ឆាយ ម៉ឺន៖ អតីតយោធាពេទ្យកងពល៨០៥

ឆាយ ម៉ឺន រស់នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

នៅឆ្នាំ១៩៧៧ ម៉ឺន គឺជាកងទ័ពតែម្នាក់ដែលត្រូវបានជ្រើសរើសឲ្យទៅរៀនពេទ្យនៅក្នុងកងពល​ ដែលមានទីតាំងនៅទីរួមខេត្តព្រៃវែង។ បន្ទាប់ពីរៀនពេទ្យបានរយៈពេលមួយឆ្នាំ ម៉ឺន បានត្រឡប់មកធ្វើពេទ្យនៅកងពល៨០៥ ការពារព្រំដែនវិញ។ ម៉ឺន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖

ឆាយ​ ម៉ឺន[1] ភេទប្រុស អាយុ៦៦ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ និងធ្វើពេទ្យ។ ម៉ឺន មានស្រុកកំណើតនៅភូមិត្រោយង ឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បច្ចុប្បន្នរស់នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ម៉ឺន មានប្រពន្ធឈ្មោះ ឃួន អច អាយុ៦១ឆ្នាំ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។ ម៉ឺន មានកូនចំនួន៧នាក់​ (ប្រុស៣នាក់ ស្រី៤នាក់)។  ម៉ឺន មានឪពុកឈ្មោះ ឆាយ អិញ (ស្លាប់ក្នុងឆ្នាំ១៩៧៩) និងម្ដាយឈ្មោះ ទុយ ម៉ន (ស្លាប់ឆ្នាំ១៩៨០​ ដោយសារជំងឺ)។​  ម៉ឺន មានបងប្អូនបង្កើតចំនួន៧នាក់។ បងប្អូន ម៉ឺន បានទទួលមរណៈភាព​អស់៣នាក់ (បងទី១ ឈ្មោះ ឆាយ​ ម៉ុត ស្លាប់ក្នុងរបបខ្មែរក្រហម ជាអតីតកងទ័ពរបស់សោ ភឹម ត្រូវបានកងទ័ពខ្មែរក្រហមចាប់យកទៅសម្លាប់នៅក្នុងខេត្តកំពង់ឆ្នាំង)។ រីឯបងប្អូន២នាក់ទៀត ស្លាប់ដោយសារជំងឺ។

កាលពីក្មេង​ម៉ឺន រៀនបានត្រឹមថ្នាក់ទី១០ សង្គមចាស់ សាលារៀនស្ថិតនៅភូមិត្រោយង ឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ មូលហេតុដែល ម៉ឺន ឈប់រៀន​ដោយសារប្រទេសធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល បន្ទាប់ពីឧត្ដមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះបាទ នរោត្ដម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។​​ បន្ទាប់ពីឈប់រៀន ម៉ឺន ​បាននៅផ្ទះជាមួយឪពុកម្ដាយ និងជួយឪពុកម្ដាយធ្វើស្រែចម្ការ។

នៅឆ្នាំ១៩៧៤ ម៉ឺន​ បានសម្រេចចិត្តសុំឪពុកម្ដាយចូលធ្វើបដិវត្តនៅក្នុងឃុំរាក់ជ័យ ដែលគ្រប់គ្រងដោយ សោ ភឹម​ (គណៈភូមិភាគបូព៌ា)។ នៅពេលចូលធ្វើបដិវត្តដំបូង ម៉ឺន ត្រូវបានចាត់តាំងឲ្យធ្វើជាឈ្លប ​ប្រចាំការនៅក្នុងឃុំរាក់ជ័យ។ បន្ទាប់ពីធ្វើឈ្លបបានរយៈពេល៦ខែ ម៉ឺន​ ត្រូវបានបញ្ចូលទៅយោធាស្រុកនៅបាភ្នំ ខេត្តព្រៃវែង ហើយបានហ្វឹកហាត់ ដើម្បីត្រៀមខ្លួនទៅវាយរំដោះទីក្រុងភ្នំពេញ ​ដែលកំពុងគ្រប់គ្រងដោយ ឧត្ដមសេនីយ៍ លន់​ នល់។ នៅខែមីនា ឆ្នាំ១៩៧៥ សោ ភឹម បានដឹកនាំកងទ័ពនៅភូមិភាគបូព៌ាជាច្រើន ធ្វើដំណើរចេញពីខេត្តព្រៃវែង ឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ។ លុះធ្វើដំណើរចូលមកដល់ស្ពានអ្នកលឿង ម៉ឺននិងកងទ័ពទាំងអស់ បានវាយតតាំងជាមួយកងទ័ពឧត្ដមសេនីយ៍ លន់ នល់ ដែលកំពុងឈរជើងនៅទីនោះ​។ ​នៅពេលកំពុងវាយតតាំង ម៉ឺន​ ត្រូវបានកងទ័ពឧត្ដមសេនីយ៍ លន់ នល់ បាញ់ឲ្យរបួសចំនួន៣គ្រាប់(មិនបញ្ជាក់កន្លែងរបួស)។ បន្ទាប់មក ម៉ឺន ត្រូវបានកងទ័ពដែលរួមដំណើរជាមួយបញ្ជូនយកទៅសម្រាកព្យាបាលនៅក្នុងអង្គភាពកងទ័ពវិញ។ ចំណែកកងទ័ពផ្សេងទៀត បានបន្តវាយរហូតទទួលបានជ័យជម្នះ ហើយបានបោះទីតាំងឈរជើងនៅអ្នកលឿង។​ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥​ កងទ័ពខ្មែរក្រហម វាយរំដោះបានទីក្រុងភ្នំពេញ។ បន្ទាប់ពីទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ កងទ័ពភូមិភាគបូព៌ាដែលឈរជើងនៅស្ពានអ្នកលឿងទាំងអស់ ត្រូវបាន សោ ភឹម ដកបញ្ជូនឲ្យទៅការពារនៅព្រំដែនវៀតណាម ដែលមានទីតាំងនៅខាងត្បូងខេត្តព្រៃវែងវិញ។ នៅពេលធ្វើដំណើរទៅដល់ព្រំដែន កងទ័ពទាំងអស់ត្រូវបានបញ្ជូនឲ្យចូលរួមជាមួយកងពល៨០៥ ដែលទើបតែនឹងបង្កើតថ្មី ហើយគ្រប់គ្រងដោយឈ្មោះ បង រីម។​ ក្រោយមក បង រីម បានទទួលមរណៈភាពដោយសារជំងឺ។ បន្ទាប់ពី​ រីម ស្លាប់ ថ្នាក់លើ(មិនស្គាល់)បានបញ្ជូន តា ផន មកពីភូមិភាគនិរតីឲ្យមកគ្រប់គ្រងជំនួស រីម វិញ។

នៅឆ្នាំ១៩៧៧ ម៉ឺន ត្រូវបាន តា ផន ជ្រើសរើស ឲ្យទៅរៀនពេទ្យនៅក្នុងកងពល​ ដែលមានទីតាំងនៅទីរួមខេត្តព្រៃវែង។ ម៉ឺន រៀនពេទ្យបានរយៈពេលមួយឆ្នាំ   ទើបត្រឡប់ទៅធ្វើពេទ្យនៅកងពល៨០៥ ការពារព្រំដែនវិញ។ នៅឆ្នាំ១៩៧៨ កងទ័ពខ្មែរក្រហម និងទ័ពវៀតណាមចាប់ផ្ដើមមានទំនាស់តាមព្រំដែន។ ម៉ឺន បានប្រាប់ថា មូលហេតុដោយសារកងទ័ពវៀតណាមបានលួចចូលមកក្នុងទឹកដីខ្មែរ ហើយបានលួចបាញ់កងទ័ពខ្មែរក្រហមបណ្ដាលឲ្យរបួស ទើបក្លាយជាទំនាស់វាយប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាមយកឈ្នះចាញ់របួស និងបណ្ដាលឲ្យកងទ័ពស្លាប់រៀងៗខ្លួន។ បន្ទាប់មក តា ផន បានបញ្ជាឲ្យកងទ័ពទាំងអស់ប្រមូលកម្លាំងវាយបណ្ដេញកងទ័ពវៀតណាមនៅការពារព្រំដែនឲ្យថយរហូតទៅដល់ខេត្តតៃនិញ និងដុងថាប់ ដែលមានចម្ងាយពីព្រំដែនប្រហែល២០គីឡូម៉ែត្រ ទើបត្រឡប់មកព្រំដែនវិញ។ ម៉ឺន​ ​បាននិយាយបន្តថា ក្នុងមួយថ្ងៃកងទ័ពខ្មែរក្រហម ចាប់បានកងទ័ពវៀតណាមពី៥នាក់ទៅ១០នាក់ ហើយបានចាប់យកទៅសម្លាប់ជារៀងរាល់ថ្ងៃ។​ រីឯគ្រឿងសព្វាវុធដែលខ្មែរក្រហមយកមកវាយតតាំងជាមួយកងទ័ពវៀតណាមភាគច្រើនសព្វាវុធដែលផ្ដល់មកពីប្រទេសចិន។ សម្រាប់អាហារហូបចុករបស់កងទ័ពនៅក្នុងកងពល៨០៥ គឺហូបបានគ្រប់គ្រាន់មិនមានការខ្វះខាតអ្វីទេ។​

នៅចុងឆ្នាំ១៩៧៨ ​សោ ភឹម ត្រូវបានថ្នាក់លើ(មិនស្គាល់) ចោទប្រកាន់ថាក្បត់ និងបានធ្វើអត្តឃាដ ។ ចំណែកបងប្រុសរបស់​ ម៉ឺន ឈ្មោះ ឆាយ ម៉ុត និងកងទ័ពផ្សេងទៀត ដែលនៅក្រោមការគ្រប់គ្រងរបស់ សោ ភឹម ត្រូវបានចាប់ខ្លួនបញ្ជូនឲ្យទៅធ្វើព្រលានយន្តហោះនៅក្នុងខេត្តកំពង់ឆ្នាំង។ មិនយូរប៉ុន្មាន បងប្រុស ម៉ឺន និងកងទ័ពផ្សេងទៀត ត្រូវបានកងទ័ពខ្មែរក្រហមចាប់យកទៅសម្លាប់ជាបន្តបន្ទាប់។

នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានប្រមូលកម្លាំងវាយចូលមកតាមព្រំដែនស្វាយរៀង។ ខណៈពេលនោះ តា ផន បានឲ្យកងទ័ពក្នុងកងពល៨០៥រៀបចំកម្លាំង ដើម្បីទប់ទល់ជាមួយកងទ័ពវៀតណាម ដោយកងទ័ពវៀតណាមមានកម្លាំងច្រើនមិនអាចទប់ទល់បាន ទើប ម៉ឺន និងកងទ័ពផ្សេងទៀត បានរត់ចេញពីព្រំដែនត្រឡប់ទៅភូមិត្រោយងវិញ។ នៅពេលរត់ចូលមកដល់ព្រំប្រទល់ភូមិត្រោយង កងទ័ពវៀតណាមបានវាយស្ទាក់ផ្លូវ ដោយឃើញសភាពការណ៍មិនអាចវាយរំដោះខ្លួនបាន ម៉ឺន និងកងទ័ពផ្សេងទៀត បានទម្លាក់អាវុធចូលសារភាពនៅទីនោះ។ បន្ទាប់មក កងទ័ពវៀតណាមបានដកកាំភ្លើងឲ្យត្រឡប់ទៅភូមិកំណើតវិញ។ នៅក្នុងឆ្នាំ១៩៨០ ដោយសារជីវភាពគ្រួសារមានភាពខ្វះខាត ម៉ឺន បានចាកចេញពីគ្រួសារមករកស៊ីនៅភ្នំឆ័ត្រ ដែលជាជំរំរបស់ខ្មែរក្រហម ។ ពេលទៅនៅភ្នំឆ័ត្រ ម៉ឺន បានរត់ពន្ធក្រណាត់សារ៉ុង និងបារី ពីប្រទេសថៃចូលមកក្នុងប្រទេសកម្ពុជា ហើយបានបន្តរកស៊ីនៅភ្នំឆ័ត្រអស់រយៈពេល៣ឆ្នាំ ទើបចុះមករស់នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យវិញ។ នៅឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨២ ម៉ឺន ត្រូវបានមិត្តភក្ដិ ហៅឲ្យចូលធ្វើពេទ្យនៅក្នុងអង្គភាពខ្មែរក្រហមម្ដងទៀត ហើយ ម៉ឺន ធ្លាប់បានចូលសមរភូមិ​ប្រយុទ្ធនៅពេលទៅវាយជាមួយកងទ័ពប៉ារា កងទ័ពវៀតណាម និងកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា។​​ ចំណែកប្រធានកងពលថ្មីឈ្មោះ ឌុល សារឿន (បច្ចុប្បន្នផ្កាយមួយ ប្រចាំការនៅខេត្តបន្ទាយមានជ័យ) និង តា ព្រំ ស៊ូ អនុប្រធានកងពល។  នៅឆ្នាំ១៩៨៣ ម៉ឺន បានឈប់ពីកងទ័ពម្ដងទៀត ហើយបានរៀបការជាមួយនារីម្នាក់ឈ្មោះ ឃួន អច ដែលជាអ្នកស្រុកស្វាយចេក។

នៅឆ្នាំ១៩៩៣ អ៊ុន​ តាក់ បានចូលមកដល់ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បន្ទាប់មក អ៊ុក តាក់ បានរៀបចំឲ្យមានការបោះឆ្នោត​នៅស្រុកថ្មពួក ដែលតម្រូវឲ្យប្រជាជនទាំងអស់ទៅបោះឆ្នោតនៅទីនោះ។ បន្ទាប់ពីបោះឆ្នោតបានរយៈពេល៣ឆ្នាំ កងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋាភិបាលកម្ពុជាបានសមាហរណ៍កម្មចាប់ដៃគ្នា។ នៅស្រុកស្វាយចេកចាប់ផ្ដើមមានការផ្លាស់ប្ដូរជាច្រើន ដោយប្រជាជនអាចប្រកបរបរធ្វើស្រែចម្ការបានធម្មតា។ ​បន្ទាប់ពីរៀបចំភូមិស្រុកបានរួចរាល់ ម៉ឺន និងប្រពន្ធ បានបន្តរស់នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រហូតមកដល់សព្វថ្ងៃដោយប្រកបរបរជាគ្រូពេទ្យ​ និងធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គងជីវភាពនៅក្នុងគ្រួសារ៕

អត្ថបទដោយ ចាន់ ណារិទ្ធ


[1] ឯកសារលេខ BMI0082, បទសម្ភាសន៍ជាមួយ ឆាយ ម៉ឺន នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១០ សម្ភាសន៍ដោយ​ សុខ វណ្ណៈ, បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin