ពិធីបង្សុកូល ឧទ្ទិសកុសលជូនអដ្ឋិធាតុចំនួន៤៦៤ និងអ្នកបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម

នៅវេលាម៉ោង ៧ កន្លះព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំពិធីបង្សុកូលជូនដល់ កោដ្ឋ ចំនួន៤៦៤ នៅហោអដ្ឋិធាតុ និងអ្នកបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម នៅក្នុងវត្តលង្កា។ ការរៀបចំពិធីបង្សុកូល គឺដើម្បីគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលដល់អ្នកស្លាប់ឱ្យបានទៅដល់សុគតិភព។ កម្មវិធីខាងលើមានការនិមន្តចូលរួមពីព្រះបវរសត្ថា ហួរ សារិទ្ធិ ព្រឹទ្ធបុរសរងមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះគ្រូសូធ្យស្តាំវត្តលង្កាព្រះកុសុមារាម, ព្រះសង្ឃ៤អង្គ, ដូនជីតាជី, សាច់ញាតិរបស់អ្នកស្លាប់ និងបុគ្គលិករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ បើទោះបីជាមានការរៀបចំពិធីនេះឡើងជារូបភាពតូចតាចក្តី ប៉ុន្តែវាមានសារសំខាន់ណាស់សម្រាប់ប្រជាជនខ្មែរជឿលើព្រះពុទ្ធសាសនា កម្មផល បុណ្យបាប ផលានិសង្ស និងជឿលើការអហោសិកម្ម ដែលជាមូលដ្ឋានគ្រឹះនៅក្នុងជីវិតប្រចាំថ្ងៃ។

ហោអដ្ឋិធាតុ គឺជាទីសក្ការៈតម្កល់អដ្ឋិធាតុគ្មានសាច់ញាតិបងប្អូន ដែលលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានប្រទះឃើញដោយចៃដន្យ នៅក្នុងវត្តលង្កាអំឡុង ឆ្នាំ២០១៥ ពេលដែលលោកបួសជាសង្ឃ។ ហោអដ្ឋិធាតុ ដើរតួនាទីជាទីសម្មាធិ, កន្លែងប្រវត្តិសាស្រ្ដ និងការសិក្សាស្រាវជ្រាវអំពីព្រះពុទ្ធសាសនា។ អស់រយៈពេលជាង៣០ឆ្នាំកន្លងមក មជ្ឈមណ្ឌលឯកសារកម្ពុជាធ្វើបេសកកម្មចងក្រងឯកសារ ឬរក្សាការចងចាំអំពីរបបខ្មែរក្រហម។

មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលធ្វើការងារទៅលើប្រវត្តិសាស្រ្ដខ្មែរក្រហម ឬក៏អំពើប្រល័យពូជសាសន៍នៅកម្ពុជា តាំងពីឆ្នាំ១៩៩៥។[1] ចក្ខុវិស័យដំបូងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាគឺមាន ការចងចាំ, យុត្តិធម៌ និងការជាសះស្បើយ។ កន្លងមកមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំជាការអប់រំអំពើប្រល័យពូជសាសន៍ជាមួយយុវជនជំនាន់ក្រោយ តាមរយៈការរៀបចំវេទិកាថ្នាក់រៀន, ការបង្កើតសៀវភៅប្រវត្តិសាស្រ្ដខ្មែរក្រហម, ផ្ទាំងពាក្យស្លោក ស្ដីពីប្រឆាំងអំពើប្រល័យពូជសាសន៍, វេទិកាប្រវត្តិសាស្រ្ដផ្ទាល់មាត់ និងវេទិកាប្រវត្តិសាស្រ្ដគ្រួសារជាដើម។ គួររំឭកថា សកម្មភាពអប់រំដែលបានរៀបរាប់ក៏ជាផ្នែកមួយនៃគម្រោងសំណងសមូលហភាព អនុវត្ត ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថាតុលាការ ខ្មែរក្រហម។[2] ក្រៅពីសកម្មភាពខាងលើ មជ្ឈមណ្ឌលឯកសារកម្ពុជាក៏បានជំរុញឲ្យមានវេទិកាសន្ទនាអន្តរជំនាន់ ដើម្បីសម្រេចបានការផ្សះផ្សាផ្លូវចិត្តរបស់អ្នករស់រានមានជីវិត និងអប់រំមនុស្សជំនាន់ក្រោយពីអំពើប្រវត្តិសាស្រ្ដខ្មែរក្រហម។

ជាក់ស្ដែងកាលពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំសន្និសីទ មួយស្ដីពី “អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍”។ សន្និសីទ នេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សមាជិករាជរដ្ឋាភិបាល, មន្ត្រីយោធា, វាគ្មិនជាតិ និងអន្តរជាតិ, អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងយុវជនស្ម័គ្រចិត្តកម្ពុជា របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ សន្និសីទ ប្រារព្ធឡើងក្នុងគោលបំណង បង្កើតជាសហគមន៍ចម្រុះជាតិសាសន៍ ដោយប្រមូលផ្ដុំអ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ នៅក្នុងប្រទេសក្រោយជម្លោះ ដែលអាចចែករំលែកគំនិតច្នៃប្រឌិដ្ឋ និងការអនុវត្តល្អៗ ដើម្បីធ្វើការរួមគ្នាក្នុងការកសាងសន្តិភាពយូរអង្វែងក្នុងប្រទេសកម្ពុជា និងសកលលោក។[3]

យោងតាមប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសន្និសីទ “ស្ថាប័នរដ្ឋាភិបាលទាំងអស់ ទាំងយោធា និងស៊ីវិល ត្រូវតែគាំទ្រការងារអប់រំពីអំពើប្រល័យពូជសាសន៍សម្រាប់មនុស្សជំនាន់ក្រោយ។ ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមមេរៀនប្រវត្តិសាស្រ្ដនោះទេ។ យើងអាចបញ្ចូលក្នុងមុខវិជ្ជាសីលធម៌ អក្សរសាស្រ្ដខ្មែរ រហូតដល់ការសិក្សាពីភាពជាអ្នកដឹកនាំ និងការអភិឌ្ឍជំនាញទន់ផ្សេងៗ។ យើងអាចស្វែងរកវិធីច្នៃប្រឌិដ្ឋផ្សេងៗដើម្បីរៀបរាប់រឿងរ៉ាវពិបាកទាំងនេះ ទៅកាន់មនុស្សដែលមានវ័យ និងជំនាន់ផ្សេងគ្នា តាមរយៈសិល្បៈ មាតិកាឌីជីថល ឬគំនូរជីវចលជាដើម។ យើងចាំបាច់ត្រូវសង្កត់ធ្ងន់ថា កាតព្វកិច្ចលើកកម្ពស់ ការអប់រំពីអំពើប្រល័យពូជសាសន៍ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា មិនមែនតែរាជរដ្ឋាភិបាលម្នាក់នោះទេ។[4]

ការរៀបចំសន្និសីទ អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ នៅថ្ងៃទី២០ ឧសភា គឺជាការរំឭកដល់ “ទិវាជាតិនៃការចងចាំ” ដែលទទួលស្គាត់ដោយរដ្ឋាភិបាល។​ នៅក្នុងមាត្រា១ របស់អនុក្រឹត្យ បានបង្ហាញថារដ្ឋាភិបាលសម្រេចកំណត់យកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំជាថ្ងៃបុណ្យជាតិ, រំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩។[5] មួយវិញទៀត ការប្រារព្ធ “ទិវាជាតិនៃការចងចាំ” ដោយកំណត់យកថ្ងៃទី២០ ខែឧសភា​ គឺជាការឆ្លើយតបទៅ អង្គភាពសហមេធាវីនាំមុខ តំណាងដើមបណ្ដឹងរដ្ឋប្បវេណី ដែលបានផ្ញើសំណើសុំដល់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការរៀបចំគម្រោងសំណងសមូហភាព សម្រាប់ដើមបណ្ដឹងរដ្ឋប្បវេណីនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាសំណុំរឿង ០០២[6]

ក្នុងឱកាសខួបលើលទី៨ “ទិវាជាតិនៃការចងចាំ” ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សារលិខិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា៖ ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានប្ដូរពី “ទិវាចងកំហឹង” ជា “ទិវាចងចាំ” រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ១៩ អនក្រ.បក កំណត់យកថ្ងៃទី២០ ខែឧសភា ជា “ទិវាជាតិនៃការចងចាំ” វិញ។[7] «ទិវាចងកំហឹង» ត្រូវបានគាំទ្រផ្ដួចផ្ដើមពីរដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជានៅដើមទសវត្សរ៍ទី៨០ ដើម្បីរំឭកឡើងវិញនូវការចងចាំរបស់ប្រជាជនកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩), រំឭកដល់អ្នកស្លាប់ក្នុងរបប ប៉ុល ពត និងយុវជនជំនាន់ក្រោយដែលត្រូវជាសមាជិកគ្រួសាររបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅក្នុងការប្រារព្ធ “ទិវាចងកំហឹង” រដ្ឋាភិបាលបានកំណត់យកកន្លែងសម្លាប់មនុស្ស, កន្លែងធ្វើទារុណកម្ម, ហោអដ្ឋិធាតុ, និងការដ្ឋានការងារនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ធ្វើជាទីតាំងកម្មវិធីជួបជុំប្រជាជនច្រើនកកកុញទូទាំងប្រទេស ដើម្បីនិយាយប្រឆាំងជាមួយរបប ប៉ុល ពត។[8]

ចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា «ទិវា ២០ ឧសភា» គឺជាការចងចាំរាល់ថ្ងៃ គឺជាការងារប្រចាំថ្ងៃនិងការជួយដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតំបន់ឆ្ងាយៗ ដែលគ្មានលទ្ធភាព និងធន​ធាន​ក្នុងការសាងសង់ទីកន្លែងជួបជុំគ្នា។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានសាងសង់ចេតិយមួយចំនួននៅតាមភូមិ ឃុំ និងមានការចូលរួមពីអ្នករស់រានមានជីវិត ដែលបានផ្ដល់ជាទីតាំងនៅតាមវាលស្រែ ចម្ការ របស់ខ្លួនដើម្បីប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

នៅក្នុងឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារកម្ពុជា បានសម្រេចធ្វើពិធីបង្សុកូលនៅវត្តលង្កា ដែលជាទីតាំងមួយមានរក្សាទុកកោដ្ឋចំនួន៤៦៤ ដែលត្រូវបានបោះបង់ចោល និងគួរឱ្យសង្វេគ ហើយមិនត្រូវបានគេនឹកនាដល់។ កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ វត្តលង្កាបានសហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំកន្លែងទុកដាក់កោដ្ឋទាំងនេះ ទៅជាបណ្ណាល័យ ដែលប្រែជាភាសាបាលីគឺ «ហោអដ្ឋិធាតុ»។ ហោអដ្ឋិធាតុ គឺជាទីតាំងសម្រាប់ការសិក្សារៀនសូត្រ, សម្មាធិ និងឈ្វេងយល់ពីប្រវត្តិសាស្រ្ដ, វប្បធម៌ និងអត្ថន័យផ្នែកសាសនា របស់កោដ្ឋទាំងនេះ នៅក្នុងបរិបទនៃអត្តសញ្ញាណរបស់កម្ពុជា, ទំនៀមទម្លាប់ក្នុងព្រះពុទ្ធសាសនា និងមនុស្សជាតិ[9]

ការអភិរក្ស និងការពារកោដ្ឋទាំងអស់នេះ គឺស្របទៅតាមចក្ខុវិស័យរបស់អនុសញ្ញាក្នុងការរារាំងទប់ស្កាត់ និងផ្ដន្ទាទោសលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ តាំងពីឆ្នាំ១៩៤៤ មកម្ល៉េះ ។ នៅមុនពេលដែលយើងសម្រេចកំណត់បាននិយមន័យផ្លូវច្បាប់នៃឧក្រិដ្ឋប្រល័យពូជសាសន៍ដូចសព្វថ្ងៃ លោក លេមឃីន បានកំណត់ថា ការបំផ្លិចបំផ្លាញលើវត្ថុ និងបេតិកភណ្ឌវប្បធម៌ គឺជាទង្វើមួយដែលចាត់ចូលជាអំពើប្រល័យពូជសាសន៍លើវប្បធម៌។ កិច្ចការដែលបម្រើដល់ការកំណត់អត្តសញ្ញាណ, ការគោរព និងការអភិរក្សកោដ្ឋទាំងអស់ ដែលស្ទើរតែបាត់បង់ដោយសារខ្មែរក្រហម បង្កឡើងកាលពី៥០ឆ្នាំមុន ក្នុងអំឡុងពេលជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ គឺជាកិច្ចការបំពេញបន្ថែមចំពោះការតស៊ូឥតឈប់ឈរ ក្នុងការឆ្លើយតបអំពើប្រល័យពូជសាសន៍លើវប្បធម៌ ដែលបានកើតមានពីអតីតកាល ព្រមទាំងបានបន្តរហូតមកដល់សព្វថ្ងៃ។[10]

ហោអដ្ឋិធាតុ គឺជាបណ្ណាល័យធាតុដំបូងគេនៅក្នុងទីក្រុងភ្នំពេញ។ ក្រៅពីការអហោសិកម្ម និងជំនឿសាសនា គោលបំណងដែលរៀបចំឱ្យមាន ហោអដ្ឋិធាតុ នេះ គឺជំរុញឱ្យមានការសិក្សា អំពីហេតុ និងផល ដែលនាំឱ្យកោដ្ឋចំនួន៤៦៤ត្រូវបានបោះបង់? តើនរណាខ្លះដែលជាបុគ្គលចំនួន៤៦៤នាក់? តើស្លាប់ដោយសារមូលហេតុអ្វី? តើស្លាប់នៅពេលណា? តើសាច់ញាតិនៅទីណា? តើយើងអាចរកឃើញអ្នករស់រានមានជីវិត ដែលជាសាច់ញាតិរបស់អ្នកស្លាប់ចំនួន៤៦៤នាក់នេះដែរឬទេ? វាក៏បានបង្ហាញអំពីវប្បធម៌នៅក្នុងព្រះពុទ្ធ​សាស​នារបស់យើង អំពីការដែលយើងរៀបចំទុកដាក់អដ្ឋិធាតុអ្នកដែលបានស្លាប់ទៅ។

នៅក្នុងហោអដ្ឋិធាតុនេះ មានកោដ្ឋចំនួន៤៦៤ ដែលមានរូបរាង សណ្ឋានផ្សេងៗពីគ្នា ក្នុងនោះកោដ្ឋដែលតម្កល់ទាំងនេះ ត្រូវបានរៀបរាងជាបញ្ជីឈ្មោះ, ថតរូប និងបោះពុម្ពជាសៀវភៅ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ តាមការពិនិត្យមើលរូបរាង, ការរចនារៀបចំ និងកំណត់ចំណាំឈ្មោះ ឬថ្ងៃខែឆ្នាំនៃការស្លាប់ នៅលើកោដ្ឋ បានឲ្យយើងដឹងពីអត្តសញ្ញាណរបស់កោដ្ឋមួយចំនួន ប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់សម្គាល់ប្រភពរបស់អ្នកស្លាប់ថារស់នៅទីណានោះទេ លុះត្រាតែសមាជិកគ្រួសាររបស់អ្នកស្លាប់មកពិនិត្យមើលដោយខ្លួនឯង។ នៅក្នុងហោអដ្ឋិធាតុ អ្នកស្រាវជ្រាវ ឬសមាជិកគ្រួសារ អាចមើលឃើញកោដ្ឋជាច្រើនច្បាស់ៗ នៅក្នុងទូកញ្ចក់។ រូបរាងរបស់កោដ្ឋទាំងអស់មានភាពខុសគ្នាទៅតាមសម័យកាល, ជីវភាពគ្រួសាររបស់អ្នកស្លាប់ និងជនជាតិ។ នៅក្នុងរូបភាព កោដ្ឋជាច្រើនត្រូវបានរចនាឡើងពីលោហធាតុ, និងកុលាលភាជន៍ ហើយមានកំពូលស្រួចឡើងទៅខាងលើ មានក្បាច់រចនានៅខាងក្រោម និងរំព័ទ្ធអំបោះសីមាក្នុងទម្រង់ផ្សេងៗគ្នា។ ចំណែកកោដ្ឋមួយចំនួនទៀត មានលក្ខណៈមូលៗដូចជាក្រឡប្រើប្រាស់របស់ចិន ប៉ុន្តែមានទំហំ និងរូបភាពខាងក្រៅខុសគ្នា។ ក្នុងចំណោមកោដ្ឋជាច្រើន មានមួយចំនួនតូច គឺរុំក្រណាត, ដាក់ក្នុងខាប និងក្នុងកែវជាដើម។ តាមរយៈការបង្ហាញខាងលើ យើងអាចសន្និដ្ឋានបានថា កោដ្ឋភាគច្រើនជារបស់ជនជាតិខ្មែរ ហើយខ្លះទៀតជារបស់ជនជាតិចិន និងតិចតួចបំផុតជារបស់ជនជាតិវៀតណាម។

ចាប់តាំងពីមានហោអដ្ឋិធាតុ មានតែក្រុមគ្រួសារចំនួន១៦ ដែលបានដឹង និងខ្លះទទួលយកអដ្ឋិធាតុសាច់ញាតិរបស់ខ្លួនត្រលប់ទៅវិញ។ ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ចង់សិក្សាស្រាវជ្រាវ ឬគិតថាមានអដ្ឋិធាតុសាច់ញាតិ សូមទាក់ទងមកកាន៖ លោក រស់ សំពៅ ទូរសព្ទលេខ៖ ០១២ ៨៨២ ៥០៥ ឬ អ៊ីមែល៖ truthsampeou.r@dccam.org

អត្ថបទដោយ៖ ភា រស្មី

[1]  អំពីមជ្ឈមណ្ឌលឯកសារកម្ពុជា, ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ សូមចូលទៅកាន់តំណរភ្ជាប់៖ https://www.dccam.org/

[2] លិខិតលេខ E457/6/2/1, ធ្វើនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧, ដោយសហមេធាវីនាំមុខដើមបណ្ដឹងរដ្ឋប្បវេណី និងសហមេធាវីតំណាងដើមបណ្ដឹងរដ្ឋប្បវេណី ស្ដីពីបណ្ដឹងទាមទារចុងក្រោយរបស់សហមេធាវីនាំមុខតំណាងដើមបណ្ដឹងរដ្ឋប្បវេណីសម្រាប់សំណងនៅក្នុងសំណុំរឿង០០២/០២ ភ្ជាប់ជាមួយឧបសម្ព័ន្ធសម្ងាត់។

[3] មជ្ឈមណ្ឌលឯកសារកម្ពុជា៖ អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍, ថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០២៤។ សូមចូលទៅកាន់តំណរភ្ជាប់៖ The Future of Cambodia Without Genocide

[4] ទីស្ដីការគណៈរដ្ឋមន្ត្រី៖ សម្រង់ប្រសាសន៍សម្ដេចបហាបវរធិបតី ហ៊ុន ម៉ាណែត, ពិធីបើកសន្និសីទលើកទី១ ក្រោមប្រធានបទ “អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍” ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ សូមចូលទៅកាន់តំណភ្ជាប់៖ https://pressocm.gov.kh/archives/97373

[5] លិខិតលេខ ១៩ អនក្រ.បក, អនុក្រឹត្យស្ដិពី ទិវាជាតិនៃការចងចាំ, ចុះនៅទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨, ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា។

[6] លិខិតលេខ LCLs-20213-00014 ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៣ របស់អង្គភាពសហមេធាវីនាំមុខតំណាងដើមបណ្ដឹងរដ្ឋប្បមេណី។

[7] សារលិខិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, លេខ ២៤ សលខ, រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥, ក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥, រាជរដ្ឋាភិបាលកម្ពុជា។

[8] ទស្សនាវដ្ដីស្វែងរកការពិត៖ លេខ១២ ខែធ្នូ ឆ្នាំ២០០០ នៅក្នុងវេទិកាពិភាក្សាជាសាធារណៈ, ចំណងជើង ថ្ងៃចងកំហឹង, (ភ្នំពេញ៖២០០០, ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា) ទំព័រទី៤៨ដល់៥២។

[9] ឆាំង យុ​​ និងស៊ុន ពៅរ៉ា,​ ហោអដ្ឋិធាតុ THE URN LIBRARY វត្តលង្កា ព្រះកុសុមារាម, ក្រុងភ្នំពេញ (ភ្នំពេញ៖មជ្ឈមណ្ឌលឯកសារកម្ពុជា, ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣) ទំព័រទី១០។

[10] ឆាំង យុ​​ និងស៊ុន ពៅរ៉ា,​ ហោអដ្ឋិធាតុ THE URN LIBRARY វត្តលង្កា ព្រះកុសុមារាម, ក្រុងភ្នំពេញ (ភ្នំពេញ៖មជ្ឈមណ្ឌលឯកសារកម្ពុជា, ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣) ទំព័រទី១១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin