ប្អូនប្រុសដែលបាត់ខ្លួនទៅ

នៅពេលមេឃភ្លៀង បងស្រីតែងតែនឹកឃើញគ្រាកន្លងដែល ឌឿន នាំប្រពន្ធកូន មកលេង និងជួបជុំគ្រួសារ នៅមុនរបបខ្មែរក្រហមឡើងកាន់អំណាច។ ឌឿន បានឈប់រៀនត្រឹមថ្នាក់ទី៧ (សង្គមចាស់) ដោយត្រលប់មកធ្វើស្រែ និងរៀបការប្រពន្ធឈ្មោះ ឈឿ ដែលអ្នកកាត់ដេរនៅឃុំល្វា ស្រុកបវេល នៅឆ្នាំ១៩៧៣។ ឌឿន មានកូនបីនាក់ ក្នុងនោះស្រីម្នាក់។ ក្រោយមក ម្ដាយរបស់ឌឿន បានទៅនាំគ្រួសារឌឿនមករស់នៅភូមិបវេល។
នៅដើមឆ្នាំ១៩៧៥ ពេលកងទ័ពខ្មែរក្រហមចូលក្នុងភូមិបវេល ឌឿន បានបែកគ្នាជាមួយគ្រួសារ។ បងស្រីរបស់ឌឿន និងឪពុកម្ដាយ បានភៀសខ្លួនពីភូមិបវេល ទៅអាងកំពីងពួយ ជិតភ្នំជ្រោយស្នា ដើម្បីគេចពីគ្រាប់កាំភ្លើង និងគ្រាប់ផ្លោង។ ចំណែក ឌឿន រត់ទៅអង្គរបូរី ជាមួយប្រពន្ធក៏ដោយ ប៉ុន្តែ ឌឿន តែងតែនាំប្រពន្ធកូនមកលេងបងប្អូន និងឪពុកម្ដាយ។
ឌឿន គឺធ្វើការក្នុងកងសេដ្ឋកិច្ច ដែលមានតួនាទីនេសាទត្រី ដើម្បីផ្គត់ផ្គង់កម្មករនៅការដា្ឋន។ ឌឿន ធ្វើការជាមួយកម្មាភិបាលខ្មែរក្រហមម្នាក់ឈ្មោះ តាអេង គណៈឃុំបវេល ស្រុក៧០ តំបន់៣។ នៅថ្ងៃមួយ ឌឿន បានឃើញកម្មាភិបាលខ្មែរក្រហមរូបនេះធ្វើខុសសីលធម៌ជាមួយកម្មាភិបាលខ្មែរក្រហមផ្សេងទៀត។
អស់រយៈពេលជាច្រើនឆ្នាំ មិត្តរបស់ឌឿនដែលរស់រានមានជីវិតពីរបបខ្មែរក្រហម បានមកប្រាប់ ហឿន ដែលជាបងស្រីរបស់ឌឿនថា នៅឆ្នាំ១៩៧៨ ពេល ឌឿន ទៅយកត្រី នៅឃុំគោកសង្ឃោ ឌឿន បានឃើញ តាអេង ធ្វើខុសសីលធម៌ជាមួយកម្មាភិបាលខ្មែរក្រហមផ្សេងទៀត ហើយ តាអេង ហាម ឌឿន មិនឲ្យនិយាយ។ ឌឿន ក៏មិនហ៊ាននិយាយប្រាប់នរណាទាំងអស់ សូម្បីតែឪពុក។ ហឿន ថា «សម័យនោះកូនឯងដឹង ក៏មិនហ៊ាននិយាយប្រាប់ឪ។ ឪដឹងក៏មិនហ៊ាននិយាយប្រាប់កូន»។ ប៉ុន្តែ ឌឿន បានប្រាប់មិត្តរួមការងាររបស់ខ្លួនពីអំពើខុសសីលធម៌របស់តាអេង។ កម្មាភិបាលឈ្មោះ យាយសាត ដែលជាប្រធានកងសេដ្ឋកិច្ចនោះក៏ដឹងរឿងនេះ។
នៅយប់នោះ ពេល ឌឿន កំពុងធ្វើការ យាយសាត ក៏ហៅ ឌឿន ទៅទិសខាងត្បូង។ យប់ឡើង នៅពេលទៅដល់ផ្ទះ ហឿន ថា ឃើញ ឌឿន ស្លៀកខោពណ៌ប្រផេះ និងឃើញមានខ្មែរក្រហមយកឡានមកដឹក ឌឿន ទៅថ្នល់បំបែក មុខសាលាឃុំបវេល ជាកន្លែងមន្ទីរសន្តិសុខ ដែលឮតៗគ្នាថាជាកន្លែងសម្លាប់មនុស្ស។ តាំងពីពេលនោះមក ហឿន មិនដែលឃើញ ឌឿន ត្រលប់មកផ្ទះវិញនោះទេ។ ហឿន និយាយថា៖ «សម័យនោះក្មួយហៅចុះពីលើផ្ទះបាត់តែមួយយប់ មិនបាច់សង្ឃឹមទេ»។ ចំណែកប្រពន្ធរបស់ ឌឿន ត្រូវទៅធ្វើការទាំងទើបតែសម្រាលកូនបានតែប៉ុន្មានខែប៉ុណ្ណោះ។ ហឿន ថាទោះបីជាប្រពន្ធឌឿន ដឹងថាប្ដីបាត់ខ្លួន មានតែសោកា និងមិនហ៊ានយំនោះទេ។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ហឿន បានទៅសាកសួរ និងផ្ញើសំបុត្រទៅឈ្មោះ តាអេង ដែលរត់ទៅភ្នំឆ័ត្រពីដំណឹង និងកន្លែងដែលប្អូនប្រុសរបស់គាត់ ត្រូវខ្មែរក្រហមសម្លាប់។ ប៉ុន្តែ តាអេង បានបដិសេធថាមិនបានដឹងនោះទេ។
តាមរយៈឯកសារលេខ K០០២០៤[1] ប្រវត្តិរូបរបស់អ្នកជាប់ឃុំឃាំងនៅមន្ទីរសន្តិសុខ ស-២១ មានរៀបរាប់អំពីឈ្មោះ ដូង ឌឿន ភេទប្រុស មានកម្ពស់ ១,៦៣ម៉ែត្រ និងប្រវែងដងខ្លួន ០,៨៥ម៉ែត្រ មានអាយុ ៣២ឆ្នាំ (នៅថ្ងៃចាប់ខ្លួន)។ ឌឿន មានឪពុកឈ្មោះ អ៊ិត ដូង និងម្ដាយឈ្មោះ មាន ប្រកបមុខរបរជាកសិករ។ ឌឿន មានទីកន្លែងកំណើតនៅភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ នៅរបបខ្មែរក្រហម ឌឿន ធ្វើការ និងរស់នៅភូមិភាគពាយ័ព្យ តំបន់៥៦០ ខេត្តបាត់ដំបង ស្រុកបវេល ឃុំបវេល ភូមិបវេល។ ឌឿន ត្រូវបានខ្មែរក្រហមឃាត់ខ្លួននៅថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៧៨ និងឃុំខ្លួននៅផ្ទះ៤៣ បន្ទប់ធំ១។ ឌឿន មានប្រពន្ធឈ្មោះ ស ឈឿ។
អំពីបងស្រីរបស់ឌឿន៖
ដូង ហឿន[2] ភេទស្រី មានអាយុ ៦៣ឆ្នាំ (២០០៦) ត្រូវជាបងស្រីរបស់ឈ្មោះ ដូង ឌឿន ដែលបានបាត់ខ្លួននៅឆ្នាំ១៩៧៨។ ហឿន មានស្រុកកំណើត និងរស់នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ សព្វថ្ងៃ ហឿន ប្រកបរបរលក់នំខ្មែរ (នំបត់ និងនំផ្អែម)។ ហឿន មានស្វាមីឈ្មោះ ហោ ឈួន ដែលជាអតីតទាហាន លន់ នល់ សក្តិបី។ ឪពុករបស់គាត់ឈ្មោះ ដូង[3] និងម្ដាយឈ្មោះ ជុច ហម។[4] ហឿន មានបងប្អូនបីនាក់ ក្នុងនោះស្រីម្នាក់ ដោយទី១ ឈ្មោះ ដូង ហឿន, ទី២ ឈ្មោះ ដូង ឌឿន, និងទី៣ ឈ្មោះ ដូង ដឿន (ស្លាប់ឆ្នាំ១៩៧៣ ដោយរោគាពាធ)។ នៅឆ្នាំ១៩៧០ ហឿន បានមករស់នៅទីក្រុងភ្នំពេញមួយរយៈជាមួយប្តី។ នៅឆ្នាំ១៩៧២ ប្តីរបស់ហឿន បានស្លាប់ក្នុងសមរភូមិ នៅស្រុកឯករមាស ខេត្តកំពង់ឆ្នាំង ដោយបន្សល់ទុកកូនបីនាក់ ក្នុងនោះស្រីពីរនាក់។
នៅពេលខ្មែរក្រហមដឹងថា ហឿន ជាប្រពន្ធរបស់ទាហាន លន់ នល់ នោះ ហឿន ត្រូវបានខ្មែរក្រហមចាត់ទុកគាត់ជាប្រជាជន១៧មេសា និងជាក្រុមពិសេស។ ខ្មែរក្រហមបានបង្ខំឲ្យ ហឿន ធ្វើពលកម្មហួសកម្លាំង ថែមទាំងចោទថា ហឿន មានជំងឺសតិអារម្មណ៍។ ហឿន ត្រូវធ្វើការទាំងមានផ្ទៃពោះ និងហូបមិនបានគ្រប់គ្រាន់ ដោយហូបបបររាវលាយជាមួយគ្រាប់ពោត ឬកន្ទក់។ ហឿន ត្រូវរស់នៅបែកពីឪពុកម្ដាយ ចំណែកបងប្អូនត្រូវទៅធ្វើការផ្សេងៗគ្នា។
នៅពេលសម្ភាសជាមួយ ហឿន គាត់ថា គាត់តែងតែស្តាប់ព័ត៌មានតាមវិទ្យុ ដើម្បីស្វែងរកដំណឹងរបស់ប្អូន។ ប៉ុន្តែបីឆ្នាំមុខពេលសម្ភាស មិត្តរបស់ឌឿន ដែលរស់នៅបរទេស បានមកប្រាប់ ហឿន ពីរឿងហេតុរបស់ ឌឿន ដែលដឹងរឿងខុសសីលធម៌របស់កម្មាភិបាលខ្មែរក្រហម និងអ្វីដែលហឿន មិនបានដឹងពីមុនមក។ ហឿន មិនបានដឹងថាប្អូនរបស់គាត់ឈ្មោះ ឌឿន ត្រូវបានចាប់ខ្លួន និងឃុំឃាំងនៅមន្ទីរសន្តិសុខ ស-២១ នោះទេ៕
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ
[1] ឯកសារលេខ K០០២០៤. (១៩៧៨). ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះ ដូង ឌឿន. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទាញយកនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥.
[2] ឯកសារលេខ BBI០០២៤. (២០០៦). សម្ភាសជាមួយ ដូង ហឿន ដោយ ឡុង ដានី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា.
[3] ដូង ស្លាប់ក្នុងឆ្នាំ១៩៩១.
[4] ជុច ហម ស្លាប់ក្នុងឆ្នាំ១៩៩៧.