ការចេញផ្សាយសៀវភៅ៖ “រឿងរ៉ាវក្នុងភូមិនៅសម័យខ្មែរក្រហម”

ការចេញផ្សាយសៀវភៅ៖ “រឿងរ៉ាវក្នុងភូមិនៅសម័យខ្មែរក្រហម” (២០២៤) 

ភ្នំពេញ​៖ ហុង វណ្ណសុធីរ នឹកឃើញកាលនៅ​អង្គុយ​មុខ​ទូរទស្សន៍​ជាមួយ​ម្តាយ និង​ជីដូន​។ នេះគឺជារឿងដែលបានកើតឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ ២០១០ នៅពេលអ្នកទាំងអស់គ្នាកំពុងមើលការផ្សាយពីការកាត់ទោសមេដឹកនាំខ្មែរក្រហមដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ។

វណ្ណសុធីរ សួរថា «តើមានអ្វីកើតឡើង?» ពេល​ឮ​សំណួរ​នេះ យាយ​របស់​នាង​បានស្រក់​ទឹក​ភ្នែក ហើយជាលើកដំបូង ម្តាយរបស់នាងបានប្រាប់នាងអំពីជីវិតគ្រួសាររបស់នាងក្នុងរបបខ្មែរក្រហមពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។ វណ្ណសុធីរបានសួរបន្តទៀតថា “ចុះលោកតា?”។ ជីដូន​របស់​នាង​បាន​ឆ្លើយ​ថា​៖ «​គាត់​ត្រូវ​បាន​គេយកទៅ​សម្លាប់​ក្នុង​របប​នោះ ដោយសារ​គាត់​ជា​មនុស្ស​ដែលទទួលបាន​ការអប់រំ​។»

វណ្ណសុធីរ ដែលជាគ្រូបង្រៀននៅក្រុងសៀមរាប គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាង ៦០ នាក់ ដែលបានរួមចំណែកចែករំលែករឿងផ្ទាល់ខ្លួន និង កំណាព្យនៅក្នុងសៀវភៅ “រឿងរ៉ាវក្នុងភូមិនៅសម័យខ្មែរក្រហម”។

បោះពុម្ភផ្សាយដោយមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ក្នុងខែកញ្ញា ឆ្នាំ ២០២៤ សៀវភៅនេះមានរឿងរ៉ាវ និងកំណាព្យដែលរួមចំណែកដោយមនុស្សគ្រប់មជ្ឈដ្ឋាន ដែលបានឆ្លងកាត់របបខ្មែរក្រហម ឬប្រាប់រឿងរ៉ាវរបស់ឪពុកម្តាយ ឬជីដូនជីតារបស់ខ្លួន។ អ្នកទាំងនោះរួមមានជាងកាត់ដេរ ទាហាន ប៉ូលីស អ្នកជំនួញ អ្នកនិពន្ធ អ្នកកាសែត ព្រមទាំងអ្នកជំនាញ និងបងប្អូនប្រជាជនទូទៅផ្សេងទៀតមកពីគ្រប់វិស័យ។ រហូតមកដល់ពេលនេះ អ្នកខ្លះនៅមិនអាចនិយាយអំពីរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហមដែលបានសម្លាប់មនុស្សជាង ២ លាននាក់ក្នុងរយៈពេលតិចជាង ៤ ឆ្នាំ។

រឿងរ៉ាវនេះត្រូវបានចងក្រងតាំងពីឆ្នាំ ២០២០ ដោយលោក ផេង ពង្សរ៉ាស៊ី ប្រធានកម្មវិធីអប់រំអំពីអំពើប្រល័យពូជសាសន៍នៅមជ្ឈមណ្ឌលឯកសារកម្ពុជា ក៏ដូចជាបុគ្គលិករបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដទៃទៀត។

ក្នុងរឿងមួយដែលមានចំណងជើងថា «មួយថ្ងៃ មួយយប់» សរសេរដោយ ម៉ៅ សុវណ្ណឌី ដែលសព្វថ្ងៃជាមន្ត្រីចូលនិវត្តន៍ រស់នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ គាត់បាននិយាយអំពីមនុស្សម្នាក់ឈ្មោះ រ៉េត។ ឪពុករបស់រ៉េតត្រូវបានសម្លាប់ដោយចោទថាជាខ្មាំងរបស់អង្គការ ដែលសំដៅទៅលើស្ថាប័នគ្រប់គ្រងរបស់របបខ្មែរក្រហម។ ចាប់ពីពេលនោះមក រ៉េត ក៏ត្រូវបានចាត់ទុកជាខ្មាំងរបស់អង្គការដែរ។

នៅក្នុងរឿងរ៉ាវមួយទៀតដែលមានចំណងជើងថា «ពពកខ្មៅ» សរសេរដោយ បែន អេគ្រី គ្រូបង្រៀននៅខេត្តកំពង់ធំ និយាយអំពីគ្រួសាររបស់គាត់ដែលត្រូវបានជម្លៀសដោយបង្ខំចេញពីទីរួមខេត្តកំពង់ធំឲ្យមករស់នៅក្នុងភូមិមួយនៅឆ្នាំ ១៩៧៥។ គាត់ត្រូវបានបញ្ជាឲ្យធ្វើការក្នុងសហករណ៍។ ជានិច្ចជាកាល គាត់បានឃើញមនុស្សដែលគាត់ស្គាល់ និងអ្នកផ្សេងទៀតត្រូវបានសម្លាប់។

សៀវភៅនេះសរសេរជាភាសាខ្មែរ ត្រូវបានបោះពុម្ពជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានជួយជ្រោមជ្រែងនិងចងក្រងឯកសារប្រវត្តិសាស្ត្រកម្ពុជាសម្រាប់ទុកជាឯកសារជាតិ និងជួយដល់ប្រជាជនដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម បានមានឱកាសប្រាប់រឿងរ៉ាវរបស់ខ្លួនគាត់ផ្ទាល់សម្រាប់អ្នកជំនាន់ក្រោយបានដឹង។ នេះជាមធ្យោបាយមួយដើម្បីព្យាបាលស្លាកស្នាមប្រវត្តិសាស្រ្តរបស់ប្រទេស ដែលស្លាកស្នាមទាំងនេះត្រូវបានចម្លងពីមនុស្សមួយជំនាន់ទៅមួយជំនាន់ ដូចដែលអ្នកស្រាវជ្រាវ និងអ្នកជំនាញបានបង្ហាញនៅក្នុងប្រទេសមួយចំនួនដែលបានជួបប្រទះសោកនាដកម្មបែបនេះដែរ។

សៀវភៅ “រឿងរ៉ាវក្នុងភូមិនៅសម័យខ្មែរក្រហម” អាចស្វែងរកបាននៅទីក្រុងភ្នំពេញ នៅព្រះរាជបណ្ណាល័យហ្លួងម៉ែ ឬនៅការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមានទីតាំងនៅ ភូមិគឹ្រះលេខ ១១ ផ្លូវ ២៥៦ ក្នុងរាជធានីភ្នំពេញ៕

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ

សម្រាប់ព័ត៌មានបន្ថែម៖

ហ្វេសប៊ុក៖ www.facebook.com/TheQueenMotherLibrary

គេហទំព័រ៖ https://www.dccam.org/

អ៊ីមែល៖ dccam@online.com.kh

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin