ខ្ញុំមានជីវិតរស់ដោយសារបានលាក់ប្រវត្តិរូបធ្លាប់ធ្វើជាទាហានក្នុងបប លន់ នល់
(ព្រៃវែង)៖ របបខ្មែរក្រហមបានសម្លាប់ប្រជាជនដោយគ្មានការជំនុំជម្រះ។ ប្រជាជនគ្រាន់តែលួចចំណីអាហារសមូហភាពហូបក៏ត្រូវខ្មែរក្រហមសម្លាប់ចោលដែរ ចុះទម្រាំខ្ញុំជាអតីតទាហានខ្មែរក្រហមពិតជាគោលដៅរបស់របបនេះ ឃើញដូចនេះទើបខ្ញុំបានរស់នៅដោយលាក់ប្រវត្តិរូបពេញមួយរបបខ្មែរក្រហម។ នេះជាការលើកឡើងរបស់អតីតទាហានម្នាក់ក្នុងរបប លន់ នល់។
ឈិត ផាត ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ក្នុងរបប លន់ នល់ ផាត បានឃើញក្នុងភូមិកើតមានអំពើអសន្តិសុខដែលបង្កឡើងដោយសង្គ្រាមរវាងកងកម្លាំងខ្មែរក្រហម និងទាហាន លន់ នល់។ ផាត និយាយថាការរស់នៅរបស់ប្រជាជនបានជួបការលំបាកជាបណ្តើរៗ ព្រោះមិនអាចប្រកបរបបរកស៊ីបានពេញលេញ ណាមួយខ្លាចការទម្លាក់គ្រាប់បែកពីសំណាក់យន្តហោះសហរដ្ឋអាមេរិកដែលគ្រំាទ្ររបប លន់ នល់ ប្រឆាំងនឹងយោធាខ្មែរក្រហម។ ឆ្នាំ១៩៧២ ផាត មានប្រពន្ធគាត់បានរស់នៅបែកគ្រួសារដោយផ្លាស់ទីលំនៅមកប្រកបរបបរត់ម៉ូតូឌុបនៅស្រុកពាមរក៍។ ចុងឆ្នាំ១៩៧២ ផាត បានចូលធ្វើជាទាហាន នល់ នល់ នៅភ្នំពេញ។
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមឡើងកាន់កាប់អំណាច អង្គការបានជម្លៀស ផាត ពីក្រុងភ្នំពេញឲ្យទៅរស់នៅឯខេត្តកំពង់ស្ពឺ។ ផាត បានឃើញទុក្ខលំបាករបស់ប្រជាជន និងសាកសពជាច្រើនទុកចោលគ្មានសាច់ញាតិនៅក្បែរនៅតាមបណ្តោយផ្លូវជាតិលេខ៤ ផ្លូវចេញពីភ្នំពេញ។ នៅកំពង់ស្ពីផាត បានឃើញឈ្លបខ្មែរក្រហមសម្លាប់ប្រជាជនដែលឃ្លានអាហារខ្លាំង និងបានទៅលួចចំណីអាហារសមូហភាពបន្តិចបន្តួចហូប។ ឃើញទង្វើសម្លាប់មនុស្សស្តែងៗបែបនេះទើបគាត់ត្រូវរស់នៅដោយលាក់ប្រវត្តិរូបដែលធ្លាប់ធ្វើជាទាហានក្នុងរបប លន់ នល់។ នៅកំពង់ស្ពឺ ផាត ត្រូវជីក និងរែកដីធ្វើប្រឡាយ ព្រមទាំងកាប់ឆ្ការព្រៃយកដីឲ្យប្រជាជនធ្វើស្រែចម្ការ ទាំងថ្ងៃទាំងយប់ មិនហ៊ានតវ៉ាជាមួយឈ្លបខ្មែរក្រហមនោះទេ ខ្លាចមានកំហុស ត្រូវអង្គការសួរនាំពីប្រវត្តិកាលពីរបបមុន។
រឿងរ៉ាវដែល ផាត ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺការដែលឈ្លបខ្មែរក្រហមប្រើគាត់ឲ្យធ្វើការធ្ងន់ គ្មានពេលសម្រាក និងអំពើដែលខ្មែរក្រហមប្រព្រឹត្តិមកលើប្រជាជនស្លូតត្រង់ដែលជាខ្មែរដូចគ្នារហូតដល់ស្លាប់ និងពេលមានកំហុសតិចតួចចោទថាខ្មាំងក្បត់នឹងរបបខ្មែរក្រហម។ ផាត បន្តទៀតថាប្រជាជនត្រូវរស់នៅដោយគ្មានសិទ្ធិសេរីភាព ទទួលរងទារុណកម្ម និងទទួលបានរបបអាហារមិនគ្រប់គ្រាន់ បើទោះបីជាប្រជាជនបង្កបង្កើនផលស្រូវបានច្រើន ប៉ុន្តែផលស្រូវទាំងនោះត្រូវបានខ្មែរក្រហមដឹកចេញអស់ៗ ពីឃ្លាំងស្តុកស្រូវ។
ផាត មានសេចក្តីសប្បាយរីករាយណាស់ដែលតុលាការខ្មែរក្រហមបានសម្រេចផ្តន្ទាទោសដាក់គុកអស់មួយជីវិតចំពោះអតីតមេដឹកនាំខ្មែរក្រហម។ គាត់យល់ថាការសម្រេចសេចក្តីនេះអាចចូលរួមទប់ស្កាត់អំពើប្រល័យពូជសាសន៍ដូចរបបខ្មែរក្រហមកុំឲ្យកើតមានឡើងម្តងទៀតក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្ន ផាត មានជំងឺលើសសំពាធឈាម ជំងឺសន្លាក់ដៃ សន្លាក់ជើង ឈឺចង្កេះ និងជំងឺស្រវឹងភ្នែកមើលមិនច្បាស់។
សម្ភាសន៍ដោយ ថន ធារ៉ា ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤