្នារត់ចូលព្រៃ ដោយត្រូវអត់អាហារ បែកបាក់កូនចៅ និងជួបគ្រោះថ្នាក់ដូចជាសត្វព្រៃសាហាវៗជាដើមនៅអំឡុងចុងឆ្នាំ១៩៧៨ ឬដើមឆ្នាំ១៩៧៩៕
សម្ភាសន៍ដោយ កុច សាដៀក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤