កងចល័តនារីលើកប្រព័ន្ធភ្លឺស្រែឃុំក្រាំងស្វាយ

(ខេត្តព្រៃវែង) ឆេង សាម៉ន អាយុ៦៨ឆ្នាំ, មានស្រុកកំណើត និងសព្វថ្ងៃរស់នៅ ភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ សាម៉ន មានឪពុកឈ្មោះ ឃឹម ឆេង និងម្ដាយឈ្មោះ ជា លន់។
សាម៉ន បានរៀបរាប់អំពីរឿងរ៉ាវពីរបបខ្មែរក្រហមថា នៅគ្រានោះគាត់ត្រូវបានខ្មែរក្រហមតម្រូវឲ្យធ្វើការនៅស្រុកកំណើត ក្នុងកងចល័តនារីៗឃុំក្រាំងស្វាយ ហើយមានភារកិច្ច ជីកប្រឡាយ, ទំនប់, លើកប្រព័ន្ធភ្លឺស្រែ និងធ្វើស្ថានីយបូមទឹក។ អង្គការបានកំណត់ថា ក្នុងមួយថ្ងៃ គាត់ត្រូវលើកប្រព័ន្ធភ្លឺស្រែឲ្យបានប្រវែង៩ម៉ែត្រ បើលើកនៅពេលថ្ងៃមិនគ្រប់ គាត់ត្រូវលើកពេលយប់បន្ថែមទៀត។ សាម៉ន និយាយថា ដោយសារពេលនោះនៅវ័យក្មេង និងខ្លាចអង្គការបង្អត់របបអាហារ គាត់អាចធ្វើតាមផែនការរបស់អង្គការបាន។ នៅការដ្ឋានរបស់សាម៉ន គាត់ឃើញយុវនារីម្នាក់លើកទំនប់រហូតដល់ស្លាប់ ដោយសារតែជំងឺ, ការធ្វើការងារធ្ងន់ និងគ្មានអាហារហូបគ្រប់គ្រាន់។ របបអាហារនៅការដ្ឋាន មានតែបបរពីរវែក សម្រាប់ពីរពេល ក្នុងមួយថ្ងៃ (ព្រឹក និងថ្ងៃត្រង់)។ យុវជនដែលបំពេញការងារតាមផែនការកំណត់ អាចទទួលបានរបបបបរផ្តល់ដោយអង្គការ។
នៅរដូវវស្សា របបអាហារដែលសាម៉នទទួលបាន គ្រប់គ្រាន់ជាងរដូវប្រាំង។ អ្នកដាំស្លនៅរោងបាយ ទទួលបានអង្ករពីប្រធានសហករណ៍ច្រើនជាងនៅរដូវប្រាំង។ សាម៉ន និងប្រជាជនដទៃទៀតក្នុងភូមិពាយនាយ ទទួលបានរបបបាយ ប៉ុន្តែអាហារមិនសូវមានអនាម័យទេ។ សាម៉ន ឧស្សាហ៍ឃើញមានអាចម៍រុយនៅលើបាយ និងសម្ល ជាញឹកញាប់។ ចំណែកដំណំា និងបន្លែបង្ការដែលមាននៅជុំវិញភូមិ កងឈ្លបខ្មែរក្រហមមិនអនុញ្ញាតឲ្យប្រជាជនបេះហូបទេ។ អ្នកប្រព្រឹត្តខុស ត្រូវនាំទៅអប់រំ, រៀនសូត្រ ឬសម្លាប់ចោល។ នៅក្នុងរបបខ្មែរក្រហម សាម៉ន ធ្លាប់បានឃើញកងឈ្លបបណ្តើរប្រជាជនយកទៅសម្លាប់ចោលដោយគ្មានកំហុស ដោយប្រជាជនទាំងនោះ គ្រាន់តែធ្លាប់រស់នៅទីក្រុងភ្នំពេញ និងមួយចំនួនទៀតធ្លាប់ជាគ្រូបង្រៀនក្នុងរបប លន់ នល់។ សាម៉ន បានឃើញថា កម្មាភិបាលខ្មែរក្រហម នៅតាមមូលដ្ឋាន គឺជាមនុស្សមិនចេះអក្សរ ឬមិនបានរៀនសូត្រ។ អ្នកទាំងនោះភាគច្រើនជាមនុស្សកាច គ្មានការយោគយល់ ហើយតែងតែធ្វើទារុណកម្ម និងសម្លាប់ប្រជាជន ដែលធ្វើខុសគោលការណ៍របស់ខ្មែរក្រហមដោយមិនលើកលែង។ កាលនោះ សាម៉ន ក៏ធ្លាប់ត្រូវបានខ្មែរក្រហមប្រើឲ្យបុកស្រូវ និងជញ្ជូនស្រូវយកទៅទុកក្នុងជង្រុកដែរ។
កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។[1] នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ និងបណ្តាខេត្តនានាជាបន្តបន្ទាប់។ សាម៉ន ក៏មានសេរីភាពបានមករស់នៅស្រុកកំណើត នៅផ្ទះរបស់ខ្លួនវិញរហូតដល់បច្ចុប្បន្ន។ ចំពោះបញ្ហាសុខភាព សាម៉ន មានជំងឺលើសជាតិអាស៊ីត និងជំងឺឈឺសន្លាក់ដៃ-ជើង រ៉ាំរ៉ៃ។ គាត់តែងតែទៅទទួលការព្យាបាលនៅមណ្ឌលសុខភាពក្នុងឃុំ៕
[1] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ២០២៥, ទំព័រទី៤១។