របបខ្មែរក្រហមជារបបឃោរឃៅ
(ព្រៃវែង)៖ ឌុក យោន មានអាយុ៧១ឆ្នាំ មានមុខរបរជាកសិករ បច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ គាត់មានកូនចំនួន១១នាក់។
នៅក្នុងរបប លន់ នល់ យោន បានឃើញក្នុងភូមិមានសង្គ្រាម និងការទម្លាក់គ្រាប់បែក។ យោន ប្តី និងកូន មិនសូវបានស្នាក់នៅផ្ទះទេពិសេសនៅពេលយប់ គឺត្រូវរត់គេចទៅពួននៅតាមវាលស្រែ និងក្នុងព្រៃ។
យោន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់បានរៀបការនៅមុនឆ្នាំ១៩៧៥ ហើយក្នុងរបបខ្មែរក្រហមគាត់មានកូនចំនួនពីរនាក់។ យោន កូន និងប្តីរស់នៅភូមិសង្គ្រោះ ប៉ុន្តែត្រូវរស់នៅកន្លែងផ្សេងៗគ្នា។ ប្តីធ្វើការនៅកងចល័តផ្សេងពីគាត់ដែលត្រូវទៅជីកទំនប់ លើកប្រឡាយ និងភ្លឺស្រែនៅឆ្ងាយៗពីភូមិ និងមានពេលខ្លះត្រូវសម្រាកនៅក្នុងព្រៃកន្លែងធ្វើការងារ ហើយយូរៗម្តងទើបអង្គការអនុញ្ញាតឲ្យមកលេងគ្រួសារ។
យោន និយាយបន្តថា របបខ្មែរក្រហមជារបបឃោរឃៅធ្វើបាបប្រជាជនជាងគេ ក្នុងចំណោមរបបទាំងអស់ដែលគាត់បានឆ្លងកាត់។ ប្រជាជនទទួលរងទុក្ខលំបាក ត្រូវបែកពីសមាជិកគ្រួសារ ធ្វើការងារធ្ងន់គ្មានពេលសម្រាក និងគ្មានសិទ្ធិសេរីភាពក្នុងការរស់នៅ ធ្វើអ្វីៗទាំងអស់តាមតែអង្គការបញ្ជា។
កូនពីរនាក់របស់ យោន ត្រូវបានអង្គការឲ្យរស់នៅក្នុងកងកុមារដែលមានចាស់ៗជាអ្នកមើលថែ កូនរបស់គាត់មិនទទួលបានការអប់រំត្រឹមត្រូវទេ និងត្រូវធ្វើការងារដូចជាដើររើសគួរស្រូវ និងរើសអាចម៍គោដើម្បីទុកធ្វើជី។ ចំណែកគាត់ត្រូវរស់នៅជាមួយយុវនារីផ្សេងទៀតក្នុងភូមិសង្គ្រោះ។ ការងាររបស់គាត់គឺត្រូវដកស្ទូង និងបុកស្រូវសម្រាប់សហករណ៍រោងបាយ។ អង្គការបានចែករបបអាហារពីរពេលសម្រាប់គាត់ និងគ្រួសារ ដោយលាយជាមួយពោត និងគល់ល្ហុង ។
ឌុក យោន៖ «ក្នុងរបបខ្មែរក្រហម ខ្ញុំគិតថាបើមានតែបាយទទេរមិនចាំបាច់មានម្ហូបក៏ឆ្ងាញ់ដែរ។ ប៉ុន្តែមិនមានទេ។ ខ្ញុំអាសូរកូនខ្ញុំពីរនាក់ដែលមិនទាន់ដឹងក្តីជួបរឿងបែបនេះ។ ថ្ងៃមួយកូនប្រុសខ្ញុំចាប់បានក្តាមមួយ បានយកទៅដុត និងហូបទាំងជើង ទាំងសម្បកហេតុតែខ្លានពេក»។
ក្រោយមកអង្គការបានជម្លៀស យោន និងគ្រួសារពី ស្រុកកំណើត ទៅខេត្តកណ្តាល។ នៅទីនោះ គាត់រៀបរាប់ថាគ្មានជម្រកស្នាក់នៅទេ គាត់ និងគ្រួសារត្រូវដេកក្នុងព្រៃ បន្ទាប់ពីធ្វើការងារ ដក និងស្ទូងស្រូវរួច។ ចំណែករបបអាហារក៏ទទួលបានមិនគ្រប់គ្រាន់ដូចតែនៅសហករណ៍ខេត្តព្រៃវែងដែរ។
នៅទីនោះបានមួយរយៈរបបខ្មែរក្រហមក៏បានដួលរលំ ដោយនៅតំបន់អ្នកលឿងមានការប្រយុទ្ធគ្នាខ្លាំងរវាងទាហានខ្មែរក្រហម និងកងទ័ពវៀតណាម។ ទាហានខ្មែរក្រហមបានរត់គេចពីកន្លែងស្នាក់នៅ។ គាត់ និងប្រជាជនដទៃទៀតបានត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន។
ពេលមកដល់ភូមិកំណើតផ្ទះត្រូវបានបំផ្លាញអស់ យោន និងប្តីបានចាប់ផ្តើមរកស៊ី និងធ្វើស្រែដើម្បីចិញ្ចឹមជីវិតរហូតដល់បច្ចុប្បន្ន។ គាត់ បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយត្រូវចេះសិក្សាស្វែងយល់ពីទុក្ខលំបាកដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានឆ្លងកាត់ ដើម្បីជៀសវាងកុំឲ្យប្រទេសយើងជួបហេតុការណ៍ដូចអតីតកាលសារជាថ្មីម្តងទៀត។
សម្ភាសន៍ដោយ ហេង ស្រីអូន ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤