ចាន់ សូត៖ ខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ

ចាន់ សូត ភេទប្រុស អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតំបែរ ឃុំត្រពាំងឫស្សី ឃុំ​គោក​ ខេត្ត​កំពង់​ចាម (បច្ចុប្បន្នខេត្ដត្បូងឃ្មុំ)។ បច្ចុប្បន្ន សូត រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រិ៍យ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មានជ័យ។

សូត បាននិយាយថា៖ «ខ្ញុំគឺជាកូនទី៣ក្នុងចំណោម​បងប្អូនចំនួន១២នាក់ (ប្រុស​៥នាក់ និងស្រី៧នាក់) នៃ​​​​គ្រួសារកសិករ​។ ខ្ញុំមិនបានរៀនសូត្រទេ កាលពីកុមារភាព ដោយ​សារតែ​កត្តា​ជីវភាព​ខ្វះខាតនិងសង្គ្រាម។ ​នៅខែមីនា ឆ្នាំ​១៩៧០ នៅក្នុងពេលដែល​សេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារ​​សម្ដេច​ព្រះ ​នរោត្ដម សីហនុ ខ្ញុំបាន​ឃើញទិដ្ឋ​ភាព​នៃការ​ធ្វើបាតុកម្ម​របស់ប្រជាជន ដើម្បី​ទាមទារ​អំណាច​ឲ្យ​សម្ដេចឪវិញ។ បាតុករ​​​បាន​ស្រែកថា៖ «ជយោសម្ដេច​ឪ អ្នកណាមិនទៅ ដុតផ្ទះចោល!​»។ ទាហាន លន់ នល់​​ បាន​បង្រ្កាប និង​បាញ់រះទៅលើក្រុម​បាតុករដ៏កកកុញ អស់រយៈ​ពេល​៤ទៅ៥ម៉ោង​។ ឪពុក​របស់​ខ្ញុំ​​ក៏​​ធ្លាប់​ចូល​រួម​​ក្នុងបាតុ​កម្ម​​នេះ​ដែរ​ ប៉ុន្ដែមិនរងរបួស ឬ​គ្រោះថ្នាក់អ្វីនោះទេ។

រហូតដល់ឆ្នាំ​១៩៧៣ ខ្ញុំបានឃើញទិដ្ឋភាព​នៃការ​ទម្លាក់គ្រាប់បែក​របស់ទាហាន លន់ នល់ លើ​ភូមិ​របស់ខ្ញុំ នៅពេលដែល​ប្រជាជនបានរត់ទៅលាក់ខ្លួន​តាម​វាលស្រែជាយៗភូមិ។ ផ្ទះ​សម្បែង​ជាច្រើន​ខ្នង​​រួម​ទាំង​ផ្ទះរបស់ខ្ញុំផង ត្រូវ​បាន​ឆាប​ឆេះខ្ទេចខ្ទី​​គ្មានសល់​។ ​

នៅ​​ចុងឆ្នាំ១៩៧៧-១៩៧៨ ក្រុមគ្រួសាររបស់ខ្ញុំ និងប្រជាជនផ្សេងទៀតនៃភូមិភាគ​បូព៌ា​ត្រូវ​ជម្លៀស​តាម​កប៉ាល់​​ទឹកទៅកាន់​ភូមិកើលមេឃ ក្នុងខេត្ដកំពង់ចាម​។ ក្រោយមក យើង​បាន​បន្ដ​ដំណើរ​ទៅកាន់ភ្នំសន្ទុក ខេត្ដកំពង់ធំ ដែលមានភូមិសាស្រ្ដជាប់នឹង​ដៃស្ទឹង​សែន។ នៅទីនោះ យើង​ទទួល​ដំណឹង​មក​ថា ប្រជាជន​រាប់សិបនាក់ដែលបន្ដដំណើរឆ្លងទន្លេមេគង្គក្រោយៗទៀត ​ត្រូវបានគ្រាប់ផ្លោង​ទម្លាក់ពន្លិ​ច​នៅ​កណ្ដាល​​​ទន្លេ។  នៅឯស្រុកភ្នំ​សន្ទុក ​យើងបាន​រស់នៅទីនោះរយៈ​ពេលកន្លះខែ​ជាមួយនឹងការងារ​ច្រូត​ស្រូវ និង​ម្ចាស់ការលើស្បៀងអាហារ​ដោយខ្លួនឯង។​ ជារៀងរាល់​ថ្ងៃ យើងតែងតែចាត់​គ្នីគ្នា​ស្ទូច​ត្រី​ដើម្បី​ធ្វើ​ម្ហូប។ ដោយសារតែការ​អត់អាហារ មនុស្សជាច្រើនបានធ្លាក់ខ្លួនឈឺ ហើយស្លាប់ជាបន្ដបន្ទាប់។ ខ្មែរ​ក្រហម​បាន​រៀបចំផែនការសម្លាប់ប្រជាជនដែលជម្លៀសចេញពីភូមិភាគបូព៌ាទាំងនេះ[1] ដោយ​បញ្ជា​ឲ្យ​ប្រជាជន​ក្រោម​ការ​ក្ដោបក្ដាប់របស់ខ្លួន​ជីករណ្ដៅដើម្បី​កប់ខ្លួនឯង​ថែមទៀតផង​។ នៅពេលដែលបានដឹង ខ្ញុំ​ភ្ញាក់​ខ្លួន​ព្រឺត​ហើយ​មិន​មាន​​សង្ឃឹមថាបានរស់​រានមានជីវិតនោះ​ទេ។ ប៉ុន្ដែអ្វីដែលយើងចងចាំបំផុត គឺ​យើង​អាច​រស់​រាន​មាន​ជីវិត​បាន​ ដោយសារតែ​កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា​ និង​កងទ័ព​ស្ម័គ្រ​ចិត្ដ​វៀតណាម​បាន​ចូល​មក​រំដោះទាន់ពេលវេលា។​

ទោះជាយ៉ាងនេះក្ដី ខ្ញុំមានការសោកស្ដាយបំផុតអំពីការបាត់បង់​ឪពុក និងបងប្អូនរបស់ខ្ញុំ​២​នាក់​ទៀត​ដោយ​សារ​ខ្មែរក្រហមបាន​សម្លាប់​យ៉ាងព្រៃផ្សៃ។ ឪពុក​របស់​ខ្ញុំ​ត្រូវ​បាន​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់​ដោយ​ចោទ​ប្រកាន់​ថាធ្វើជាចារកម្ម​របស់កងទ័ពវៀតណាម។

​ក្រុមគ្រួសាររបស់ខ្ញុំដែលសេសសល់​ ក៏បាន​វិលត្រឡប់មកភូមិកំណើតឯខេត្ដកំពង់ចាម​វិញ​។ ខ្ញុំ​បាន​រែកអម្រែក​ដោយ​ម្ខាងមាន​​ប្អូន និងម្ខាងទៀតដាក់​ចានឆ្នាំ​ង។ បងប្អូនខ្ញុំមួយចំនួនក៏បានស្លាប់ដោយសារជំងឺ​កញ្ច្រិល​​នៅតាមផ្លូវ​។ កាលនោះ ម្ដាយរបស់ខ្ញុំមាន​អាយុជាង៤០ឆ្នាំទៅ​ហើយ​។ គាត់មាន​សភាព​ស្គម​ស្គាំង​ដោយ​សារ​ទាស់​សសៃខ្ចី និងមានកង្វល់​ច្រើនពេក​​អំពី​ប្ដី​ដែល​ត្រូវខ្មែរក្រហមយកទៅសម្លាប់ចោល​។  ចំណែក​​ឯបងស្រីរបស់ខ្ញុំត្រូវបានខ្មែរក្រហមរំលោភ និងសម្លាប់ ព្រមទាំងវះពោះ​ញាត់ស្មៅទៀត​ផង។​ ខ្ញុំ​បាន​ឃើញ​សាក​សព​បងស្រីរបស់ខ្ញុំ ​នៅពេលដែលខ្ញុំដើរ​ឃ្វាលគោ​ជាមួយប្អូនប្រុសម្នាក់ទៀត​។ ខ្ញុំបានធុំ​ក្លិន​ស្អុយ​ដោយសារស្លាប់រយៈពេល​១យប់១ថ្ងៃទៅហើយ ​គិតចាប់តាំងពីថ្ងៃដែលខ្ញុំឃើញ​ខ្មែរក្រហម​ធាក់ទម្លាក់ និង​ចាប់​បងស្រីរបស់ខ្ញុំ​។  អំឡុង​ពេល​នោះ​យើងមិនអាចបញ្ចុះ​សាកសពបាន​នោះទេ ដោយសារ​​យើងត្រូវ​កៀរ​ចេញ​ដោយ​កងទ័ព​វៀតណាម​។​​ រីឯពូរបស់ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​កាត់ក្បាលនៅលើភ្លឺស្រែ។ នៅក្នុង​យប់នោះ ខ្ញុំ​បាន​យល់​សប្ដិ​ឃើញគាត់​ដែល​មានសភាពកំបុតក្បាលដេកស្លាប់នៅលើភ្លឺស្រែ៕

នៅព្រឹក​ថ្ងៃបន្ទាប់ ខ្ញុំក៏បាន​ទៅរកគាត់ ហើយអ្នក​ភូមិប្រាប់ខ្ញុំថា ​ខ្មែរក្រហមបានចាប់គាត់​តាំង​ពី​យប់​​មក​ម៉្លេះ​។ ភ្លាមៗនោះ ខ្ញុំក៏បាននឹកឃើញទៅដល់ភ្លឺស្រែដែលខ្ញុំចងចាំកាលពីយប់ ហើយ​ក៏​ប្រទះ​ឃើញ​សាក​សព​ដេកស្លាប់នៅលើភ្លឺ​ស្រែដូចការយល់សប្ដិពិត​មែន។

​រហូតដល់ឆ្នាំ១៩៨៤ ខ្ញុំបានចូលបម្រើកងទ័ពខាងខ្មែរក្រហម។ នៅ​ឆ្នាំ​១៩៨៥ ខ្ញុំ​ត្រូវ​​ពិការ​ដៃ​ម្ខាង ដោយសារកងទ័ពវៀតណាមបាន​ផ្លោង​គ្រាប់មក​អំឡុង​ពេល​ខ្ញុំ​ដើរ​ទៅ​រក​​​អង្ករនៅ​ក្នុង​ភូមិ​ដើម្បី​ផ្គត់ផ្គង់​កងទ័ព។ គ្នី​គ្នារបស់ខ្ញុំមានចំនួន​៥នាក់ រួម​ទាំង អ៊ិន, សុភាព បានស្ថិតនៅក្នុងហេតុការណ៍​នេះ​។ សមាជិកពីរនាក់ទៀត​ត្រូវ​​បានស្លាប់​ បន្ទាប់ពីរងការវាយ​ប្រហារ​ពីកងទ័ព​វៀតណាម​។ ខ្ញុំក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងទទួលបានការព្យាបាលអស់រយៈពេលបីខែ ទើប​បានជា​សះ​ស្បើយឡើង​​​វិញ។ ដោយសារ​តែពិការភាពនេះ ខ្ញុំក៏ឈប់ទៅ​សមរ​ភូមិ​មុខ​ទៀត។ ខ្ញុំរស់នៅជាមួយប្រពន្ធរហូត​ចាប់​តាំង​ពី​ពេល​នោះ​មក​»៕​

អត្ថបទដោយ មេក វិន


[1] នៅក្នុង​របបខ្មែរក្រហម ការជម្លៀសប្រជាជនភូមិភាគបូព៌ាត្រូវបាន​ចាត់ទុកថាជាការជម្លៀសដោយប​ង្ខំលើកទី២ ពីភូមិភាគនេះទៅកាន់ភូមិពាយព្យ​ (សៀវភៅ«ប្រវត្តិសាស្ត្រ​កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» មជ្ឈមណ្ឌលឯកសារកម្ពុជា បោះពុម្ពលើកទី​២ ឆ្នាំ ២០២០ ទំព័រ ៨៣)

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin