ឆាយ ផាន៖ ប្រធានកងតូចប្រចាំនៅទំនប់អាងត្រពាំងថ្ម

ឆាយ ផាន រស់នៅក្នុងភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

អាងត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ អាងត្រពាំងថ្ម មានចម្ងាយប្រមាណ៦៦គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ។

ឈ្មោះ ឆាយ ផាន[1] ភេទស្រី អាយុ៦៩ឆ្នាំ។ ផាន មានស្រុកកំណើតនៅក្នុងភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង។ បច្ចុប្បន្ន ផាន រស់នៅក្នុងភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ផាន មានបងប្អូនបង្កើតចំនួន៥នាក់ (ស្រី៣នាក់) ហើយ ផាន ជាកូនច្បងក្នុងគ្រួសារ។ សព្វថ្ងៃ ប្អូនប្រុសទី២របស់ ផាន បានទៅរស់នៅទីក្រុងបាងកក ប្រទេសថៃ។ ចំណែក ប្អូនៗចំនួន៣នាក់ទៀត រស់នៅក្នុងស្រុកព្រះនេត្រព្រះ។ ឪពុករបស់ ផាន បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺ ក្រោយរបបខ្មែរក្រហមដួលរលំក្នុងឆ្នាំ១៩៧៩។ ស្វាមីរបស់ ផាន ឈ្មោះ ប្រាំង សុល ហើយ ផាន មានកូនចំនួន៥នាក់។

កាលនៅវ័យកុមារ ផាន បានចូលរៀននៅសាលាក្នុងឃុំព្រះនេត្រព្រះ ហើយបានរៀនត្រឹមថ្នាក់ទី៩(សង្គមចាស់)។ បន្ទាប់ពីឈប់រៀន ផាន បាននៅជួយធ្វើការងារស្រែចម្ការជាមួយឪពុកម្ដាយនៅក្នុងភូមិជើងវត្ត។ នៅចន្លោះឆ្នាំ១៩៧០ ដល់ដើមឆ្នាំ១៩៧៥ ផាន និងក្រុមគ្រួសារមិនត្រូវបានជម្លៀសចេញពីភូមិជើងវត្តនោះទេ ហើយ ផាន បានបន្តប្រកបមុខរបរធ្វើស្រែចម្ការជាធម្មតានៅក្នុងភូមិ។

ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកគ្រប់គ្រង និងកាន់កាប់ក្នុងភូមិជើងវត្ត។ ផាន និងក្រុមគ្រួសារបានរស់នៅក្នុងភូមិធម្មតា។ នៅខែមិថុនា ឆ្នាំដដែល មានកងទ័ពខ្មែរក្រហម ដែលហៅថា(អង្គការ) បានមកប្រាប់ឲ្យ ក្រុមគ្រួសាររបស់ ផាន និងអ្នកភូមិជើងវត្តទាំងអស់ជម្លៀសចេញពីភូមិមួយរយៈពេល។ ។ ក្រុមគ្រួសាររសប់ ផាន បានរៀបចំរទេះគោដឹកអង្ករ ម្ហូបអាហារ សម្លៀកបំពាក់ម្នាក់ពីរទៅបីកំផ្លេ និងសម្ភារផ្សេងៗដែលស្រាលៗបន្តិចបន្តួច ដើម្បីយកទៅតាមខ្លួន ព្រោះគិតថា អង្គការនឹងឲ្យត្រឡប់មករស់នៅក្នុងភូមិកំណើតវិញឆាប់ៗ។ ផាន ក្រុមគ្រួសារ រួមទាំងអ្នកភូមិជើងវត្តទាំងអស់ បានធ្វើដំណើរទៅរស់នៅស្រែស(មិនបញ្ជាក់ភូមិ)។ បន្ទាប់មក អង្គការបានជម្លៀស ផាន ក្រុមគ្រួសារ និងអ្នកភូមិភូមិជើងវត្តចេញពីស្រែសបន្តទៅរស់នៅក្នុងភូមិតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។ អំឡុងពេលជម្លៀស ផាន បានឃើញអង្គការជម្លៀសប្រជាជនមកពីភូមិចក្រី ឃុំជប់វារី ភូមិកណ្ដាល ភូមិប៉ុស្តិ៍ចាស់ ភូមិប៉ោយសំរោង ភូមិប៉ោយព្រីង ស្ថិតក្នុងឃុំព្រះនេត្រព្រះ លាយបញ្ចូលគ្នាឲ្យធ្វើដំណើតទៅកាន់ភូមិតាប៉ែនទាំងអស់។ បន្ទាប់មក អង្គការបានចាប់ផ្ដើមចាត់ចែងមនុស្សចាស់ យុវជន យុវនារី និងកុមារឲ្យទៅតាមក្រុម។ ផាន ត្រូវបានអង្គការចាត់ឲ្យចូលកងចល័តនារីតំបន់៥ ដើម្បីឲ្យទៅជួយបោចស្មៅស្រូវ។ បន្ទាប់មក អង្គការបានជ្រើសរើសកងនារីមកពីគ្រប់ភូមិ គ្រប់ស្រុក ក្នុងខេត្តបាត់ដំបង បញ្ចូលគ្នាឲ្យទៅលើកទំនប់។ ប្រធានកងនារីរបស់ ផាន ឈ្មោះ វ៉ាល ភេទប្រុស។ វ៉ាល មកពីខេត្តសៀមរាប ហើយមានតួនាទីជាប្រធានកាន់ក្ដាប់កងនារី កងវ័យកណ្ដាល និងកងកុមារសរុបប្រហែល១៤ទៅ១៥កង មានមនុស្សសរុបប្រហែល៥០០នាក់។ វ៉ាល បានផ្ដល់ម្ហូបអាហារ និងប្រាប់គ្រូពេទ្យឲ្យមកជួយពិនិត្យ និងព្យាបាលនៅពេលនារីក្នុងកងចល័តមានជំងឺ។ ក្នុងមួយកងធំមានមនុស្សប្រហែល១០០នាក់។ រីឯកងតូចមានមនុស្សប្រហែល៣០នាក់។ ដំបូង ផាន នៅក្នុងកងតូច ដែលមានប្រធានកងតូចឈ្មោះ នារី ម៉ី ហៅ រឿន មកពីស្ទឹងកំបុត ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្នុងមួយកងតូចបែងចែកជា៣ក្រុម ដែលក្នុងមួយក្រុមមានសមាជិក១០នាក់។ ផាន ត្រូវបានប្រធានកងតូចឈ្មោះ នារី ម៉ី ហៅ រឿន បញ្ចូនឲ្យទៅលើកទំនប់នៅកំបោរស្រែស ក្នុងខេត្តបន្ទាយមានជ័យ។ អង្គការបានដាក់កំណត់ឲ្យលើកទំនប់ ដោយមិនគិតពីអាយុក្មេង ឬមានវ័យចំណាស់នោះឡើយ។ អង្គការបានកំណត់ ក្នុងរយៈពេលមួយថ្ងៃ ម្នាក់ត្រូវលើកទំនប់ឲ្យបានចំនួនបីម៉ែត្រគីបកន្លះ ទើបសម្រាកបាន។ សម្រាប់របបអាហារ ផាន ហូបបាយរួមក្នុងក្រុម។

នៅឆ្នាំ១៩៧៦ ផាន និងមិត្តក្នុងក្រុម៩នាក់ទៀត ត្រូវបានអង្គការជ្រើសរើសឲ្យចូលក្នុងកងពិសេស ព្រោះគ្រប់ការងារដែលអង្គការបានបញ្ជា ក្រុមរបស់ ផាន តែងតែធ្វើរួចរាល់តាមពេលវេលាកំណត់ ធ្វើការងារខ្លាំង និងមានសកម្មភាពជាងក្រុមដទៃ។ ផាន និងនារីទាំង៩នាក់ ត្រូវបាន តា វ៉ាល យកមករស់នៅក្បែរនៅផ្ទះរបស់ខ្លួន នៅក្នុងភូមិជប់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ តា វ៉ាល បានផ្ដល់របបអាហារឲ្យ ផាន និងនារីទាំង៩នាក់ មើលថែ ហើយ តែងតែចាក់ថ្នាំកម្លាំងរៀងរាល់មួយសប្ដាហ៍ម្ដង ដើម្បីការពារពីជំងឺ និងដើម្បីឲ្យមានកម្លាំងធ្វើការងារកាន់តែខ្លាំង។ ក្នុងកងពិសេសជាមួយ ផាន មានប្រជាជនថ្មីចំនួនបីនាក់ ឈ្មោះ បង រី, បង ប៊ុន និង បង រីណា ដែលជានិស្សិតមកពីទីក្រុងភ្នំពេញ ហើយត្រូវបានអង្គការជម្លៀសមកកាន់ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ នារីទាំងបីនាក់ បានប្រាប់ ផាន និងរស់នៅដោយលាក់ប្រវត្តិរូបជាមួយអង្គការ។ នារីទាំងបីនាក់ បានខិតខំធ្វើការងារបានយ៉ាងល្អ ទើបត្រូវបានអង្គការជឿទុកចិត្ត និងជ្រើសរើសឲ្យចូលក្នុងកងនារីពិសេស។ រីឯកងពិសេស ជាប្រជាជនមូលដ្ឋានចំនួន៦នាក់ មានឈ្មោះ លឿង និងឈ្មោះ ផា ដែលសព្វថ្ងៃកំពុងរស់នៅក្នុងប្រទេសថៃ។ ចំណែកនារីចំនួនបួននាក់ទៀត ផាន មិនបានចងចាំឈ្មោះនោះឡើយ។ ផាន និងកងនារីពិសេស បានដើរចល័តទៅលើកទំនប់គ្រប់ទីកន្លែងមាន  ទំនប់គោករំចេក ក្នុងឃុំស្រះជីក ទំនប់អូររំចេក សាងសង់ផ្លូវភ្នំស្រុក ក្នុងខេត្តបន្ទាយមានជ័យ។ បន្ទាប់មក តា វ៉ាល បានរំលាយកងពិសេសចោល រួចចាត់ចែងឲ្យ ផាន និងនារីទាំង៩នាក់ ឲ្យទៅធ្វើជាប្រធានកងតូចៗចំនួន១០កង ដែលក្នុងមួយកងតូចមានសមាជិកនារីចំនួន៣០នាក់។

ចុងឆ្នាំ១៩៧៦ ក្រោយលើកទំនប់បានរួចរាល់ តា វ៉ាល បានដក ផាន បញ្ចូនចេញឲ្យទៅលើកទំនប់នៅអាងត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ផាន បានរៀបរាប់ថា ក្នុងចំណោមនារីទាំង៣០នាក់ មានប្រជាជនចាស់ និងប្រជាជនថ្មីមកពីទីក្រុងភ្នំពេញ។ តា វ៉ាល កាន់ក្ដាប់កងធំក្នុងតំបន់៥ ដឹកនាំប្រជាជនមកពីស្រុកថ្មពួក និងស្រុកភ្នំស្រុក ឲ្យទៅលើកទំនប់អាងត្រពាំងថ្ម។ បន្ទាប់ពី តា វ៉ាល មានឈ្មោះ បង ស៊ន មានតួនាទីជាកងការពាររបស់ តា វ៉ាល និងជាជាងដែក។ ដំបូង អង្គការដែលមានឋានៈធំៗ បានវាស់ប្រវែងដី រួចបានកំណត់ឲ្យលើកក្នុងម្នាក់ចំនួនបីម៉ែត្រគីបកន្លះ(ទាំងយុវនារី និងយុវជន)។ កុមារក៏ត្រូវបានអង្គការ ប្រើឲ្យរែកដីនៅអាងត្រពាំងថ្ម ប៉ុន្តែអង្គការមិនបានដាក់កំណត់នោះទេ។ ផាន និងកូនក្រុមទាំងអស់ត្រូវងើបទៅរែកដីនៅអាងត្រពាំងថ្មតាំងពី៤ទៀបភ្លឺ រហូតដល់ម៉ោង១១ព្រឹក​ សម្រាកហូបបាយម្ដង។ ម៉ោង២រសៀលចុះធ្វើការងាររហូតដល់ម៉ោង៥ល្ងាច ទើបសម្រាកហូបបាយម្ដងទៀត។ សម្រាប់ម៉ោងធ្វើការងារ គឺមិនទៀងទាត់នោះទេ ប្រជាជនដែលធ្វើការរួចរាល់ត្រឹមម៉ោង៥ល្ងាចនឹងបានសម្រាក។ ចំណែក ប្រជាជនដែលលើកមិនរួចរាល់តាមការកំណត់ត្រូវរែកដីរហូតដល់យប់ ទើបអាចសម្រាកបាន។ អាចម៌ដី ដែលជីកបានត្រូវរែកយកទៅដាក់តាមមាត់ទំនប់ ដើម្បីទប់ទឹក។

អំឡុងពេលលើកទំនប់អាងត្រពាំងថ្ម មានប្រជាជនមួយចំនួនមានជំងឺ ត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ខណៈពេលសម្រាកក្នុងមន្ទីរពេទ្យ មានប្រជាជនមួយចំនួនបានស្លាប់បាត់បង់ជីវិត ព្រោះចាក់ថ្នាំមិនត្រូវ និងមិនមានអាហារហូបគ្រប់គ្រាន់។ ផាន បានបាត់បង់ជីវិតប្អូនជីដូនមួយម្នាក់ ដែលសម្រាកនៅក្នុងមន្ទីរពេទ្យ​ ដោយសារជំងឺរាគមួល។ ផាន បានរៀបរាប់ថា នៅក្នុងមន្ទីរពេទ្យ មិនមានអាហារគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ថែមទាំងមិនមានអនាម័យ ទើបធ្វើឲ្យមានប្រជាជនបានស្លាប់ជាបន្តបន្ទាប់។ នៅតាមជើងទំនប់ អង្គការបានសាងសង់រោងវែងៗ សម្រាប់កងនារីៗសម្រាករួម។ អង្គការបានចែករបបអាហារឲ្យប្រធានកងតូច រួចប្រធានកងបានផ្ដល់ឲ្យមេក្រុមបន្តចែកទៅឲ្យកូនក្រុម។ សម្រាប់របបអាហារ ផាន និងក្រុមនារីបានហូបបាយគ្រប់គ្រាន់ មិនមានការខ្វះខាតនោះទេ។ ម្ហូបអាហារមាន បាយ លាយជាមួយសម្លម្ជួរត្រកួន និងសម្លព្រលិត។ សម្រាប់ទឹកហូប អង្គការបានដឹកទុកឲ្យហូប ប៉ុន្តែមិនមានទឹកគ្រប់គ្រាន់សម្រាប់បរិភោគនោះទេ។ រៀងរាល់ពេលល្ងាច ផាន និងក្រុមនារីបានដើរទៅងូតទឹកល្អក់ៗនៅតាមស្រះក្នុងភូមិត្រពាំងថ្ម។ ថ្ងៃមួយ ផាន បានឃើញប្រជាជនថ្មី (ប្រជាជន១៧ មេសា) បានលួចអូសត្រី ហូប ប៉ុន្តែត្រូវបានប្រធានកងរាយការណ៍ទៅថ្នាក់លើ ទើបត្រូវបាន អង្គការ ចាប់ខ្លួនយកទៅអប់រំណែនាំថា « កុំឲ្យរកហូបតាមឯកជន យើងត្រូវហូបរួម »។ នៅរៀងរាល់ថ្ងៃ ផាន ត្រូវតែរាយការណ៍អំពីសកម្មភាពការងាររបស់ក្រុមនារីទៅកាន់ប្រធានកងធំឈ្មោះ ម៉ីត ភេទស្រី។ ម៉ីត មកពីខេត្តសៀមរាប។ ម៉ីត ត្រូវរាយការណ៍ទៅប្រធានវរៈ ហើយប្រធានវរៈត្រូវរាយការណ៍ទៅថ្នាក់លើបន្តបន្ទាប់ទៀត។ អំឡុងពេលលើកទំនប់អាងត្រពាំងថ្ម មានប្រជាជនច្រើនណាស់ ប្រហែលរាប់ពាន់នាក់។ ផាន បានជួបស្គាល់ជាមួយប្រជាជនមកពីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ចាម។ ក្នុងរយៈពេលពីរទៅបីខែម្ដង ផាន ត្រូវបានអង្គការហៅទៅប្រជុំនៅស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ កម្មាភិបាលខ្មែរក្រហមបានឲ្យ ឡានមកទទួល ផាន ទៅប្រជុំ និងដឹកត្រឡប់មកវិញ។ ក្នុងពេលប្រជុំ អង្គការ បានណែនាំថា « ត្រូវដឹកនាំកូនចៅ កូនកង ឲ្យរឹងមាំ កុំផ្ដេកផ្ដួលទារុណស្ទក់ » ។ ផាន បានទៅប្រជុំរយៈពេលបីថ្ងៃ ទើបត្រឡប់មកត្រពាំងថ្មវិញ។ ជួនកាល ផាន ត្រូវទៅរៀននៅភ្នំបាក់ ក្នុងស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ អំឡុងពេលរៀនសូត្រ មានប្រធានកងធំ កងតូចប្រហែលមួយរយនាក់ជាង(នារី និងបុរស) ចូលរួម។ អង្គការ (មិនស្គាល់ឈ្មោះ) បានឡើងនិយាយ ឲ្យប្រធានក្រុមទាំងអស់ចេះដឹកនាំកូនក្រុមឲ្យចេះធ្វើការងារ។ ជាញឹកញាប់ តា វ៉ាល តែងតែចុះមកត្រួតពិនិត្យការធ្វើការងាររបស់ប្រធានកង ក្នុងការដឹកនាំឲ្យកូនក្រុមនីមួយៗធ្វើការងារ។ អំឡុងពេលជាមួយគ្នា កម្មាភិបាលខ្មែរក្រហមបានឲ្យ ផាន ជ្រើសរើសនារីចំនួន៦០នាក់ និងយុវជនចំនួន៦០នាក់ ដើម្បីធ្វើដំណើរទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ហើយ ផាន បានទៅទស្សនានៅប្រាសាទអង្គរវត្ត។ ក្នុងពេលធ្វើដំណើរ ផាន នារីៗ និងយុវជន បានឈប់សម្រាកដាំបាយនៅផ្ទះរបស់ តា វ៉ាល នៅភូមិជប់។

នៅពាក់កណ្ដាលឆ្នាំ១៩៧៨ តា វ៉ាល បានដកកងរបស់ ផាន និងកងយុវជន យុវនារីទាំងអស់ចេញពីអាងត្រពាំងថ្មក្នុងឃុំព្រះនេត្រព្រះ ឲ្យទៅកាន់ឃុំស្ពានស្រែង ស្រុកភ្នំស្រុកវិញ។ កងរបស់ ផាន បានលើកទំនប់គោកចារ និងរែកដី ជីកបិទស្ទឹង បិទស្ពានក្នុងឃុំស្ពានស្រែង។ ផាន បានធ្វើការងាររួមជាមួយប្រជាជនមកពីតំនប់៣។ បន្ទាប់ពីធ្វើការអស់រយៈពេលប្រហែល៤ខែ ផាន បានធ្លាក់ខ្លួនឈឺ រួចត្រូវបាន អង្គការ បញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុក នៅអាងត្រពាំងថ្ម(ភូមិត្រពាំងថ្ម)។ បន្ទាប់ពីធូរស្បើយ ផាន មិនបានត្រឡប់ទៅធ្វើការនៅឃុំស្ពានស្រែងវិញនោះទេ ប៉ុន្តែ ផាន បានចូលធ្វើការងារក្នុងសង្កាត់ព្រះនេត្រព្រះ ដែលមានប្រធានសង្កាត់ឈ្មោះ តា ក្រក។ ផាន បានធ្វើការងារនៅក្នុងសង្កាត់អស់រយៈពេល១ខែ។

នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលមករំដោះដល់ក្នុងស្រុកព្រះនេត្រព្រះ ផាន បានរត់ទៅរស់នៅក្នុងភូមិតាប៉ែន ព្រោះខ្លាចកងទ័ពវៀតណាមធ្វើបាប។ ក្រោមមក ផាន បានត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងភូមិជើងវត្ត ទើបបានឃើញកងទ័ពវៀតណាមកំពុងស្នាក់នៅពាសពេញភូមិ ប៉ុន្តែកងទ័ពវៀតណាមមិនបានគំរាមគំហែង ឬមានបាញ់ប្រហារធ្វើបាបប្រជាជននោះទេ។ នៅរៀងរាល់ពេលយប់ កងទ័ពខ្មែរក្រហមតែងតែចូលមកលួចគោ ក្របី អង្ករ និងសម្ភារផ្សេងៗរបស់ប្រជាជននៅក្នុងភូមិជើងវត្ត។ បន្ទាប់មក ផាន បានរៀបការជាមួយស្វាមីឈ្មោះ ប្រាំង សុល។ នៅចុងឆ្នាំ១៩៧៩ ផាន និងនារីពីរនាក់ទៀត បានទៅរកត្រី ទើបត្រូវបានកងទ័ពខ្មែរក្រហមចាប់ខ្លួនយកទៅរស់នៅជាមួយពួកកងទ័ព និងប្រជាជនមួយចំនួននៅព្រៃ ក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ក្នុងខេត្តបាត់ដំបង។ លុះក្រោយមក ផាន និងនារីទាំង២នាក់ បានលួចរត់ចេញពីបាក់ព្រាត្រឡប់មកស្រុកកំណើតវិញ។ ផាន បានធ្វើដំណើរថ្មើរជើងអស់រយៈពេលបីយប់បីថ្ងៃ​ ទើបមកដល់ភូមិជើងវត្ត។

អត្ថបទដោយ មឿន ស្រីណុច


[1] ឯកសារលេខ BMI00146, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, សោម ប៊ុនថន និង ចាន ប្រុញ សម្ភាសន៍ជាមួយឈ្មោះ  ឆាយ ផាន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin