អ្នកមានចំណេះត្រូវចោទថាជាជនក្បត់

(រតនគិរី) ៖ ឈឺ មិន ភេទប្រុស មានអាយុ៧៩ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាមើយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

គាត់បានរៀបរាប់ថា នៅអំឡុងរបបខ្មែរក្រហម អង្គការបានឲ្យគាត់នៅក្នុងកងសហករណ៍។ គាត់បាននៅក្នុងកងសហករណ៍នោះចំនួន២ឆ្នាំ នៅទីនោះ អង្គការបានឲ្យគាត់ហូបរួម ធ្វើការរួម និងស្នាក់នៅរួម។

ដំបូងឡើយអង្គការឲ្យគាត់ ច្រូតស្រូវ បុកស្រូវ និងរែងអង្ករ បន្ទាប់មកអង្គការបានឲ្យគាត់ជីកប្រឡាយ លើកភ្លឺស្រែ ភ្ជួរស្រែ។ មិនតែប៉ុណ្ណោះអង្គការក៏បានឲ្យគាត់ទៅធ្វើជាជាងឈើរយៈពេល២ខែ។ គាត់បានប្រាប់ថា គាត់ត្រូវក្រោកពីព្រលឹមស្រាងៗចេញទៅធ្វើការ ម៉ោង១២ថ្ងៃត្រង់ទើបបានសម្រាក និងម៉ោងមួយត្រូវបន្តធ្វើការវិញរហូតដល់ពេលល្ងាចទើបបានសម្រាកហូបបាយ។

បើនិយាយពីរបបអាហារវិញ មិនមានអាហារសម្រាប់បរិភោគបានគ្រប់គ្រាន់នោះទេ បានត្រឹមតែបបរ ថ្ងៃខ្លះបានហូបបីពេល ថ្ងៃខ្លះបានត្រឹមតែពីរពេល។ ការធ្វើការងារគឺធ្វើទាំងក្ដៅ ទាំងត្រជាក់ មិនហ៊ានត្អូញត្អែរឡើយ ព្រោះប្រធានអង្គការចាំឃ្លាំមើល ប្រសិនជាករណីមានអ្នកត្អូញត្អែរ តវ៉ា និងខ្ជិលច្រអូសនោះអង្គការនឹងផ្ដល់អាហារឲ្យហូបឡើយ។

ឈឺ មិន បានបញ្ជាក់ទៀតថា នៅក្នុងរបបខ្មែរក្រហម គឺគេបានយកអ្នកដែលមានចំណេះដឹង អ្នកដែលធ្វើការជាមន្រ្តីរាជការនៅក្នុងរបប លន់ នល់ យកទៅសម្លាប់ចោលទាំងអស់ ខ្លះយកទៅសម្លាប់ចោលទាំងគ្រួសារក៏មាន ដោយគេបានចោទថាជាជនក្បត់ជាតិ៕

សម្ភាសន៍ដោយ បេង ហង្ស នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin