ឃើញអស់ហើយនូវរូបភាពសាហាវព្រៃផ្សៃ

ព្រៃវែង ៖ ឌុច​ ចាន់រី​ មានអាយុ៥៩ឆ្នាំ​ មានទីកន្លែងកំណើតស្ថិតនៅក្នុងភូមិក្រសាំងចារ​ ឃុំសេនារាជឧត្ដម​ ស្រុកព្រះស្ដេច​ ខេត្តព្រៃវែង​ ប៉ុន្តែសព្វថ្ងៃនេះ​ ចាន់រី​ បានប្ដូរមករស់នៅក្នុងភូមិពាយនាយ​ ឃុំក្រាំងស្វាយ​ ស្រុកព្រះស្តេច​ ខេត្តព្រៃវែង​ដែលជាស្រុកកំណើតខាងប្ដី។​ ប្ដីរបស់គាត់បានទទួលមរណភាព ១៩ឆ្នាំមកហើយ គាត់គឺជាស្រ្ដីមេម៉ាយ មានកូន៤នាក់។  នៅក្នុងសម័យខ្មែរក្រហម​ ចាន់រី​ មានអាយុ​ប្រហែល​១០ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែរឿងរ៉ាវដែល​បានកើតឡើង វាហាក់ដូចជានៅថ្មីៗនៅឡើយសម្រាប់​គាត់​។

ចាន់រី​ បាននិយាយថា នៅឆ្នាំដែលខ្មែរក្រហមបានចូលមកគ្រប់គ្រង​ ខ្មែរក្រហមបានជម្លៀស អ្នកភូមិស្ទើតែទាំងអស់ចេញ​ឆ្ពោះទៅកាន់ភាគពាយ័ព្យ​។  ការធ្វើដំណើរគឺដោយថ្មើរជើង​ ជិះកាប៉ាល់ និងជិះរថភ្លើង រហូតដល់ខេត្តបាត់ដំបង។

ទៅដល់ខេត្តបាត់ដំបង ខ្មែរក្រហមក៏បានចែកបាយឲ្យហូប ប៉ុន្តែហូបមិនឆ្អែតទេ ឪពុកគាត់ក៏បានលួចគាស់ដំឡូងហូប ដល់ពេលយប់ក៏មានឆ្លបលួចស្ដាប់បានដឹងក៏យកពុកគាត់ទៅសម្លាប់ចោល។

ខ្មែរក្រហមបានចាត់គាត់នៅក្នុងកងកុមារចល័ត  គាត់ក៏ធ្លាប់បានរត់មកផ្ទះវិញដែរ ព្រោះគាត់នឹកម្ដាយពេក ប៉ុន្តែពេលគាត់ទៅដល់ម្ដាយរបស់គាត់ក៏បានប្រាប់គាត់ថា «កូនកុំមកវិញ បើកូនមកវិញម៉ែក៏ត្រូវគេយកទៅសម្លាប់ដែរ ព្រោះអីពុកកូនបានស្លាប់ទៅហើយ»។ គាត់បន្តថាក្នុងនាមជាប្រជាជនថ្មី គាត់មិនមានភាពងាយស្រួលនោះទេ។ គាត់ត្រូវបានគេធ្វើបាបសព្វយ៉ាង ធ្វើខុសអីបន្តិចគេគំរាមយកទៅសម្លាប់ចោល។ នៅពេលយប់គាត់មិនបានគេងលក់ស្រួលឡើយ ខ្មែរក្រហមបានចាត់ឲ្យគាត់ទៅយាមរោងបាយ ប្រសិនបើឃើញអ្នកណាមកលួចរបស់ហូបត្រូវរាយការណ៍ប្រាប់ខ្មែរក្រហម។

មានពេលមួយនោះគាត់បានឃើញ ម្ដាយកូនបីនាក់មកលួចបាយហូប ដោយចិត្តអាណិតគាត់មិនបានរាយការណ៍ឲ្យខ្មែរក្រហមបានដឹងនោះទេ។ លុះព្រឹកឡើងខ្មែរក្រហមក៏បានមកពិនិត្យឃើញថាបាត់ស្បៀងអាហារ ក៏ប្រុងនឹងយកគាត់ទៅសម្លាប់ចោល ប៉ុន្តែជាសំណាងល្អ គាត់ក៏បានកូនសហករចិត្តល្អម្នាក់លួចជម្លៀសគាត់ទៅនៅសហករមួយទៀត ទើបគាត់អាចរួចជីវិតបាន។

គាត់បានបន្ថែមថា៖ «ជាកុមារម្នាក់ដែលមានអាយុជាង ១០ឆ្នាំ ប៉ុន្តែខ្ញុំបានឃើញអស់ហើយនៅរូបភាព សាហាវព្រៃផ្សៃ ការធ្វើទារុណកម្ម និងការសម្លាប់មនុស្សជាច្រើនអ្នក​។»

ចាន់រី ក៏បានប្រាប់ថា គ្រួសាររបស់គាត់ទាំងអស់ត្រូវបានគេយកទៅសម្លាប់ ២-៣ថ្ងៃ មុនថ្ងៃរំដោះមកដល់នៅសល់តែជីដូន ប្អូនស្រីជីដូនមួយ និងគាត់ប៉ុណ្ណោះ។ ពេលដែលត្រឡប់មកស្រុកវិញ តាមផ្លូវសុទ្ធសឹងជា ក្មេងកំព្រា និងស្រ្តីមេម៉ាយ។ ការធ្វើដំណើរទៀតសោតគឺមិនមានអាហារហូបចុកគ្រប់គ្រាន់នោះទេ។ ពេលមានរបស់ហូបបន្តិចបន្តួចចង់ចែករំលែកដែរ ប៉ុន្តែបើចែកអស់ គាត់អាចត្រូវដាច់ពោះ ទើបគាត់បង្ខំធ្វើមនុស្សចិត្តដាច់ដើម្បីរក្សាជីវិតខ្លួនឯង។

មកដល់ស្រុកកំណើតវិញគាត់បានរស់នៅជាមួយជីដូន និងប្អូនជីដូនមួយរហូតបានរៀបការ បែកផ្ទះមកនៅខាងប្ដីរបស់គាត់ ស្ថិតនៅភូមិពាយនាយនេះរហូតមកដល់សព្វថ្ងៃ។

សម្ភាសន៍ និងអត្ថបទដោយ ជួន រក្សា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin