អណ្តូង៤០
អណ្តូង៤០[1] គឺជាឈ្មោះអណ្តូងមួយកន្លែងស្ថិតនៅក្នុង ភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ អណ្តូង៤០ ជាទីតាំងមួយដែលខ្មែរក្រហមវាយសម្លាប់អតីតទាហាន លន់ នល់ ប្រមាណ៤០នាក់ទម្លាក់ចូលក្នុងអណ្តូង។ ដោរ សុឃិន[2] ភេទប្រុស អាយុ ៨៣ឆ្នាំ បានរៀបរាប់ពីបទពិសោធន៍ជីវិតនៅក្នុងរបបខ្មែក្រហមដូចខាងក្រោម៖
ខ្ញុំឈ្មោះ ដោរ សុឃិន ភេទប្រុស អាយុ៨៣ឆ្នាំ (កើតនៅថ្ងៃ១៤កើត ខែមាឃ ឆ្នាំមមី ១៩៤២) សព្វថ្ងៃរស់នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានស្រុកកំណើតនៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម ។ ខ្ញុំមានប្រពន្ធឈ្មោះ ស្រី សាអឿន អាយុ ៧៣ឆ្នាំ និងមានកូនចំនួន៧នាក់ (ប្រុស៤នាក់ និងស្រី៣នាក់) ស្លាប់ម្នាក់ដោយសារចង់កសម្លាប់ខ្លួនព្រោះមានជំងឹរំាំរ៉ៃព្យាបាលមិនជា។ ឪពុកខ្ញុំឈ្មោះ ដោរ រស់ (ស្លាប់) ចំណែកម្តាយឈ្មោះ គុជ សាវ៉ាន់ ស្លាប់នៅក្នុងឆ្នាំ១៩៧៨ ដោយសារអត់បាយ។ ខ្ញុំមានបងប្អូនចំនួន៤នាក់ (ស្រី២នាក់ និងប្រុស២នាក់) ខ្ញុំជាកូនពៅ (បងទី១ឈ្មោះ ដោរ ខ្ទីង បងទី២ឈ្មោះ ដោរ ហ៊ូរ ស្រី (ស្លាប់) និងបងទី៣ឈ្មោះ ដោរ ហ៊ឹន (ស្រី)។ ឪពុកខ្ញុំមានស្រុកកំណើតនៅភូមិកំប្រើស ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តកំពង់ចាម។ ចំណែកម្តាយនៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម។ កាលពីដើមឪពុកខ្ញុំធ្វើជាងផ្ទះ និងបានធ្វើវត្តនៅក្នុងភូមិរំចេកក៏ចាប់ចិត្តស្រលាញ់ម្តាយខ្ញុំ។
កាលពីដើមទីតាំងភូមិរំចេកមានដើមចេកដុះនៅជុំជិត ទើបចាស់ៗដាក់ឈ្មោះភូមិនេះជាភូមិរំចេក។ ដំបូងឡើយភូមិរំចេកមានប្រជាជនតែ១៥គ្រួសារភាគច្រើនប្រកបរបរកស៊ីដឹកឈើទៅលក់នៅស្រុកឆ្លូង។ ភូមិរំចេកស្ថិតនៅជាប់ភូមិស្រែប្រាំង និងភូមិខ្ពប ស្រុកតំបែរ។ ចំណែកជើងជាប់ខាងស្រុកឆ្លូង ខេត្តក្រចេះ។ កាលពីខ្ញុំនៅក្មេងជំនាន់បារាំងបានកេណ្ឌប្រជាជនចេញពីភូមិរំចេក និងភូមិខ្ពបឲ្យទៅនៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរទាំងអស់។ បារាំងបានចូលទៅភូមិ និងដុតផ្ទះប្រជាជនមិនឲ្យរស់នៅបានស្រួលទេ។ នៅពេលនោះបារាំងបានបាញ់សម្លាប់មេទ័ពខ្មែរម្នាក់ឈ្មោះ ពាំង សេនា ដែលបានប៉ះបោរប្រឆាំងបារាំង។
កាលពីក្មេងខ្ញុំរៀនអក្សរជាមួយគ្រូដែលជាទាហាន និងបានឈប់រៀនដោយសារមានជំងឺកញ្រ្ជិល។ ពេលជាពីជំងឺកញ្ជ្រិល ខ្ញុំបានបួសជាព្រះសង្ឃរយៈពេល៣វស្សា និងបានទៅរៀននៅសាលាបាលី នៅស្រុកឆ្លូង ខេត្តក្រចេះ។ ខ្ញុំ រៀនបានមួយរយៈដោយអត់មានលុយរៀនបន្តក៏សម្រេចចិត្តឈប់រៀន។ ពេលត្រឡប់មកភូមិកំណើតវិញ ខ្ញុំសឹកមកជួយឪពុកម្តាយធ្វើស្រែបាន២-៣ឆ្នាំ ក៏សុំម៉ែយកប្រពន្ធ។ ខ្ញុំរៀបការជាមួយប្រពន្ធទី១ បានរយៈពេលប្រហែលជាង១ខែ ដោយសាររស់នៅមិនចុះសម្រុងនឹងគ្នាក៏លែងលះ។ ក្រោយមកខ្ញុំក៏បានចូលបួសម្តងទៀត។ ខ្ញុំបួសបានរយៈពេល៤វស្សា ស្រាប់តែមានការធ្វើបាតុកម្មទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨មីនា ឆ្នាំ១៩៧០។ កាលនោះមានឈ្មោះ ឡៃ អ៊ីន តំណាងរាស្រ្ត ស្រុកស្នួល ខេត្តក្រចេះ បាននិយាយឃោសនាថា ជយោសម្តេចឪ អ្នកណាមិនទៅសម្លាប់ចោល។ ពេលនោះក៏មានកងទ័ពវៀតកុងចូលមកក្នុងភូមិខ្ញុំរស់នៅ។ បន្ទាប់មកក៏មានទាហានធៀវគី និងទាហានសហរដ្ឋអាមេរិកចូលមកទម្លាក់គ្រាប់បែកនៅស្រុកឆ្លូង ខេត្តក្រចេះ។ ការទម្លាក់គ្រាប់បែកនៅស្រុកឆ្លូងត្រូវចំរោងចក្រក្រដាស់ប្រមាណជាង១០លើក និងមានមនុស្សស្លាប់ម្នាក់។ គ្រាប់ B-៥២ បានទម្លាក់ចូលនៅក្នុងភូមិ ហើយបងថ្លៃខ្ញុំម្នាក់ឈ្មោះ គង់ សាម៉ន ត្រូវអំបែងគ្រាប់ចំក្បាលហូរឈាមស្រោចពេញខ្លួន និងម្នាក់ទៀតឈ្មោះ អេង ដែលជាម្តាយមីងខ្ញុំបានស្លាប់។ ចំណែកផ្ទះប្រជាជនមួយចំនួនបានឆេះ និងនៅតាមផ្លូវមានរណ្តៅ B-៥២ ជាច្រើនកន្លែង។ ទាហានអាមេរិកាំងស្វែងរកកងទ័ពវៀតកុង ដើម្បីទម្លាក់គ្រាប់បែក។ កងទ័ពវៀតកុងមានច្រើននៅក្នុងព្រៃ និងឆ្មក់ចូលក្នុងភូមិរកទិញមាន់ទាសម្រាប់ធ្វើម្ហូបម្តងម្កាល។ អ្នកភូមិមិនហ៊ានដេកនៅផ្ទះនាពេលយប់ និងនាំគ្នាទៅសម្រាកនៅក្នុងព្រៃ ឬចូលទៅក្នុងរណ្តៅត្រង់សេ ពីព្រោះគ្រាន់តែចំហាយភ្លើងគ្រាប់បែក គឺភ្លឺមើលឃើញដល់ស្រមោច។
នៅឆ្នាំ១៩៧២ ឬ១៩៧៣ ក៏កើតមានខ្មែរក្រហម ដើរជ្រើសរើសក្មេងស្រីៗឲ្យទៅរៀនពេទ្យ ចំណែកប្រុសៗធ្វើកងទ័ពស្រុកមេមត់ ស្រុកតំបែរ និងតំបន់២១ ភូមិភាគបូព៌ា។ មេខ្មែរក្រហមប្រចាំតំបន់២១ មានឈ្មោះ តាសេងហុង។ ប្រពន្ធតាសេងហុង មានស្រុកកំណើតនៅភូមិដីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ។ ខ្ញុំត្រូវបានខ្មែរក្រហមចាត់ឲ្យធ្វើជាគ្រូបង្រៀន ប៉ុន្តែអត់មានសាលារៀនទេ ត្រូវបង្រៀននៅតាមម្លប់ឈើទាល ម្លប់បេង។ កាលនោះ កូនសិស្សចូលរៀនមានអាយុចាប់ពី៧ឆ្នាំដល់អាយុ៨ឆ្នាំ ដោយចែកជាពីរពេល(ពេលព្រឹក និងរសៀល)។ ពេលនោះបង្រៀនមិនបានដិតដល់ទេ ពេល ប្រយុទ្ធគ្នាម្តងៗ ត្រូវឈប់រៀន ពេលស្ងាត់គ្រាប់បន្តិច ក៏នាំគ្នាចូលរៀនបន្តទៀត។ ពេលនោះគ្មានអ្វីសរសេរទេ ក្តារ និងដីសសិស្សត្រូវធ្វើដោយខ្លួនឯង។ នៅក្នុងភូមិរំចេកខ្មែរក្រហមចែកប្រជាជនជាក្រុមៗ ក្នុងមួយក្រុមមាន១២គ្រួសារធ្វើការងារពលកម្មវេរប្រវាស់ដៃ មិនទាន់មានការបាយរួមទេ។
បន្ទាប់ពីចូលកាន់កាប់ទីក្រុងភ្នំពេញនៅ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមចាប់ផ្តើមបង្កើតជាសហករណ៍ចាប់ផ្តើមបាយរួម។ បើសិនយើងមិនចូលខ្មែរក្រហមចាប់យកទៅកសាង។ ស្រូវ អង្ករ សម្ភារៈផ្សេងៗត្រូវយកទៅដាក់រួមទាំងអស់។ បន្តិចក្រោយមកខ្មែរក្រហមបានជម្លៀសប្រជាជនពីទីក្រុងភ្នំពេញជាច្រើនគ្រួសារឲ្យមករស់នៅក្នុងភូមិរំចេក ឃុំរំចេក ស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា។ ពេលមកដល់ភូមិរំចេកដំបូង ខ្មែរក្រហមបានឲ្យប្រជាជន១៧មេសាទាំងអស់ធ្វើប្រវត្តិរូប។ ពេលនោះខ្មែរក្រហមបានរកឃើញអតីតទាហាន លន់ នល់ ប្រមាណ៤០នាក់ក្នុងចំណោមប្រជាជន១៧មេសារស់នៅក្នុងភូមិរំចេក។ បន្ទាប់មកខ្មែរក្រហមបានយកអតីតទាហាន លន់ នល់ទាំង៤០នាក់ ទៅសម្លាប់ទម្លាក់នៅក្នុងអណ្តូងដែលកងទ័ពវៀតកុងបានជីកលាក់ខ្លួនពេលធ្វើសង្គ្រាមជាមួយទាហានអាមេរិកក្នុងទសវត្សរ៍ដើមឆ្នាំ១៩៧០។ អណ្តូងនោះ ត្រូវបានអ្នកភូមិរំចេក និងអ្នកភូមិក្បែរនោះហៅថា អណ្តូង៤០ ពីព្រោះខ្មែរក្រហមបានយកអតីតទាហាន លន់ នល់ ចំនួន៤០នាក់ទៅសម្លាប់ទម្លាក់ក្នុងអណ្តូងនោះ។ ប្រជាជន១៧មេសារស់នៅភូមិរំចេកស្លាប់ ប្រមាណ ១០០នាក់ ដោយសារឈឺជំងឺគ្រុនចាញ់អត់មានថ្នាំព្យាបាល អត់បាយខ្លះ និងខ្លះទៀតត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ចោល។
កាលជំនាន់ខ្មែរក្រហមមានប្រធានភូមិរំចេកឈ្មោះ ហ៊ាង និងអនុប្រធានភូមិឈ្មោះទូច គីន។ ចំណែកប្រធានយោធាឈ្មោះ តា អ៊ុក អ៊ីន។ ពេលខ្មែរក្រហមកាន់កាប់ដំបូងខ្ញុំនៅបន្តធ្វើជាគ្រូបង្រៀននៅឡើយ។ ក្រោយមកទើបខ្ញុំធ្វើជាជំនួយការភូមិ និងជាកងឈ្លប ខ្ញុំត្រូវធ្វើរបាយការណ៍រាល់ខែ ស្រូវទទួលបានប៉ុន្មាន? មានផ្ទៃដីដាំស្រូវប៉ុន្មាន? ពេលដែលធ្វើរបាយការណ៍ត្រូវផ្ញើទៅខាងឃុំរំចេក។
នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបានចាត់តាំងខ្ញុំធ្វើជាជាងឈើវិញ ព្រោះកាលពីដើមខ្ញុំធ្លាប់ជាងផ្ទះ។ ខ្ញុំ និងប្រជាជន១៧មេសាម្នាក់ឈ្មោះ គុជ កន ត្រូវខ្មែរក្រហមចាត់តាំងឲ្យធ្វើកីតម្បាញក្នុង១ខែត្រូវតែធ្វើកីតម្បាញឲ្យបានរួចរាល់។ ក្រោយមក គុជ កន ត្រូវបានខ្មែរក្រហមសម្លាប់ចោល។
នៅឆ្នាំ១៩៧៧ ខ្មែរក្រហមដកខ្ញុំពីជាងឈើ ឲ្យមកនៅប្រចាំការនៅព្រំដែន។ នៅក្នុងភូមិរំចេក ខ្មែរក្រហមជ្រើសរើសយកបុរសចំនួន១៣នាក់ទៅយាមនៅព្រំដែនបឹងជ្រោង។ វត្តបឹងជ្រោង គឺជាព្រំដែនរវាងកម្ពុជា – វៀតណាម ដោយខឿនវត្តម្ខាងមានភាគីខាងខ្មែរប្រចាំការ និងខឿនវត្តបឹងជ្រោងម្ខាងទៀតមានភាគីវៀតណាមឈរជើងប្រចាំការ។ ពេលនោះកងទ័ពខ្មែរក្រហមប្រចាំតំបន់២១ បានយាមតាមព្រំដែនចាប់ពីឃុំដារ ស្រុកមេមត់រហូតដល់ស្រុកស្នួល ខេត្តក្រចេះ។ ក្រុមខ្ញុំមិនបានវាយជាមួយវៀតណាមទេ គ្រាន់តែនៅយាមបានរយៈពេល៤ខែ ខ្មែរក្រហមឲ្យត្រឡប់មកផ្ទះវិញ។ ពេលត្រឡប់ទៅភូមិរំចេកវិញ ខ្មែរក្រហមបានចាត់តាំងខ្ញុំធ្វើជាចុងភៅ ដូចជាត្រូវរកត្រី រកសាច់ និងម្ហូបជាដើម។ ថ្ងៃមួយនៅចុងឆ្នាំ១៩៧៧ ខ្ញុំបានយកគ្រាប់បែកទៅកែឆ្នៃសម្រាប់បោកត្រី។ ជាអកុសលបោកគ្រាប់បែកបោះមិនទាន់ ក៏ផ្ទុះត្រូវខ្លូនឯង បែកម្រាមដៃ ត្រូវមាត់ ចំទ្រូង និងដៃខាងស្តាំត្រូវពិការរហូតដល់ថ្ងៃ។
នៅឆ្នាំ១៩៧៨ ខ្មែរក្រហមខាងនិរតីចូលមករកអ្នកធ្លាប់ធ្វើគ្រូបង្រៀន មេភូមិ កងតូច កងធំ។ ប្រជាជនធ្លាប់ស្គាល់ខ្ញុំ ប្រាប់ថាខ្មែរក្រហមខាងនិរតីថា ខ្ញុំធ្លាប់ធ្វើគ្រូបង្រៀន។ ខ្មែរក្រហមខាងនិរតីចូលមករកខ្ញុំដល់ផ្ទះ រួចសួរថាធ្លាប់ធ្វើជាគ្រូបង្រៀនអត់? ខ្ញុំឆ្លើយថាធ្លាប់ធ្វើគ្រូបង្រៀន ខ្មែរក្រហមខាងនិរតីមើលពីលើរហូតដល់ក្រោម ឃើញរូបខ្ញុំពិការ ក៏លើកលែងមិនចាប់ខ្ញុំយកទៅសម្លាប់ឡើយ។ នៅពាក់កណ្តាលឆ្នាំ១៩៧៨ ខ្មែរក្រហមខាងនិរតីចាប់ផ្តើមជម្លៀសប្រជាជនចេញភូមិរំចេកឲ្យទៅនៅស្រុកតំបែរ។ នៅខណៈពេលកំពុងបាញ់គ្នាខ្លាំងទាំងកងទ័ពខ្មែរក្រហម និងវៀតណាមស្លាប់ច្រើន។ ខ្ញុំបានរត់គេចខ្លួនទៅខាងឃុំចាន់មូល ស្រុកមេមត់ ដើម្បីរងចាំឡានមកដឹកទៅប្រទេសវៀតណាម។ ទម្រាំតែរត់ទៅដល់ឃុំចាន់មូលរហូតម៉ោងប្រហែល១អាធ្រាត វៀតណាមបានដឹកទៅស្នាក់នៅជើងភ្នំជើងអណ្តែង។
នៅខែកុម្ភៈ ឆ្នាំ១៩៧៩ ទើបខ្ញុំនាំគ្នាត្រឡប់មកប្រទេសកម្ពុជា និងភូមិរំចេកវិញ។ ពេលធ្វើដំណើរត្រឡប់មកវិញដេកតាមផ្លូវ១យប់។ បន្ទាប់មកអត់ទាន់ហ៊ានចូលទៅរស់នៅក្នុងភូមិភ្លាមៗទេ ព្រោះខ្លាចមានគ្រាប់មីន។ ក្រោយមកខ្ញុំបានចូលទៅរស់នៅក្នុងផ្ទះខ្ញុំ និងធ្វើស្រែចំការធម្មតា។ ការរស់នៅក្នុងភូមិពីរ ទៅបីឆ្នាំដំបូងមានការពិបាកខ្លាំង ព្រោះយើងត្រូវចាប់ផ្តើមពីបាតដៃទទេ។ បន្ទាប់មកទើបយើងមានរបស់របរប្រើប្រាស់ និងពូជគ្រប់គ្រាន់ ហើយយើងមានហូបចុកគ្រប់គ្រាន់វិញ។
[1] បើយោងតាមរបាយការណ៍នៃគម្រោងផែនទីរណ្តៅសាកសពនៅក្នុងឆ្នាំ១៩៩៧របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ស្រុកមេមត់មានទីតាំងរណ្តៅសាកសពរួមចំនួនពីរដែលបានចុះស្រាវជ្រាវរួចរាល់៖ ទី១) ទីតាំងរណ្តៅសាកសពរួមក្ងោក ស្ថិតក្នុងភូមិក្ងោក ឃុំគគី ស្រុកមេមត់មានរណ្តៅសាកសពរួមចំនួន៤ទីតាំង និងមានជនគ្រោះដែលត្រូវបានខ្មែរក្រហមសម្លាប់ប្រមាណ៣០០នាក់។ ទី២) ទីតាំងរណ្តៅសាកសពរួមវត្តក្ងោកចាស់ ស្ថិតក្នុងភូមិក្ងោក ឃុំគគី ស្រុកមេមត់មានរណ្តៅសាកសពរួមចំនួន១ទីតាំង និងមានជនគ្រោះដែលត្រូវបានខ្មែរក្រហមសម្លាប់ប្រមាណ៥០នាក់។ ចំណែកទីតាំងរណ្តៅសាកសពរួមផ្សេងៗទៀតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជាកំពុងធ្វើការស្រាវជ្រាវស្វែងរកជាបន្តបន្ទាប់ទៀត, URL: https://d.dccam.org/Projects/Maps/List_of_Burial_Site_Most_Updated.pdf (December 13, 2024)
សរសេរដោយ ឡុង ដានី
ឯកសារយោង
[2] មជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសន៍ជាមួយ ដោរ សុឃិន នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។