ជុំ ផាន ត្បាញកន្ទេលរុន

នៅក្នុងរបបខ្មែរក្រហមអង្គការចាត់តាំងឲ្យ ផាន ត្បាញកន្ទេលរុន។ រុន[1] (ន.) កក់មួយប្រភេទ ដើមមូល ស្លឹកធំៗ សំបកឬខ្នងមានប្រយោជន៍ប្រើការធ្វើជាខ្នួច ឬត្បាញធ្វើកន្ទេលជាដើម; រុនមាន ២ប្រភេទគឺ រុនទឹក ដុះ ក្នុងទីមានទឹកឬដាំលើគោកមានដីសើមក៏រស់។ រុនភ្នំ ដុះក្នុងទីក្បែរជ្រោះភ្នំ ដើមធំវែងសាច់រឹង ប្រើធ្វើជាដំបង បាន កន្ទេលរុន, ដំបងរុន; គួរដាំរុនត្រង់ខាងៗនៃស្រះ ឬត្រពាំង។ ខាងក្រោមនេះជាសាច់រឿងរបស់ជុំ ផាន៖
ជុំ ផាន[2] ភេទស្រី មានអាយុ៧៧ឆ្នាំ និងមានទីកន្លែងកំណើតនៅក្នុងភូមិស្រែចារ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ បច្ចុប្បន្នរស់នៅក្នុងភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ឪពុកខ្ញុំ ឈ្មោះ ជួន ជុំ ស្លាប់ដោយសារជំងឺនៅអាយុ១០៥ឆ្នាំ។ ម្ដាយឈ្មោះ នួន ខាត់ ស្លាប់នៅក្នុងសម័យយសង្គមរាស្រ្តនិយម។ ខ្ញុំមានបងប្អូន៤ នាក់ ក្នុងនោះមានប្រុស២នាក់ និងស្រី២នាក់។ ខ្ញុំជាកូនពៅនៅក្នុងគ្រួសារ។ ប្ដីខ្ញុំឈ្មោះ ហួន សាន ស្លាប់នៅ ឆ្នាំ២០០០។ ខ្ញុំមានកូន៧នាក់ ក្នុងនោះមានប្រុស២នាក់ និងស្រី៥នាក់។
ខ្ញុំមិនដែលបានរៀនសូត្រទេ។ ខ្ញុំធ្វើតែស្រែចម្ការ និងដាំដំណាំសម្រាប់ផ្គត់ផ្គង់គ្រួសារ។ ដំណាំគ្រួសារខ្ញុំ ដាំមាន ពោត, សណ្ដែក និងស្រូវ។ ពេលទំនេរពីធ្វើស្រែខ្ញុំទៅក្នុងព្រៃកាប់ផ្ដៅ និងបោចវល្លិ៍យកមកលក់។ គ្រួសារ ខ្ញុំទទួលបានការហូបចុកគ្រប់គ្រាន់ ហើយប្រជាជនភាគច្រើននាំគ្នានាំដំឡូងគ និងដំឡូងជ្វាទុកហូប។
នៅអាយុ១៧ឆ្នាំ ខ្ញុំបានរៀបការប្តីឈ្មោះ ហួន សាន នៅភូមិស្រែចារ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ ពេលខ្ញុំរៀបការមានផ្នួងរៀបចំតាមប្រព្រៃណីត្រឹមត្រូវ។ ខ្ញុំរៀបការរួចបានមករស់នៅភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
នៅឆ្នាំ១៩៧០ ពេលមានចលាចលរដ្ឋប្រហារ នៅក្នុងភូមិសំរ៉ង ក៏មានការយន្តហោះអាមេរិកាំង ទម្លាក់គ្រាប់បែក និងឆេះផ្ទះប្រជាជន។ ប្រជាជនភូមិសំរ៉ងទាំងអស់ បាននាំគ្នារត់ចេញទៅនៅ ភូមិសំពោច និងភូមិស្រែរនាម។ គ្រួសារខ្ញុំបានរៀបចំសម្ភារប្រើប្រាស់ដាក់លើរទេះគោ រួចចេញដំណើរទៅភូមិសំពោច ស្នាក់នៅបាន ៤យប់ ក៏បានធ្វើដំណើរបន្តទៅភូមិស្រែរនាម។ នៅភូមិស្រែរនាម គ្រួសារខ្ញុំបានជីករណ្ដៅត្រង់សេសម្រាប់លាក់ខ្លួន។ អំឡុងពេលនោះខ្ញុំមានកូនម្នាក់។ ជីវិតខ្ញុំពេលនោះពិបាកណាស់ ត្រូវរត់គេចគ្រាប់ពួនក្នុងរណ្ដៅត្រង់សេ។ កូនខ្ញុំនៅតូចមិនស្រួលដូចមនុស្សធំទេ នៅក្នុងរណ្ដៅត្រង់សេក្ដៅស្អុះយំពេញរណ្ដៅ។ ពេលនោះខ្ញុំ ពិបាកក្នុងការហូបចុកណាស់ នៅពេលដាំបាយខ្លាចមានផ្សែងព្រួយបារម្ភខ្លាចយន្តហោះមកទម្លាក់គ្រាប់។
ខ្ញុំនៅស្រែរនាមបានមួយឆ្នាំក៏ត្រឡប់មកនៅភូមិសំរ៉ងវិញ។ ពេលនោះនៅក្នុងភូមិគ្មានផ្ទះសម្បែងទេ មានតែព្រៃ។ នៅដីផ្ទះខ្ញុំមានដើមដូងពីដើម និងដុះសុទ្ធតែស្មៅ។ ចំណែកផ្ទះបានឆេះខ្ទេចខ្ទីអស់គ្មានសល់ សូម្បីកម្ទេចផេះ។ គ្រួសារខ្ញុំបានសាងសង់ផ្ទះថ្មីសម្រាប់ស្នាក់នៅ។ រួចចាប់ផ្ដើមកាប់ឆ្ការព្រៃសម្រាប់ដាំដំណាំហូប។ គ្រួសារខ្ញុំពេលនោះមិនសូវមានបាយហូបទេ ជីកតែដំឡូង និងមើមក្ដួចមកហូបជំនួសបាយ។ នៅចុងឆ្នាំដដែល ក្នុងភូមិសំរ៉ង បានចាប់ផ្ដើមរៀបចំធ្វើជាសហករណ៍។ ប្រជាជននៅក្នុងភូមិសំរ៉ង ធ្វើការងារប្រវាស់ដៃគ្នារួមគ្នាហើយពេលទទួលបានផលស្រូវទុកដាក់នៅជង្រុកហូបរៀងៗខ្លួន។ គ្រួសារខ្ញុំ ពេលនោះទទួលបានការហូបចុកគ្រប់គ្រាន់។
នៅឆ្នាំ១៩៧៥ នៅក្នុងភូមិសំរ៉ង ចាប់ផ្ដើមធ្វើស្រែរួមគ្នា ចំណែកផលស្រូវដែលទទួលបានយកទុកក្នុង ជង្រុករួម។ ស្រូវឬអង្ករចែកទៅតាមចំនួនកម្លាំងដែលបានទៅបំពេញការងារ។
នៅដើមខែឧសភា ឆ្នាំ១៩៧៥ នៅក្នុងភូមិសំរ៉ង មានក្រុមដើរប្រមូល មាស, ប្រាក់, ទ្រព្យសម្បត្តិ និងលុយកាក់ពីប្រជាជននៅតាមផ្ទះ យកទៅដាក់នៅឃ្លាំងរួម។ ប្រជាជនទាំងអស់ត្រូវប្រមូលទ្រព្យសម្បត្តិផ្ទាល់ខ្លួនជូនអង្គការ សូម្បីតែចានឆ្នាំង ក៏មិនត្រូវបានអនុញ្ញាតឲ្យមានទុកដែរ។
អង្គការចាប់ផ្ដើមបែងចែកក្រុមមនុស្សឲ្យធ្វើការទាំងអស់គ្មាននរណាម្នាក់ទំនេរទេ។ កុមារ ត្រូវដើររើសអាចម៌គោ, កាប់ដើមទន្ទ្រានខេត្ត ដើម្បីធ្វើជីដាក់ដំណាំ បន្លែ, ត្រកួន, ស្ពៃ និងស្រូវ។ កងចល័តជាក្រុមត្រូវធ្វើការងារតាមបទបញ្ជាអង្គការដូចជា ដក, ស្ទូង, ច្រូត, និង លើកទំនប់, លើកភ្លឺស្រែ ឬលើកប្រព័ន្ធប្រឡាយទឹក។ មនុស្សចាស់អង្គការចាត់តាំងឲ្យនៅមើលកុមារ, ដេញចាបនៅតាមវាលស្រែ និងធ្វើឧបករណ៍ប្រើប្រាស់ រួមមាន៖ ក្រមា, ដងចប,ដងកាំបិត, រនាស់, នង្គ័ល, ចង្អេរ, កន្រ្តងប្រហុក, ឈ្នាង, ល្អី, កញ្ច្រែង, និងកន្ទេល។ ចំណែកខ្ញុំត្រូវបានអង្គការចាត់តាំងឲ្យត្បាញកន្ទេលធ្វើពីដើមរុន។
ខ្ញុំបានយកកូនទៅផ្ញើជាមួយកងកុមារ ដើម្បីយកពេលវេលាមកធ្វើកិច្ចការងារដែលអង្គការបានដាក់ បទបញ្ជា។ ប្ដីខ្ញុំនៅកងភ្ជួររាស់ ហើយប្ដីខ្ញុំភ្ជួរស្រែរាល់ថ្ងៃមិនសូវបានជួបជុំគ្រួសារទេ។
នៅក្នុងភូមិសំរ៉ង ប្រជាជនហូបចុកក្នុងមួយថ្ងៃ២ពេល គឺពេលថ្ងៃត្រង់ និងល្ងាច។ ខ្ញុំហូបចុកមិនបានគ្រប់គ្រាន់ទេ។ រាង្គកាយខ្ញុំគ្មានកម្លាំងហើយពេលឈឺ គ្មានថ្នាំពេទ្យទេ មានតែថ្នាំអាចម៌ទន្សាយ និងថ្នាំខ្មែរ។ បើសិនជាឈឺធ្ងន់ៗគ្មានសង្ឃឹមរស់ទេ។
គណៈកងឈ្មោះ តាយង នៅពេលប្រជុំម្ដងៗ តែងនិយាយអំពីការពង្រឹង និងលត់ដំប្រជាជនឲ្យខិតខំធ្វើការងារកុំធ្វើការងារលាក់កម្លាំង ត្រូវចេះស្មោះត្រង់ និងគោរពស្រឡាញ់អង្គការ។ អង្គការមិនឲ្យមិត្តស្លាប់ទេ។
នៅក្នុងរបបខ្មែរក្រហមយុវជន និងយុវនារីមិនអាចជ្រើសគូស្រករដោយខ្លួនឯងទេ។ យុវជន និងយុវនារី មិនអាចស្និទ្ធស្នាលនិយាយជាមួយគ្នាបានឡើយ អង្គការចាត់ទុកថាជាការខុសសីលធម៌។ ចំណែកការររៀបការធ្វើឡើងម្តង៤ ទៅ៥គូ។ យុវជន និងយុវនារីមួយចំនួន ដែលអង្គការជ្រើសរើសគូស្រករឲ្យភាគច្រើន កូនក្រមុំ និងកូនកំលោះមិនដែលបានស្គាល់គ្នាពីមុនមកទេ។ ក្នុងពិធីរៀបការពេលខ្លះ ឪពុកម្ដាយ, សាច់ញាតិ និងបងប្អូនបានចូលរួមហើយខ្លះទៀតក៏មិនបានចូលរួមទេ។ ពេលរៀបការរួចអង្គការឲ្យរស់នៅជាមួយគ្នារយៈពេល៣ថ្ងៃ។ បន្ទាប់មកត្រូវទៅធ្វើការងាររៀងៗខ្លួនវិញ។ ពិធីរៀបការនេះគ្រាន់តែហៅឈ្មោះកូនក្រមុំ និងកូនកំលោះឡើង ប្តេជ្ញាជាការស្រេច ហើយគ្មានអាចារ្យ និងគ្មានភ្លេងខ្មែរនោះទេ។ យុវនារីមួយចំនួន ត្រូវបានបង្ខំឲ្យរៀបការជាមួយយុទ្ធជនដែលមានពិការភាព។
នៅក្នុងរបបខ្មែរក្រហមខ្ញុំមានផ្ទៃពោះចាញ់ក្លិនបបរពោតក្រហម។ នៅពេលខ្ញុំធុំក្លិនបបរ ពោតក្រហមធ្វើខ្ញុំមានអារម្មណ៍ថាធុំស្អុយចង្អោររកក្អួត។ ខ្ញុំបានយកបបរពោតក្រហមនោះទៅចាក់ចោល។ អង្គការឃើញ ហើយបានចោទថាខ្ញុំជាខ្មាំងប្រុងយកទៅសម្លាប់ចោល តែជាសំណាងបានអ៊ំស្រីម្នាក់ ជួយពន្យល់ ប្រាប់ថាខ្ញុំចាញ់កូន គ្មានបំណងក្បត់អង្គការទេ ទើបអង្គការយោគយល់អភ័យទោស។
នៅចុងឆ្នាំ១៩៧៧ អង្គការចាប់ផ្ដើមជម្លៀសប្រជាជនថ្មីមករស់នៅភូមិសំរ៉ង។ អង្គការចាប់ផ្ដើមជម្លៀស ប្រជាជនចេញពីភូមិសំរ៉ង ទៅភូមិស្រែរនាម។ ខ្ញុំជាមួយគ្រួសារបាននាំគ្នារត់ទៅដល់អូតានឹង ដែលស្ថិតនៅក្នុងឃុំស្ទឹងត្រែង ស្រុកស្ទឹង ខេត្តស្ទឹងត្រែង។ ខ្ញុំជាមួយគ្រួសារបានធ្វើដំណើរ និងស្នាក់នៅក្នុងព្រៃរហូត។ ខ្ញុំជាមួយគ្រួសារបានឆ្លងទៅដល់ខេត្តកំពង់ធំ។ ក្រោយមកបានធ្វើដំណើរឆ្លងមកថ្មគ្រែ ខេត្តក្រចេះ វិញ។ នៅឆ្នាំ១៩៧៩ខ្ញុំ និងគ្រួសារ បានធ្វើដំណើរត្រឡប់មកភូមិសំរ៉ង រួចចាប់ផ្ដើមសាងសង់ផ្ទះរស់នៅសាជាថ្មី។
ខ្ញុំពិតជារីករាយណាស់ នៅពេលមានអ្នកមកសួរសុខទុក និងសួរនាំរឿងរ៉ាវជីវិតដែលខ្ញុំធ្លាប់បានឆ្លងកាត់នាពេលពេលកន្លងមក ដើម្បីយកទៅចងក្រងទុកជាឯកសារប្រវត្តិសាស្រ្តសម្រាប់ក្មេងជំនាន់ក្រោយ។ សព្វថ្ងៃខ្ញុំមានជំងឺឈឺក្បាល និងឈឺសន្លាក់ជង្គង់៕
[1] វចនានុក្រមខ្មែរ ២០២២
[2] មជ្ឈណ្ឌលឯកកោះថ្ម , បទសម្ភាសន៍ ជុំ ផាន ភេទស្រី អាយុ៧៧ឆ្នាំ ភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ , សម្ភាសន៍ដោយ វី ស៊ីថា , ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។