កម្មកររោងចក្រសំឡីគសម័យខ្មែរក្រហម
សំឡីគជាទំនិញមួយប្រភេទដែលរបបខ្មែរក្រហមបានធ្វើការនាំចេញទៅក្រៅប្រទេសតាមរយៈ ក្រសួងពាណិជ្ជកម្ម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ដែលធ្លាប់ធ្វើការផ្នែកគ្រីបសំឡីគនៅរោងចក្រនេះបានរៀបរាប់ពីបទពិសោធការងាររបស់គាត់កាលពីឆ្នាំ១៩៧៨ ។
អ៊ិន ឡេង ភេទប្រុស អាយុ៤៥ឆ្នាំ (ឆ្នាំ២០០៥) ជាកសិករ រស់នៅភូមិទាហានក្រោម សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។[1] ឪពុកឈ្មោះ អ៊ុន ថន និងម្តាយឈ្មោះ តី វេន។ អ្នកទាំង ពីរបានស្លាប់ក្រោយពីរបបខ្មែរក្រហមដួលរលំ។ ឡេង មានបងប្អូនចំនួន៥នាក់ ប្រុស២នាក់ ស្រី៣ នាក់។ កាលពីវ័យកុមារ ឡេង រៀនបានត្រឹមថ្នាក់អក្ខរកម្មនៅសាលាបឋមសិក្សាទាហានក្រោម និង ឈប់រៀនដើម្បីជួយធ្វើស្រែ និងឃ្វាលគោក្របីឪពុកម្តាយ។ នៅ ឆ្នាំ១៩៧៣ ឡេង បានឃើញប្រទេស ជាតិកើតមានសង្គ្រាម និងការទម្លាក់គ្រាប់បែកដែលបានបណ្តាលឲ្យផ្ទះសម្បែង មន្ទីរពេទ្យ សាលា រៀន និងវត្តអារាមត្រូវបានបំផ្លិចបំផ្លាញ។ គ្រួសាររបស់ ឡេង និងប្រជាជន បានទៅរស់នៅតាមព្រៃក្នុង ភូមិដើម្បីគេចចេញពីការទម្លាក់គ្រាប់បែក។
នៅខែមេសា ឆ្នាំ១៩៧៥ ពេលរបបខ្មែរក្រហមឡើងកាន់អំណាច ឡេង មានអាយុប្រហែល ១៥ឆ្នាំ។ គ្រួសាររបស់ ឡេង បានត្រលប់មករស់នៅភូមិទាហានក្រោមវិញហើយត្រូវបានឈ្លបខ្មែរ ក្រហមបំបែកសមាជិកគ្រួសារឲ្យទៅធ្វើការតាមក្រុមរៀងៗខ្លួន។ គាត់ និងយុវជនប្រមាណ៣០នាក់ ផ្សេងទៀតត្រូវបានអង្គការឲ្យស្ថិតនៅក្នុងកងចល័តដែលមានឈ្មោះ ម៉ៅ ជាប្រធាន។ បងប្រុសរបស់ឡេង ម្នាក់ត្រូវបានជ្រើសរើសឲ្យទៅធ្វើការងាររោងចក្រតម្បាញនៅភ្នំពេញហើយបានបាត់ខ្លួនរហូត ដល់សព្វថ្ងៃ។ ចំណែកឪពុកម្ដាយត្រូវទៅធ្វើការងារផ្សេងដូចជា ដកស្ទូង និងភ្ជួរស្រែ។ ឡេង ត្រូវជីក និងរែកដីឲ្យបានតាមផែនការរអង្គការដើម្បីទទួលបានរបបបាយ២ចាន សម្រាប់២ពេល ក្នុង១ថ្ងៃ (ថ្ងៃ ត្រង់ និងល្ងាច)។ ឡេង និយាយថារបបបាយនៅពេលនោះមិនគ្រប់គ្រាន់ទេ។ ពេលទៅធ្វើការគាត់ បានលួចដកដំឡូង និងលួចបូតស្រូវដើម្បីហូបបន្ថែម។
នៅឆ្នាំ១៩៧៦ អង្គការបានចុះមកជ្រើសរើសយុវជន យុវនារីឲ្យទៅធ្វើការងារតាមរោងចក្រនៅ ភ្នំពេញ ទោះបីគ្មានប្រវត្តិធ្លាប់ចូលរួមធ្វើបដិវត្តន៍ជាមួយខ្មែរក្រហមក៏ដោយ។ ឡេង បានស្ថិតក្នុង ចំណោមយុវជន៦នាក់ដែលត្រូវបានកម្មាភិបាលខ្មែរក្រហម ប្រចាំស្រុកកំពង់រោទិ៍ ជ្រើសរើសយកទៅ ធ្វើការនៅភ្នំពេញ ដើម្បីបំពេញកម្លាំងតាមរោងចក្រនានានៃក្រសួងរបស់ខ្មែរក្រហម។ ដោយសារខ្លាចកម្មាភិបាលខ្មែរក្រហមសម្លាប់ ឪពុកម្តាយរបស់ ឡេង បានអង្វរសុំកុំឲ្យជ្រើសរើសកូនរបស់គាត់ ប៉ុន្ត ត្រូវអ្នកមកជ្រើសរើសបានបដិសេធ។
ការជ្រើសរើសយុវជន យុវនារី ឲ្យមកធ្វើការនៅភ្នំពេញតាមបណ្តាលមន្ទីរក្រសួងនានា ដែលធ្វើឡើងក្នុងរបបខ្មែរក្រហមភាគច្រើនជាកម្មាភិបាលខ្មែរក្រហមធ្លាប់ចូលរួមជាមួយបដិវត្តន៍របស់ខ្លួនមុន ពេលរបបនេះបានឡើងកាន់អំណាច។[2] ផែនការបួនឆ្នាំ មានរួមបញ្ចូលទាំងគម្រោងដាំបន្លែបង្ការ ហើយសង្ឃឹមថានឹងអាចទាញយកប្រាក់ចំណូលពីអនុផលព្រៃឈើ ការនេសាទ ការចិញ្ចឹមសត្វ និងការ ដាំដើមឈើ។ ទន្ទឹមនឹងនេះខ្មែរក្រហមបានបញ្ចូនកសិករដែលពុំមានបទពិសោធន៍ ពីជនបទឲ្យមកធ្វើការនៅតាមរោងចក្រមួយចំនួននៅក្នុងទីក្រុងភ្នំពេញ។[3]
ឡេង បានរៀបរាប់ថាគាត់ត្រូវធ្វើដំណើរពីភូមិទាហានក្រោម មកដល់តំបន់អ្នកលឿងរួចបន្ត ដំណើរដោយជិះកប៉ាល់ទៅទន្លេបិទដើម្បីជិះរថយន្តជួបជុំគ្នាជាមួយយុវជន យុវនារី រាប់រយនាក់ផ្សេង ទៀតឆ្ពោះមកកាន់តំបន់តាខ្មៅដែលជាកន្លែងចិញ្ចឹមសត្វស្ថិតក្រោមក្រសួងពាណិជ្ជកម្ម។ នៅកន្លែង ចិញ្ចឹមសត្វមានឈ្មោះ តា ស ជាអ្នកគ្រប់គ្រងមើលការខុសត្រូវលើយុវជន យុវនារី ទាំងអស់ដែលភាគ ច្រើនមកពីតំបន់ភូមិភាគបូព៌ាពីខេត្តកំពង់ចាម ព្រៃវែង និងស្វាយរៀង ដែលមានអាយុប្រហែល១៥ ទៅ១៨ ឆ្នាំ។
ពេលទៅដល់អង្គការបានប្រើឲ្យ ឡេង ទៅធ្វើការនៅកន្លែងចិញ្ចឹមជ្រូក និងមាន់។ នៅកន្លែង ចិញ្ចឹមសត្វតាខ្មៅនេះ បានរយៈពេលប្រហែល១ខែ គាត់ត្រូវបានផ្លាស់ប្ដូរឲ្យទៅកន្លែងចិញ្ចឹមសត្វផ្សេង មួយទៀតនៅព្រែកព្នៅ ស្ថិតក្រោមក្រសួងពាណិជ្ជកម្មដដែល។ កន្លែងចិញ្ចឹមសត្វព្រែកព្នៅ មានសត្វ ច្រើនជាងកន្លែងចិញ្ចឹមសត្វតាខ្មៅ មានចិញ្ចឹមដូចជា មាន់ ទា ក្ងាន អណ្តើក ក្រពើ ពពែ ត្រីប្រា ត្រីឆ្ពោះ និងដាំបន្លែជាច្រើនមុខទៀត។ ឡេង បាននិយាយថានៅព្រែកព្នៅមានយុវជន យុវនារី ធ្វើការងាររាប់ រយនាក់ ដែលអ្នកទាំងនោះត្រូវបានបញ្ជូនមកពី តំបន់ និងភូមិភាគផ្សេងៗនៅទូទាំងប្រទេស។
ការងាររបស់ ឡេង នៅកន្លែងចិញ្ចឹមសត្វព្រែកព្នៅគឺឲ្យចំណីសត្វ បោសសម្អាតទ្រុងសត្វ និង ធ្វើទ្រុងសត្វជាដើម។ ក្រៅពីនេះគាត់ក៏ត្រូវដាំពោត និងបន្លែជាច្រើនមុខទៀតដើម្បីផ្គត់ផ្គង់ការហូបចុក នៅកន្លែងចិញ្ចឹមសត្វ។ នៅកន្លែងចិញ្ចឹមសត្វជាញឹកញាប់ ឡេង បានឃើញការបាត់ខ្លួនចំពោះអ្នកធ្វើ ការមិនសកម្ម មិនស្វាហាប់ និងលួចរបស់របរផ្សេងៗ។ ឡេង ឃើញដូច្នេះធ្វើការងារមិនហ៊ានខ្ជិលឬ សម្រាកយូរៗឡើយ។ របបអាហារវិញគាត់ទទួលបានគ្រប់គ្រាន់ជាងកាលនៅស្រុកកំណើត។ ក្នុង ផែនការរយៈពេល៤ឆ្នាំ(១៩៧៧-១៩៨០) លើកទី១របស់របបខ្មែរក្រហមបានបែងចែកទិដ្ឋផលស្រូវ ដែលទទួលបានជា៤ចំណែកគឺ៖ ទី១-ស្បៀងប្រចាំថ្ងៃរបស់ប្រជាជនដែលម្នាក់ៗទទួលបានស្រូវចំនួន ៣១២គីឡូក្រាម ក្នុង១ឆ្នាំ ឬស្មើនឹង០,៨៥គីឡូក្រាមស្រូវក្នុង១ថ្ងៃ។ ទី២-ស្រូវសម្រាប់ធ្វើពូជ។ ទី៣- ស្រូវដែលរក្សាទុកជាស្បៀងបម្រុង ទី៤-ស្រូវសម្រាប់លក់នៅឯបរទេសដើម្បីប្ដូរយករូបិយប័ណ្ណបរទេសដែលអាចប្រើប្រាស់ក្នុងការទិញម៉ាស៊ីនសម្រាប់ធ្វើស្រែចម្ការទំនិញផ្សេងៗ និងគ្រឿងសព្វាវុធ។ ចំណែកនេះជាចំណែកធំជាងគេ ក្នុងចំណោមការបែងចែកទាំង៤។ ជាអកុសលដោយសារតែទិដ្ឋផល ស្ទើរតែមិនគ្រប់តាមផែនការដែលបានកំណត់នោះ មានស្រូវតិចតួចណាស់ដែលរក្សាទុកសម្រាប់ ចិញ្ចឹមប្រជាជន និងសម្រាប់ធ្វើជាគ្រាប់ពូជ។ ផ្ទុយទៅវិញទិដ្ឋផលស្រូវភាគច្រើនត្រូវបានយកទៅផ្គត់ ផ្ចង់កងទ័ព កម្មកររោងចក្រ នាំចេញទៅប្រទេសចិន និងប្រទេសដទៃទៀត។[4]
នៅឆ្នាំ១៩៧៨ ឡេង និងមនុស្ស៦នាក់ទៀត ត្រូវបានផ្លាស់ប្តូរការងារពីកន្លែងចិញ្ចឹមសត្វព្រែក ព្នៅឲ្យមកធ្វើការ នៅរោងចក្រសំឡីគ ដើម្បីនាំទំនិញចេញទៅក្រៅប្រទេសរបស់ក្រសួងពាណិជ្ជកម្ម។ ឡេង ត្រូវបានឈ្មោះ វឿន បណ្ដុះបណ្តាលរយៈពេលបីខែពីការប្រើប្រាស់ម៉ាស៊ីនគ្រីបសំឡីគ និង របៀបការពារកុំឲ្យមានគ្រោះថ្នាក់ពេលប្រើប្រាស់ម៉ាស៊ីន។ ការងារនៅរោងចក្រសំឡីគ ឡេង ប្រឈម នឹងគ្រោះថ្នាក់ ព្រោះម៉ាស៊ីនគ្រីបសំឡីគអាចធ្វើឲ្យស្លាប់ប្រសិនបើមានការធ្វេសប្រហែស និងម្យ៉ាង ទៀតអង្គការនឹងនាំយកទៅសម្លាប់ចោលប្រសិនបើគាត់ធ្វើឲ្យដាច់ខ្សែកាបឬធ្វើឲ្យម៉ាស៊ីនខូច។ ក្នុង ក្រុមគ្រឹបសំឡីគមានគ្នា២០នាក់ចែកជា៣វេន(ព្រឹក ថ្ងៃ និងយប់)។ ក្រុមរបស់ ឡេង មានសមាជិក៧ នាក់ ដែលភាគច្រើនជាយុវជនមកពីខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង អាយុប្រហែល ១៥ឆ្នាំ ទៅ២០ឆ្នាំ។ ក្រុមរបស់ ឡេង ត្រូវគ្រីបសំឡីគក្នុងមួយថ្ងៃឲ្យបាន៣០បាវ។ នៅរោងចក្រសំឡីគ ក្រៅពីផ្នែកគ្រុបក៏មានផ្នែកផ្សេងទៀត ដូចជាផ្នែកបកផ្លែគ និងផ្នែកដឹកជញ្ជូន ដែលមានយុវជនយុវនារី រាប់រយនាក់ធ្វើការ។ ក្នុងរោងចក្រនេះមានស្រីៗប្រហែល១០នាក់ទទួលបន្ទុកចាំចម្អិនអាហារ។ ឡេង ធ្លាប់ឮប្រធានក្រុមប្រាប់ថាសំឡីគទាំងនោះត្រូវបាននាំទៅប្រទេសចិនដើម្បីផលិតជាភួយ ខ្នើយ និងពូ ក។ ក្រៅពីការងារគ្របសំឡីគ ឡេង ក៏ធ្លាប់ជួយការងារផ្នែកដឹកជញ្ជូនសំឡីគដើម្បីយកទៅរក្សាទុកនៅ កំពង់ផែភ្នំពេញ ស្ថិតនៅជិតផ្សារចាស់។ ពេលដឹកជញ្ជូន ឡេង បានឃើញទីក្រុងភ្នំពេញមានសភាព ស្ងាត់ជ្រងំគ្មានមនុស្សរស់នៅមានតែយោធាខ្មែរក្រហមចាំត្រួតពិនិត្យទំនិញហាក់ដូចជាទីក្រុងដែលគ បោះបង់ចោល។ អំឡុងខ្មែរក្រហមកាន់អំណាចខ្មែរក្រហមបានបង្ខំអ្នករស់នៅទីក្រុងភ្នំពេញប្រហែល ពីរលាននាក់ ដែលក្នុងនោះរួមបញ្ចូលទាំងអ្នកភៀសខ្លួនចូលទីក្រុងក្នុងអំឡុងពេលសង្គ្រាមចំនួនជាងមួយលាននាក់ផងឲ្យចាកចេញទីកាន់ទីជនបទ។[5]
ពេលធ្វើការនៅរោងចក្រសំឡីគ កន្លែងចិញ្ចឹមសត្វតាខ្មៅ និងព្រែកព្នៅ របស់ក្រសួងពាណិជ្ជ កម្ម ឡេង មិនធ្លាប់ឃើញភ្ញៀវអន្តរជាតិឬថ្នាក់ដឹកនាំរបបខ្មែរក្រហមធ្វើទស្សនកិច្ចកន្លែងទាំងនោះទេ។ អំឡុងពេលធ្វើការ ឡេង ធ្លាប់ស្នើសុំអង្គការដើម្បីទៅលេងស្រុកកំណើតប៉ុន្តែមិនទទួលបានការ អនុញ្ញាត។ ឡេង ធ្វើការនៅរោងចក្រសំឡីគនេះរហូតដល់របបខ្មែរក្រហមដួលរលំ។
នៅពេលកងទ័ពវៀតណាមចូលមករំដោះទីក្រុងភ្នំពេញអ្នកធ្វើការនៅរោងចក្រសំឡីគបានរត់ គេចខ្លួនទៅព្រំដែនប្រទេសកម្ពុជាភាគខាងលិច។ ឡេង បានសម្រេចចិត្តធ្វើដំណើរទៅជាមួយស្ត្រីម្នាក់ ត្រូវជាម្ដាយចិញ្ចឹមឆ្ពោះទៅកាន់ខេត្តតាកែវ។ នៅចុងឆ្នាំ១៩៧៩ គាត់ក៏បានត្រលប់ពីខេត្តតាកែវមករស់ នៅឯខេត្តស្វាយរៀងវិញរហូតដល់ពេលបច្ចុប្បន្ន។ នៅឆ្នាំ១៩៨០ ឡេង បានរៀបការមានគ្រួសារ ជាមួយនឹងប្រពន្ធឈ្មោះ ស្រី សុខុម និង មានកូន៧នាក់។ ការរស់នៅឆ្លងកាត់របបខ្មែរក្រហមគាត់បាន ជួបប្រទះហេតុការណ៍ជាច្រើន។ គាត់យល់ថាការដឹកនាំរបស់អតីតមេដឹកនាំខ្មែរក្រហមមិនបានផ្ដល់ សិទ្ធិសេរីភាពឲ្យប្រជាជនខ្លួនឯងនោះទេ ទាំងការរស់នៅ និងការប្រកបរបបចិញ្ចឹមជីវិត។ ម្យ៉ាងវិញ ទៀតក្នុងរបបនោះ កុមារក៏គ្មានឱកាសទទួលបានការសិក្សាអប់រំ និងប្រជាជនមិនអាចរស់នៅជួបជុំ គ្រួសាររបស់ខ្លួនបានឡើយ។ ក្នុងរបបខ្មែរក្រហម ឡេង បានបាត់បង់បងប្រុសម្នាក់ដោយសារតែខ្មែរ ក្រហមបញ្ជូនឲ្យមកធ្វើការនៅរោងចក្រតម្បាញនៅភ្នំពេញកាលពីឆ្នាំ១៩៧៥។ ឡេង ធ្លាប់និយាយ រឿងរ៉ាវដែលគាត់បានឆ្លងកាត់ប្រាប់ដល់ក្មេងជំនាន់ក្រោយដើម្បីរួមចំណែកទប់ស្កាត់របបប្រល័យពូជ សាសន៍ខ្មែរក្រហមកុំឲ្យត្រលប់មកប្រទេសកម្ពុជាសាជាថ្មីម្តងទៀតនាពេលអនាគត។
អត្ថបទដោយ៖ អេង សុខម៉េង
ឯកសារយោង
—
[1] ឯកសារលេខ SVI០០៧ (២០០៥). សម្ភាសន៍ជាមួយឈ្មោះ អ៊ុន ឡេង ដោយ រ៉ាឆៃ វ៉ាន់, នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៥. មជ្ឈ មណ្ឌលឯកសារកម្ពុជា។
[2] ឯកសារលេខ SVI០០២២ (២០០៥) សម្ភាសន៍ជាមួយ ប្រាក់ សឿន ដោយ សារិន វីរៈ, នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៥, មជ្ឈមណ្ឌលឯកសារកម្ពុជា។
[3] ផេង ពង្សរ៉ាស៊ី, et al. (២០២០). ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារ កម្ពុជា. ទំព័រទី៣៧។
[4] ផេង ពង្សរ៉ាស៊ី, et al. (២០២០). ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារ កម្ពុជា. ទំព័រទី៣៧។
[5] ស្ងួន, ទំព័រទី១៥។