ស្រឡាញ់ចប និង បង្គីខ្លាំងណាស់

ឈឺន ហឿយ (ឆ្វេង)

(សៀមរាប) ៖ ឈឺន ហឿយ មានអាយុ៦៣ឆ្នាំ រស់នៅឯភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។

នៅក្នុងឆ្នាំ១៩៧៥ ហឿយ មានអាយុ១៥ឆ្នាំ និងបានធ្វើការនៅក្នុងកងទ័ពចល័ត។ ការហូបចុកវិញគឺពេលខ្លះមានអាហារ និងពេលខ្លះមិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគនោះទេ។ នៅពេល ហឿយ ឃ្លានម្តងៗ គាត់បានយកកំពីងចេកមកបរិភោគដើម្បីបំពេញក្រពះ។ សម្រាប់ការងារពលកម្ម ហឿយ ត្រូវរែកដីដើម្បីលើកទំនប់ដែលសព្វថ្ងៃស្គាល់ថាទំនប់ក្រពើប្រាំ។ ទាហានខ្មែរក្រហមបានវាស់ដីឲ្យម្នាក់៣ម៉ែត្រ៤ជ្រុងក្នុងមួយថ្ងៃ។ បើសិនជានរណាម្នាក់មិនរែកដីអស់ នឹងមិនត្រូវបានសម្រាកនោះទេ។

ហឿយ បាននិយាយថាគាត់ស្រឡាញ់ចបនិងបង្គីខ្លាំងណាស់ ព្រោះការស្រឡាញ់ឧបករណ៍ធ្វើស្រែចម្ការទាំងនេះគឺកើតចេញពីភាពភ័យខ្លាចចំពោះរបបដ៏ងងឹតដែលប្រជាជនទាំងអស់ត្រូវតស៊ូនឹងភាពអត់ឃ្លានព្រមទាំងការបង្ខំឲ្យធ្វើការដោយគ្មានពេលឈប់សម្រាក។ ហឿយ ក៏បានបន្ដថាទាហានខ្មែរក្រហមនឹងយកទៅសម្លាប់ ប្រសិនបើធ្វេសប្រហែសធ្វើឲ្យបាត់ចបនិងបង្គី។ បន្ទាប់ពីធ្វើស្រែចម្ការចប់ម្ដងៗ ប្រជាជនម្នាក់ត្រូវលាងចបនិងបង្គីឲ្យស្អាត។

ហឿយ ក៏ធ្លាប់បានឃើញខ្មែរក្រហមសម្លាប់ប្រជាជនដែរ។ នៅពេលថ្ងៃកងទ័ពចល័តត្រូវជីករណ្ដៅហើយនៅពេលយប់ខ្មែរក្រហមក៏យកអ្នកទោសមកសម្លាប់នៅក្នុងរណ្ដៅនោះ។ អ្នកទោសទាំងនោះត្រូវបានយកមករណ្ដៅ ហើយដោះសម្លៀកបំពាក់ចេញមុនពេល ដែលទាហានខ្មែរក្រហមចាប់ចងជាស្លាបសេក។ បន្ទាប់មកទាហានខ្មែរក្រហមក៏បានវាយសម្លាប់អ្នកទោសម្នាក់ៗ ដោយទម្លាក់ទៅក្នុងរណ្តៅ។ ហឿយ រួមទាំងទាហានកងចល័តផ្សេងទៀតយកសាកសពទាំងអស់ទៅកប់។ គាត់បាននិយាយបន្ថែមថា ទាហានខ្មែរក្រហមសម្លាប់កូនក្មេងដោយបញ្ឈរចំពុះទង់ឡើងលើ ហើយបោះកូនក្មេងនោះទៅលើដើម្បីឲ្យមកធ្លាក់ទៅលើចំពុះទង់។ សម្រាប់ ហឿយ ផ្ទាល់គឹគាត់បានឃើញការសម្លាប់នោះដោយផ្ទាល់ពីព្រោះទាហានខ្មែរក្រហមបង្ខំឲ្យឈរមើលគ្រប់សកម្មភាពទាំងអស់។ ហឿយ និយាយថា ខ្មែរក្រហមបានវាយបំផ្លាញរូបសំណាកបដិមានិងបំផ្លាញអ្វីៗដែលទាក់ទងនឹងសាសនា។ ទាហានខ្មែរក្រហមបានចាប់បង្ខំឲ្យលោកសង្ឃផ្សឹក ដោយដោះចេញស្បង់ ហើយពាក់អាវខ្មៅធម្មតាដូចអ្នកដទៃទៀតដើម្បីចូលរួមធ្វើស្រែចម្ការនៅក្នុងកងចល័ត។ ចំណែកឯវត្តដែលធ្លាប់ជាកន្លែងសក្ការៈបូជាសម្រាប់កម្មវិធីសាសនាក៏ក្លាយទៅជាមន្ទីរពេទ្យឬក៏ឃ្លាំងដាក់ជីវិញ។

ជាចុងក្រោយ ឈឺន ហឿយ មិនមានជំងឺប្រចាំកាយនិង ជំងឺផ្លូវចិត្តនោះទេ។ សព្វថ្ងៃសុខភាពគាត់គឺនៅល្អខ្លាំង​។ គាត់បានទទួលការព្យាបាលនៅមណ្ឌលសុខភាព នៅពេលគាត់ឈឺជង្គង់ម្តងៗ។

សម្ភាសន៍ដោយ ហាំ សៀងហេង

អត្ថបទដោយ ហៀង នីតា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin