ឪពុកស្លាប់ដោយការចោទថាក្បត់នឹងអង្គការ

(ព្រៃវែង) ៖ ជួន ប៉យ មានអាយុ៦៤ឆ្នាំ រស់នៅភូមិព្រៃសង្គម ឃុំច្រេស ស្រុកមេសាង ខេត្ត​ព្រៃវែង។ ឪពុករបស់គាត់ត្រូវបានខ្មែរក្រហមសម្លាប់នៅភូមិស្វាយទទ្ទឹម ស្រុករមាសហែក ដោយចោទថា ជាជនក្បត់បានចូលដៃជាមួយវៀតណាម។ កាលនៅក្មេង ប៉យ រៀនសូត្របានតិចតួចដោយ​សារតែប្រទេសមានសង្រ្គាម និងការទម្លាក់គ្រាប់បែក​។

ក្នុង​របបខ្មែរក្រហម អង្គការបានឲ្យ ប៉យ រស់នៅឃុំត្រពាំងស្ដៅ​ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាស្រុកកំណើត។ គាត់មានអាយុប្រមាណ២០ឆ្នាំ ជាវ័យពេញកម្លាំងធ្វើការងារ។ គាត់ត្រូវបានអង្គការប្រើឲ្យធ្វើការក្នុងកងចល័តត្រូវជីកព្រែក ជីក​ប្រឡាយ និងជីកអាងស្តុកទឹកទុកធ្វើស្រែ​។ ប៉យ បានបន្តថា​ ការងារនៅពេលនោះ​មិននៅមួយកន្លែងទេ គឺស្រេចតែអង្គការចាត់តាំង ដោយ​ប្រជាជនគ្មានសិទ្ធិប្រកែកតវ៉ានោះទេ។ គាត់ក៏ធ្លាប់ធ្វើជាប្រធានសិស្សគ្រប់គ្រង​កងកុមារ តូច​ៗដែលរៀនសូត្រ មើលគោ ក្របី ដើររើសគួរស្រូវ និងរើសអាចម៍​គោផងដែរ។

របបអាហារនៅសហករណ៍ត្រពាំងស្តៅ ប៉យ ទទួលបានបបរពីរចានសម្រាប់មួយថ្ងៃ។ ចំណែកទឹកបរិភោគ និងប្រើប្រាស់វិញមានតែទឹកបឹង និងទឹកប្រឡាយប៉ុណ្ណោះ។

ក្រោយមកអង្គការបានផ្លាស់ប្តូរ ប៉យ និងយុវជន១១នាក់ឲ្យទៅភ្ជួរស្រែ នៅសហករណ៍ផ្សេង។ គាត់ត្រូវងើបពីព្រឹកម៉ោងប្រាំមួយ និងសម្រាកនៅពេលយប់ ដើម្បីភ្ជួរ​​ឲ្យរួចតាមផែនការដែលបានកំណត់។

នៅក្នុងរបបខ្មែរក្រហម អង្គការក៏បានប្រើ ប៉យ ឲ្យជីក រណ្តៅទំហំ៤០ម៉ែត្របួនជ្រុង ជម្រៅបីម៉ែត្រ នៅតំបន់ទួលសាលាដ​ ស្ថិតនៅក្នុងស្រុករមាសហែក ដើម្បីទុកសម្លាប់មនុស្ស។ គាត់បន្តថា នៅទួលនោះមនុស្សជាច្រើនរយនាក់ត្រូវបានសម្លាប់ និងរុញទម្លាក់រណ្តៅ។

ប៉យ បានដឹងថា នៅមន្ទីរសន្តិសុខស្វាយទទ្ទឹមមានការសម្លាប់មនុស្សជាច្រើននាក់។ ឪពុករបស់គាត់ក៏បាន​ស្លាប់នៅទីនេះផងដែរ។​

ប៉យ​ និយាយថា៖ “បើនិយាយពីសម័យខ្មែរក្រហមពិបាកលែងនិយាយហើយ…ការងារធ្វើមិនឈប់…ទាំងក្មេង​ទាំងចាស់គ្មានអ្នកណាទំនេរទេ។ ស្រូវអង្ករនៅពេញៗ​​ជង្រុក​​ តែអង្គការមិនឲ្យហូបឆ្អែត។ ស្រូវត្រូវបានដឹកចេញដោយមិនបានប្រាប់ប្រជាជនស្ទើរអស់ៗពីឃ្លាំង”។

នៅចុងឆ្នាំ១៩៧៨ ប៉យ ត្រូវបានអង្គការបង្ខំឲ្យធ្វើជាទាហាន ធ្វើសង្រ្គាមជាមួយវៀតណាមនៅ​តំបន់ព្រំដែន។ ក្រោយប្រយុទ្ធគ្នាជាមួយកងទ័ពវៀតណាម​បានប្រហែលបីខែគាត់ស្ទើរបាត់បង់ជីវិត។ នៅពេល​ធ្វើសង្គ្រា​ម​​គាត់បានឃើញ​ទាហានស្លាប់គរលើគ្នា និងរងរបួសជាច្រើននាក់។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ប៉យ បានមករស់នៅ និងប្រកបរបបធ្វើស្រែ នៅស្រុកមេសាង ខេត្តព្រៃវែង ដែលជាស្រុកកំណើតរបស់ប្រពន្ធរហូតដល់សព្វថ្ងៃ។

សម្ភាសន៍ដោយ ធឿន ស្រីនីត ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ  អេង សុខម៉េង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin