ឪពុកស្លាប់ដោយសារមាន់ព្រៃមួយក្បាល

(ស្ទឹងត្រែង)៖ ជីប សុផល ភេទប្រុស មានអាយុ ៦៨ឆ្នាំ។ សុផល មានស្រុកកំណើតនៅខេត្ត និងបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុផល មានឪពុកឈ្មោះ រ៉េន និងម្ដាយឈ្មោះ ធឿន។ សុផល ជាកូនទី៣ ក្នុងចំណោមបងប្អូនប្រាំបីនាក់ ក្នុងនោះស្រីប្រាំមួយនាក់។
នៅទសវត្សរ៍ឆ្នាំ១៩៦០ ឪពុកសុផល ដែលជាទាហានចូលនិវត្តន៍នារបបសង្គមរាស្ត្រនិយមបានស្ម័គ្រចិត្តមករស់នៅភូមិអូរស្វាយ ដើម្បីការពារព្រំដែន។ ឪពុកសុផល ទទួលបានផ្ទះកាឡុងមួយខ្នង ទំហំ៤០x១០០ម៉ែត្រការ៉េ, ដីស្រែមួយប្លង់សម្រាប់ដាំដុះ, ក្របីមួយនឹម និងរទេះមួយ។ សុផល និយាយថា នៅឆ្នាំ១៩៦៨ សម្តេចព្រះ នរោត្តម សីហនុ បានយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានអំណោយដល់ប្រជាជនដែលរស់នៅភូមិអូរស្វាយ។ ប្រជាជនរស់នៅដោយសម្បូរសប្បាយ ដោយសារភូមិអូរស្វាយសម្បូរដោយធនធានធម្មជាតិ និងត្រី។
នៅទសវត្សរ៍ឆ្នាំ១៩៧០ សុផល បានឈប់សិក្សាត្រឹមថា្នក់ទី១២ (សង្គមចាស់) បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៣ ខ្មែរក្រហមបានចូលមកក្នុងភូមិ និងបញ្ចុះបញ្ចូលប្រជាជនឲ្យមានក្តីសង្ឃឹមមកលើក្រុមខ្លួន។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលគ្រប់គ្រងអំណាចទូទាំងប្រទេស បានជម្លៀសប្រជាជនទាំងអស់ចេញពីភូមិអូរស្វាយ។ គ្រួសារសុផល ត្រូវខ្មែរក្រហមជម្លៀសទៅរស់នៅរួម ធ្វើការរួម និងហូបរួម នៅសហករណ៍អូររនោង។ សុផល ត្រូវធ្វើការហួសកម្លាំង ដូចជាលើកទំនប់, ជីកប្រឡាយ និងធ្វើស្រែ ដោយហូបចុកមិនគ្រប់គ្រាន់។
ដោយសារភាពអត់ឃ្លាន ឪពុកសុផល បានលួចដាក់អន្ទាក់មាន់ព្រៃ និងយកមកចែកឲ្យកូនហូប។ ខ្មែរក្រហមក៏ចាប់ខ្លួនឪពុកសុផលយកទៅសម្លាប់ ដោយសារលួចហូបមាន់ព្រៃ។ សុផល និយាយថា សូម្បីតែដំឡូងដាំបានជុំវិញផ្ទះ ឬត្រីដែលសម្បូរ ក៏ខ្មែរក្រហមមិនឲ្យហូបដែរ។ សុផល បន្តថា របបខ្មែរក្រហមបានធ្វើឲ្យគាត់ប៉ះទង្គិចផ្លូវចិត្ត។ សុផល ថានៅភូមិអូរស្វាយ ប្រជាជន១៧មេសា ដែលមកពីទីក្រុងភ្នំពេញជាច្រើន និងជនជាតិឡាវពីរនាក់ ត្រូវបានខ្មែរក្រហមសម្លាប់ដោយគ្មានមេត្តា។
នៅឆ្នាំ១៩៧៩ ក្រោយពីរបបខ្មែរក្រហមបានដួលរលំ សុផល បានត្រលប់ភូមិអូរស្វាយ ដោយប្រកបរបរធ្វើស្រែចម្ការ និងនេសាទ។ ក្រោយមក សុផល រៀបការជាមួយប្រពន្ធឈ្មោះ មាត សុភាព និងមានកូនម្នាក់។ សុផល លើកឡើងថា បច្ចុប្បន្ន ដោយសារការនេសាទខុសច្បាប់ ធនធានត្រីបានធ្លាក់ចុះ។ ជាចុងក្រោយ សុផល សង្ឃឹមថានឹងមានការអភិរក្សធនធានធម្មជាតិក្នុងភូមិអូរស្វាយ ដើម្បីអនាគតអ្នកជំនាន់ក្រោយ៕
សម្ភាសដោយ ប៉ិច ឌីកាយ៉ាណា ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥