ជាងដំដែកសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ ដួង ធឹម មានអាយុ៨៦ឆ្នាំ ជាកសិករ រស់នៅ ភូមិត្រពាំងស្គន់ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងរបប លន់ នល់ ធឹម ប្រកបរបបជាជាងដំដែកធ្វើកាំបិត និងពូថៅ។ ក្នុងរបបខ្មែរក្រហមគាត់ត្រូវបានអង្គការជម្លៀសពីស្រុកកំណើតខេត្តស្វាយរៀង ទៅតំបន់អ្នកលឿងខេត្តព្រៃវែង។ ធឹម បានរៀបរាប់ថា ការជម្លៀសគាត់ និងប្រជាជនដទៃទៀតនៅពេលនោះគឺក្នុងគោលបំណងដើម្បីសម្លាប់ចោលទាំងអស់ គ្រាន់តែមិនទាន់មានឱកាសហើយរបបខ្មែរក្រហមក៏បានដួលរលំមុនទៅ។
ពេលទៅដល់អ្នកលឿងត្រើយខាងកើត អង្គការបានឲ្យ ធឹម និងប្រជាជនដទៃទៀតរស់នៅក្នុងសហករណ៍រួមគ្នាតាមប្រភេទអាយុ។ គាត់ត្រូវធ្វើជាសន្តិសុខយាមមន្ទីររបស់ខ្មែរក្រហមប្រចំាតំបន់នោះ។ ខ្មែរក្រហមដឹងថា ធឹមធ្លាប់ធ្វើការងារនេះ ទើបក្រោយមក ធឹម ត្រូវបានចាត់តាំងធ្វើជាជាងដំដែក ដំកាំបិត ពូថៅ និងគ្រឿងដែកផ្សេងៗទៀតសម្រាប់ប្រើប្រាស់ក្នុងសហករណ៍។
បន្ទាប់មកដោយសារនៅសហករណ៍ខ្វះជាងផ្ទះអង្គការក៏បានផ្លាស់ប្តូរការងារទៅធ្វើជាងផ្ទះវិញ។ ធឹម បន្តទៀតថា ដោយសារតែគាត់មានជំនាញ ទើបអង្គការបានចាត់គាត់ឲ្យធ្វើជាប្រធានក្រុម។ គាត់ត្រូវមើលការខុសត្រូវលើការងារជាងសង់ផ្ទះទាំងអស់។
ក្រោយធ្វើជាជាងផ្ទះបានមួយរយៈ អង្គការបានប្តូរការងារគាត់ឲ្យទៅធ្វើជាកងចល័តវិញ។ ធឹម និងយុវជនដទៃទៀតត្រូវទៅធ្វើការឆ្ងាយពីកន្លែងស្នាក់នៅ ជីកទំនប់ និងលើកប្រឡាយ។ នៅទីនោះគាត់បានឃើញអ្នកធ្វើការជាមួយរែកដីរហូតស្លាប់ ហើយត្រូវអង្គការបញ្ជាឲ្យយក សាកសពទៅកប់។
នៅកងធ្វើជាកងចល័ត ធឹម ក៏ធ្លាប់ប្រទះឃើញរណ្តៅកប់សាកសពទំហំប្រមាណ១ម៉ែត្របួនជ្រុងដែលគេទើបកប់ថ្មីៗ ដែលអាចមើលឃើញសាកសពគរលើគ្នា។
ធឹម ក៏ធ្លាប់ឃើញខ្មែរក្រហមចងបណ្តើរប្រជាជនយកទៅសម្លាប់ទាំងខ្សែៗ ដោយមិនដឹងជាមានកំហុសអ្វីនោះទេ។ តាមគាត់គិតប្រជាជនទាំងនោះគ្មានកំហុសអ្វីធំដុំទេ ព្រោះនៅសម័យនោះគ្រាន់តែលួចរបស់របរបន្តិចបន្តួចក្នុងសហករណ៍ក៏ត្រូវបានចោទប្រកាន់ថា ជាខ្មាំងដែរ។ គាត់បន្តថា ប្រជាជនរស់នៅគ្មានសិទ្ធិសេរីភាពនោះទេ គ្រប់គ្នាត្រូវរស់នៅតាមអង្គការកំណត់ ប្រសិនបើអង្គការថា មានកំហុសគ្មានសិទ្ធិតវ៉ាឡើយ។ ប្រជាជនគ្មានសិទ្ធិសូម្បីតែបរិភោគដំណាំដែលខ្លួនបង្កបង្កើនផលបាន។
របបអាហារ ធឹម ទទួលបានមិនគ្រប់គ្រាន់។ គាត់បានលួចបូតស្លឹកអំពិល គួរស្រូវ និងស្លឹករុក្ខជាតិផ្សេងៗដើម្បីចម្អែតក្រពះ។ ក្នុងរបបខ្មែរក្រហមតំបន់ ធឹម រស់នៅទោះបី ជារបបអាហារមិនគ្រប់គ្រាន់ក៏អង្គការមិនឲ្យប្រជាជនរិះគន់តវ៉ាដែរ។ ប្រសិនបើអង្គការដឹងថា ប្រជាជនណាហូប មិនឆ្ងាញ់ ឬមិនគ្រប់គ្រាន់នោះប្រឈមមុខនឹងយកទៅសម្លាប់ចោលមិនខាន។
បច្ចុប្បន្ន ធឹម ឧស្សាហ៍ហត់ និងហេវអស់កម្លាំង។ គាត់បានផ្តំាផ្ញើឲ្យយុវជនជំនាន់ក្រោយត្រូវចេះសិក្សាស្វែងយល់ទុក្ខលំបាកដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមធ្លាប់ឆ្លងកាត់ និងត្រូវចូលរួមទប់ស្កាត់អំពើឃោរឃៅទាំងនោះកុំឲ្យកើតមានឡើងសារជាថ្មី។
សម្ភាសន៍ដោយ ជុំ ចាន់រាត្រី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤