ជុំ ដួង ហៅ សី ៖ អតីតកងការពារ ម៉ៃ ផូ

មន្ទីរនីរសារភូមិភាគបូព៌ា (បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
មន្ទីរនីរសារភូមិភាគបូព៌ា (បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំមានឈ្មោះដើម ពេជ្រ យឿន និងឈ្មោះបដិវត្តន៍ ជុំ ដួង ហៅ សី[1]។ ខ្ញុំមានអាយុ៣០ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧ ហើយមានស្រុកកំណើតនៅភូមិខ្ពប ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ឪពុកខ្ញុំឈ្មោះ ពេជ្រ ជុំ អាយុ៥០ឆ្នាំ(ក្នុងឆ្នាំ១៩៧៧) និងម្ដាយឈ្មោះ ខៀវ យីន ពួកគាត់ទាំងពីរនាក់មានអាយុស្របាលគ្នា។ ខ្ញុំមានប្អូនស្រីម្នាក់ឈ្មោះ គង់​ ជា អាយុ១៨ឆ្នាំ(ក្នុងឆ្នាំ១៩៧៧) ធ្វើការនៅកងចល័តឃុំរំចេក ស្រុកមេមត់ (បច្ចុប្បន្ន ខេត្តត្បូងឃ្មុំ)។

ខ្ញុំរស់នៅជាមួយឪពុកម្ដាយនៅភូមិខ្ពប ក្រោយមកដោយបារាំង បានកៀរអ្នកភូមិមិនឱ្យរស់នៅភូមិខ្ពបទៀត។ ឪពុកម្ដាយខ្ញុំបានប្តូរទៅរស់នៅភូមិកំពង់ស្រែ ឃុំឆ្លូង ស្រុកឆ្លូង តំបន់២១ ភូមិភាគបូព៌ា ដោយប្រកបមុខរបរកាប់ព្រៃដាំស្រូវ។ រស់នៅភូមិកំពង់ស្រែបានរយៈពេល៣ឆ្នាំ រហូតដល់ឆ្នាំ១៩៥៤ ខណៈពេលសន្និស័ទហ្សឺណែវ​ មានការផ្អាកសង្គ្រាមឪពុកម្ដាយខ្ញុំត្រឡប់មករស់នៅភូមិកំណើតនៅឯភូមិខ្ពបវិញ។

នៅឆ្នាំ១៩៥៦ ខ្ញុំចូលរៀនសាលាវត្តខ្ពប ហើយខ្ញុំរៀនបានរយៈពេល៤ឆ្នាំគឺក្នុងឆ្នាំ១៩៦០ ខ្ញុំឈប់រៀនដោយអស់ថ្នាក់រៀន ម្យ៉ាងទៀតបើសិនរៀនបន្តត្រូវធ្វើដំណើរឆ្ងាយខ្ញុំក៏សម្រេចចិត្តមកនៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។ ក្នុងឆ្នាំ១៩៦៤ ខ្ញុំបានបួសជានេន នៅវត្តខ្ពប ក្នុងឃុំរំចេក ស្រុកមេមត់។ ក្រោយមកបួសបានរយៈពេល៣ឆ្នាំខ្ញុំបានសឹកមកជួយធ្វើការឪពុកម្ដាយ។ នៅចុងឆ្នាំ១៩៦៦ ខ្ញុំទទួលបានការអប់រំខាងគោលជំហរ បដិវត្តន៍ពីឈ្មោះ សុង ,រី និង ​ស៊ីប។ រយៈពេលមួយឆ្នាំក្រោយមកខ្ញុំចូលបដិវត្តន៍បន្ទាប់ពីបានយល់អំពីជំហរបដិវត្តន៍ មានបងទាំង៣នាក់ខាងលើគឺជាអ្នកទទួលស្គាល់ជាផ្លូវការ។ តួនាទីខ្ញុំ​ចូលបដិវត្តន៍ដំបូង មានភារកិច្ចគឺជាអ្នកនាំព័ត៌មានពីភូមខ្ពប ទៅឱ្យអ្នកតស៊ូក្នុងព្រៃ។ មកដល់ឆ្នាំ១៩៦៨ ដោយមានសកម្មភាពខ្មាំងខ្លាំង និងមានការអំពាវនាវពីបក្សខ្ញុំចេញពីភូមិចូលតស៊ូនៅក្នុងព្រៃដែរ។  ពេល​ខ្ញុំរស់នៅតស៊ូនៅក្នុងព្រៃខ្ញុំមានភារកិច្ចគឺជាកងការពារប្រចាំមូលដ្ឋានខ្ពប។  ថ្ងៃមួយខ្មាំងមានសកម្មភាពខ្លាំងបានកម្ទេចមូលដ្ឋានខ្ពបបដិវត្តន៍របស់ខ្ញុំអស់។ ចំណែកបងៗមួយចំនួនត្រូវខ្មាំងសម្លាប់ ហើយ​មួយចំនួនទៀតខ្មាំងចាប់បានក៏ឆ្លើយសារភាពខ្មាំង។ មូលដ្ឋានខ្ញុំនៅសល់គ្នាពីរនាក់ដែលត្រូវរបួស គឺសមមិត្ត ឈឿន ខាងសេដ្ឋកិច្ចស្រុកមេមត់ និងខ្ញុំ។ យើងទាំងពីរនាក់បានរត់មកទាក់ទងភ្ជាប់ខ្សែជាមួយ​មូលដ្ឋាន ភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ ដោយមានឈ្មោះ ចាន់ និង ម៉ៃ ផូ គឺជាអ្នកទទួលស្គាល់។ ខ្ញុំរស់នៅតស៊ូបដិវត្តន៍ក្នុងព្រៃនៅមូលដ្ឋានភូមិព្នៅនេះរហូតដល់ថ្ងៃរដ្ឋប្រហារឆ្នាំ១៩៧០។ ក្រោយរដ្ឋប្រហារ ខ្ញុំគឺជាកងការពាររបស់អង្គការស្រុកមេមត់(ម៉ៃ ផូ) និងឆ្នាំ១៩៧១ ខ្ញុំមាននាទីជាអនុប្រធានមន្ទីរស្រុកមេមត់ និងទទួលខាងរោងពុម្ព។ ឆ្នាំ១៩៧២ ខ្ញុំមាននាទីជាប្រធាននយោបាយគ យោធា ស្រុកមេមត់។ ឆ្នាំ១៩៧៣ ខ្ញុំមាននាទីជាបញ្ជាការរួមឃ ៣១ ក្រោយមកប្រែជាឃ ៣២ ក្រោយមកទៀតឃ ៥៥។ ឆ្នាំ១៩៧៤ ខ្ញុំមាននាទីគឺជាគណៈបញ្ជាការឃ ៥៩។ ក្រោយមកទៀតឆ្នាំ១៩៧៦ អនុនយោ បាយ​ង យោធាតំបន់២១ មកដល់សព្វថ្ងៃ(១៩៧៧)។

មូលហេតុដែលអង្គការចាប់ខ្ញុំមកក្រសួងសន្តិសុខ តំបន់២១ ព្រោះខ្ញុំទទួលការអប់រំ និងចាត់តាំងក្បត់ពី ម៉ៃ ផូ ក្រោយមកនៅចម្ការកៅស៊ូជប់ ភូមិភាគបូព៌ា(២០២៣)។ ម៉ៃ ផូ អប់រំខ្ញុំចាប់តាំងពីឆ្នាំ១៩៧០ មកឱ្យចេះការពារគាត់ឱ្យបានល្អ គោរព និងមានជំនឿលើការដឹកនាំរបស់គាត់។ កាលនោះ ម៉ៃ ផូ គឺជាលេខាស្រុកតំបន់២១[2] រួមមាន  ស្រុកឆ្លូង ស្រុកកំចាយមារ[3] ស្រុកមេមត់[4] ស្រុកក្រូចឆ្មារ[5] ស្រុកត្បូង​ឃ្មុំ[6] ស្រុកពាមជីលាំង[7] ស្រុកតំបែរ[8] ស្រុកទឹកជ្រៅ[9]  និង ស្រុកទ្រមូង[10] ហើយខ្ញុំគឺជាកងការពាររបស់ ម៉ៃ ផូ។ ចំណែកភារកិច្ចប្រគល់ឱ្យខ្ញុំគឺ ១) បំផុសការភ្លើតភ្លើនក្នុងការហូបស្នាក់អាស្រ័យ និង​ប្រើប្រាស់សម្ភារ, ២) ឱ្យបំផុសការខ្ជះខ្ជាយមិនសន្សំសំចៃ, ៣)ឱ្យធ្វើការដណ្ដើមទឹកចិត្តពីមហាជន ហើយប្រមូលកម្លាំងឱ្យមានជំនឿលើ ម៉ៃ ផូ, ៤) ឱ្យអូសទាញ និងកសាងកម្លាំងក្បត់, ៥) ក្ដាប់ និងគ្រប់​គ្រងអង្គភាពឱ្យណែន។ ក្រោយមក ម៉ៃ ផូ បានប្រព្រឹត្តសីលធម៌ទី៦[11] អង្គការដក ម៉ៃ ផូ ពីតំបន់២១។ ម៉ៃ ផូ បានទៅនៅចំការកៅស៊ូភូមិភាគបូព៌ា នៅខាងរោងចក្រកៅស៊ូ ជប់។ បន្ទាប់ពី ម៉ៃ ផូ បានផ្លាស់​ទៅជប់ខ្ញុំបានរាយការណ៍ឱ្យ ម៉ៃ ផូ បានចំនួន២លើកក្នុងឆ្នាំ១៩៧៧ គឺ)អំពីសភាពការណ៍ស្រួល និងលំបាកនៅក្នុងអង្គភាព, សភាពការណ៍នៅព្រំដែនវៀតណាមបាញ់បោះរាល់ថ្ងៃ និងវៀតណាមបញ្ជូន​គិញឱ្យមកធ្វើសកម្មភាពក្នុងទឹកដីខ្មែរ, សកម្មភាពប្រជាជននៅតាមព្រំដែន រត់ទៅដីវៀតណាមមួយចំនួន, សភាពតាមព្រំដែនមានចោរកម្មលួចគោក្របីរបស់ប្រជាជន, បញ្ហាផ្ទៃក្នុងអង្គភាព និងមានកម្​មសិទ្ធិខាងអំណាចអាជ្ញាមួយចំនួនមានសកម្មភាពបង្ករទំនាស់ជាមួយប្រជាជន។ ក្រៅពីនេះខ្ញុំមិនបានរាយការណ៍ជាសំបុត្រអ្វីទេព្រោះខ្លាចបែកការណ៍។ តមកទៀតខ្ញុំមិនបានទាក់ទងការងារក្បត់ជាមួយ​ម៉ៃ ផូ ទៀតទេហើយខ្ញុំបានទាក់ទងភ្ជាប់ខ្សែជាមួយ បូ ម្ដង។ ឈ្មោះ ប៊ុន បាន ហៅ បូ[12]គឺជាលេខាស្រុកពាមជីលាំង ដោយខ្ញុំបានទទួលឥទ្ធិពល និងការអប់រំពី បូ ចាប់ខែកុម្ភៈ ឆ្នាំ១៩៧៧មក។ ខ្ញុំទទួល​​បានការអប់រំពី បូ បំផុសពីការបញ្ជាឱ្យជីកអាងក្រចាប់ ស្រុកពាមជីលាំង ប្រសិនបើលើកបានសម្រេចនោះមានគុណសម្បត្តិរបស់យើងជាយុទ្ធសាស្រ្ត ប្រសិនបើទប់មិនជាប់ត្រូវអន្តរាយ មានគុណ​វិបត្តិ។ បំផុសថា អង្គការលើកផែនការធ្វើអាងទឹក បឹងក្រចាប់នេះជួយស្រាយជីវភាពដល់ស្រុកពាមជីលាំង តែទស្សនៈមិនឯកភាពជាមួយផែនការរបស់បក្សព្រោះការលើកអាងនេះធ្វើឱ្យលិចទឹក ខ្វះ​ខាតដំណាំ​ពោត របស់ស្រុកពាមជីលាំង។ បូ បានលើកឡើងមានមោទនភាពខ្លួនឯងថា ស្រុកពាមជីលាំង គឺជាស្រុកនៅជួរមាត់ទន្លេ ស្រុកនេះទើបតែបង្កើតថ្មី តាំងតែពី បូ មកកាន់ជីវភាពប្រជាជនអាចដោះ​ស្រាយ​បានឥតមានបញ្ហាអ្វីស្មុគស្មាញ មិនដូចស្រុកក្រូចឆ្មារ សព្វថ្ងៃច្របូកច្របល់ដោះស្រាយជីវភាពប្រជាជនមិនបាន។

ចំណែកសកម្មភាពខ្ញុំទាក់ទងវៀតណាមវិញ កន្លងមកខ្ញុំបានចូលទៅទាក់ទងវៀតណាមចំនួន៣ដងគឺ៖ លើក ទី១ នៅខែមីនា ឬ មេសា ឆ្នាំ១៩៧៦ ខ្ញុំបានចូលដីវៀតណាមតាមច្រកចាន់មូល។ ពេលចូលមាន​​គ្នា៤នាក់ក្នុងគោលបំណងទាក់ទងឱ្យមានខ្សែបង្អែក, ការផ្លាស់ប្ដូរអាវុធ, ដូរគោក្របី,ទាក់ទងបញ្ហាព្រំដែនឱ្យទទួលស្គាល់គ្នាទៅវិញទៅមក និងប្រសិនជាកម្លាំងក្បត់ក្នុងប្រទេសកម្ពុជាបែកមុខរត់ចូល​វៀតណាមគឺឱ្យចូលផង។ លើកទី២ រំលងកន្លះខែលើកទី១ ខ្ញុំចូលដីវៀណាមម្ដងទៀតតាមច្រកបឹងច្រូង មានគ្នា៣នាក់។ ប៉ុន្តែខ្ញុំចូលជួបវៀតណាមឈ្មោះ អាថរ តែម្នាក់ឯងទេ។ ខ្លឹមសារខ្ញុំបានប្រាប់ថា នៅកម្ពុជា​អង្គការឱ្យដាក់គ្រាប់បែកតាមខ្សែព្រំដែន ចេញចូលត្រូវប្រយ័ត្ន និងបន្តទាក់ទងគ្នារហូត។ លើកទី៣ នៅខែវិច្ឆិកា ឆ្នាំ១៩៧៦ ចូលដីវៀតណាមតាមច្រកភូមិច្រកក្រាញ់។ ខ្ញុំមានគ្នា៣នាក់ចំណែក​វៀត​ណាម មានគ្នា៣នាក់ឈ្មោះ វៀង ​, ហាយ និង ឌឹក គឺជាកងការពារព្រំដែនវៀតណាម។ ខ្ញុំប្រាប់ថា​មុនចេញចូលទឹកដីកម្ពុជាឆ្លងព្រំដែនឬប្រតិបត្តិការ កុំដើរកៀកក្បែរទង់ពេក ប្រយ័ត្នជាន់មីន ចម្រូង ឬ ខ្នារ​ ដាក់​ដោយកម្ពុជា។​ ចំណែកបញ្ហាគោក្របី របស់ប្រជាជនដែលចូលស៊ីហួសចូលទៅដីវៀតណាមឱ្យចាប់ទុកទៅ និងមួយទៀត បើឃើញប្រជាជនកម្ពុជាចូលដីវៀតណាមឱ្យទទួលគ្រប់គ្រង និង​ជួយ​លាក់​បំពួនផង។ ក្រោយមកខ្ញុំត្រូវអង្គការចាប់យកមកឃុំ និងបញ្ចប់ការសួរចម្លើយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៧៧៕

អត្ថបទដោយ ដារ៉ារដ្ឋ មេត្តា


[1]ឯកសារ J០០៣១៨តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,« សេចក្ដីកត់ហេតុសួរចម្លើយ» សរសេរដោយដៃចំនួន១៨ទំព័រ។ កំណត់សម្គាល់ៈ ចម្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំនិងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះយើងមិនអាចសន្និដ្ឋានបានថាចម្លើយសារភាពរបស់  ជុំ ដួង ហៅ សី ពិតឬយ៉ាងណានោះទេ?

[2] ឯកសារ J០0៨៩២ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«ចម្លើយ ពេជ ផន ហៅ ម៉ៃ ផូ ប្រធានគមនាគមចំការកៅស៊ូ ២០៣»សរសេរដោយដៃ និងវាយអង្គលីលេខចំនួន១០៦ទំព័រ។ ទំព័រ៧។

[3] ឯកសារ D១០៤៨២ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«សិប្បកម្មស្រុកកំចាយមារ តំបន់២១»សរសេរដោយ វាយអង្គលីលេខចំនួន១ទំព័រ។

[4] ឯកសារ D១០៤៩៩ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«មន្ទីរស្រុកមេមត់ តំបន់២១»សរសេរដោយ វាយអង្គលីលេខចំនួន១ទំព័រ។

[5] ឯកសារ D១០៥០៥ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«គណៈស្រុកក្រូចឆ្មារ តំបន់២១»សរសេរដោយ វាយអង្គលីលេខចំនួន១ទំព័រ។

[6] ឯកសារ D១០៥៣៣ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«គណៈស្រុកត្បូងឃ្មុំតំបន់២១»សរសេរដោយ វាយអង្គលីលេខចំនួន១ទំព័រ។

[7] ឯកសារ D១០៥៤៥ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«សង្កាត់ពាមជីលាំង ស្រុកពាមជីលាំង តំបន់២១»សរសេរដោយ វាយអង្គលីលេខចំនួន១ទំព័រ។

[8] ឯកសារ D១០៥៥៣ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«សង្កាត់តំបែរ ស្រុកតំបែរ តំបន់២១»សរសេរដោយ វាយអង្គលីលេខចំនួន១ទំព័រ។

[9] ឯកសារ D១០៥៥៤ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«គណៈស្រុកទឹកជ្រៅ តំបន់២១»សរសេរដោយ វាយអង្គលីលេខចំនួន១ទំព័រ។

[10] ឯកសារ D១១៧៥៨ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«មន្ទីរសន្តិសុខ ស្រុកទ្រមូង តំបន់២១»សរសេរដោយ វាយអង្គលីលេខចំនួន១ទំព័រ។

[11] ឯកសារ D២១៤០៨ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«យកចិត្តទុកដាក់ បំពាក់បំប៉នបន្ថែមអំពីសីលធម៌១២ប្រការរបស់ជនបដិវត្តន៍» យុវជន និង យុវនារីបដិវត្តន៍ លេខ១០,ខែតុលា ឆ្នាំ១៩៧៨.ទំព័រ៣៦-៣៧។ ឯកសារវាយជាអង្គីលេខមានចំនួន៣៦ទំព័រ។

[12] ឯកសារ D១0៥៤៣ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«យោធាស្រុកពាមជីលាំង តំបន់២១ »សរសេរវាយអង្គលីលេខចំនួន១ទំព័រ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin