ចាន់ សៀង៖ ខំតស៊ូនៅសមរភូមិ ប៉ុន្តែអង្គការយកបងប្អូនទៅសម្លាប់ចោលអស់
ចាន់ សៀង អាយុ៦៣ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ កាលពីអាយុ១៤ឆ្នាំ សៀង បានស្ម័គ្រចិត្តចូលធ្វើជាទ័ពតាមការរៀបចំរបស់ប្រធានភូមិ។ នៅសមរភូមិ សៀង ត្រូវដើរយាមទាំងយប់ទាំងថ្ងៃនៅតាមព្រំដែន ហើយពេលខ្លះត្រូវស្ពាយសម្ភារធ្ងន់ៗដូចជា កាំភ្លើង, គ្រាប់កាំភ្លើង គ្រាប់បែក និងស្បៀង។ សៀង ចូលធ្វើជាយោធា និងប្រយុទ្ធជាមួយទាហាន លន់ នល់ រហូតដល់ឆ្នាំ១៩៧៥។
បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការបានដកអាវុធ និងបញ្ជូន សៀង ឲ្យចូលទៅក្នុងក្រុមសេដ្ឋកិច្ច ធ្វើស្រែអំបិល ព្រោះគាត់មានបងប្អូនជាប្រជាជន១៧មេសា។ នៅស្រែអំបិល សៀង ត្រូវធ្វើការងារធ្ងន់ៗទាំងយប់ ទាំងថ្ងៃ បន្តទៀត ប៉ុន្តែការហូបអាហារគឺខ្វះខាតយ៉ាងខ្លាំង។ នៅពេលដែលដាច់ស្បៀង អង្គការបានដាំបបរ លាយដំឡូង, ពោតក្រហម និងផ្លែចេក ឬដើមចេក។ ពេលខ្លះទៀត សៀង ត្រូវទៅកាប់ចេកព្រៃ ឬចេកស្រុកនៅភ្នំកែប យកមកហាន់ល្អិតៗ ត្រាំទឹកអំបិល រួចយកមកលាយជាមួយពោតក្រហម ដើម្បីហូប។ មួយវិញទៀត អង្គការបានឲ្យ សៀង ដើរតាមវាលស្រែដើម្បីដកស្គន់ដំរី, ស្គន់អំបោះ ឬព្រលឹត ដែលដុះក្នុងទឹក យកមកហាន់លាយជាមួយបបរ។ ក្រោយមក សៀង ទទួលដំណឹងថាប្អូនគាត់បានស្លាប់ដោយសារប្រតិកម្មជាមួយថ្នាំចាក់។ ពេលឮដូច្នេះ គាត់បានសុំអង្គការមកលេងផ្ទះ ប៉ុន្តែត្រូវបានបដិសេ ដោយអង្គការនិយាយថា “យើងមិនមែនពេទ្យទេកុំទៅមើល បើពេទ្យចាំទៅមើល”។
សៀង បានរៀបរាប់ទាំងទឹកភ្នែកថា គាត់ខិតខំទៅធ្វើការងារនៅសមរភូមិមុខ ប៉ុន្តែបងប្អូន មីង មា ពូ នៅមូលដ្ឋានត្រូវបានអង្គការយកទៅសម្លាប់ចោលអស់។ មួយវិញទៀត សៀង យល់ថាគាត់មិនទាន់ទទួលបានភាពយុត្តិធម៌ពីតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ ព្រោះតុលាការបានអូសបន្លាយពេលយូរណាស់មកហើយ។ ដោយសារតែមិនទាន់ទទួលបានយុវត្តិធម៌ ទើបធ្វើឲ្យគាត់ចេះតែនឹកគិត និងនឹកស្ដាយស្រណោះដល់បងប្អូនដែលបានស្លាប់នៅក្នុងសម័យខ្មែរក្រហម។ លើសពីនេះទៅទៀត សៀង នៅតែមានអារម្មណ៍ឈឺចាប់ចំពោះរឿងរ៉ាវដែលគាត់បានជួបប្រទះ ហើយគាត់នៅតែនឹកឃើញពីការធ្វើបាបរបស់កម្មាភិបាលខ្មែរក្រហម។
នៅពេលអ្នកស្ម័គ្រចិត្តទៅសម្ភាស សៀង មានជំងឺលើសសម្ពាធឈាម, សន្លាក់ដៃជើង, វិលមុខ និងជំងឺបេះដូង។ ជំងឺរបស់សៀង កើតឡើងដោយសារអាយុរបស់គាត់កាន់តែច្រើន, ការធ្វើការងារធ្ងន់ធ្ងរនៅក្នុងសម័យខ្មែរក្រហម, ការហូបអាហារមិនមានជីវជាតិ និងអារម្មណ៍របស់គាត់ដែលតែងតែនឹកគិតដល់បងប្អូនដែលបានស្លាប់ក្នុងសម័យខ្មែរក្រហម។ សៀង យល់ថាក្មេងៗត្រូវតែសិក្សាពីរបបខ្មែរក្រហមតាមរយៈឯកសារ និងគួរតែដឹងពីការធ្វើបាបរបស់ខ្មែរក្រហម មកលើប្រជាជន ដើម្បីការពារកុំឲ្យរបបខ្មែរក្រហមត្រលប់មកវិញ។
សម្ភាសដោយ៖ ខុំ ស្រីនោរ ថ្ងៃទី១៦ ខែសីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០៧ ខែឧសភា ២០២៥