ខ្ញុំធ្វើបាន តែបើខ្ញុំធ្វើដូចនេះគឺខ្ញុំក្បត់បដិវត្តន៍

ឯកសារ D00432 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ស្ដីពីចម្លើយសារភាពរបស់ ភូ កាដាំ ហៅ ឡា ជាលេខាកងធំ នៅវរសេនាតូច៤០៥។ កំណត់ចំណាំ៖ “រាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់នៅមន្ទីរសន្តិសុខស-២១ សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះមិនអាចសន្និដ្ឋានបានថាចម្លើយរបស់ ភូ កាដាំ ពិត ឬយ៉ាងណានោះទេ”។

នៅត្រង់ឃ្លា [ខ្ញុំធ្វើបាន តែបើខ្ញុំធ្វើដូចនេះគឺខ្ញុំក្បត់បដិវត្តន៍] ជាឃ្លាមួយបានរំលេចឡើងនៅក្នុងការសន្ទនារបស់ កាដាំ និង ឡេង ដែលមាននៅក្នុងឯកសារ D00432[1] ស្ដីពីសកម្មភាពក្បត់នឹងអង្គការបដិវត្តន៍ខ្មែរក្រហមរបស់ឈ្មោះ ភូ កាដាំ ហៅ ឡា មានអាយុ២៧ឆ្នាំ (នៅក្នុងឆ្នាំ១៩៧៨)។ កាដាំ មានទីកន្លែងកំណើតភូមិពាមជីមៀត ឃុំពាមជីមៀត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ កាដាំ ត្រូវបានអង្គការចាប់ខ្លួនដោយ​ចោទប្រកាន់ថា បានចូលរួមធ្វើជាចារកិច្ចរបស់វៀតណាមនៅអំឡុងឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧០។ សកម្មភាពមួយចំនួនទៀតគឺ កាដាំ បានបំផ្លាញទិន្នផលស្រូវរបស់ប្រជាជន និងបានទាក់ទងជាមួយនឹងវៀតកុង ដើម្បីធ្វើរដ្ឋប្រហារនៅខេត្តរតនគិរី។ នៅឆ្នាំ១៩៧៧ កាដាំ បានលបបាញ់សម្លាប់ទាហានម្នាក់ពីក្រោយខ្នង នៅអំឡុងពេលវាយប្រហារជាមួយខ្មាំង។ ខាងក្រោម គឺជាការសង្ខេបអំពីសកម្មភាពក្បត់របស់ កាដាំ ចាប់តាំងពីឆ្នាំ១៩៦៦ រហូតដល់ពេលគាត់ត្រូវចាប់ខ្លួនដោយអង្គការខ្មែរក្រហមនៅឆ្នាំ១៩៧៨។

កាដាំ បានចូលរៀននៅអាយុ១៣ឆ្នាំ នៅសាលាមួយកន្លែងស្ថិតនៅក្នុងភូមិពាមជីមៀត​​ និងរៀត្រឹមថ្នាក់ទី៧ កាលពីសង្គមចាស់។ នៅឆ្នាំ១៩៦៦ គាត់ចុះឈ្មោះប្រឡងចូលរៀនថ្នាក់ទី៦ ប៉ុន្តែប្រឡងមិនជាប់ក៏ត្រលប់ទៅជួយធ្វើស្រែចម្ការឪពុកម្ដាយរបស់គាត់វិញ។ អំឡុងឆ្នាំ១៩៦៧ កាដាំ និងមិត្តភក្ដិចំនួនបីនាក់ ឈ្មោះ យ៉ា, វិន និង ផូ ហៅ ទឹម បានចូលធ្វើជាគិញសម្ងាត់ឲ្យ ម៉ន ដែលមានតួនាទីជាប៉ូលិស នៅប៉ុស្តិ៍ពាមជីមៀត។ ម៉ន បានចាត់តាំងឲ្យអ្នកទាំងបួននោះ ស៊ើបការណ៍ស្វែងរកនរណាខ្លះជាខ្មែរក្រហម នៅពេលដែលដឹងព័ត៌មានគឺត្រូវតែប្រាប់រឿងនោះទៅឲ្យ ម៉ន បានដឹង។ ក្រោយពីការចាត់តាំងរួច អ្នកទាំងបួនបានធ្វើសកម្មភាពស្វែងរកខ្មែរក្រហម ក៏បានដឹងថាមានខ្មែរក្រហមចំនួនបីនាក់លាក់ខ្លួននៅស្រែលំម៉ាន់។ កាដាំ បានយករឿងនោះទៅប្រាប់ ម៉ន។ បន្ទាប់មក ម៉ន ក៏នាំប៉ូលិសមួយចំនួនទៅចាប់ខ្លួន ធិន, ចែម នូ និង ណា ជាខ្សែរបស់ខ្មែរក្រហមទៅឃុំនៅបន្ទាយពាមជីមៀត។ ក្រោយពីការចាប់ខ្លួនអ្នកទាំងបីនោះ ខ្មាំងចាប់ផ្ដើមធ្វើសកម្មភាពកាន់តែខ្លាំង។ ពេលនោះប្រជាជនដែលរស់នៅភូមិពាមជីមៀត បានរត់ចូលព្រៃអូរឌឿ ហើយ កាដាំ, យ៉ា, វិន និង ផូ ក៏រត់ទៅដែរ។ ចាប់តាំងពីពេលដែលអ្នកទាំងបួន បានរត់ចូលក្នុងព្រៃ គាត់ដាច់ការទាក់ទងជាមួយ ម៉ន។ រស់នៅក្នុងព្រៃរយៈពេលបីថ្ងៃ ឡាំង បានចុះមកទទួលប្រជាជន ហើយបានជួបជាមួយនឹង កាដាំ។ ឡាំង ក៏បាននាំគាត់ទៅនៅជាមួយនៅមន្ទីរ៦០។​ កាដាំ ក៏ដាច់ការទំនាក់ទំនងជាមួយនឹងមិត្តភក្ដិរបស់គាត់ទាំងបីនាក់។

នៅឆ្នាំ១៩៧០ ឡាំង បានចាត់តាំងឲ្យ កាដាំ ធ្វើជាយោធា តំបន់១០៥[2] ស្ថិតក្រោមការគ្រប់គ្រងរបស់ ឡេង ជាលេខាវរសេនាតូចនៅតំបន់១០៥។ នៅខែមិថុនា មិត្តភក្ដិទាំងបួននាក់ បានជួបគ្នាវិញ ហើយរៀបចំផែនការថ្មីដើម្បីបន្តសកម្មភាព។ ផែនការសកម្មភាពថ្មីគឺត្រូវបំផុសប្រជាជននៅមូលដ្ឋាន និងនៅក្នុងជួរកងទ័ព។ កាដាំ មានតួនាទីបំផុសប្រជាជននៅក្នុងមូលដ្ឋាន ដោយបំផុសឲ្យប្រជាជនចាស់មានទំនាស់ជាមួយប្រជាជនថ្មី។ ចំណែក៣នាក់ទៀត គឺបំផុសមិនឲ្យយុទ្ធជនថ្មីៗចូលធ្វើជាយោធារបស់ខ្មែរក្រហម។ ក្នុងរយៈពេលក្រោយមក កាដាំ បានជួបជាមួយ ឡេង ហើយបានឮពីពាក្យត្អូញត្អែររបស់ ឡេង ថាអង្គការទិតៀនខ្លួនពីបញ្ហាខូចសីលធម៌ និងមិនពេញចិត្តនឹងតួនាទីបច្ចុប្បន្នរបស់គាត់។ ឡេង បានអប់រំឲ្យ កាដាំ និងសមាជិកព្យាយាមអូសទាញប្រជាជនដែលរស់នៅក្នុងព្រៃអូរឌឿ និងកសាងកម្លាំងបន្ថែម ដើម្បីប្រឆាំងនឹងអង្គការខ្មែរក្រហម។ ឡេង បានបញ្ជាក់បន្ថែមថា៖ “មិត្តត្រូវតែអូសទាញមិត្តយើងដែលមកពីព្រៃឲ្យបានច្រើន។ រឿងយ៉ាងម៉េចទៅមុខទៀតចាំខ្ញុំ[ឡេង] ជាអ្នកដោះស្រាយ”។ កាដាំ បានធ្វើពុតជាឆ្ងល់ ហើយសួរទៅ ឡេង ថា៖ “ខ្ញុំធ្វើបាន តែបើខ្ញុំធ្វើដូចនេះគឺខ្ញុំក្បត់បដិវត្តន៍!” ឡេង ឆ្លើយតបទៅគាត់វិញដោយមិនស្ទាក់ស្ទើរ “ការធ្វើបែបនេះគឺវាបញ្ជាក់ថាក្បត់នឹងបដិវត្តន៍ទៅហើយ ប៉ុន្តែប្រសិនជាមិនក្បត់ក៏ខ្ញុំមិនធ្វើដែរ”។

នៅឆ្នាំ១៩៧១ អស់រយៈពេលស្ទើរតែកន្លះឆ្នាំ កាដាំ បានអប់រំកម្លាំងបានចំនួន៧នាក់ រួមមាន៖ ធុន, ស្រាំ, វែង, ឈឹម, ស៊ាន, ក្លេះ និង អ្រ្សាន។ នៅខែតុលា កាដាំ បានហៅអ្នកទាំង៧ ប្រជុំដើម្បីចាត់តាំងឲ្យអ្នកទាំងនោះធ្វើសកម្មភាពប្រឆាំងនឹងអង្គការ។ នៅខែតុលា កាដាំ បានហៅអ្នកទាំង៧ ដែលគាត់បានអប់រំទៅប្រជុំ។ គាត់ចាត់តាំងឲ្យអ្នកទាំងនោះធ្វើសកម្មភាពប្រឆាំងនឹងបដិវត្តន៍ ដោយបានបញ្ជាក់ថាសកម្មភាពទាំងអស់ គឺត្រូវធ្វើយ៉ាងណាកុំឲ្យខ្មែរក្រហមរស់នៅសុខស្រួល។ សកម្មភាពប្រឆាំងនឹងបដិវត្តន៍ទាំងនេះ ប្រព្រឹត្តទៅដោយ​មិនចេញទៅឆ្ងាយឡើយ គឺធ្វើនៅក្នុងមន្ទីរ។ នៅពេលនរណាមានតួនាទីត្រូវយាមកាមនៅពេលយប់ ប្រសិនជាពេលដែលកំពុងយាមបានជួបជាមួយនឹងខ្សែគឺត្រូវតែយាមជាមួយគ្នា ហើយត្រូវមានម្នាក់លួចទៅវាយត្រដោក[3] និងម្នាក់ដែលនៅយាមត្រូវស្រែកឆោឡោ ដើម្បីរំខានដល់ការសម្រាករបស់យោធា។ ម្យ៉ាងទៀត ខ្សែទាំងនោះត្រូវតែញុះញង់ឲ្យអង្គការគិតថាប្រជាជននៅភូមិស្រែជិះ នេះជាប្រជាជនមិនល្អ។ កាដាំ និងសមាជិកបានធ្វើសកម្មភាពនោះអស់រយៈពេលមួយខែកន្លះ ទើបមានអង្គការតំបន់ចុះមកតាមដាន ហើយបានចាប់ខ្លួនយោធានៅភូមិស្រែជិះទៅមួយចំនួន។ ការចាប់ខ្លួននោះ គឺមិនប៉ះពាល់ដល់ កាដាំ និងសមាជិកឡើយ។ ស្ថិតក្នុងរយៈពេលមួយដែលយោធានៅស្រុកកែវសីមាខ្វះខាតកម្លាំង អង្គការបានដក កាដាំ និងសមាជិករបស់គាត់ទៅកាន់ទីនោះ។ នៅពេលដែលទៅដល់ស្រុកកែវសីមា ឈ្មោះ ធុន និង ស្រាំ មានការធ្វេសប្រហែសធ្វើឲ្យបែកការណ៍។ អ្នកទាំង២ ក៏ត្រូវអង្គការចាប់ខ្លួន និងកម្ទេចចោល។

នៅខែធ្នូ ឆ្នាំ១៩៧២ អង្គការចាត់តាំងឲ្យយោធានៅតំបន់១០៥ទាំងអស់ ទៅរៀននយោបាយនៅមន្ទីរក-១៧ ដែលមាន ឡាំង ជាអ្នកបង្រៀន។ ក្នុងរយៈពេលរៀននយោបាយ កាដាំ បានជួបជាមួយនឹង ឡេង និងខ្សែរយៈទាំងអស់ដែលធ្វើការងារនៅក្នុងជួរយោធាតំបន់។ បន្ទាប់ពីរៀននយោបាយអស់រយៈពេល៥ថ្ងៃ កាដាំ, ឡេង និង ផៃ បានជួបពិភាក្សាគ្នាពីផែនការកម្ទេចកម្លាំងកម្មាភិបាលយោធា។ នៅពេលដែល ឡេង បានលើកឡើងពីផែនការកម្ទេចកម្មាភិបាលខ្មែរក្រហមនៅតំបន់នោះ គឺមានការចោទជាសំណួរយ៉ាងច្រើនទៅកាន់ ឡេង ថាតើផែនការមួយនោះអាចនឹងទទួលបានជោគជ័យឬទេ ពីព្រោះតែពេលនោះកម្លាំងរបស់ខ្មែរក្រហមកំពុងតែមានឥទ្ធិពលខ្លាំងក្លា។

នៅខែមករា ឆ្នាំ១៩៧៣ អង្គការបានចាត់តាំងឲ្យ កាដាំ យកថ្នាំពេទ្យទៅមន្ទីរពេទ្យយោធាតំបន់ នៅភូមិស្រែហ៊ុយ។ គាត់ក៏បានជួបជាមួយ ទង ជាប្រធានផ្សំថ្នាំនៅមន្ទីរពេទ្យនោះ។ កាដាំ បានសួរនាំពីសកម្មភាពការងារ ព្រោះ ឡេង បានផ្ដែផ្ដាំឲ្យគាត់ជួបជាមួយ ទង ហើយត្រូវឲ្យ ទង អប់រំ និងបំផុសគ្រូពេទ្យនៅមន្ទីរពេទ្យនោះ ធ្វើយ៉ាងណាចាក់ថ្នាំឲ្យអ្នកជំងឺស្លាប់។ បន្ទាប់ពីទទួលបានការអប់រំ ទង បានអនុវត្តផែនការនោះ ហើយចាក់ថ្នាំខុសបណ្ដាលឲ្យអ្នកជំងឺម្នាក់ស្លាប់។ ហេតុនេះហើយ អង្គការក៏ចាប់ផ្ដើមចុះទៅតាមដាន។ នៅខែកុម្ភៈ ក្រោយពីព្រឹត្តិការណ៍បាញ់សម្លាប់យោធាម្នាក់នៅមន្ទីរតំបន់មក អង្គការខ្មែរក្រហមបានគិតថាជាស្នាដៃរបស់វៀតណាម ទើបបញ្ជូនយោធាឲ្យទៅយាមនៅតាមច្រកព្រំដែន។ នៅពេលដែលទៅដល់ព្រំដែន ឡេង, កាដាំ, ផៃ, ចាម និង វិន បានទៅជួបទាក់ទងជាមួយ កុក វៀត (វៀតណាម) ជាវរសេនាធំ។

នៅខែមករា ឆ្នាំ១៩៧៤ អង្គការបានដកយកអង្គភាពរបស់ កាដាំ និងអង្គភាពរបស់ ឡេង ឲ្យទៅប្រចាំការនៅឃុំស្រែហ៊ុយ ស្រុកកោះញែកវិញ។ រហូតដល់ខែឧសភា ឡេង បានបើកការប្រជុំមួយដែលមានសមាជិកចូលរួមប្រជុំចំនួនប្រាំនាក់។ ខ្លឹមសារប្រជុំនិយាយពីផែនការដែលអង្គការចាត់តាំងឲ្យដឹកនាំយុវជនលើកទំនប់មួយកន្លែង ប្រើរយៈពេលមួយខែធ្វើយ៉ាងណាឲ្យរួចរាល់។ ប៉ុន្តែ ឡេង អប់រំឲ្យសមាជិកព្យាយាមបំផុសយុវជនមិនឲ្យធ្វើលឿនតាមផែនការកំណត់របស់អង្គការ។ នៅខែធ្នូ កាដាំ បានទៅជួប និងណែនាំ សួន និង ខាំផន នៅមន្ទីរពាណិជ្ជកម្ម១០៥ ដើម្បីត្រៀមខ្លួនធ្វើសកម្មភាពពេលផែនការថ្មីដាក់មក។

នៅខែមេសា ឆ្នាំ១៩៧៥ អង្គការបានចាត់តាំងឲ្យ ឡេង ទៅរៀននយោបាយនៅមន្ទីរក-១៧ រយៈពេលមួយខែ ហើយក៏ត្រលប់មកអង្គភាពវិញ។ រហូតដល់ ខែឧសភា ឡេង បានហៅ កាដាំ, ផៃ, ចាម, ទឹម និង វិន ប្រជុំនៅមន្ទីរក្នុងភូមិអន្រ្តេះ ហៅភូមិ (ក)។ ខ្លឹមសារប្រជុំគឺនិយាយអំពីផែនការទំនាក់ទំនងជាមួយវៀតណាម ដើម្បីឲ្យវៀតណាមដាក់ទីតាំងទ័ពលើទឹកដីកម្ពុជានៅខេត្តមណ្ឌលគិរី ងាយស្រួលវាយដណ្ដើមអំណាចពីបដិវត្តន៍ខ្មែរក្រហម។ នៅអំឡុងពេលនោះ ឡេង, កាដាំ និងសមាជិកបួននាក់ ធ្វើដំណើរទៅព្រំដែនខ្មែរ-វៀតណាម ដើម្បីជួបទាក់ទងជាមួយ កុក វៀត រាយការណ៍ពីផែនការដែលគ្រោងនឹងកម្ទេចបដិវត្តន៍ឲ្យវៀតណាមដឹង។ បន្ទាប់ពីរាយការណ៍រួចរាល់ អ្នកទាំងប្រាំមួយ បានវិលត្រលប់ចូលទឹកដីខ្មែរវិញ។ កន្លងបានមួយថ្ងៃ ឡេង បានចាត់តាំងឲ្យ កាដាំ និងសមាជិក លបចាំបាញ់សម្លាប់កម្មាភិបាលខ្មែរក្រហមម្នាក់ឈ្មោះ ឡាំង ប៉ុន្តែផែនការនោះត្រូវបរាជ័យព្រោះតែមិនមាននរណាម្នាក់មានភាពក្លាហានបាញ់សម្លាប់ឡើយ។ រហូតដល់ខែធ្នូ មានការប្រជុំមួយទៀតដែលរៀបចំដោយ ឡេង ដដែល ហើយនិយាយពីផែនការត្រៀមស្បៀងទុកសម្រាប់ផ្គត់ផ្គង់ឲ្យវៀតណាម។

នៅខែមករា ឆ្នាំ១៩៧៦ អង្គការចាត់តាំងឲ្យ កាដាំ រៀនបច្ចេកទេសសឹករយៈពេលមួយខែ ដើម្បីចូលសមរភូមិវាយជាមួយវៀតណាម។ បន្ទាប់ពីរៀនចប់ អង្គការបានប្រកាសលើកផែនការវាយវៀតណាមដែលបោះទីតាំងនៅទូយោសាំង។ បន្ទាប់ពីទទួលបានផែនការនោះភ្លាម ឡេង បានហៅ កាដាំ និងសមាជិកប្រជុំភ្លាម។ នៅក្នុងការប្រជុំ ឡេង បានលើកឡើងពីផែនការការពារខ្លួន ប្រសិនជាវៀតណាមវាយឈ្នះ ខ្មែរក្រហម ត្រូវនាំសមាជិកទាំងអស់រត់បកក្រោយ។ ប៉ុន្តែ ប្រសិនជាខ្មែរក្រហមឈ្នះវៀតណាម ទាំងអស់គ្នាត្រូវចូលជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ហើយវាយប្រហារមកលើយោធាខ្មែរក្រហមវិញ។ នៅខែកុម្ភៈ អង្គការចាត់តាំងឲ្យ កាដាំ, សំបុក្រ និង វិន ចូលសមរភូមិទូយោសាំង ចំណែកឯ ឡេង, ផៃ និង ចាម ទៅសមរភូមិភ្នំណុះទ្រោក។ នៅពេលដែលទៅដល់ទូយោសាំង កាដាំ ត្រូវចូលទៅសមរភូមិមុខប្រយុទ្ធ ឯសំបុក្រ និង វិន នៅខាងក្រោយកាន់កាំភ្លើងធំ។ ការប្រយុទ្ធគ្នាមិនទាន់បានប៉ុន្មានផង កងទ័ពស្ម័គ្រចិត្តវៀតណាមបាញ់គ្រាប់ បេ-៤០ ធ្លាក់មកប៉ះត្រូវជើង និងដៃរបស់ កាដាំ។ ឃើញបែបនោះ អង្គការបានបញ្ជូនឲ្យគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធាតំបន់។ កាដាំ ចំណាយពេលព្យាបាលរបួសរបស់គាត់មួយឆ្នាំ ទើបជើងរបស់អាចធ្វើសកម្មភាពបាន។

នៅខែសីហា ឆ្នាំ១៩៧៧ កាដាំ បានទៅជួបជាមួយ ឡេង នៅមន្ទីរភ្នំក្រោល នៅពេលនោះក៏មានវត្តមានរបស់ ផៃ និង ចាម នៅទីនោះដែរ។ ឡេង បាននិយាយថាថ្នាក់លើមានផែនការឲ្យគាត់សម្លាប់ ឡាំង និងកម្ទេចគណៈយោធាតំបន់ ដើម្បីថ្ងៃក្រោយងាយស្រួលទំនាក់ទំនងធ្វើសកម្មភាពជាមួយ កុក វៀត។ កាដាំ បានយកផែនការនោះមកប្រជុំជាមួយសមាជិកក្រុមរបស់គាត់ ហើយគាត់បានចាត់តាំងឲ្យ យុត, ក្រោញ និងសំបុក្រ លបចាំបាញ់សម្លាប់ ឡាំង។ អ្នកទាំងបីទទួលផែនការ ហើយក៏ចេញទៅចាំស្ទាក់ផ្លូវ ប៉ុន្តែផែនការនោះមិនជោគជ័យឡើយ ព្រោះមិនប្រទះឃើញឡានរបស់ ឡាំង ធ្វើដំណើរកាត់តាមផ្លូវដែលអ្នកទាំងនោះចាំឡើយ។ កាដាំ បានផ្ញើសំបុត្រផ្ដល់ដំណឹងឲ្យ ឡេង តាមរយៈ សំបុក្រ ដោយខ្លឹមសារនៅក្នុងសំបុត្រនោះបញ្ជាក់ថា៖ “ផែនការរបស់យើងខ្ញុំអនុវត្តន៍២យប់ហើយ តែមិនបានសម្រេចទេ។” ដល់ខែកញ្ញា ឡេង បានទៅប្រជុំជាមួយ កាដាំ និងកម្មាភិបាលយោធា ពីបញ្ហាមានមនុស្សចំនួន១៧នាក់ រត់ទៅប្រទេសវៀតណាម។ អង្គប្រជុំទាំងមូល បានចាត់តាំងអង្គភាពរបស់ ឡេង ឲ្យស្ទាក់បាញ់មនុស្ស១៧នាក់នោះនៅស្រុកកែវសីមា។ ឡេង មិនបានសម្លាប់មនុស្សទាំង១៧នាក់នោះឡើយ ហើយថែមទាំងជួយឲ្យអ្នកទាំងនោះបានចូលទៅប្រទេសវៀតណាមបានដោយជោគជ័យទៀត។

តាមរយៈការបញ្ជាក់របស់ ឡេង នៅក្នុងអង្គប្រជុំតូចមួយលើកឡើងថា នៅខែធ្នូ ឆ្នាំ១៩៧៧ ទាហានរបស់វៀតណាមនឹងវាយចូលឃុំដាក់ដាំ និងស្រុកកោះញែក។ កម្លាំងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលវាយចូលមកដំបូង គឺជារវសេនាធំរបស់ កុក វៀត និងបន្ទាប់មកគឺកម្លាំងកងពលរបស់ បាកុង។ ផែនការរបស់ កុក វៀត គឺដំបូងវាយយកខេត្តមណ្ឌលគិរី ហើយបន្ទាប់មកវាយយកកម្ពុជាទាំងមូល ដោយវាយយកឲ្យសម្រេចនៅឆ្នាំ១៩៧៨។ មុខសញ្ញាត្រូវវាយចូលទីមួយគឺ វាយចូលតាមដងទន្លេស្រែពក, ទីពីរ វាយចូលតាមឃុំដាក់ដាំ-សែនមនោរម្យ និងទីបី វាយចូលតាមស្រុកកែវសីមា។ ចំណែកឯសភាពការណ៍នៅក្នុងតំបន់នេះវិញ នៅពេលដែលកងទ័ពស្ម័គ្រចិត្តវៀតណាមវាយសម្រុកចូលដល់កោះញែក ត្រូវតែធ្វើសកម្មភាពអុកឡុកបាញ់កម្មាភិបាលយោធា និងកម្មាភិបាលតំបន់។

នៅដើមខែធ្នូ ឆ្នាំ១៩៧៧ ឡេង បានទៅជួប កាដាំ នៅមន្ទីរ១០៦ ដោយសារតែពេលនោះ កាដាំ ត្រូវអង្គការឃាត់ខ្លួនដើម្បីតាមដាន។ ឡេង បានប្រាប់ដំណឹងទៅ កាដាំ ថាកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយចូលដល់ឃុំដាក់ដាំហើយ ដោយសភាពការណ៍មិនល្អ ឡេង ក៏ត្រលប់ទៅអង្គភាពវិញ។ អង្គការតាមដាន កាដាំ តាំងពីពេលនោះមករហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ១៩៧៨ គាត់ត្រូវបានអង្គការចាប់ខ្លួននៅទីនោះ៕

អត្ថបទដោយ នេន ស្រីមុំ


[1] ឯកសារ D00432 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ស្ដីពីចម្លើយសារភាពរបស់ ភូ កាដាំ ហៅ ឡា ជាលេខាកងធំ នៅវរសេនាតូច៤០៥។ កំណត់ចំណាំ៖ “រាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់នៅមន្ទីរសន្តិសុខស-២១ សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះមិនអាចសន្និដ្ឋានបានថាចម្លើយរបស់ ភូ កាដាំ ពិត ឬយ៉ាងណានោះទេ”។

[2] សម្ភាសន៍ជាមួយ វេន សុន ដោយ ឡុង ដានី. នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១២. មជ្ឈមណ្ឌលឯកសារកម្ពុជា “តំបន់១០៥ ជាតំបន់ស្វយ័ត (មណ្ឌលគិរី) លេខាតំបន់ឈ្មោះ តាហម ហៅ តាឡាំង និងឈ្មោះ តាខាំភួន ជាអនុលេខា។ តំបន់ស្វយ័ត១០៥ មានស្រុកចំនួន៥ គឺស្រុកកែវសីមា, ស្រុកច្បារ, ស្រុកពេជ្រាដា, ស្រុកអូររាំង និងស្រុកកោះញែក”។

[3] យោងតាមវចនានុក្រម ជួន ណាត. (២០០៨). រក្សាសិទ្ធិដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត. ពាក្យ “ត្រដោក” (ន.) ប្រដាប់​ធ្វើ​ដោយ​ឈើ មាន​មេ​មាន​គ្រាប់​សំឡេង​លាន់​ឮ សម្រាប់​ចង​ព្យួរ​នៅ​ក​គោ, ក្របី, ដំរី, សេះ ។ ឈើ​ឬ​ឫស្សី​ដែល​គេ​ចោះ​ជា​ប្រហោង​តែ​ម្ខាង​សម្រាប់​វាយ​ចាំ​យាម​ល្បាត​ជាដើម : មនុស្ស​យាម​វាយ​ត្រដោក, គោះ​ត្រដោក ។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin