អង្គការបញ្ជាឲ្យខ្ញុំបុកស្រូវមួយថ្ងៃមួយពាន់កំប៉ុង

ជេវ សាមី រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ខ្ញុំឈ្មោះជេវ សាមី [1]អាយុ៧១ឆ្នាំ ខ្ញុំមានឪពុកឈ្មោះជេវ ស៊ុ្រន ម្ដាយឈ្មោះអឹម ញិក ខ្ញុំមានបងប្អូន៧នាក់ (ស្រី៥/ប្រុស២) ខ្ញុំជាកូនទី២នៅក្នុងគ្រួសារ។ ខ្ញុំមានស្វាមីឈ្មោះទាវ ឆុន និងមានកូន៨នាក់ (ស្រី៣/ប្រុស៥)។ ខ្ញុំមានស្រុកកំណើតនៅភូមិដូនកឹង ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ បច្ចុប្បន្នខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ខ្ញុំមករស់នៅអូរស្វាយនេះតាំងពីសម័យសម្ដេចព្រះ នរោត្តម សីហនុ កៀរគរឲ្យមករស់នៅមកម្ល៉េះ។ នៅពេលនោះសម្ដេចព្រះ នរោត្តម សីហនុ ចាត់ប្រជាជនឲ្យមកការពារទឹកដីពីការឈ្លានពានពីប្រទេសឡាវ។ នៅពេលខ្ញុំមករស់នៅដំបូង តំបន់នេះមានតែព្រៃទេ។ បន្ទាប់មកសម្ដេច ក៏បានចែកផ្ទះមួយខ្នង, ដីភូមិដែលមានមុខកាត់៤០ម៉ែត្រ និងបណ្ដោយ៥០ម៉ែត្រ និងដីស្រែចម្ការ ៥ហិកតាដល់ប្រជាជនមួយគ្រួសារៗ។ ក្រៅពីនេះ សម្ដេចក៏បានចែកសម្ភារប្រើប្រាស់ និងគ្រឿងបរិភោគផ្សេងៗទៀតដែរ។ សម្ដេចព្រះ នរោត្តម សីហនុ បានយាងសម្ពោធបុរីអូរស្វាយម្ដងដែរ។ នៅពេលនោះសម្ដេច បានចែកក្រណាត់ដែលមានសញ្ញាថា «សង្គមរាស្រ្តនិយម» ដល់ប្រជានុរាស្រ្តទាំងអស់ដែលបានមកទទួលស្វាគមន៍ព្រះអង្គ។ នៅពេលនោះ ចាប់ផ្តើមមានការអភិវឌ្ឍច្រើនឡើងនៅតំបន់នេះ មានដូចជា ផ្សារ, សាលាស្រុក, វត្ត, បន្ទាយទាហាន, អាកាសយានដ្ឋាន និងសួនច្បារ។

មកទល់បច្ចុប្បន្ន កន្លែងមួយចំនួនបានបាក់ស្រុតចូលក្នុងទន្លេ ហើយកន្លែងមួយចំនួនទៀត ត្រូវបានកម្ទេចដោយការទម្លាក់គ្រាប់បែក នៅសម័យ លន់ នល់ ក្រោយការធ្វើរដ្ឋប្រហារ ក្នុងឆ្នាំ១៩៧០។ នៅពេលនោះ ខ្ញុំនិងគ្រួសារ នាំគ្នាជីករណ្ដៅត្រង់សេដើម្បីលាក់ខ្លួន។ ខ្ញុំនិងគ្រួសាររស់នៅទាំងភិភ័យជារៀងរាល់ថ្ងៃ ព្រោះខ្លាចយន្តហោះសហរដ្ឋអាមេរិកទម្លាក់គ្រប់បែកចំកន្លែងដែលខ្ញុំនិងគ្រួសារលាក់ខ្លួន។

នៅពេលរបបខ្មែរក្រហមចូលមកដល់ក្នុងឆ្នាំ១៩៧៥ ខ្ញុំត្រូវបានអង្គការប្រើឲ្យបុកស្រូវរយៈពេល៣ឆ្នាំពេញ ដោយមួយថ្ងៃៗ អង្គការបានបង្ខំឲ្យខ្ញុំបុកស្រូវឲ្យបានមួយពាន់កំប៉ុង ។ ខ្ញុំមិនមែនអង្គុយតែបុកស្រូវនោះទេ គឺខ្ញុំត្រូវបានអង្គការឲ្យបោកស្រូវទៀតផង។ បោកស្រូវរួច ខ្ញុំត្រូវយកមកសិត ដើម្បីយកស្រូវដែលប្រហោងគ្មានគ្រាប់ចេញ។ ក្នុងមួយក្រុម មានសមាជិកពី ៥នាក់ទៅ៧នាក់ ក្នុងនោះមានតែខ្ញុំទេដែលនៅក្មេងជាងគេ ក្រៅពីនោះសុទ្ធតែជាយាយៗដែលមានអាយុចាប់៤០ ដល់៥០ឆ្នាំ។ ដូចនេះ ខ្ញុំនេះហើយជាអ្នកដែលធ្វើការងារខ្លាំងជាងគេក្នុងក្រុម។ ខ្ញុំខិតខំណាស់មិនហ៊ានឈប់សម្រាកទេ ព្រោះខ្លាចមិនគ្រប់តាមផែនការដែលអង្គការបានកំណត់។

​នៅថ្ងៃមួយនោះ ខ្ញុំបានធ្លាក់ខ្លួនឈឺខ្លាំង និងមិនអាចធ្វើការងារបាន។ ប្រធានសហករណ៍បានមកមើលខ្ញុំ ឃើញថាខ្ញុំឈឺពិតមែន ទើបមិនបានថាអ្វីដល់រូបខ្ញុំទេ។ ខ្ញុំមិនហ៊ានសូម្បីតែគិតថាលួចអង្កររបស់អង្គការទេ ទោះបីខ្ញុំហេវហត់អស់កម្លាំងយ៉ាងណាក៏ដោយ។ ខ្ញុំខ្លាចអង្គការយកទៅសម្លាប់ ហើយខ្ញុំក៏មើលឃើញថាប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា ក៏មិនបានហូបគ្រប់គ្រាន់ដូចជាខ្ញុំដែរ។ ទាំងអស់គ្នានៅតស៊ូបាន ដូចនេះខ្ញុំត្រូវតែតស៊ូ ដូចជាប្រជាពលរដ្ឋដទៃទៀតដែរ។ ក្រោយមកខ្មែរក្រហមបានជម្លៀសខ្ញុំទៅរស់នៅភូមិស្ដៅ។ ទៅដល់ទីនោះ អង្គការបានប្រើខ្ញុំលើកភ្លឺស្រែ, ដកសំណាប, ស្ទូង, គាស់គល់ឈើ និងលើកទំនប់ដោយគ្មានពេលសម្រាក។ ចំពោះការបរិភោគវិញ ខ្ញុំ​បរិភោគម្ដងៗបានតែមួយកូនចានចង្កឹះប៉ុណ្ណោះ។ ក្នុងនោះ អង្គការមានលាយផ្លែពោតទុំ និងគល់ចេក ហើយយើងចេះតែបរិភោគទៅ ដើម្បីបានឆ្អែត។

មានពេលមួយ ប្ដីរបស់ខ្ញុំបាននិយាយជាមួយខ្ញុំថា «អង្គការឲ្យបរិភោគមិនដែលបានពេញចានសោះ បានតែកន្លះៗចាន។» ពេលនោះ អង្គការបានឮ ក៏បានចាប់ប្ដីរបស់ខ្ញុំទៅដាក់ទោស ដោយឲ្យគាត់ភ្ចួរដីក្នុងមួយថ្ងៃឲ្យបានមួយហិកតា ដោយភ្ចួរនិងក្របី។ ប្ដីរបស់ខ្ញុំខិតខំទាំងយប់ទាំងថ្ងៃ នៅតែមិនរួចរាល់។ ដោយបានឃើញពីការខិតខំរបស់ប្ដីខ្ញុំ តែនៅមិនរួចរាល់ អង្គការក៏បានលើកលែងទោសដល់ប្ដីខ្ញុំ។ នៅអំឡុងពេលនោះ ខ្ញុំបានបន់ស្រន់ថាសូមឲ្យប្ដីរបស់រួចផុតពីទោសនេះផង។ ខ្ញុំក៏ធ្លាប់បានរកគិតខ្លីដែរ តែមានអ្នកដែលស្គាល់ឃាត់ថា «កុំលេបថ្នាំអី បើឯងស្លាប់ទៅមានអ្នកណាមើលកូនរបស់មិត្តឯង ហើយក៏រង់ចាំមើលប្ដីមិត្តឯងសិនទៅ។» ពិតជាសំណាងល្អ ប្ដីរបស់ខ្ញុំមិនត្រូវបានខ្មែរក្រហមសម្លាប់ឡើយ។

ប៉ុន្មានថ្ងៃក្រោយមកខ្ញុំបានយល់សប្ដិឃើញថា មានកងទ័ពមករំដោះយើងចេញពីរបបដ៏ខ្មៅងងឹតនេះ។ មិនបានយូរប៉ុន្មាន ទាហានខ្មែរក្រហមក៏បានបញ្ជាឲ្យខ្ញុំនិងសមមិត្តដទៃទៀត ទៅជីករណ្ដៅ តែខ្ញុំមិនបានដឹងថាទាហានខ្មែរក្រហមឲ្យយើងជីករណ្ដៅនោះក្នុងគោលបំណងអ្វីឡើយ។ យើងជីកកាន់តែជ្រៅៗទៅ។ ស្រាប់តែពេលនោះ ក្រុមទាហានរណសិរ្សរួបរួមជាតិកម្ពុជា មកដល់រួចក៏បានសួរខ្ញុំនិងមនុស្សម្នាទាំងអស់គ្នាថា «ពុកម៉ែកំពុងតែធ្វើអ្វី?» ខ្ញុំក៏ឆ្លើយថា«អង្គការបញ្ជាឲ្យយើងជីក។» ទាហានទាំងនោះក៏បានប្រាប់ថា «ពុកម៉ែជីកនេះ តែជីករួចរាល់ហើយ ទាហានខ្មែរក្រហមនិងវាយពុកម៉ែសម្លាប់នៅក្នុងរណ្ដៅនេះហើយ។ ពុកម៉ែឆាប់នាំគ្នារត់ទៅ។» ខ្ញុំបានរត់ទៅដល់ដំណាក់ត្រាច, ស្រុកសំអាង, ស្រុកឆ្វាំង ខេត្តព្រះវិហារ។ រត់ចុះរត់ឡើង ខ្ញុំក៏បានជួបនិងទាហានស្ម័គ្រចិត្តវៀតណាម។ ទាហានក៏បានបញ្ចូនខ្ញុំនិងគ្រួសារវិលត្រលប់មកកាន់ខេត្តស្ទឹងត្រែងវិញ។ ពេលយើងមកដល់ខេត្តស្ទឹងត្រែង ទាហានក៏បានឲ្យខ្ញុំនិងគ្រួសារបរិភោគឆ្អែត។ មិនតែប៉ុណ្ណោះ នៅតាមផ្លូវក៏មានអ្នកឲ្យអង្ករ ស្រូវ និងមាន់ទាទៀតផង។ ខ្ញុំបានវិលត្រលប់មកដល់ភូមិស្ដៅវិញបានប៉ុន្មានថ្ងៃក្រោយមក ក៏បាននាំគ្រួសារមករស់នៅភូមិអូរស្វាយវិញ និងរស់នៅទីនេះមកដល់សព្វថ្ងៃ។

ចំពោះបញ្ហាសុខភាព ខ្ញុំមានជំងឺដូចជា អស់កម្លាំងហេវហត់, ស្រវាំងភ្នែក, ខ្សោយបេះដូង, ត្រចៀកលឺបានតែនៅជិត និងឈឺសន្លាក់ជាដើម។

អត្ថបទដោយ ស្រេង លីដា


[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ជាមួយ ជេវ សាមី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា,បទសម្ភាសដោយ ស្រេង លីដា។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin