ឌី ប៊ុនសុំ៖ ខ្ញុំបើកឡានដឹកទំនិញ ក្នុងជំនាន់ខ្មែរក្រហម

ឌី ប៊ុនសុំ[1] ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងកំណើត នៅក្នុងភូមិជីមៀត ឃុំជីមៀត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ សព្វថ្ងៃ ប៊ុនសុំ រស់នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ប៊ុន សុំ បាននិយាយពីបទពិសោធន៍ការតស៊ូរបស់ខ្លួនក្នុងសម័យខ្មែរក្រហមថា៖ «កាលពីកុមារភាព ខ្ញុំបានរៀនត្រឹមថ្នាក់ទី៩ ពីសង្គមចាស់។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់។ ខ្ញុំគឺជាកូនប្រុសពៅ នៅក្នុងគ្រួសារ។ ឪពុកម្ដាយរបស់ខ្ញុំប្រកបរបរធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ បងៗរបស់ខ្ញុំបានរៀបការអស់មួយចំនួន និងមួយចំនួនទៀតទៅបន្តការសិក្សារៀនសូត្រ។ នៅក្នុងជំនាន់សង្គមរាស្រ្តនិយមគ្រួសារខ្ញុំមានជីវភាពមធ្យម។
នៅក្នុងឆ្នាំ១៩៦៨ ប្រជាជននៅក្នុងស្រុកកោះញែក បាននាំគ្នារត់ទៅរស់នៅក្នុងព្រៃ ដែលស្ថិតនៅតាមបណ្តោយព្រំដែនវៀតណាម។ រយៈពេល២ឆ្នាំក្រោយមក ប្រជាជនបានឭដំណឹងអំពីការធ្វើរដ្ឋប្រហាររបស់ លន់ នល់ ដែលបានទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ។ នៅក្នុងឆ្នាំ១៩៧០ ប្រជាជនបានចាកចេញពីព្រៃ ហើយត្រឡប់មករស់នៅក្នុងភូមិវិញ។ ផ្ទះមួយចំនួនធំរបស់ប្រជាជន ត្រូវបានដុតចោល។ នៅពេលនោះ ប្រជាជនអស់សង្ឃឹមយ៉ាងខ្លាំង ដោយសារតែការបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បតិ្តនាពេលនោះ។
ក្រោយមកទៀត ការរស់នៅក្នុងភូមិក៏ចាប់ផ្ដើមជួបបញ្ហាអសន្តិសុខ ដែលបង្កឡើងដោយក្រុមខ្មែរក្រហមនៅក្នុងភូមិ និងក្រុមវៀតណាមខាងជើងមួយចំនួនដែរ។ ពេលនោះ ប្រជាជនមានភាពភ័យខ្លាចជាខ្លាំងចំពោះការកេណ្ឌកម្លាំងយុវជនយុវនារីនៅតាមភូមិ ដើម្បីចូលបម្រើក្នុងជួរកងទ័ព។ គ្រួសារខ្លះក៏បាននាំគ្នារត់ ទៅលាក់ខ្លួននៅក្នុងព្រៃវិញ។ ភូមិឋានមានភាពចលាចលជាខ្លាំង។ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្មែរក្រហមបន្តចូលមកនៅក្នុងភូមិ។
ចាប់ពីឆ្នាំ១៩៧២មកម្ល៉េះ ការរស់នៅក្នុងស្រុកកោះញែកបានផ្លាស់ប្ដូរទាំងស្រុង។ ប្រជាជនទាំងអស់ត្រូវបានខ្មែរក្រហមរៀបចំឲ្យទៅជាសមូហភាព ដោយត្រូវហូបបាយរួម និងធ្វើការរួមគ្នា។ ការរស់នៅក្នុងសហរកណ៍បានធ្វើឲ្យខ្ញុំ រួមទាំងប្រជាជនមានការលំបាកជាខ្លាំង។ យើងត្រូវធ្វើការទាំងយប់ ដោយគ្មានពេលឈប់សម្រាក។ យើងក៏ជួបប្រទះនូវការខ្វះខាតចំពោះការហូបចុក។ ខ្ញុំរស់នៅធ្វើការក្នុងសហករណ៍រហូតដល់ឆ្នាំ១៩៧៥។ នៅក្នុងឆ្នាំនោះ យើងបានទទួលដំណឹងថា ខ្មែរក្រហមទទួលជ័យជម្នះនៅទីក្រុងភ្នំពេញ។ ខ្ញុំ រួមទាំងប្រជាជន មានការសប្បាយចិត្តជាខ្លាំង ព្រោះយើងគិតថា យើងនឹងបានវិលត្រឡប់ទៅរស់នៅជួបជុំគ្រួសារនៅឯស្រុកកំណើតវិញ។
ប៉ុន្តែ ការរំពឹងរបស់ខ្ញុំមិនអាចកើតឡើងទេ ដោយសារខ្មែរក្រហមបញ្ជូនយើងទៅកន្លែងថ្មីៗដើម្បីធ្វើការនៅតាមសហករណ៍។ ខ្ញុំត្រូវបានឃ្លាតឆ្ងាយពីឪពុកម្ដាយអស់ជាច្រើនឆ្នាំ ដោយគ្មានការទំនាក់ទំនងគ្នាទាល់តែសោះ។
នៅក្នុងឆ្នាំ១៩៧៥ ដដែល ខ្ញុំត្រូវបញ្ជូនឲ្យទៅធ្វើការផ្នែកពាណិជ្ជកម្ម។ ខ្ញុំបើកឡានដឹកទំនិញដូចជា ក្រណាត់ និងសម្លៀកបំពាក់ ទៅកាន់តំបន់ផ្សេងៗ។ ការងារជាអ្នកបើកឡាននេះ មិនលំបាកពេកទេ ហើយក៏មិនស្រួលពេកដែរ។ ខ្ញុំអាចទ្រទ្រង់បាន។ បញ្ហាលំបាករបស់ខ្ញុំគឺការធ្វើដំណើរផ្លូវឆ្ងាយ និងការខូចគ្រឿងម៉ាស៊ីនឡានជាដើម។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនសូវធ្វើការងារនៅកណ្ដាលថ្ងៃក្ដៅ ឬត្រូវបានអង្គការធ្វើបាបនោះទេ។ ខ្ញុំបានហូបចុកគ្រប់គ្រាន់។ នៅពេលទំនេរពីការងារដឹកជញ្ជូន ខ្ញុំតែងតែជិះឡាន ឬជិះកង់លេងនៅក្នុងទីក្រុងភ្នំពេញ ដូចជា ខាងមុខព្រះបរមរាជវាំង, ទួលគោក, ពោធិ៍ចិនតុង និងចោមចៅ ជាដើម។
ខ្ញុំរស់នៅក្នុងអង្គភាពពាណិជ្ជកម្ម រហូតដល់ឆ្នាំ១៩៧៩។ នៅពេលដែលកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមករំដោះទីក្រុងភ្នំពេញ កម្លាំងខ្មែរក្រហមក៏បានដកចេញភ្លាមៗ។ ខ្ញុំ រួមទាំងប្រជាជនជាច្រើននាក់បានរត់ភៀសខ្លួនទៅកាន់ព្រំដែនថៃ។ សភាពការណ៍ពេលនោះបានកើតឡើងលឿនពេក ទើបធ្វើឲ្យប្រជាជនគ្មានពេលរៀបចំស្បៀងអាហារ និងរបស់របរប្រើប្រាស់តាមខ្លួន។ ការធ្វើដំណើរនៅតាមផ្លូវជួបការលំបាកខ្លាំង ដោយសារអត់ស្បៀងអាហារហូបចុក។ មួយវិញទៀត យើងត្រូវរត់គេចខ្លួនពីការតាមបាញ់របស់កងទ័ពវៀតណាម។ ម្នាក់ៗបួងសួងសូមឲ្យតែរួចផុតពីសេចក្ដីស្លាប់ និងទុក្ខលំបាកនេះតែប៉ុណ្ណោះ។ យើងលែងត្រូវការអ្វីទាំងអស់។
ខ្ញុំ និងប្រជាជនផ្សេងទៀត បានចំណាយពេលប្រហែលជាកន្លះខែ ដោយធ្វើដំណើរទាំងយប់ទាំងថ្ងៃឆ្ពោះទៅកាន់តំបន់១០០១ដែលសុន សេន គឺជាអ្នកគ្រប់គ្រង។ នៅទីនោះ យើងទទួលបានអាហារគ្រប់គ្រាន់។ ខ្ញុំបន្តធ្វើការងារបិតចំរូង និងបញ្ជូនចំរូងទាំងនោះឲ្យទៅកងទ័ព។ រហូតដល់ឆ្នាំ១៩៨៥ ខ្ញុំក៏បានរៀបការ។ ក្នុងឆ្នាំដដែល កងទ័ពវៀតណាមបានវាយចូលមកដល់តំបន់១០០១ កម្លាំងប្រជាជនទាំងអស់ក៏បានផ្លាស់ប្ដូរទីកន្លែងទៅរស់នៅតំបន់ភ្នំ១០០៣ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់តាម៉ុកវិញម្តង។
នៅទីនោះ គ្រួសារខ្ញុំនៅតែបន្តការងារបិតចំរូងដដែល។ រហូតដល់ឆ្នាំ១៩៩០ តាម៉ុក បានរៀបចំតំបន់អន្លង់វែងទៅជាភូមិស្ថាន ដើម្បីឲ្យប្រជាជននៅលើភ្នំដងរែកមករស់នៅ។ នៅពេលនោះ តាម៉ុក បានបញ្ជាឲ្យក្រុមត្រាក់ទ័រឈូសឆាយព្រៃ និងធ្វើផ្លូវមួយចំនួនសម្រាប់ធ្វើដំណើរចេញចូលនៅក្នុងភូមិ។ បន្ទាប់ពីបានរៀបចំរួចរាល់ ប្រជាជនក៏នាំគ្នាចុះមករស់នៅតាមទីតាំង ដែលតាម៉ុកបានចាត់ចែងទៅតាមកងអង្គភាពរៀងៗខ្លួន។ ដោយសារតែខ្ញុំស្ថិតនៅក្នុងអង្គភាព១០៥ ទើបខ្ញុំបានចូលមករស់នៅក្នុងភូមិថ្នល់កែងនេះរហូតដល់បច្ចុប្បន្ន»៕
អត្ថបទដោយ លី សុខឃាង
[1] សួត វិចិត្រ សម្ភាសន៍ជាមួយ ឌី ប៊ុនសុំ នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ២០២៤។