ខ្មែរក្រហមសម្លាប់អ្នកដែលខ្ជិល

(ស្ទឹងត្រែង)៖ ជា តាំង ភេទស្រី មានអាយុ ៧៩ឆ្នាំ។ តាំង មានស្រុកកំណើតនៅខេត្តតាកែវ និងបច្ចុប្បន្ន រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ តាំង មានបងប្អូនបួននាក់ ស្រីបីនាក់។ តាំង មានប្តីឈ្មោះ ញ៉។
នៅទសវត្សរ៍ឆ្នាំ១៩៦០ ឪពុកម្ដាយរបស់តាំង បានមករស់នៅភូមិអូរស្វាយ ក្រោមគោលនយោបាយរបស់សម្ដេចព្រះ នរោត្ដម សីហនុ។ នៅឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានចូលកាន់កាប់ភូមិអូរស្វាយ។ ខ្មែរក្រហមបានជម្លៀសគ្រួសារតាំងទៅភូមិញើន និងរស់នៅតាមសហករណ៍ ដោយរស់នៅរួម ធ្វើការរួម និងហូបរួម។
នៅសហករណ៍ ប្រជាជនទាំងចាស់ទាំងក្មេងត្រូវទៅធ្វើពលកម្ម ឬធ្វើស្រែចម្ការ ដោយគ្មានពេលសម្រាក និងហូបចុកមិនគ្រប់គ្រាន់។ តាំង និយាយថា គាត់ត្រូវធ្វើការតាមបញ្ជារបស់ខ្មែរក្រហមទាំងអស់។ តាំង បន្ដថា ខ្មែរក្រហមតែងតែនាំខ្លួនអ្នកណាដែលខ្មែរក្រហមចោទថាខ្ជិលយកទៅក្នុងព្រៃ ដោយមិនឃើញត្រលប់មកវិញនោះទេ ក្នុងនោះមានប្អូនថ្លៃរបស់តាំងម្នាក់ ដែលបាត់ខ្លួនរហូតមកទល់សព្វថ្ងៃ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ តាំង និងក្រុមគ្រួសារបានត្រលប់មករស់នៅភូមិកំណើត ដោយប្រកបរបរធ្វើស្រែចម្ការ និងនេសាទ៕
សម្ភាសដោយ អ៊ី រក្សា ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥