កងចល័តនារីខ្មែរក្រហម នៅទំនប់តំបន់៤១

ប៊ួន ឈុនឡោម គឺជាអតីតកងចល័តនារីខ្មែរក្រហមនៅការដ្ឋានទំនប់តំបន់៤១ ស្ថិតស្រុកជើងព្រៃ និងមានទីកន្លែងកំណើតនៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម។ ឈុនឡោម កើតនៅក្នុងគ្រួសារកសិករ និងមានបងប្អូនបុ្រសស្រីទាំងអស់ចំនួន៦នាក់ (ស្រី៥នាក់)។ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេច សីហនុ ចេញពីអំណាចនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ឈុនឡោម បានឃើញសភាពការមិនល្អ ពីព្រោះមានអ្នកភូមិជាច្រើនចូលរួមបាតុកម្មនៅទីរួមខេត្តកំពង់ចាម។ ទាហាន លន់ នល់ បានធ្វើការបង្រ្កាបរហូតដល់មានការផ្ទុះអាវុធប្រឆាំងនឹងអ្នកចូលរួមធ្វើបាតុកម្ម។ បាតុកម្មបន្តអស់បន្លាយរយៈពេលមួយសប្តាហ៍។ នៅពេលនោះ មានការផ្សព្វផ្សាយអំពីការផ្ទុះអាវុធជាលើកដំបូងនៅភូមិសាស្រ្តមួយចំនួន តាមរយៈប៉ុស្តិ៍វិទ្យុនៅទីក្រុងភ្នំពេញ។ បន្ទាប់ពីបាតុកម្មបានស្ងប់ស្ងាត់មួយរយៈ គឺនៅដើមឆ្នាំ១៩៧១ កងទ័ពរំដោះខ្មែរក្រហមចូលមកស្នាក់អាស្រ័យតាមផ្ទះអ្នកភូមិ។[1] កងទ័ពរំដោះខ្មែរក្រហមបានដាក់គោលដៅចូលវាយរំដោះទីរួមខេត្តកំពង់ចាម។
ចាប់ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៣ សមរភូមិរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមផ្ទុះឡើងជា បន្តបន្ទាប់ និងកាន់តែខ្លាំងឡើង។ ទាហាន លន់ នល់ តែងតែបាញ់ផ្លោង និងប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក រួចទើបបញ្ចូនទាហានថ្មើរជើងចូលមក។ កងទ័ពរំដោះខ្មែរក្រហមដឹងមុនអំពីការវាយប្រហារ និងដកកងទ័ពរបស់ខ្លួនទៅតំបន់រំដោះរបស់ខ្លួន ស្ថិតនៅត្រើយម្ខាងនៃទន្លេមេគង្គ។ ទីរួមខេត្តកំពង់ចាមត្រូវបានហ៊ុមព័ទ្ធដោយកងទ័ពរំដោះខ្មែរក្រហម។ ដោយមានការភ័យខ្លាចអំពីសុវត្ថិភាព ឪពុកម្ដាយរបស់ឈុន ឡោម បាននាំកូនៗរត់ចេញពីភូមិ ទៅស្នាក់នៅជាបណ្ដោះអាសន្ននៅត្រើយម្ខាងទន្លេ គឺនៅភូមិសាស្រ្តជីហែ។ ផ្ទះរបស់ឈុនឡោមត្រូវបានទាហានលន់ នល់ ប្រើប្រាស់ជាកន្លែងសម្រាប់ព្យាបាលទាហានរបួសមកពីសមរភូមិ។
នៅឆ្នាំ១៩៧៤ គ្រួសាររបស់ឈុនឡោម វិលត្រឡប់មករស់នៅភូមិវិញ ពីព្រោះទាហានលន់ នល់ ត្រូវទទួលរងបរាជ័យ និងដកទៅឈរជើងនៅទីរួមខេត្តកំពង់ចាម ដែលកងទ័ពរំដោះខ្មែរក្រហមបានហ៊ុមព័ទ្ធជុំវិញ។ បន្ទាប់ពីទីក្រុងភ្នំពេញត្រូវបានរំដោះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ទីរួមខេត្តកំពង់ចាមក៏ត្រូវបានចូលកាន់កាប់ដោយកងទ័ពរំដោះខ្មែរក្រហមផងដែរ។ នៅអំឡុងពេលនោះ មានការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងទីរួមប្រជុំជននានាទៅកាន់ទីជនបទ[2] និងប្រជាជនដែលត្រូវបានជម្លៀសបានដើរឆ្លងកាត់ភូមិចំការសាមសិបដើម្បីវិលត្រឡប់មកទៅភូមិកំណើតរៀងៗខ្លួន។ ឈុនឡោម ឃើញមានប្រជាជនថ្មីមកពីភ្នំពេញសុំស្នាក់អាស្រ័យក្រោមផ្ទះអ្នកភូមិ និងដំណើរទៅមុខនៅថ្ងៃបន្ទាប់។ ដំណើររបស់ប្រជាជនដែលត្រូវបានជម្លៀសដោយបង្ខំអស់មានរយៈពេល១ខែ ទើបមានសភាពស្ងប់ស្ងាត់នៅក្នុងភូមិវិញ។ ស្ថានភាពនៅក្នុងភូមិចំការសាមសិបចាប់ផ្ដើមផ្លាស់ប្ដូរបន្តិចម្ដងៗ ពីព្រោះអង្គការបង្កើតសហករណ៍ដែលមានគ្រួសារទាំងអស់ប្រហែល១៤គ្រួសារ។
នៅឆ្នាំ១៩៧៧ ឈុនឡោម មានអាយុ២១ឆ្នាំ និងត្រូវបានបញ្ជូនទៅធ្វើការងារនៅកងចល័តស្រុកដើម្បីលើកទំនប់នៅតំបន់២២ និងក្រោយមកទៀត ទំនប់ស្រុកព្រៃឈរ នៅតំបន់៤១ នៃភូមិភាគកណ្ដាល (ភូមិភាគឧត្តរចាស់) ក្នុងរបបខ្មែរក្រហម។ នៅក្នុងរបបខ្មែរក្រហម គឺចាប់ពីឆ្នាំ១៩៧៦ ដល់ចុងឆ្នាំ១៩៧៨ ប្រជាជននៅតំបន់៤១ ត្រូវបានអង្គការប្រមូលផ្ដុំ និងបញ្ជូនទៅធ្វើការងារនៅការដ្ឋានទំនប់ខាងលើ។ ប្រជាជនជាច្រើនបានបាត់បង់ជីវិតដោយសារការបង្ខំឲ្យធ្វើការលើកទំនប់ហួសកម្លាំង, ការគ្មានអាហារបរិភោគគ្រប់គ្រាន់, ការធ្លាក់ខ្លួនឈឺដោយគ្មានថ្នាំព្យាបាល និងការកាប់សម្លាប់រង្គាលក្នុងយុទ្ធនាការបោសសម្អាតខ្មាំងខាងក្នុង។[3]
សមមិត្ត ទីន និងសមមិត្ត ស៊ីម គឺជាប្រធានក្ដាប់រួមនៅកងចល័ត។ នាគ្រានោះ ប្អូនស្រីរបស់ឈុនឡោម ដែលមានអាយុត្រឹមតែ១២ឆ្នាំតែប៉ុណ្ណោះ ក៏ត្រូវបានបញ្ជូនទៅលើកទំនប់ជាមួយខ្លួនផងដែរ។ ការលើកទំនប់មានរយៈពេល៦ខែ។ ការធ្វើស្រែមានរយៈពេល៦ខែដូចគ្នាផងដែរ។ កងចល័តស្រុកកំពង់សៀម ត្រូវបានបែងចែកជាក្រុមដែលមានសមមិត្តប្រហែល១៥នាក់។ សមមិត្ត ថា ណាត គឺជាប្រធានក្រុម។ ឈុនឡោម ត្រូវក្រោកនៅម៉ោង៣ព្រឹកដើម្បីចូលរួមប្រជុំអំពីការដាក់ផែនការ រហូតដល់ម៉ោង៤ទើបដើរទៅធ្វើការដល់ម៉ោង១២ថ្ងៃត្រង់។ របបអាហារ គឺបបររាវមួយចាន។ បន្ទាប់ពីសម្រាកអាហារថ្ងៃត្រង់ ឈុនឡោមត្រូវចូលធ្វើការវិញរហូតដល់ម៉ោង៦ល្ងាច។ សម្ភារសម្រាប់ការលើកទំនប់ គឺរួមមាន ចប, បង្គី ដែលត្រូវបានដឹកចេញពីរោងជាង។ ក្រុមរបស់ឈុន ឡោម ធ្វើការលើកទំនប់ ដូចជាកាប់ និងរែកដី ដែលមានចំនួនកំណត់៥០ម៉ែត្រ។ ការកាប់ដីនេះវិញ ត្រូវបានដាក់ផែនការកំណត់ គឺមួយក្រុមមានគ្នា៣នាក់ ដើម្បីកាប់ដី៩ម៉ែត្រគីបក្នុងមួយថ្ងៃ។ នៅក្នុងកងចល័តរបស់ឈុនឡោម មានការលាយលំគ្នារវាងសមមិត្តមូលដ្ឋាន។ ប្រជាជនថ្មីដែលមកពីភ្នំពេញត្រូវចាប់យកទៅសម្លាប់ ឬបានបាត់ខ្លួនជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុ។
បន្ទាប់មកទៀត ឈុនឡោម ត្រូវបានបញ្ជូនទៅធ្វើការនៅកងចល័តនៅតាមភូមិសាស្ត្រដូចជា ការដ្ឋាន ល្ពាក, ទ្រា និងរអាង ជាដើម។ នៅឆ្នាំ១៩៧៧ ឪពុករបស់ឈុនឡោម ត្រូវបានកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីចាប់ខ្លួនយកទៅសម្លាប់ ក្នុងការចោទប្រកាន់ និងមូលហេតុថា ដកអ្នកចាស់ដាក់អ្នកថ្មី ឬមានន័យថា “បោសសំអាតអ្នកចាស់ដាក់អ្នកថ្មី”។ ក្នុងការអនុវត្តគោលនយោបាយបោសសម្អាតនេះផងដែរ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី ដាក់កំណត់កម្មាភិបាលមូលដ្ឋាន សាច់ញាតិរបស់កម្មាភិបាលមូលដ្ឋាន ប្រជាជនប្រព្រឹត្តិខុសឆ្គង និងជនជាតិភាគតិចខ្មែរ-ឥស្លាម ដើម្បីចាប់ខ្លួនយកទៅសម្លាប់ចោល។[4] នៅចុងឆ្នាំ១៩៧៨ កងទ័ពរណសិរ្ស ចូលមករំដោះប្រជាជនកម្ពុជា ទើប ឈុនឡោម អាចរួចផុតពីសេចក្ដីស្លាប់ និងជួបជុំគ្រួសារ។ បច្ចុប្បន្ននេះ ឈុនឡោម ប្រកបរបរធ្វើស្រែចម្ការ និងត្បាញក្រមាលក់ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ៕
ដោយ ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
[1] ប៊ុន ឈុនឡោម, «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម», សម្ភាសន៍ដោយ មេន នឿន អ្នកស្ម័គ្រចិត្តកម្ពុជាប្រចាំខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[2] មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, «ការជម្លៀសប្រជាជនដោយបង្ខំនៅក្នុងរបបខ្មែរក្រហម» (បោះពុម្ពនៅកម្ពុជា ឆ្នាំ២០១៤), ទំព័រ៩-១០
[3] ណាយ៉ាន់ ចាន់ដា, «សត្រូវបងប្អូនឯង», ប្រែសម្រួលជាភាសាខ្មែរដោយ ទេព ម៉េងឃាន, ពិនិត្យ និងកែសម្រួលដោយ ឆាំង យុ (បោះពុម្ពនៅកម្ពុជា ឆ្នាំ២០០៦), ទំព័រ៨៣-១១៦
[4] ដូចឯកសារយោងខាងលើ