ជាងកាត់ដេរក្នុងរបបខ្មែរក្រហម
(ស្វាយរៀង) ៖ ចាន់ សារ៉ុម មានអាយុ៧៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់បានរៀបការនៅស្រុកកំណើតក្នុងរបប លន់ នល់ និងមានកូនពីរនាក់។
នៅសម័យខ្មែរក្រហម សារ៉ុម មានអាយុប្រមាណ ៣០ឆ្នាំ។ គាត់ និងគ្រួសារត្រូវបានអង្គការឲ្យរស់នៅភូមិត្រពាំងស្គន់ដដែល ប៉ុន្តែកូនៗត្រូវទៅរស់នៅផ្សេងក្នុងកងកុមារដែលមានចាស់ៗជាអ្នកមើលថែ។
សារ៉ុម និងស្រ្តីដទៃទៀតត្រូវបានអង្គការចាត់ឲ្យធ្វើជាជាងកាត់ដេរប្រចាំសហករណ៍។ គាត់ត្រូវដេរសម្លៀកបំពាក់ឲ្យបានមួយថ្ងៃមួយសម្រាប់ (កំប្លេ)។ គាត់បន្តថា ការកាត់ដេរនៅសម័យនោះគ្មានម៉ាស៊ីនទេ គាត់និងស្រី្តដទៃទៀត ស្ទើរមិនអាចបំពេញការងារនេះតាមផែនការបាន។
ប្តីត្រូវអង្គការឲ្យទៅជីក រែកដី ភ្ជួរ លើកភ្លឺស្រែ និងធ្វើផ្លូវក្នុងភូមិ។
បន្ទាប់មកអង្គការបានផ្លាស់ សារ៉ុម ទៅធ្វើជាអ្នកដាំបាយក្នុងសហករណ៍សម្រាប់ក្រុមយុវជនកងចល័តដែលធ្វើការជីកទំនប់ និងលើកប្រឡាយក្នុងភូមិនៅត្រពាំងស្គន់។
ក្រោយមកខ្មែរក្រហមបានជម្លៀស សារ៉ុម និងគ្រួសារពីស្រុកកំណើត ទៅភូមិក្រសាំងទាប ឃុំអំពិល ស្រុករមាសហែក។ នៅទីនោះគាត់ និងប្តីត្រូវបានអង្គការប្រើឲ្យទៅលើកទំនប់អំពិលពីម៉ោង៦ព្រឹក រហូតដល់យប់។ ពេលត្រឡប់មកពីធ្វើការគាត់បានបូតស្រូវទុកដើម្បីលួចមកបបរឲ្យកូនហូប ព្រោះកូនតូចៗពីរនាក់នៅកងកុមារហូបមិនគ្រប់គ្រាន់។
សារ៉ុម បានលើកឡើងថា៖ “របបខ្មែរក្រហមពិតជាឃោរឃៅណាស់ ឲ្យមនុស្សធ្វើការឥតឈប់ប៉ុន្តែមិនឲ្យហូបឆ្អែត។ ខ្ញុំ និងប្រជាជនដទៃទៀតរស់នៅធ្វើតែតាមបញ្ជាអង្គការ។ អង្គការឲ្យរស់ៗ ចង់ឲ្យស្លាប់ៗ គ្រាន់តែចោទយើងលួចនេះ លួចនោះក៏ជាហេតុផលសម្លាប់ដែរ»។
របបអាហាររបស់ សារ៉ុម និងគ្រួសារ គឺទទួលបានបបរលាយជាមួយដំឡូង និងទំពាំងពីរពេលក្នុងមួយថ្ងៃ។ គាត់បញ្ជាក់ថា របបអាហារនេះបានបន្ថយជារៀងរាល់ថ្ងៃ។
ឆ្នាំ១៩៧៨ សារ៉ុម ប្តី និងកូនពីរនាក់ត្រូវបានអង្គការជម្លៀសទៅខេត្តពោធិ៍សាត់។ ពេលនោះគាត់កំពុងមានផ្ទៃពោះកូនទីបី និងបានសម្រាលកូនតាមផ្លូវដោយគ្មានគ្រូពេទ្យ។ បន្ទាប់ពីសម្រាលកូនរួចមិនទាន់មានកម្លាំងក៏ត្រូវខ្មែរក្រហមបង្ខំឲ្យបន្តដំណើរទៀត។ មូលហេតុនេះបានបន្សល់ទុកជំងឺឈឺចង្កេះ ហឹងត្រចៀកជាប្រចាំ និងស្តាប់មិនសូវឮរហូតដល់សព្វថ្ងៃ។
ពេលស្នាក់នៅតំបន់អ្នកលឿងរង់ចាំឆ្លងកប៉ាល់គាត់បានឃើញយន្តហោះទម្លាក់គ្រាប់បែក ឃ្លាំងស្រូវអង្ករបានឆាប់ឆេះអស់ជាច្រើន។ ទាហានខ្មែរក្រហម និងកងទ័ពរំដោះបានវាយប្រយុទ្ធគ្នា។ ខ្មែរក្រហមមិនអាចតស៊ូបានក៏ចុះចាញ់ និងនាំគ្នារត់គេចខ្លួន។ ប្រជាជនជម្លៀស និងគ្រួសារ សារ៉ុម បានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ។
ពេលមកដល់ស្រុកផ្ទះត្រូវបានបំផ្លាញអស់។ គាត់ និងប្តី បានខិតខំរកស៊ី និងធ្វើស្រែដើម្បីចិញ្ចឹមជីវិតរហូតដល់សព្វថ្ងៃ។
ក្មួយប្រុសសារ៉ុមម្នាក់បានបាត់ដំណឹងរហូតដល់សព្វថ្ងៃ បន្ទាប់ពីបានធ្វើជាទាហានខ្មែរក្រហម និងបានចល័តនៅក្នុងស្រុករមាសហែក។
បច្ចុប្បន្ន សារ៉ុម មានជំងឺលើសឈាម ជំងឺឈឺចង្កេះ និងស្តាប់មិនសូវឮ។
សម្ភាសន៍ដោយ សៅ ចាន់ណា ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤