ខ្លោចផ្សាមកទល់សព្វថ្ងៃ

ជួន ហៀក អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(កំពង់ឆ្នាំង)៖ ជួន ហៀក អាយុ ៦៦ ឆ្នាំ ជាប្រជាកសិករ ដែលរស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ជាអ្នករស់រានមានជី​វិតក្រោយរបបខ្មែរក្រហម។ ជីវិតគាត់បានរងទុកវេទនាយ៉ាងលំបាក។ របបនេះបានបន្សល់នូវភាពឈឺចាប់ ខ្លោចផ្សាមកទល់សព្វថ្ងៃ។ នៅ​ក្នុងវ័យកំពុងត្រូវបានសិក្សា គាត់ត្រូវបានរបបនេះបង្ខំអោយធ្វើការទាំងថ្ងៃទាំងយប់ ដោយគ្មានការឈប់សម្រាក និងហូបចុកមិនគ្រប់គ្រាន់។ សកម្មភាពទាំងអស់នេះបានជះឥទ្ធិពលទៅលើសុខភាព ផ្លូវចិត្ត រាងកាយ ការព្រាត់ប្រាស់គ្រួសារ និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជីវភាពខ្វះខាត បន្ទាប់ពីរបបនេះត្រូវបានដួលរលំ។

មុនដំបូងគាត់បានចូលបំរើកងចល័តនៅស្រុកបរិបូណ៍ ដោយគាស់ដី និងជីកដំឡូង។ ពេលឃើញម្តាយ គាត់មិនហ៊ានក្នុងការប្រាស្រ័យទាក់ទងនោះទេ ដោយមេកងគម្រាមថា “ថាសម្លាប់គឺសម្លាប់”។ គាត់ត្រូវបានបង្ខំធ្វើការដោយភាពភ័យខ្លាច ហូបចុក​មិនគ្រប់គ្រាន់ និងបន្តទៅពង្រាបដី រែកដី នៅតំបន់ជ្រៃបាក់-ព្រៃខ្មែរ។ នាសម័យនោះគេជម្រុះមនុស្សដោយសម្លាប់ នឹងដឹកសាកសពតាមរទេះ អ្នកទាំងអស់នោះគ្មានសិទ្ធិក្នុងការតវ៉ានោះទេ។ បន្ទាប់គាត់ត្រូវបានផ្លាស់មកធ្វើការនៅ ឃុំកំពង់ព្រះគគីរ ដោយត្រូវស្ទូងស្រូវពេលយប់ ដោយគ្មានបាយហូប ធ្វើឲ្យរាងកាយមានសភាពស្គមកំព្រឹង។

ដំណឹងអំពីការវាយមកដល់នៃកងទ័ពវៀតណាម នឹងពាក្យចចាមអារាម “ដាំក្បាលតែអុង” គាត់ត្រូវបន្តដំណើរទៅស្រុកស្រែអំពិល ដោយទូលអំបិលមួយការ៉ុង ទៅដាក់នៅភ្នំមួយ។ ពេលធ្វើដំណើរតាមផ្លូវរទេះភ្លើង គាត់បានលឺដំណឹងពីឪពុកនៅឯក្រគរ ជាភ្វ័ពសំណាងគាត់បានជួបឪពុកម្តងទៀតនៅទួលពង្រ។ សម័យខ្មែរក្រហម រូបគាត់ផ្ទាល់បានឃើញពីឧក្រិដ្ឋកម្ម និងសាកនាកម្មយ៉ាងព្រៃផ្សៃ ចំពោះជនណាដែលខ្មែរក្រហមចោទថា ខូចសីលធម៌ ដែលត្រូវបានបង្ខំឲ្យសារភាពដោយនិយាយថា “មិត្តអើយ កុំយកតម្រាបតាមខ្ញុំ, ខ្ញុំបានក្បត់អង្គការ”។ ទុក្ខវេទនាទាំងអស់នេះបានឋិតនៅក្នុងការចងចាំរបស់ហៀក។

បច្ចុប្បន្ននេះ រូបគាត់ផ្ទាល់គ្មានក្រុមគ្រួសារ និងភាពកក់ក្តៅ គ្មានថវិកាធ្វើបុណ្យជូនឪពុក ណាមួយត្រូវមើលថែកូនចិញ្ចឹមទំរាំពេញវ័យដល់សព្វថ្ងៃ។ កូនៗត្រូវធ្វើការចំណាកស្រុក មិនមានពេលក្នុងការមើលថែរក្សាគាត់ គ្មានការព្យាបាល និងប្រើប្រាស់ថ្នាំពេទ្យដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។ ជីវិតក្រោយសម័យខ្មែរក្រហមបានប្រែក្លាយជីវិតគាត់នេះ និងមនុស្សជាច្រើនលាននាក់ទៀតឲ្យជួបទុក្ខលំបាក ជាស្នាមរបួសដែលបន្សល់ទុក និងការចងចាំមកដល់សព្វថ្ងៃនេះ។

នាសម័យខ្មែរក្រហមប្រជាជនជាង ២ លាននាក់ត្រូវបាត់បង់ជីវិត ៥ លាននាក់បានស្គាល់ពីទុក្ខវេទនា និងភាពឈឺចាប់ខ្លោចផ្សា។ អ្នករស់រានមានជីវិតទាំងនោះបានជួបបញ្ហាប្រឈមមកដល់ពេលបច្ចុប្បន្ន រួមមានសុខភាព ផ្លូវចិត្ត រាងកាយ ជីវភាពខ្វះខាត នឹងភាពលំបាក។ ហៀក ស្ថិតនៅក្នុងចំណោមមនុស្សជាច្រើនលាននាក់ទៀត ដែលមានបញ្ហាប្រឈមដូចរូបគាត់ផ្ទាល់៕

សម្ភាសន៍ដោយ បឿន ស្រីនិច ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ 

អត្ថបទដោយ ស៊្រាង លីហ៊ួរ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin