ឌុច អន ធ្លាប់បានចូលរួមជាទាហានបដិវត្តន៍ក្នុងសម័យសង្រ្គាម

ប្រភពរូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា (រូបតំណាង)

ឌុច អន[1] មានអាយុ ៤៧ឆ្នាំ (ឆ្នាំ២០០៣) អន មានស្រុកកំណើតនៅក្នុងភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ អន មានឪពុកឈ្មោះ ឌុច ថន និងមានម្តាយឈ្មោះ អ៊ុំ ទូច។ ម្តាយ និងឪពុករបស់ អន បានស្លាប់ដោយសារជំងឺនៅក្នុងឆ្នាំ ២០០២។ អន មានប្រពន្ធឈ្មោះ អិល ធឹង អាយុ ៤៤ឆ្នាំ (ឆ្នាំ២០០៣) មានកូនប្រុសស្រីចំនួន ៨នាក់ ស្រី៤នាក់ ប្រុស ៤នាក់។ អន មានបងប្អូនសរុប ៦នាក់ បងប្រុសទី១ ឈ្មោះ ចែម (ស្លាប់នៅក្នុងរបបខ្មែរក្រហម), បងស្រីទី២ ឈ្មោះ ផង រស់នៅឃុំកងតាណឹង, បងប្រុសទី៣ ឈ្មោះ ជឿន (ស្លាប់ក្នុងជំនាន់សង្គ្រាមស៊ីវិលឆ្នាំ ១៩៧៣), បងស្រីទី៤ ឈ្មោះ ផាត រស់នៅឃុំរកាអារ, ទី៥ អន ផ្ទាល់ និងប្អូនទី៦ ឈ្មោះ ហាច តែបងបាត់ដំណឹង តាំងពីពេលដែល ហាចបានចូលធើ្វ​ ជាកងទ័ពនៅឆ្នាំ១៩៧៥ នៅខេត្តរតនគិរី មិន ទទួលបានដំណឹង ឬបានឃើញវិលត្រឡប់មកផ្ទះវិញ។ កាលពីវ័យកុមារ អន បានរៀនត្រឹមថា្នក់ទី​១២ សង្គមចាស់ ដោយបានចូលរៀន នៅសាលាខាងក្រៅផង និងបានចូលទៅរៀនសូត្រនៅក្នុងវត្តអារាម​ផងដែរ។ រៀនបាន ២ ឆ្នាំ អន ក៏បានសម្រេចចិត្តបោះបង់ការសិក្សា ដោយសារតែជាប់រវល់ ក្នុងការមើលគោ និងក្របីច្រើនពេក។ ក្រោយឈប់ពីការសិក្សា និងធ្វើជាក្មេងឃ្វាលគោក្របីរួចមក អន ក៏បានស្មគ្រ័ចិត្តចូលរួម ធ្វើជាកងទ័ពបដិវត្តន៍ ដោយសារតែបានឮ សេចក្ដីប្រកាសពីការវាយប្រយុទ្ធប្រឆាំង និងកងទ័ព លន់ នល់ ដូចនេះហើយបានជា អន សម្រេចចិត្តចូលរួម ជាកងទ័ពបដិវត្តជាមួយខ្មែរក្រហម។

នៅក្នុងក្នុងឆ្នាំ ១៩៧២ ពេលដែលចូលធ្វើជាទាហានបដិវត្តដំបូង អន បានទៅចូលរួមជាមួយមិត្ត បីនាក់ទៀត ដែលមានទាំងអ្នកដែលទើបនឹងសឹកមកក៏មាន។ ពេលដែលចូលរួមជាកងទ័ពដំបូង អន បានចូលរួម និងអន្លង់អក ជិតឃុំអង្គរបាន ស្រុកកងមាស។ នៅពេលដែលចូលរួម ជាកងទ័ពបដិវត្តនោះ អន មិនបានឱ្យឪពុកម្តាយ ដឹងរឿងនោះទេ​គឺ អន បានលួចរត់ ទៅចុះឈ្មោះចូលជាកងទ័ពតែម្ដង ព្រោះខ្លាច មានការបារម្ភ និងហាមឃាត់ពីឪពុកម្តាយខ្លួន។ មុនកាលដែល អន បានចូលបដិវត្តប្រឆាំងនឹង លន់ នល់ នៅក្នុងភូមិរបស់ អន រស់នៅមានការទម្លាក់គ្រាប់បែកផងដែរ រហូតមានការស្លាប់ប្រជាជន​ក៏មាន ដូចជាប្តីប្រពន្ធពីរនាក់ ឈ្មោះ ហៀង និង ផុន បានត្រូវស្លាប់ពេលដែលបានការទម្លាក់គ្រាប់បែកកើតឡើងនៅក្នុងអំឡុងពេលមានសង្គ្រាមស៊ីវិល ឆ្នាំ ១៩៧០-១៩៧៥។ ចំពោះការចូលធ្វើជាកងទ័ពខ្មែរក្រហម ថ្មីៗ មិនទាន់ត្រូវបានចេញទៅសមរភូមិមុខទេ គឺត្រូវនៅរៀនសូត្រនយោបាយ និងមានពេលខ្លះ ក៏ត្រូវបាននាយទាហានជាន់ខ្មែរក្រហម ប្រើឱ្យទៅដាំដុះ​បន្លែ និងដំណាំផ្សេងៗ ផងដែរ។ កងទ័ព ដែល អន បានចូលរួមជាមួយមានប្រធានកង ឈ្មោះ ម៉េង និងមានកងកម្លាំងសរុបប្រមាណជាង ៣០នាក់ នៅទីនោះបានប្រហែលជា ៣ខែ ទើប អន ត្រូវបានបញ្ជូលបន្តមកកាន់ ព្រែកកុយ នៅក្នុងខេត្តកណ្ដាល។ ពេលដែលបានទៅដល់ព្រែកកុយនេះហើយ​ទើប អន បានចាប់ផ្តើមហ្វឹកហាត់ ពីយុទ្ធសាស្រ្ត កងទ័ព ហើយក៏បានឈរជើងត្រៀមនៅក្នុងការវាយប្រយុទ្ធផងដែរ។ ប្រធានកងពលឈ្មោះ អឿន ជាអ្នកគ្រប់គ្រងកងទាហាននៅព្រែកកុយ ដែលបានកម្លាំងជិត ៤០០នាក់ ។ អន ក៏ធ្លាប់បានចូលរួមការប្រយុទ្ធជាមួយកងទ័ព លន់ នល់ នៅក្នុងសមរភូមិដូចជា រកាកោង ទៅព្រៃទទឹងនៅអំឡុងចុងឆ្នាំ ១៩៧២ ដើមឆ្នាំ ១៩៧៣ ដែលពេលនោះនៅជាមួយប្រធានកង ឈ្មោះ ចូវ ដែលដឹកនាំក្រុមវរសេនាតូចមានគ្នាប្រមាណជាង៥០០នាក់ នៅពេលដែលវាយមកដល់ព្រៃទទឹង ក៏បន្តស្នាក់នៅទីនោះប្រហែលជិត ២ឆ្នាំទៀត។

ក្នុងឆ្នាំ ១៩៧៤ នៅពេលដែលចេញពីព្រៃទទឹង ក៏បានបន្តទៅសមរភូមិនៅភូមិអន្លង់ជ្រៃ ស្ថិតនៅក្នុងស្រុកព្រៃកឈរដែរ។ នៅអន្លង់ជ្រៃ កងទ័ពបដិវត្តន៍ខ្មែរក្រហមបានចាប់បានកងទ័ពលន់ នល់បានជាច្រើនផងដែរ នៅពេលដែលចាប់ទាហាន លន់ នល់ បានមេទ័ពខ្មែរក្រហមបានបញ្ជាឱ្យកូនទាហានយកទាហាន លន់ នល់ ទាំងអស់នោះទៅសម្លាប់ចោល។ ក្រោយមកនៅក្នុងឆ្នាំ ១៩៧៤​ ដដែល អន បានទៅកោះត្រឡាច ជ្រោយសំបួរ ខ្លាក្រហ៊ឹម នៅក្នុងស្រុកបាធាយខេត្តកំពង់ចាម។ ទាហានដែលឈរជើងនៅ ខាងជើងព្រែកក្តាមនោះ ជាក្រុមទាហានដែលចាំជួយទប់កម្លាំងទាហានលន់ នល់ ដែលមានគម្រោងក្នុងការវាយចូលទៅកាន់ខេត្តកំពង់ឆ្នាំង និងទៅបាត់ដំបង នៅរហូតដល់ឆ្នាំ ១៩៧៥។

នៅក្នុងឆ្នាំ ១៩៧៥ អន និងកងទាហានក្នុងកងជាមួយគ្នា​មួយចំនួន បានឆ្លងចូលព្រែកតាទែន ចូលមកព្រែកព្នៅ រួចចុងក្រោយ ក៏វាយ ចូលទីក្រុងភ្នំពេញ ។ នៅពេលដែល អន បានចូលដល់ទីក្រុងភ្នំពេញ អន ក៏បានឃើញការជម្លៀសប្រជាជនចេញពីទីក្រុងផងដែរ ដែលពេលសួរទាហានខ្មែរក្រហមផ្សេងទៀតទៅ ទាហានទាំងអស់នោះបានប្រាប់ថា ជម្លៀសទៅសមរភូមិក្រោយ។ រួចមកទៀត អន ក៏បានឈរជើងនៅម្ដុំទួលគោក ដោយក្រោយមកទៀត ខ្មែរក្រហមក៏បានឱ្យ អន ធ្វើជាអ្នកកិនស្រូវ ជាមួយមិត្ត ៤នាក់ផ្សេងទៀតផងដែរ។ នៅពេលដែលស្ថិតនៅកន្លែងកិនស្រូវ ​អន ត្រូវធ្វើការចាប់ពីម៉ោង ៧ ដល់ម៉ោង ១១ សម្រាកហូបបាយហើយ ថ្ងៃឡើងម៉ោង ១ ក៏បន្តធ្វើទៀតរហូតដល់ម៉ោង ៥ល្ងាច។

រហូតដល់ឆ្នាំ ១៩៧៧ ក៏បានប្រយុទ្ធជាមួយកងទ័ពវៀតណាម អន ក៏ត្រូវបានជ្រើសរើសឱ្យទៅប្រយុទ្ធជាមួយកងទ័ពវៀតណាមទៀត ដោយឈរត្រៀមឈរនៅម្ដុំផ្សារសួង ចាំបើកម្ហូប និងអង្ករ ដោយ អនត្រូវបានខ្មែរក្រហមបញ្ជូលទៅក្នុងកងសេដ្ឋកិច្ច ហើយបន្តនៅរហូតដល់ចុងឆ្នាំ ១៩៧៨ ទើប អន បានសុំច្បាប់ មកផ្ទះនៅទួលគោក រួចក៏ត្រឡប់ទៅខេត្តកំពង់ចាមវិញ ដោយបានឃើញពីទុក្ខលំបាករបស់អ្នកផ្ទះ និងបានបាត់បង់បងប្អូន សាច់ញតិមួយចំនួនផងដែរ។

អត្ថបទដោយ សាំង ចាន់ធូ


[1] KCI0194 បទសម្ភាសន៍ ឌុច អន សម្ភាសន៍ដោយ ឡុង ដានី ថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០០៣, បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin