ខ្ញុំត្រូវរបួសចំត្រង់ពោះ និងក្រលៀន

ប៉ុន ខេម ភេទ ប្រុស អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បច្ចុប្បន្ន ខេម រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ខេម និយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំគឺជាកូនប្រុសច្បងនៅក្នុងគ្រួសារ។ កាលពីកុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ពីសង្គមចាស់។ ជំនាន់នោះគ្រួសាររបស់ខ្ញុំប្រកបរបរធ្វើស្រែចម្ការ និងជាកម្មករលីសែងគ្រឿងដែក។ គ្រួសារខ្ញុំ មិនមានមុខរបរធំដុំអ្វីនោះទេ។ ក្រៅពីការងារទាំងអស់នេះ ម្ដាយរបស់ខ្ញុំក៏បានទៅរកបេះផ្លែក្រសាំង ផ្លែខ្វិត និងត្រួយល្ងៀង ដើម្បីលក់និងទិញអាហារមកឲ្យកូនៗហូប។ ដោយសារតែខ្ញុំជាកូនប្រុសច្បងនៅក្នុងគ្រួសារ ទើបខ្ញុំត្រូវរ៉ាប់រងជួយធ្វើការរកលុយ ដើម្បីជួយទ្រទ្រង់ឪពុកម្ដាយដើម្បីចិញ្ចឹមប្អូនៗ។ ហេតុនេះហើយទើបខ្ញុំរៀនបានត្រឹមថ្នាក់ទី៩បណ្ណោះ។ ខ្ញុំក៏ត្រូវសម្រេចចិត្តបោះបង់ការសិក្សា ហើយងាកមកធ្វើការជាកម្មករសំណង់វិញ ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារ។ ខ្ញុំពិតជាមានការសោកស្ដាយជាខ្លាំងចំពោះការឈប់រៀននេះ។ ខ្ញុំតែងតែសុបិនឃើញលោកគ្រូរបស់ខ្ញុំមកហៅខ្ញុំឲ្យត្រឡប់ទៅរៀនវិញ ដោយសារតែខ្ញុំជាសិស្សពូកែប្រចាំថ្នាក់។ ជំនាន់នោះ ខ្ញុំទទួលបានប្រាក់កម្រៃចំនួន ២០រៀល សម្រាប់ការងារក្នុងមួយថ្ងៃ។ ប៉ុន្តែ នៅជំនាន់នោះ ប្រាក់មានតម្លៃថ្លៃណាស់ អង្ករមួយតៅតម្លៃត្រឹមតែ២០រៀលតែប៉ុណ្ណោះ។

នៅក្នុងឆ្នាំ១៩៧០ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ពីតំណែង។ ប្រទេសជាតិចាប់ផ្ដើមផ្ទុះសង្គ្រាម។ ភាពអសន្តិសុខនៅក្នុងស្រុកភូមិក៏ចាប់ផ្ដើមកើតមានដែរ។ នៅ ពេលនោះ លោកគ្រូសង្ឃរាជ្យ ដែលត្រូវជាបងរបស់ឪពុកខ្ញុំ បានសុំឲ្យខ្ញុំទៅបួស ព្រោះខ្លាចត្រូវជាប់កំណែនកងទ័ព។ កាលណោះ ដោយសារ ឪពុកម្ដាយខ្ញុំក្រខ្សត់ ហើយគាត់ទាំងពីរក៏បាននិយាយថាយើងមិនមានសម្ភារបំបួសនោះទេ ហើយអ្វីក៏គ្មានដែរ។ ប៉ុន្តែលោកគ្រូសង្ឃរាជ្យ បានសង្ឃដីការតបថា «មិនអីទេ ឲ្យតែ ខេម បួស សម្ភារខាងវត្តមានអស់ហើយ» ។ ខ្ញុំក៏បានបួសរៀននៅក្នុងវត្តរហូតដល់ឆ្នាំ១៩៧២។ ខ្ញុំក៏បានសឹកវិញ ដោយហេតុប្រជាជនត្រូវជម្លៀសចេញពីភូមិកំណើតទាំងអស់។ ព្រះសង្ឃគង់នៅវត្តមិនមានចង្ហាន់ឆាន់ទេ។

ក្នុងឆ្នាំដដែល ខ្ញុំក៏បានចូលជាកងទ័ពខ្មែរក្រហម ដោយគេចវេសមិនបាន។ កាលណោះ ខ្ញុំរៀនធ្វើជាគ្រូពេទ្យផង សែងអ្នករបួសនៅសមរភូមិមុខផង និងជាកងទ័ពវាយសត្រូវផង។ ខ្ញុំនៅផ្នែកពេទ្យបានមួយរយៈធំ។ អំឡុងពេលដែលខ្ញុំនៅជួយធ្វើកិច្ចការផ្នែកពេទ្យ ខ្ញុំបានស្គាល់ថ្នាំជំនួយបេះដូង ថ្នាំស្ពឹក ថ្នាំឃាត់ឈាមជាដើម។ កាលណោះ ខ្ញុំពិនិត្យ និងព្យាបាលអ្នករបួសដែលដាច់សរសៃឈាមតូចធំ។ ចំពោះអ្នកត្រូវរបួសដោយសារគ្រាប់បែកធ្ងន់ធ្ងរ ខ្ញុំមិនអាចជួយសង្គ្រោះ ឬព្យាបាលបាននោះទេ។ អ្នកជំងឺទាំងអស់នេះត្រូវបញ្ជូនទៅក្រុមពេទ្យធំនៅសមរភូមិក្រោយ ពីព្រោះមុខរបួសត្រូវការបច្ចេកទេសពេទ្យខ្ពស់ក្នុងការវះកាត់។ នៅពេលខ្វះកម្លាំងទៅសែងអ្នករបួសទើបថ្នាក់លើបញ្ជូនខ្ញុំឲ្យទៅជួយសែងអ្នករបួសពីសមរភូមិមុខមកព្យាបាលនៅសមរភូមិក្រោយ។ សមរភូមិដែលខ្ញុំចូលទៅធ្វើការជាកងពេទ្យ និងសែងអ្នករបួសដំបូងស្ថិតនៅផ្លូវជាតិលេខ២១។ ក្រោយមក ទើបថ្នាក់លើបញ្ជូនឲ្យក្រុមគ្រូពេទ្យមកនៅម្ដុំផ្លូវជាតិលេខ២ និងលេខ៣ វិញម្ដង ដែលទីតាំងនេះស្ថិតនៅជិតផ្ទះរបស់ខ្ញុំ។ ទន្ទឹមនឹងនេះ ខ្ញុំក៏ចេញទៅវាយនៅសមរភូមិជាមួយកងទ័ពដែរ។ កងទ័ពដែលទៅវាយនៅសមរភូមិមុខតែងតែប្រឈមនឹងការបាត់បង់ជីវិតគ្រប់ពេលវេលា។ ជួនកាលទាហានត្រូវគ្រាប់បេ៤០ដាច់ក្បាលស្លាប់ភ្លាមៗក៏មាន។ ការវាយម្ដងៗកងទ័ពត្រូវបាត់បង់ជីវិតអស់ប្រហែល៣០០ទៅ៤០០នាក់នៅក្នុងសមរភូមិ។ សង្គ្រាមមួយនេះបង្កើតឡើងដោយឈាមខ្មែរតែមួយជំនាន់នោះ បើទោះជាយើងដឹងថាជាសង្គ្រាមរវាងខ្មែរនិងខ្មែរគ្នាឯងក៏ដោយ ក៏យើងមិនអាចបញ្ឈប់សង្គ្រាមមួយនេះបានឡើយ។ បើភាគីខ្មែរក្រហមមិនបាញ់តទល់ជាមួយ កងទ័ព លន់ នល់ ទេ កងទ័ព លន់ នល់ ប្រាកដជាបាញ់សម្លាប់កងទ័ពខ្មែរក្រហមមិនខាន។

នៅក្នុងឆ្នាំ១៩៧៣ ខ្ញុំត្រូវរបួសចំត្រង់ពោះ និងក្រលៀន។ ប៉ុន្តែប្រសិនជារបួសធ្លុះពោះវៀនខ្ញុំនឹងត្រូវដាច់ពោះវៀនអស់ហើយមិនរស់នោះទេ។ សំណាងល្អ ខ្ញុំមិនទទួលរងធ្លុះពោះនោះទេ។ ខណៈពេលដែលខ្ញុំត្រូវរបួស និងមិនទាន់សន្លប់នៅឡើយ ខ្ញុំអាចចងឃាត់ឈាមនៅត្រង់មុខរបួសដោយខ្លួនឯងបានទម្រាំតែមានការជួយសង្គ្រោះ។ បន្ទាប់មកទៀត ខ្ញុំត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលនៅកងពេទ្យខាងក្រោយវិញ។ កាលនោះខ្ញុំបានអ្នកគ្រូពេទ្យក្មេងៗបានផ្ដល់អាហារ និងជួយមើលថែនៅក្នុងមន្ទីរពេទ្យរហូតខ្ញុំបានធូរស្បើយ ពីព្រោះជំនាន់នោះមិនមានបងប្អូន ឬឪពុកម្ដាយមកមើលយើងនោះទេ។ យើងមិនដែលទទួលដំណឹងពីគាត់ទាល់តែសោះ។ ក្រោយពីខ្ញុំសម្រាកព្យាបាលនៅមន្ទីរពេទ្យបានមួយរយៈធំ ខ្ញុំក៏បានជាសះស្បើយ និងបានត្រឡប់ទៅសមរភូមិមុខវិញ។

លុះដល់ឆ្នាំ១៩៧៤ ខ្ញុំបានរងរបួសម្ដងទៀតនៅត្រង់ដៃ ខណៈពេលដែលខ្ញុំវាយជាមួយកងទ័ព លន់ នល់។ របួសខ្ញុំលើកទីពីរនេះមិនសូវធ្ងន់ធ្ងរប៉ុន្មានទេ។ ខ្ញុំអាចដើរដោយខ្លួនឯងបាន។ ក្នុងអំឡុងពេលដែលខ្ញុំគឺជាកងទ័ពខ្មែរក្រហមម្នាក់ ដែលបានវាយចូលទៅទីក្រុងភ្នំពេញរហូតបានទទួលជ័យជម្នះនៅក្នុងឆ្នាំ១៩៧៥។ ខ្ញុំមិនដែលទទួលភាពស្រាកស្រាន្តអ្វីនោះទេ ដោយសារខ្ញុំតែងតែមានការរំពឹងទុកថានឹងបានត្រឡប់ទៅជួបជុំគ្រួសារវិញបន្ទាប់ពីទទួលបានជ័យជម្នះ។ ក៏ប៉ុន្តែក្រោយពីខ្មែរក្រហមទទួលបានជ័យជំនះ ខ្ញុំនិងកងទ័ពនៃកងពល៨០១ ត្រូវបានបញ្ជូនឲ្យទៅយាមព្រំដែននៅខេត្តរតនគិរីទៅវិញ។ នៅទីនោះ ខ្ញុំបានជួបជាមួយបងប្អូនជនជាតិដើមដូចជា៖ ចារ៉ាយ, ទំពួន និងគ្រឹងជាដើម។ ចំពោះការហូបចុក របស់ជនជាតិដើមរស់នៅខេត្តរតនគិរីមានរបៀបរបបខុសពីខ្មែរយើងត្រង់ការធ្វើសម្លរ និងដាំបាយជាមួយបំពង់ឫស្សី។ ជាក់ស្តែង សម្លព្រោង ដែលជាសម្លប្រចាំខេត្តរតនគិរី មានដាក់បន្លែច្រើនមុខណាស់ និងមានលាយម្សៅអង្ករដែរ។ នៅពេលមានកងទ័ពចូលទៅលេងនៅក្នុងភូមិណាមួយអ្នកភូមិបាននាំគ្នាកាប់គោ ឬជ្រូកឲ្យមួយក្បាលសម្រាប់ធ្វើម្ហូបអាហារបរិភោគដោយខ្លួនឯង។ នៅក្នុងពេលនោះកងទ័ពខ្មែរក្រហម និងជនជាតិដើមទាំងអស់ដែលរស់នៅរតនគិរី មានទំនាក់ទំនងល្អជាមួយគ្នាណាស់។

នៅឆ្នាំ១៩៨១ ខ្ញុំបានធ្វើដំណើរចេញពីខេត្តរតនគីរីឆ្ពោះទៅតាមព្រំដែនកម្ពុជា-ថៃ នៅលើភ្នំដងរែក។ កាលណោះ កងទ័ពខ្មែរក្រហមបានប្រមូលផ្ដុំកងកម្លាំងរបស់ខ្លួនមកនៅតាមព្រំដែនកម្ពុជា-ថៃ វិញ។ បន្ទាប់ពីប្រមូលកម្លាំងបាន ខ្មែរក្រហមនៅតែបន្តធ្វើសង្គ្រាមជាមួយកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា រហូតដល់ឆ្នាំ១៩៩៨ ទើបខ្មែរក្រហមដែលរស់នៅលើភ្នំដងរែកនៃស្រុកអន្លង់វែងបានចរចា និងព្រមព្រៀងធ្វើសមាហរណម្មចុះចូលជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីបញ្ចប់សង្គ្រាម៕

អត្ថបទដោយ៖ មេក វិន, សួត វិចិត្រ និងលី សុខឃាង

កំណែអក្ខរាវិរុទ្ធដោយ៖ សូ ហ្វារីណា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin