ទាហានខ្មែរក្រហមបាញ់សម្លាប់កូនខ្ញុំក្នុងស្រែពេលកំពុងច្រូតស្រូវ
(កំពង់ឆ្នាំង) ៖ ឈឹម សាវ មានអាយុ ៨១ ឆ្នាំ មានទីកន្លែងកំណើតនៅ ភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន សាវ កំពុងរស់នៅទីកន្លែងដដែល។ សាវ បានរៀបរាប់ប្រាប់អំពីរឿងរ៉ាវដែលគាត់បានឆ្លងកាត់កាលពីរបបខ្មែរក្រហមថា មុនពេលរបបនេះចូលមក សាវ បានរៀបការមានគ្រួសារ និងមានកូន ៦នាក់។
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជាថ្ងៃដែលខ្មែរក្រហមឡើងកាន់អំណាច ហើយក៏ជាការបើកទំព័រសករាជថ្មីដែលពោរពេញដោយភាពឃោរឃៅសាហាវយង់ឃ្នង។ ពេលរបបនេះបានចូលមក សាវ ក៏បានបែកពីប្ដីរបស់គាត់ ដែលត្រូវបានបំបែកឲ្យទៅធ្វើការនៅកងផ្សេងពីគាត់។ សាវ និងគ្រួសារត្រូវបានជម្លៀសឲ្យទៅព្រៃខ្មែរនៅក្នុងខេត្តកំពង់ឆ្នាំង។ នៅទីនោះអង្គការ រៀបចំមនុស្សជាក្រុមៗ ដែលក្នុងមួយក្រុមមានប្រមាណ៣០គ្រួសារ។ សាវ និងសមាជិកក្រុមត្រូវធ្វើស្រែ ដូចជា ដកស្ទុង ច្រូតកាត់ គាស់ដី និងការងារផ្សេងៗទៀតទៅតាមបញ្ជារបស់អង្គការ ។ ពេលនោះដែរ សាវ ត្រូវធ្វើការតាំងពីព្រឹករហូតដល់ល្ងាចទើបបានត្រឡប់ទៅផ្ទះជួបជុំកូនវិញ។ សាវ បន្តទៀតថា នៅរបបខ្មែរក្រហមមិនមានរបបអាហារច្រើនបបូរទេ។ សាវ ទទួលបានអាហារចំនួនពីរពេលក្នុងមួយថ្ងៃ មានពេលព្រឹក និងពេលល្ងាច។ សាវ បានប្រាប់ឲ្យដឹងទៀតថា ដោយមានភាពខ្វះខាតនារដូវភ្ជុំ អង្គការឲ្យប្រជាជនហូបតែបបរប៉ុណ្ណោះ។ នៅពេលរដូវច្រូតកាត់និងប្រមូលផលមកដល់ ទើបអង្គការឲ្យប្រជាជនហូបបាយវិញ។ ចំណែកឯម្ហូបសម្លវិញ គឺមានតែម្ជូរត្រកួន សម្លបង់ក្ដាម និងបង់កូនត្រីតូចៗជាដើម។
បន្ទាប់ពីខ្មែរក្រហមជម្លៀសគាត់ឲ្យទៅធ្វើស្រែចំការនៅព្រៃខ្មែរ បានប្រមាណពីរឆ្នាំ សាវ ត្រូវបានជម្លៀសទៅទីលំនៅដើមរបស់គាត់វិញ។ គាត់បាននិយាយថា គាត់បានមកផ្ទះនៅអំឡុងពេលចូលឆ្នាំខ្មែរនៅភូមិកំណើតវិញ ប៉ុន្តែប្រមាណបីខែក្រោយមក គាត់ក៏ត្រូវបានជម្លៀសចេញពីភូមិកំណើតម្ដងទៀតទៅកាន់ផ្លូវតាំងព្រិច (ស្ថិតក្នុងឃុំជៀប)។ មិនខុសគ្នាប៉ុន្មាននោះទេ គាត់ត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើការជាក្រុមៗនៅទីនោះដូចកាល ដែលខ្មែរក្រហមជម្លៀសគាត់ទៅព្រៃខ្មែរដែរ។
នៅពេលកងទ័ពវៀតណាមវាយចូលរំដោះប្រជាជនចេញពីរបបខ្មែរក្រហម សាវ បានបែកចេញពីក្រុមរបស់ខ្លួនដោយសារមានភាពភ័យខ្លាច ហើយបានរត់ឡើងទៅលើភ្នំ និងរស់នៅទីនោះមួយរយៈ។ ក្រោយមកទើបកងទ័ពរំដោះរបស់វៀតណាមទៅគៀរប្រជាជនចុះពីភ្នំមកវិញ ហើយជម្លៀសគាត់និងប្រជាជនឯទៀតទៅ កាន់ព្រៃមូល។
នៅព្រៃមូល សាវ និងប្រជាជនដទៃទៀតអាចប្រកបមុខរបរធ្វើការងារបានធម្មតាឡើងវិញ។ រស់នៅទីនោះអស់មួយរយៈ សាវ ក៏បានត្រឡប់មករស់នៅភូមិកំណើត ហើយបានជួបជុំជាមួយគ្រួសារ ប្ដី និងកូនៗរបស់គាត់វិញ។ នៅពេលដែលរបបខ្មែរក្រហមទើបតែបញ្ចប់ថ្មីៗ សាវ បានបាត់បង់កូនម្នាក់ដោយសារទាហានបាញ់ត្រូវនៅពេលដែលកូនរបស់គាត់កំពុងតែច្រូតស្រូវក្នុងស្រែជាមួយកូនគាត់ម្នាក់ទៀត។
សម្ភាសន៍ និង អត្ថបទ ដោយ ណុល ភក្ដី