ខ្មែរក្រហមចាក់ឧគ្ឃោសនាសព្ទខ្លាំងៗពេលសម្លាប់មនុស្ស
(ព្រៃវែង)៖ ជុំ ឈឺន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ គាត់បានរៀបការតាំងពីសម័យលន់ នល់ និងមានកូនពីរនាក់។
ក្នុងរបបខ្មែរក្រហម ឈឺន កូន និងប្រពន្ធមិនអាចរស់នៅជួបជុំគ្នាបានទេ ដោយអង្គការបានប្រើគាត់ឲ្យ រកអុស ទៅចិញ្ចឹមជ្រូក និងជីករែកដីធ្វើទំនប់ ប្រឡាយនៅឆ្ងាយៗពីកន្លែងប្រពន្ធ និងកូនស្នាក់នៅ។ គាត់ត្រូវទៅធ្វើការតាំងពីព្រឹកម៉ោងបីរហូតដល់ល្ងាចម៉ោងប្រាំ (សម្រាកពេលថ្ងៃកន្លះម៉ោងហូបបាយ) និងត្រូវស្នាក់នៅកន្លែងធ្វើការ។
ពេលយប់កន្លែងធ្វើការរបស់ ឈឺន មានការប្រជុំដើម្បីធ្វើស្វ័យតិទៀនពីគ្នាទៅវិញទៅមក។ តាមកងនីមួយៗអាចរាយការណ៍ពីអ្នកអសកម្មការងារប្រាប់ទៅអង្គការ អ្នកដែលត្រូវគេរាយការណ៍ញឹកញាប់នឹងត្រូវយកទៅរៀនសូត្រឬសម្លាប់ចោល។
ចំណែកឯអ្នកឈឺក៏ត្រូវបានអង្គការចោទថា ឈឺទម្រន់ និងខ្ជិលធ្វើការងារ ហើយអ្នកឈឺមិនទទួលបានរបបអាហារទេ ព្រមទាំងត្រូវបានអង្គការតាមដាន។
កូនៗ របស់ ឈឺន ត្រូវបានខ្មែរក្រហមប្រើឲ្យរើសអាចម៍គោ និងរើសគួរស្រូវ។ ចំណែកប្រពន្ធត្រូវប្រមូលលាមកមនុស្សដើម្បីទុកធ្វើជីលេខមួយសម្រាប់ដាក់ស្រែ។
នៅសហករណ៍ ឈឺន រស់នៅគាត់ធ្លាប់ឃើញខ្មែរក្រហមរៀបការឲ្យយុវជន យុវនារីទាំងក្រុមៗ។ អ្នករៀបការខ្លះមិនពេញចិត្តប៉ុន្តែមិនហ៊ានប្រកែក ខ្លាចខ្មែរក្រហម សម្លាប់ចោល។
ឈឺន ក៏ជាសាក្សីដែលបានឃើញការសម្លាប់មនុស្សច្រើនៗនាក់នៅក្នុងមន្ទីរសន្តិសុខ ដែលនៅជិតកន្លែងគាត់ធ្វើការទៀតផង។ ឈឺន និយាយបន្តថាទាហានខ្មែរក្រហមតែងចាក់ឧគ្ឃោសនាសព្ទ(មេក្រូ)ខ្លាំងៗ ដើម្បីកុំឲ្យឮសំឡេងស្រែកថ្ងូររបស់ជនរងគ្រោះមុនពេលស្លាប់។ សាកសពត្រូវបានទម្លាក់ចូលក្នុងរណ្តៅដែលជីកទុកជាស្រេច។
រឿងរ៉ាវដែល ឈឺន ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺការដែលអង្គការបានហៅគាត់ និងប្រជាជនដទៃទៀតបំរុងយកទៅសម្លាប់ដោយប្រាប់ថាទៅប្រជុំ។ ដោយពេលនោះមានប្រជាជនច្រើនពេក អង្គការខ្លាចមានការបះបោរទើបរំសាយគម្រោងការសម្លាប់ប្រជាជន។
ក្រោយពីរបបខ្មែរក្រហមដួលរលំ ឈឺន ប្រពន្ធ និងកូនបានត្រឡប់ពីសហករណ៍ និងបានមករស់នៅស្រុកកំណើតវិញប្រកបរបបធ្វើស្រែចម្ការរហូតដល់សព្វថ្ងៃ។ គាត់បានផ្តាំផ្ញើឲ្យយុវជនជំនាន់ក្រោយត្រូវចេះសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តពិសេសប្រវត្តិឃោរឃៅក្នុងរបបខ្មែរក្រហមដើម្បីចូលរួមទប់ស្កាត់កុំឲ្យរបបនោះត្រឡប់មកសារជាថ្មីលើទឹកដីប្រទេសកម្ពុជា។
សម្ភាសន៍ដោយ រុន សុជាតិ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤