សម្លាប់ដោយសារធ្វើការមិនរួច

ជុន អែម រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  ជុន អែម អាយុ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

កាលពីសម័យខ្មែរក្រហម គាត់ត្រូវបានជម្លៀសឲ្យទៅរស់នៅតាមសហករណ៍នៃក្រុមស្រែណងដាន។ ខ្មែរក្រហមបានឲ្យគាត់ធ្វើការនៅក្នុងកងចល័ត ដោយឃ្លាតឆ្ងាយពីឪពុកម្ដាយ។ កុមារក្នុងកងចល័តទាំងអស់ត្រូវចាប់ផ្តើមធ្វើការនៅម៉ោង៦ព្រឹក រហូតដល់ម៉ោង១២ ថ្ងៃត្រង់ ទើបបានសម្រាក និងបន្តធ្វើការពីម៉ោង១រសៀល រហូតដល់៦ល្ងាចទើបបានសម្រាកនិងហូបបាយឬបបរ ម្ដងទៀត។ នៅសម័យនោះ អាហារមានតែពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃគឺនៅពេលថ្ងៃត្រង់ និងនៅពេលល្ងាច។

នៅឯខាងស្រែណាង៉ាម អង្គការខ្មែរក្រហមបានជម្លៀសប្រជាជនមួយចំនួន និងប្រមូលទ្រព្យសម្បត្តិដូចជា សម្ភារ និងសត្វចិញ្ចឹមផ្សេងៗដាក់ជារបស់រួម ឬជារបស់សមូហភាព។ គាត់បានបន្តថា សម្ភារដែលជារបស់ឯកជនត្រូវបានហាមឃាត់។ នៅពេលជម្លៀសដំបូង គឺគ្មានបាយសម្រាប់បរិភោគនោះទេ មានតែដើមចេកចាស់ៗលាយជាមួយអង្ករមួយទៅពីរកំប៉ុងប៉ុណ្ណោះក្នុងមួយថ្ងៃ។

កងចល័ត ត្រូវហូបរួមធ្វើការរួមដូចជាការលើកភ្លឺស្រែ លើកប្រឡាយដោយហួសកម្លាំង ថែមទាំងគ្មានពេលសម្រាក និងហូបចុកមិនបានគ្រប់គ្រាន់។

នៅពេលកំពុងលើកទំនប់ ឬលើកប្រឡាយ មានខ្មែរក្រហមសួរនាំ ដោយនិយាយ​ថា៖ «ចង់លោតប្រឡាយ ឬអត់?» ចំពោះអ្នកដែលខ្មែរក្រហមមើលទៅធ្វើការមិនកើត។ អ្នកទាំងនោះត្រូវបានខ្មែរក្រហមគំរាមកំហែង ខ្លះត្រូវបានបាញ់សម្លាប់ដោយសារធ្វើការមិនរួច ឬធ្វើការយឺត។

ចំពោះអ្នកដែលមានជំងឺធ្ងន់ ត្រូវបានខ្មែរក្រហមព្យាបាលឲ្យជាសះស្បើយ ប៉ុន្តែអ្នកទាំងនោះត្រូវធ្វើពលកម្មបន្តជាច្រើន និងរហ័សតាមការចង់បានរបស់ប្រធានក្រុមខ្មែរក្រហម។ នៅក្នុងមួយក្រុមកងចល័ត មានសមា​    ជិក​ចំនួន១៥ នាក់។ ជុន អែម និងសមាជិក ត្រូវ​ដើរស្ទូងស្រូវ និងច្រូតស្រូវនៅរដូវប្រមូលផល ដោយមានការប្រលង​ប្រណាំងគ្នា និងទិតៀនគ្នាដូចជាការឈរទះដៃ ដោយ​ហៅសមាជិកដែលធ្វើមិនទាន់ហើយថា «អន់» ជាដើម។ គាត់ត្រូវខិតខំធ្វើការងារទាំងលំបាក ទាំងយប់ទាំងថ្ងៃ ជួនកាលគាត់សម្រាកបានតែមួយម៉ោងប៉ុណ្ណោះក្នុងមួយយប់។ ខ្មែរក្រហមបានវាយគងដាស់ក្រុមចល័តរបស់គាត់ ទៅធ្វើការទាំងយប់ងងឹត អ្នកដែលមិនធ្វើតាមនឹងត្រូវបង្អត់អាហារ។​

ក្រោយពីបញ្ចប់ការងារក្នុងសហករណ៍របស់ខ្លួន ជុន អែម ត្រូវបន្តទៅធ្វើការនៅសហករណ៍ផ្សេងទៀត ដូចជានៅភូមិតាវែង និងភូមិណងដាន ដោយមានថ្នាក់ដឹកនាំឈ្មោះ តាប៊ុនសំ តាស្វាំង និង តាតង ជាអ្នកមើលការខុសត្រូវក្នុងសហករណ៍ទាំងនោះ។

នៅថ្ងៃមួយកងទ័ពវៀតណាមបានចូលមកដល់ គាត់បានស្ទុះទៅរកឪពុកម្តាយនៅឯស្រែណាង៉ាម នៅពេលនោះតាប៊ុនសំ ដែលជាប្រធានសហករណ៍នៅទីនោះ បានបញ្ជាឲ្យប្រជាជនរត់ចូលព្រៃជ្រៅដើម្បីគេចខ្លួន។ គាត់បានរត់ចូលព្រៃទៅតាមអ្វីដែលខ្មែរក្រហមបង្គាប់ ដោយរស់នៅយ៉ាងលំបាកអស់ជាច្រើនខែ។

ជាចុងក្រោយ ជុន អែម គាំទ្រចំពោះការដាក់ទោសពន្ធនាគារអស់មួយជីវិតទៅលើមេដឹកនាំខ្មែរក្រហមដែលបានសម្លាប់ប្រជាជនអស់ជាច្រើនលាននាក់៕

សម្ភាសន៍ដោយ កុច សាដៀក​ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin