អតីតអ្នកទោសនៅក្នុងរបបខ្មែរក្រហម
(ក្រចេះ)៖ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមប្រជាជនកម្ពុជាសឹងគ្រប់រូប ដែលធ្លាប់រស់នៅឆ្លងកាត់សុទ្ធតែបានជួបទុក្ខលំបាកគ្រប់គ្នា។
បូ មាឃ ភេទស្រី អាយុ៨២ឆ្នាំ មានកូនបីនាក់។ បច្ចុប្បន្នរស់នៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ បូ មាឃ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលរស់នៅក្នុងខេត្តក្រចេះ។ គាត់បានរៀបរាប់ថា៖
«[ខ្ញុំ] ត្រូវបានគេធ្វើបាប យកទៅកសាងខ្លួននៅភ្នំត្រាំង»។
គាត់បានបាត់បង់សាច់ញាតិជាច្រើននាក់ ប៉ុន្តែគាត់មិនបានចាំឈ្មោះទាំងអស់ឡើយ។ បងជីដូនមួយរបស់គាត់ម្នាក់បានបាត់ខ្លួនតាំងពីរបបខ្មែរក្រហមមកដល់បច្ចុប្បន្ននេះ មិនទទួលបានដំណឹងឡើយ។ មាឃ ជាអ្នកទោសដែលអង្គការបានយកទៅកសាង។ មូលហេតុដែលគាត់ជាប់ជាអ្នកទោស ព្រោះតែអង្គការបានចោទប្រកាន់ប្ដីរបស់គាត់ថា ជាខ្មាំង ហើយបានចាប់ទៅឃុំខ្លួន។ ហេតុដូចនេះហើយទើបបានជាអង្គការឲ្យគាត់ទៅកសាងខ្លួន។
អង្គការបញ្ជាឲ្យគាត់ធ្វើការជាច្រើន។ អង្គការបានវាស់ដីដើម្បីឲ្យគាត់ដកសំណាប។ ក្រៅពីនោះអង្គការបានដាក់កំហិតឲ្យគាត់ទៅគាស់គល់ឈើ ដបម៉ែត្របួនជ្រុង ឲ្យហើយក្នុងរយៈមួយថ្ងៃ។ ប្រសិនជានៅក្នុងរយៈពេលមួយថ្ងៃ គល់ឈើទាំងអស់នោះគាស់មិនរួចរាល់ ពេលល្ងាចឡើងអង្គការនឹងស្ដីបន្ទោស កសាង ឬធ្វើទារុណកម្មជាមិនខាន។
ថ្វីត្បិតតែមានគ្រូពេទ្យដែលនៅចាំព្យាបាលនៅក្នុងរបបខ្មែរក្រហមពិតមែន ប៉ុន្តែពេទ្យទាំងនោះមិនមានជំនាញច្បាស់លាស់ឡើយ។ គ្រូពេទ្យនៅក្នុងរបបនោះគឺស្រេចតែទៅលើអង្គការដែលជាអ្នកចាប់បញ្ជូនឲ្យទៅរៀន ហើយការរៀននោះផងដែរ គឺរៀនបានត្រឹមតែបីទៅបួនខែប៉ុណ្ណោះ។
បន្ទាប់ពីរៀនចប់ក្នុងរយៈពេលខ្លីនោះរួច អង្គការបានឲ្យគ្រូពេទ្យទាំងនោះចេញព្យាបាលជំងឺឲ្យប្រជាជន។ ដោយសារតែគ្រូពេទ្យមិនមានជំនាញច្បាស់លាស់នោះហើយ ទើបបណ្ដាលឲ្យជើងកូនរបស់ មាឃ បានពិការជើងម្ខាងតាំងពីរបបខ្មែរក្រហមរហូតមកដល់សព្វថ្ងៃ។ ទ្រព្យសម្បត្តិទាំងអស់របស់ប្រជាជន ត្រូវផ្ដល់ឲ្យអង្គការ ដោយមិនមានកម្មសិទ្ធិឯកជនឡើយ។
ប្រសិនជាមានប្រជាជនណាម្នាក់មិនព្រមយកទ្រព្យរបស់ទៅឲ្យអង្គការ នោះអង្គការនឹងធ្វើបាប និងធ្វើទារុណកម្មប្រជាជននោះ។ សូម្បីតែបន្លែ ផ្លែឈើ ដែលដាំនៅជុំវិញផ្ទះក៏មិនមានសិទ្ធបេះហូបដែរ។
សម្រាប់ម៉ោងធ្វើការត្រូវក្រោកតាំងពីម៉ោងប្រាំព្រឹក ដើម្បីចេញទៅធ្វើការ សម្រាកបានពេលហូបបានបន្តិចត្រូវចុះទៅធ្វើការជាបន្ទាប់ទៀត។ ខែខ្លះត្រូវធ្វើការដល់ពេលយប់ជ្រៅទើបបានឈប់សម្រាក។ សព្វថ្ងៃនេះ មាឃ មានជំងឺលើសឈាមដែលត្រូវលេបថ្នាំនៅជាប់ជាប្រចាំ។ ក្រៅពីលើសឈាមគាត់បានជំងឺស្លាប់មួយចំហៀងខ្លួន៕
សម្ភាសន៍ដោយ យ៉ុង ផល្លីន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ នេន ស្រីមុំ