គ្រូបង្រៀនកុមារក្នុងរបបខ្មែក្រហម
(ព្រៃវែង)៖ ឈឹម ស៊ីដ្ឋា មានអាយុ៦៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ គាត់បានឈប់រៀននៅឆ្នាំ១៩៧៣ ក្នុងរបបលន់ នល់ ព្រោះប្រទេសជាតិមានសង្រ្គាម និងការទម្លាក់គ្រាប់បែក គាត់ត្រូវរត់គេចជាមួយឪពុកម្តាយទៅរស់នៅតាមព្រៃ និងវាលស្រែ។ ស៊ីដ្ឋា មានបងប្អូនប្រាំនាក់ ស្រីបួន។ បងម្នាក់របស់គាត់បានស្លាប់ដោយសារមានជំងឺគ្មានថ្នាំព្យាបាលត្រឹមត្រូវពេលធ្វើជាកងចល័តទៅជីកទំនប់ឆ្ងាយពីភូមិ។
ក្នុងរបបខ្មែរក្រហម ស៊ីដ្ឋា មានអាយុប្រមាណជា១៥ឆ្នាំ។ គាត់រស់នៅភូមិកំណើតបច្ចុប្បន្ន ហើយអង្គការបានប្រើឲ្យបង្រៀនក្មេងតូចៗក្នុងភូមិ។ ស៊ីដ្ឋា និយាយបន្តថាការធ្វើជាគ្រូបឋមមានភាពងាយស្រួលជាងប្រជាជនផ្សេងៗទៀតដែលទៅធ្វើស្រែចម្ការ និងជីក រែកដី។ ក្មេងៗមិនបានរៀនសូត្រត្រឹមត្រូវទេដោយសារតែត្រូវទៅជួយធ្វើការងារដូចជា រើសអាចម៍គោ និងគួរស្រូវនៅតាមវាលស្រែ។ របបអាហាររបស់ ស៊ីដ្ឋា ដូចតែប្រជាជនផ្សេងទៀតក្នុងសហរកណ៍ដែរគឺ ថ្ងៃខ្លះទទួលបបរ ឬបាយ លាយជាមួយដំឡូង និងពោត។ គាត់និយាយបន្ថែមថា អង្គការបានចែករបបឲ្យស្មើៗគ្នាម្នាក់ពីរវែកក្នុងមួយថ្ងៃ។ អ្នកជំងឺនៅសហករណ៍ដែល ស៊ីដ្ឋា រស់នៅមិនទទួលបានការព្យាបាលត្រឹមត្រូវទេគឺមានតែថ្នាផ្សំពីឫសឈើដាំទឹក ឬលញ់សូនជាគ្រាប់រាងដូចអាចម៍ទន្សាយប៉ុណ្ណោះ។ អ្នកជំងឺស្រាលៗអាចព្យាបាលបាន រីឯអ្នកជំងឺធ្ងន់បានស្លាប់។
ស៊ីដ្ឋា រៀបរាប់ថា ទោះបីជាគាត់ធ្វើជាគ្រូបង្រៀនកុមារក៏ពិតមែន ប៉ុន្តែក៏គ្មានសិទ្ធិសេរីភាពអ្វីលើសប្រជាជនទូទៅដែរ។ គាត់មិនអាចធ្វើដំណើរទៅកន្លែងផ្សេងក្រៅតែពី កន្លែងស្នាក់នៅ ទៅសាលារៀននិងត្រឡប់មកវិញ។ ម្យ៉ាងវិញទៀត ស៊ីដ្ឋា មិនអាចទៅលេងឪពុកម្តាយ និងបងប្អូនដែលរស់នៅកន្លែងផ្សេងពីគ្នាបានទេ។
អង្គការបានប្រាប់ ស៊ីដ្ឋា ឲ្យតាមដានសិស្សរបស់គាត់បើមានអ្នកណាលួចរបស់របរត្រូវរាយការណ៍ប្រាប់អង្គការ។ គាត់តែងឃើញក្មេងៗ ដែលគាត់បង្រៀនបានលួចបេះពោតហូប និងផ្លែឈើផ្សេងៗហូបដោយសារតែឃ្លានខ្លាំងពេក ប៉ុន្តែគាត់មិនដែលបានរាយការណ៍ប្រាប់អង្គការទេ ព្រោះអាណិតក្មេងតូចៗ ដែលជួបប្រទះរបបឃោរឃៅដូចខ្មែរក្រហម។
ក្នុងរបបនោះអង្គការបានឲ្យប្រជាជនទាំងអស់ស្លៀកពាក់ខោ និងអាវខ្មៅ។ ប្រសិនបើមានសំលៀកបំពាក់ពណ៌ផ្សេងៗត្រូវយកទៅជ្រលក់ឲ្យទៅជាពណ៌ខ្មៅទាំងអស់។
ក្រោយរបបខ្មែរក្រហមដួលរលំ ស៊ីដ្ឋា បានត្រឡប់ពីសហករណ៍មករស់នៅភូមិកំណើតវិញ។ បន្ទាប់មកគាត់ត្រូវបានអាជ្ញាធរស្រុកពាមជរ ជ្រើសរើសឲ្យទៅរៀនពេទ្យដោយសារតែគាត់ធ្លាប់បានសិក្សាច្រើនបង្គួរកាលពីសម័យ លន់ នល់។ ក្រោយពីរបបខ្មែរក្រហមបានដួលរលំ គាត់បានបម្រើការងារជាពេទ្យស្រុក តែបច្ចុប្បន្នេះគាត់បានឈប់ពីការងារ។
បច្ចុប្បន្ន ស៊ីដ្ឋា មានជំងឺឡើងជាតិអាស៊ីត។ គាត់បានផ្តាំផ្ញើឲ្យយុវជនជំនាន់ក្រោយត្រូវខិតខំរៀនសូត្រ និងចូលរួមទប់ស្កាត់របបខ្មែរក្រហមកុំឲ្យត្រឡប់មកប្រទេសកម្ពុជាសារជាថ្មី។
សម្ភាសន៍ដោយ ហេង ស្រីអូន ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤