ឈួន ឆុន៖ បាត់ដំណឹងប្អូនចំនួន៤នាក់ នៅខេត្តពោធិ៍សាត់ ក្នុងឆ្នាំ១៩៧៧

ក្រោយថ្ងៃទី១៧ ខែ មេសា ឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់ ឆុន ត្រូវបានកងទ័ពខ្មែរក្រហម ប្រកាសឲ្យជម្លៀសចេញពីទីក្រុងភ្នំពេញទៅកាន់ភូមិកំណើតនៅខេត្តតាកែវ។ ប៉ុន្តែក្រោយមក ក្រុមគ្រួសាររបស់ ឆុន ត្រូវបានជម្លៀសចេញពីខេត្តតាកែវ ទៅកាន់ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់បន្តទៀត។ ឆ្នាំ១៩៧៧ ឆុន បានបែកជាមួយបងប្អូនទៅធ្វើការងារតាមកងចល័តរៀងខ្លួន ហើយបាត់ដំណឹងប្អូនៗចំនួន៤នាក់រហូតដល់បច្ចុប្បន្ន។
ឈ្មោះ ឈួន ឆុន[1] ភេទប្រុស អាយុ៧១ឆ្នាំ។ ឆុន មានស្រុកកំណើតនៅក្នុងភូមិតាសំ ឃុំបឹងក្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ បច្ចុប្បន្ន ឆុន រស់នៅក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឪពុកឈ្មោះ ឈួន (ស្លាប់) ក្នុងសម័យខ្មែរក្រហមនៅភូមិស្វាយដូនកែវ មុខរា ឫស្សីក្រាំង ខេត្តពោធិ៍សាត់ និងម្ដាយឈ្មោះ អ៊ូច ហៀង (ស្លាប់) ក្នុងសម័យខ្មែរក្រហម។ ឆុន មានបងប្អូនបង្កើតចំនួន១១នាក់ (ស្រី៨នាក់) ហើយ ឆុន ជាកូនទី៦។ បងៗរបស់ ឆុន ចំនួន៥នាក់បានស្លាប់បាត់ជីវិតក្នុងសម័យខ្មែរក្រហម។ រីឯប្អូនចំនួន៤នាក់ បានបាត់ដំណឹងនៅអំឡុងឆ្នាំ១៩៧៧។ ចំណែកប្អូនស្រីពៅបានបាត់ខ្លួនក្រោយរំដោះឆ្នាំ១៩៧៩។ ឆុន មានប្រពន្ធឈ្មោះ នូ ផេង អាយុ៥៨ឆ្នាំ និងមានកូនចំនួន ៥នាក់ (ស្រី២នាក់)។
នៅសម័យសង្គមរាស្រ្តនិយម ក្រោមការដឹកនាំរបស់ សម្ដេចព្រះបាទនរោត្ដមសីហនុ ឪពុករបស់ ឆុន ឈ្មោះ ឈួន មានតួនាទីជាស្នងការរងខេត្តតាកែវ។ ឆុន រស់នៅផ្ទះជាមួយឪពុកម្ដាយ និងប្អូនៗចំនួន៤នាក់។ ចំណែកបងៗរបស់ ឆុន ចំនួន៥នាក់ បានរៀបការមានគ្រួសារ និងទៅរស់នៅតាមទីកន្លែងផ្សេងៗជាមួយប្ដី ប្រពន្ធរៀងខ្លួន។ កាលរស់នៅក្នុងភូមិតាសំ ស្រុកសំរោង ឆុន បានចូលសិក្សារៀនសូត្រនៅសាលាអង្គព្រៃ បានត្រឹមថ្នាក់ទី៨ចាស់។
នៅឆ្នាំ១៩៧០ ម្ដាយរបស់ ឆុន សម្រាលបានកូនស្រីពៅម្នាក់ឈ្មោះ គាត ណៃហ៊ុន ហើយឪពុករបស់ ឆុន បានចូលនិវត្តន៍ពីមន្រ្តីរាជការ។ ក្រោយរដ្ឋប្រហារទម្លាក់សម្ដេចព្រះបាទនរោត្ដមសីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ នាំឲ្យកើតមានសង្រ្គាមស៊ីវិលរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហមនៅតាមស្រុកមួយចំនួនក្នុងខេត្តតាកែវ។ បន្ទាប់មក ឪពុករបស់ ឆុន បាននាំប្រពន្ធ និងកូនៗទាំង៦នាក់ផ្លាស់ប្ដូរទីលំនៅចេញពីភូមិតាសំ ទៅរស់នៅក្នុងទីរួមខេត្តតាកែវវិញ។ ឆុន បានចូលរៀនបន្តនៅទីរួមខេត្តតាកែវអស់រយៈពេល១ឆ្នាំ ត្រឹមថ្នាក់ទី៧ចាស់។ ឆ្នាំ១៩៧១ ការប្រយុទ្ធរវាងទាហាន លន់ នល់ ជាមួយនឹងកងទ័ពខ្មែរក្រហមកាន់តែធ្ងន់ធ្ងរឡើង ឪពុករបស់ ឆុន គិតថាកូនៗមិនអាចបញ្ចប់ការសិក្សាបាន ទើប ឪពុករបស់ ឆុន បាននាំប្រពន្ធ និងកូនៗផ្លាស់ប្ដូរទីលំនៅចេញពីទីរួមខេត្តតាកែវ ធ្វើដំណើរទៅរស់នៅក្នុងទីក្រុងភ្នំពេញ។ ផ្ទះរបស់ ឆុន មានទីតាំងនៅទល់មុខវត្តស្ទឹងមានជ័យ(ភ្នំពេញ)។ បន្ទាប់មក ឆុន បានជិះកង់ពីផ្ទះនៅស្ទឹងមានជ័យ ធ្វើដំណើរទៅរៀនថ្នាក់អនុវិទ្យាល័យនៅបឹងកេងកង(ភ្នំពេញ)។ បន្ទាប់ពីរៀនចប់ថ្នាក់អនុវិទ្យាល័យ ឆុន បានបន្តទៅរៀនថ្នាក់វិទ្យាល័យ នៅសាលាវិទ្យាល័យទួលស្វាយព្រៃ(ភ្នំពេញ) បានត្រឹមថ្នាក់ទី៤ចាស់។ នៅដើមឆ្នាំ១៩៧៥ ខណៈពេល ឆុន កំពុងសិក្សានៅសាលាវិទ្យាល័យទួលស្វាយព្រៃ ឆុន បានឮការប្រកាសឲ្យបិទសាលារៀនភ្លាមៗ ព្រោះកងទ័ពខ្មែរក្រហមបានវាយចូលមកដល់ព្រលានយន្តហោះពោធិ៍ចិនតុង និងចោមចៅ ទើបធ្វើ ឆុន ត្រូវសម្រេចចិត្តបញ្ឈប់ការសិក្សាភ្លាមៗទាំងមិនទាន់រៀនចប់ថ្នាក់ទី៤នោះទេ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយរំដោះទីក្រុងភ្នំពេញបានដោយជោគជ័យ។ ឆុន បានឃើញកងទ័ពខ្មែរក្រហមចូលមកពាសពេញស្ទឹងមានជ័យ ប៉ុន្តែមិនទាន់មានការជម្លៀសប្រជាជននៅស្ទឹងមានជ័យនោះទេ។ ក្រោយកងទ័ពខ្មែរក្រហមបានចូលមកគ្រប់គ្រងទីក្រុងភ្នំពេញបានរយៈពេលប្រហែលពីរទៅបីថ្ងៃ ឆុន បានឃើញប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញជម្លៀសមកឈរត្រៀបត្រានៅមុខផ្ទះរបស់ ឆុន ហើយ ឆុន មានអារម្មណ៍ថា «ខ្លួននឹងត្រូវជម្លៀស សោកស្ដាយការរៀនសូត្រ និងគិតថានឹងត្រូវបែកពីផ្ទះ ដែលទើបនឹងកសាងមិនបានយូរប៉ុន្មាន »។ ឆុន បានរៀបរាប់ទិន្នភាពមុខផ្ទះរបស់ខ្លួននៅស្ទឹងមានជ័យ « កងទ័ពខ្មែរក្រហមមានវ័យក្មេងៗ ស្លៀកពាក់ខោអាវពណ៌ខ្មៅ ជូតក្បាលក្រមា លីកាំភ្លើង សម្លឹងមកលើប្រជាជនដែលកំពុងឈរណែនតាន់តាប់នៅស្ទឹងមានជ័យ ហើយលើកកាំភ្លើងបាញ់ឡើងលើតែម្ដង រួចស្រែកថា ឲ្យចេញឲ្យលឿនៗ ។ កងទ័ពក្មេងៗទាំងអស់ បានបើកឡានហ្សីបអាអង(A1), អាដឺ(A2) ជាឡានអាមេរិកាំងរបស់អតីតទាហាន លន់ នល់ យ៉ាងលឿនចូលក្នុងហ្វូងប្រជាជន ដោយមិនខ្លាចប៉ះ ឬបុកប្រជាជននោះទេ ពិតជាសាហាវណាស់ »។ ឆុន បានបន្តថា កងទ័ពខ្មែរក្រហមមិនបានបាញ់ប្រជាជនទេ គឺគ្រាន់តែបាញ់គំរាម ដើម្បីឲ្យប្រជាជនឆាប់បានចេញផុតពីទីក្រុងភ្នំពេញប៉ុណ្ណោះ។ ឆុន បានឃើញមាននារីកម្មង់ដូរម្នាក់ដេកស្លាប់នៅលើផ្លូវម្ខាងនៅស្ទឹងមានជ័យ ដែលសាកសពមានសភាពហើម និងត្រូវបានបាញ់សម្លាប់ ប៉ុន្តែមិនដឹងថាត្រូវបានសម្លាប់ដោយសារអ្វី។ ចន្លោះប្រហែលបីទៅបួនថ្ងៃ នៅវេលាម៉ោងប្រហែល១១ព្រឹក ឆុន និងក្រុមគ្រួសារត្រូវបានកងទ័ពខ្មែរក្រហមជម្លៀសចេញពីផ្ទះនៅស្ទឹងមានជ័យ ដោយប្រាប់ថា ឲ្យវិលត្រឡប់ទៅកាន់ស្រុកកំណើតនៅតាកែវវិញ។ ប្រហែលជាម៉ោង៥ល្ងាច ឆុន និងក្រុមគ្រួសារបានធ្វើដំណើរទៅដល់រោងចក្រកែវ(បច្ចុប្បន្នសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ) ទើបសម្រាកនៅរោងចក្រកែវរយៈពេលមួយយប់។ លុះព្រឹកឡើង កងទ័ពខ្មែរក្រហមបានបន្តជម្លៀស ឆុន និងក្រុមគ្រួសារចេញពីភ្នំពេញអស់រយៈពេល៤ថ្ងៃ ទើបធ្វើដំណើរទៅដល់ភូមិស្លា ឃុំស្លា ស្រុកសំរោង ក្នុងខេត្តតាកែវ។ ឆុន មានសាច់ញាត្តិខាងម្ដាយធ្លាប់ជាអតីតទាហាន លន់ នល់។ ទៅដល់ភូមិស្លា ខ្មែរក្រហមបានចាប់ផ្ដើមប្រមូលអតីតទាហាន និងសាច់ញាត្តិរបស់អតីតទាហាន លន់ នល់ ដែលជាប់និន្នាការនយោបាយឲ្យនៅមួយកន្លែង រួចបញ្ជូនឲ្យទៅនៅទីតាំងក្បែរវត្តអង្គព្រះស្ដេច ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ ហើយគ្រួសាររបស់ ឆុន ត្រូវបានជម្លៀសចេញពីភូមិស្លា ទៅកាន់វត្តព្រះស្ដេច។ ខ្មែរក្រហមបានសាងសង់ផ្ទះតូចៗឲ្យស្នាក់នៅជុំគ្រួសារមួយជួរមានប្រវែងវែង ដែលក្នុងមួយផ្ទះមានបណ្ដោយប្រហែល៤ម៉ែត្រ និងទទឹងប្រហែល៣ម៉ែត្រ ដោយប្រក់ស្លឹកត្នោត។ បន្ទាប់មក ឆុន ត្រូវបានខ្មែរក្រហមប្រើឲ្យទៅគាស់គុម្ពឫស្សីព្រៃដែលមានបន្លា ធ្វើឲ្យមុតដៃ ព្រោះ ឆុន មិនធ្លាប់ធ្វើការងារទាំងអស់នេះទេ។ ក្នុងមួយសប្ដាហ៍ខ្មែរក្រហមបើកអង្ករឲ្យមួយគ្រួសារចំនួន៣ទៅ៥កំប៉ុង ហូបមិនបានគ្រប់គ្រាន់នោះទេ។ បងស្រីរបស់ ឆុន ឈ្មោះ សាយ មានស្វាមីឈ្មោះ សុខ សួន មានតួនាទីជាប្រធានអប់រំគ្រូបង្រៀន ក្នុងសម័យសង្គមរាស្រ្តនិយម ត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅភ្នំដិន ស្ថិតក្នុងទីរួមខេត្តតាកែវ។ សុខ សួន ជាមិត្តភក្តិជាមួយ សុខ អាន និងមិត្តម្នាក់ទៀតឈ្មោះ ស្ងួន។
ដើមឆ្នាំ១៩៧៦ នៅម៉ោងប្រហែល៦ល្ងាច ខ្មែរក្រហមបានប្រាប់ឲ្យក្រុមគ្រួសាររបស់ ឆុន និងប្រជាជនជម្លៀសមកពីភ្នំពេញទាំងអស់រើអីវ៉ាន់ចេញពីផ្ទះនៅអង្គព្រះស្ដេច ដើរទៅចាំឡាននៅផ្សារថ្នល់បត់ ក្នុងស្រុកសំរោង នៅផ្លូវជាតិលេខ៣ ខេត្តតាកែវ។ មិនយូរប៉ុន្មាន មានឡានហ្ស៊ីបចិន(មិនប្រាប់ចំនួនឡាន) ដែលក្នុងមួយឡានមានតែកុងចំនួន២នាក់ បានហៅក្រុមគ្រួសាររបស់ ឆុន និងក្រុមគ្រួសាររបស់បងៗរបស់ ឆុន រួមទាំងប្រជាជនដទៃឲ្យឡើងឡាន។ ក្នុងមួយឡានមានប្រជាជនច្រើនណាស់ ត្រូវឈរទាំងអស់មិនអាចអង្គុយបាននោះទេ។ បន្ទាប់មក ឡាន បានបើកចេញពីផ្សារថ្នល់បត់ទៅកាត់តាមប័ង្កសី, ត្រាំខ្នា ក្នុងខេត្តតាកែវ រហូតទៅដល់ចោមចៅ(ភ្នំពេញ) ទើប ឆុន និយាយទៅកាន់ម៉ែថា «ម៉ែ គេឲ្យយើងមកផ្ទះវិញទេដឹង»។ តែកុងឡានធ្វើដំណើរដល់មន្ទីរពេទ្យលោកសង្ឃ រួចបន្តទៅត្រង់តាមទួកគោក ចេញតាមគីឡូលេខ៦ស្ពានជ្រោយចង្វា ទើបប្រជាជននៅលើឡាន និយាយថា« បែបគេយកយើងទៅខេត្តបាត់ដំបងហើយ ថាស្រូវមួយខេត្តហ្នឹងហូបមួយប្រទេសខ្មែរយើងមិនអស់ផង» ។ ឡានបើករហូតមិនឈប់ ឆុន មិនបានដេកមួយយប់ទល់ភ្លឺ រហូតដល់ភ្នំដើមផ្កា ក្នុងខេត្តកំពង់ឆ្នាំង ទើបតៃកុងឡានប្រាប់ឲ្យចុះសម្រាកប្រហែល១៥នាទី រួចឡើងឡានបន្តទៅមុខទៀត។ ឡាន បានបើកចេញពីខេត្តកំពង់ឆ្នាំង រហូតដល់ខេត្តពោធិ៍សាត់ រួចបត់ចូលតាមផ្លូវបំបែកលាច រហូតទៅដល់ភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវ៉ាញ ក្នុងតំបន់៦ ខេត្តពោធិ៍សាត់។ ឡានបានបើកបន្តដល់ភូមិវាលវង់ ឃុំរកាត ទើបតែកុងឡានប្រាប់ថា ចុះដល់កន្លែងហើយ។ ឆុន បានឃើញក្នុងភូមិសម្បូរទៅដោយព្រៃឈើ ភ្នំ និងមានផ្ទះប្រជាជនប្រហែល១០ទៅ២០ខ្នងផ្ទះ ប៉ុន្តែមិនឃើញមានប្រជាជនរស់នៅនោះទេ។ ក្នុងភូមិពោពេញទៅដោយព្រៃឫស្សី ព្រៃខ្លា ព្រៃដំរី ហើយ ឆុន បាននិយាយទៅកាន់ម្ដាយថា « ម៉ែគេយកយើងមកដាក់ចោលក្នុងព្រៃ ទៅណារួច ស្លាប់ហើយ » ម្ដាយបានតបវិញថា « កូនអើយមិនដឹងធ្វើយ៉ាងម៉េចបើកម្មយើងអស់ត្រឹមហ្នឹង ងាប់ត្រឹមហ្នឹង »។ រយៈពេល៣ថ្ងៃក្រោយមក មានមេកង(មិនស្គាល់ឈ្មោះ)ខ្មែរក្រហមបានមកភូមិវាលវង់ រួចនិយាយថា «ឥឡូវបងប្អូនធ្វើផ្ទះទៅ ធ្វើជាជួរ »។ បន្ទាប់មក ឪពុករបស់ ឆុន និងប្រជាជនថ្មីទាំងអស់បានចាប់ផ្ដើមចូលទៅក្នុងព្រៃកាប់បង្គោលឈើ ដើមឫស្សី ដើមផ្ដៅ រំពាក់ ដើម្បីទុកធ្វើផ្ទះ។ ដំបូងយកបង្គោលឈើធ្វើជំពាមដាក់គង រួចដាក់រនូត យកដើមផ្ដៅចងឲ្យជាប់ រនាបលួសឲ្យស្អាត ដើម្បីកុំឲ្យមុត និងយកដើមឫស្សីចងធ្វើជាជញ្ជាំង ហើយប្រក់ស្លឹកត្នោត។ រយៈពេលមួយសប្ដាហ៍ក្រោយមក ទើបខ្មែរក្រហមបើកអង្ករឲ្យម្ដង ប៉ុន្តែហូបមិនគ្រប់គ្រាន់នោះឡើយ។ បន្ទាប់ពីសាងសង់ផ្ទះរួច មេកងខ្មែរក្រហមបានបែកចែកឲ្យក្រុមគ្រួសាររបស់ ឆុន និងប្រជាជនថ្មីទាំងអស់ទៅតាមកងបុរស នារីចល័ត ហើយចាស់ៗរៀបជាក្រុម បង្កើតជាសហករណ៍។ ឆុន ត្រូវបានខ្មែរក្រហមចាត់ឲ្យចូលក្នុងកងចល័ត ប្រើឲ្យទៅធ្វើស្រែនៅភូមិព្រៃស្មាច់ចំទីតាំងក្លោងទ្វាវត្តព្រៃខ្លុង (បច្ចុប្បន្នស្ថិតក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់)។ រៀងរាល់សម្រាកពីការងារ ឪពុកម្ដាយរបស់ ឆុន បានដើរកាប់ទំពាំងយកទៅស្ងោរឲ្យសាប រួចយកទឹកអំបិលច្របាច់ជាមួយស្លឹកត្រម៉ូង បុកលាយជាមួយក្រសាំងជ្រលក់ហូបជាមួយទំពាំង រហូតដល់ហើមរាង្គកាយ។ មួយខែក្រោយមក របបអាហារកាន់តែលំបាក បបរ៥កំប៉ុងលាយជាមួយទំពាំង លាយប្រង់ លាយក្ដួច កំណត់ឲ្យហូបរួមប្រហែល៧០ទៅ៨០នាក់។ មិនយូរប៉ុន្មានបងរបស់ ឆុន ម្នាក់ត្រូវបានស្លាប់ ដោយសារធ្វើការងារហួសកម្លាំង មិនមានអាហារហូបគ្រប់គ្រាន់ ហើយបានកប់នៅក្នុងភូមិវាលវង់។ ក្រោយបងរបស់ ឆុន ស្លាប់ មានប្រជាជនចាស់ៗជរា កងចល័ត និងកុមារតូចៗត្រូវបានស្លាប់ជាបន្តបន្ទាប់ ដោយសារខ្វះខាតរបបអាហារ។ ឆុន បាននៅក្នុងកងចល័តធ្វើស្រែនៅភូមិព្រៃស្មាច់អស់រយៈពេល១ឆ្នាំ ទើបត្រូវចល័តឲ្យទៅធ្វើការងារនៅកន្លែងផ្សេង។
ឆ្នាំ១៩៧៧ ខ្មែរក្រហមបានចល័ត ឆុន បែកពីឪពុកម្ដាយឲ្យទៅធ្វើការងារនៅក្នុងសហករណ៍កំពែង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ចំណែកឪពុកម្ដាយ និងប្អូនស្រីពៅរបស់ ឆុន ត្រូវបានខ្មែរក្រហមដឹកចេញពីភូមិវាលវង់ ឃុំរកាត ទៅដាក់នៅម្ខាងស្ទឹង ក្នុងភូមិដូនអី ឃុំចំរើនផល ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។ ក្រោយមក ឆុន បានដើរធ្វើស្រែជួបជាមួយម្ដាយ និងប្អូនស្រីពៅតែម្ដងគត់។ បន្ទាប់មក ឆុន ត្រូវបានជ្រើសរើសឲ្យទៅនៅក្រុមកងចល័តក្នុងតំបន់២វិញ ដែលប្រធានកងចល័តតំបន់២ឈ្មោះ សុវណ្ណ និងអនុប្រធានឈ្មោះ សឿន។ កងចល័តតំបន់មានប្រជាជនរាប់រយនាក់ទាំងបុរស នារី និងនារីៗកូនកាត់ចិន ដែលត្រូវបានជម្លៀសមកពីភ្នំពេញឲ្យមកធ្វើស្រែចម្ការ ប៉ុន្តែនារីទាំងអស់មករស់នៅស្រុកស្រែមិនបានយូរនោះទេនឹងត្រូវស្លាប់។ ឆុន ចល័តទៅលើកទំនប់ដំណាក់ឈើក្រម ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ និងលើកទំនប់យាយ រឹម ស្ថិតក្នុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ថ្ងៃមួយ តុល ត្រូវជាមិត្តរបស់ ឆុន បានប្រាប់ ឆុន ថា «ឆុន អើយ ឪឯងស្លាប់ហើយ ម៉ែឯងផ្ដាំមកថាឪឯងស្លាប់បាត់ហើយ ឲ្យឯងសុំគេទៅមើលគាត់ផង »។ បន្ទាប់មក ឆុន បានសុំអនុញ្ញាតមេកងទៅមើលឪពុកជាលើកចុងក្រោយ ប៉ុន្តែមេកងមិនអនុញ្ញាទាល់តែសោះ។ តុល ធ្វើការងាក្នុងកងចល័តជាមួយ ឆុន ហើយ តុល ជាប្រជាជនមូលដ្ឋានរស់នៅក្នុងភូមិដូនអី។ ផ្ទះរបស់ តុល និងផ្ទះរបស់ ឪពុកម្ដាយរបស់ ឆុន នៅក្បែរគ្នានៅក្នុងភូមិដូនអី ហើយ ឪពុករបស់ តុល ឈ្មោះ ទុង មានតួនាទីជាប្រធានភូមិដូនអីផ្ទាល់។ ឆុន ត្រូវបានខ្មែរក្រហមបង្ខំឲ្យរៀបការជាមួយបងជីដូនមួយរបស់ តុល ឈ្មោះ ឡៃ ហេង ដែលប្រពន្ធរបស់ ឆុន ឈ្មោះ ឡៃ ហេង មានស្រុកកំណើតនៅឃុំព្រងិល។ ក្នុងពេលរៀបការមានចំនួន៦គូ។ ក្រោយឪពុកស្លាប់បានរយៈពេលពីរសប្ដាហ៍ ម្ដាយរបស់ ឆុន បានឈឺរហូតដល់ស្លាប់ ដោយសារអត់អាហារបន្តទៀត។ ក្រោយម្ដាយស្លាប់ ឆុន បានដំណឹងថា ប្អូនស្រីពៅឈ្មោះ គាត ណៃហ៊ុន មានអាយុ៨ឆ្នាំ ត្រូវបានអ្នកភូមិកំពែងយកទៅមើល។ ឆ្នាំ១៩៧៨ តា ចាប មកពីភូមិពាមព្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវាញ បានទៅធ្វើជាមេសហករណ៍នៅភូមិកំពែង។ ឆុន ប្រាប់ថា នៅសហករណ៍កំពែងប្រមូលផលស្រូវបានច្រើនណាស់ ។ ក្រោយច្រូតស្រូវរួច ឆុន បានជញ្ជូនស្រូវដាក់ជម្រុកចំនួន២ធំៗនៅក្នុងឃុំតាងិល (បច្ចុប្បន្នឃុំព្រងិល) ស្រុកភ្នំក្រវ៉ាញ ប៉ុន្តែមិនមានបាយឲ្យប្រជាជនហូបគ្រប់គ្រាន់នោះទេ។
ឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយរំដោះមកដល់ភូមិកំពែង ឆុន បានរត់តាមប្រជាជនដទៃទៅតាមភ្នំបាក់រការ។ អំឡុងពេលរត់ចេញពីភូមិកំពែង ឆុន បានឃើញប្អូនស្រីពៅឈ្មោះ គាត ណៃហ៊ុន ប៉ុន្តែមិនបានទៅយកប្អូននោះឡើយ។ ទៅដល់លើភ្នំ ឆុន បានឃើញប្រជាជនស្លាប់ ហើមពាសពេញក្នុងព្រៃ។ បន្ទាប់មក ឈ្មោះ មីងទាវ ត្រូវជាកូនរបស់ តា រុំ និង យាយ សាត បានប្រាប់ ឆុន ថា ប្អូនស្រីពៅ ត្រូវបានឪពុកម្ដាយរបស់ខ្លួនយកទៅចិញ្ចឹមអំឡុងពេលកងទ័ពវៀតណាមចូលមករំដោះដល់ភូមិកំពែង។ តា រុំ និងយាយ សាត ជាអ្នកភូមិរស់នៅក្នុងភូមិសំរោងយា ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ អំឡុងពេលរត់ចូលព្រៃ ឆុន បានស្គាល់ជាមួយ កែវ ពង្ស មកពីភូមិភាគនិរតី។ ចុងឆ្នាំ១៩៧៩ ឆុន បានរត់ត្រឡប់មកភូមិកំពែង ដើម្បីរកប្រពន្ធ និងកូនចំនួន២នាក់(ស្រីម្នាក់) ស្រីជាកូនច្បង។
ខែកុម្ភៈ ឆ្នាំ១៩៨០ ឆុន បានសម្រេចចិត្តចូលព្រៃជាមួយឈ្មោះ សូត្រ ស៊ុយ មានតួនាទីជាកងពលក្នុងភូមិភាគ៣ ផ្កាយ១។ បន្ទាប់មក ឆុន បានភៀសខ្លួនរហូតទៅដល់ព្រំដែន(មិនប្រាប់ទីតាំង) ហើយ តា ប៉ុល ពត បានប្រាប់ថា «ឥឡូវបើយើងមានខ្សែបណ្ដាញតាមភូមិ ឲ្យចូលទៅបង្កប់ខ្លួន ទៅទំនាក់ទំនងវិញទៅ» ។ អំឡុងខែកញ្ញា ឆ្នាំដដែល ឆុន បានលួចចូលទៅផ្ទះ ដើម្បីជួបប្រពន្ធ និងកូនៗ ទើបទទួលបានដំណឹងថា ប្រពន្ធទើបតែស្លាប់ ហើយកូនៗត្រូវបានបងរបស់ប្រពន្ធយកទៅចិញ្ចឹម។ ក្រោយមក ឆុន បានត្រឡប់មកព្រំដែនថ្មដាវិញ ហើយឈរជើងក្នុងកងពលទី២ មានតួនាទីជាប្រធានវរសេនាតូច ដែលប្រធានកងពលទី២ឈ្មោះ តារ៉ែន។ ឆ្នាំ១៩៨៣ ឆុន បានឡើងតួនាទីជាប្រធានវរសេនាធំ ដឹកនាំកងទ័ពប្រហែល១០០នាក់។ កងទ័ពមួយរវសេនាធំប្រចាំនៅថ្មដា ឈ្មោះ ឡេង គ្រប់គ្រងមួយកង និងឈ្មោះ តា ជីម គ្រប់គ្រងមួយកង។ ខែឧសភា ឆ្នាំ១៩៨៣ ឆុន និងកងទ័ពទាំងអស់ត្រូវបានប្ដូរចេញពីថ្មដា ខេត្តពោធិ៍សាត់ទៅកាន់ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីរួមបញ្ចូលកងទ័ព បង្កើតជាកងពលថ្មីមួយគឺ កងពលលេខ១៨ ដែលប្រធានកងពលឈ្មោះ កែង ពង្ស (ឈ្មោះដើម ប៉េង ថៃ) និង បង ម៉ុន ជាអនុប្រធានកងពល។ ក្នុងកងពលលេខ១៨ ចែកចេញជា៣វរសេនាធំ មានវរសេនាធំ៤១ ដឹកនាំដោយ ឆុន ជាប្រធាន វរសេនាធំ៤២ដឹកនាំដោយឈ្មោះ ធុល ជាប្រធាន ហើយត្រូវជាប្អូនថ្លៃរបស់ កែវ ពង្ស និងវរសេនាធំ៤៤ដឹកនាំដោយឈ្មោះ សារ៉ាន់ ជាប្រធាន។ បន្ទាប់មក នៅរៀងរាល់ពេលយប់ ឆុន បាននាំកងទ័ពពិសេសប្រហែល១៤ទៅ១៥នាក់ ស្លៀកសម្លៀកបំពាក់ស៊ីវិលលួចបន្លំចូលទៅធ្វើសកម្មភាពនៅទីក្រុងភ្នំពេញ។ ឆ្នាំ១៩៨៧ ឆុន បានរៀបការជាមួយប្រពន្ធទី២ នៅលើទឹកដីថៃ ដែល កែវ ពង្ស ជាអ្នករៀបចំឲ្យ។
ឆ្នាំ១៩៩៦ កែវ ពង្ស បានពិភាក្សាជាមួយប្រធានវរសេនាធំទាំងបី ក្នុងកងពលលេខ១៨ ដើម្បីចុះចូលជាមួយរាជរដ្ឋាភិបាល។ ក្រោយចុះចូលជាមួយរដ្ឋាភិបាល ឆុន បានទទួលតួនាទីជាប្រធានវរសរនាធំដដែល មានសក្តិ៥ ក្នុងជួររដ្ឋាភិបាល។ ឆ្នាំ១៩៩៧ ឆុន បានចូលធ្វើជាប្រធានបរិស្ថានចាំតេអូប្រចាំនៅសាលាស្រុកវាលវែង។ រហូតដល់ឆ្នាំ២០០៩ ឆុន បានចូលនិវត្តន៍ពីតួនាទីជាប្រធានបរិស្ថាន។
អត្ថបទដោយ មឿន ស្រីនុច
[1] ឯកសារលេខ PTI0168, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ឡុង ដានី សម្ភាសន៍ជាមួយឈ្មោះ ឈួន ឆុន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។