សុខចិត្តសម្លាប់ច្រឡំ មិនដោះលែងច្រឡំ

រូបថត មករា ១៩៧៩ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅក្នុងប្រទេសមួយដែលកើតមានសង្រ្គាម បញ្ហានយោបាយបានកើតឡើង នៅពេលមេដឹកនាំប្រទេសទទួលយកគោលនយោបាយកុម្មុយនីស្តីផ្តាច់ការ ដូចបានអនុវត្តន៍កន្លងមកនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ហៅថារបបខ្មែរក្រហម)ប្រើអំពើហឹង្សាមកលើប្រជាជនខ្លួនឯង បិទសិទិ្ធសេរីភាពគ្រប់បែបយ៉ាង ចាប់ចង និងសម្លាប់ រហូតបង្កើតបានទ្រឹស្តីមួយឃ្លាថា(សុខចិត្តសម្លាប់ច្រឡំ មិនដោះលែងច្រឡំ)។ ទាំងអស់នេះជាពាក្យពេចន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

ឌុច សន[1]  មានអាយុ៦៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានឪពុកឈ្មោះ កែវ ឌុច ម្តាយឈ្មោះ ទេព អែម។ សន មានប្រពន្ធឈ្មោះ ជួប យ៉ាន និងមានកូនចំនួន៣នាក់(ស្រី២ប្រុស១) រស់នៅភូមិព្រែកតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នៅមុនរបបខ្មែរក្រហម ខ្ញុំបានធ្វើការងារជាមន្រ្តីរាជការ នៅក្រសួងសាធារណការ តែមានជំនាញផ្នែកអគ្គិសនី ទទួលខុសត្រូវនៅក្នុងសាលាខេត្តកែប។ ជាពិសេស តាមផ្លូវសាធារណៈ និងផ្ទះមន្រ្តីធំៗ ដែលមានប្រធានអគ្គិសនីឈ្មោះ ចៅ សែម។ នៅពេលប្រទេសជាតិកើតមានរដ្ឋប្រហារសម្តេចព្រះ នរោត្តមសីហនុ ចេញពីប្រមុខរដ្ឋ ដោយសេនាប្រមុខ លន់ នល់ និងបក្ខពួកនៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០។ ប្រទេសជាតិទាំងមូលបានធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលរវាងខ្មែរ និងខ្មែរ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិចាប់ផ្តើមជ្រួលច្របល់ ប្រជាជនមួយចំនួននាំគ្នាធ្វើបាតុកម្មដើម្បីទាមទារសម្តេចឪយាងត្រឡប់មកប្រទេសវិញ ប្រឆាំងនឹងរបបសាធារណរដ្ឋ លន់ នល់។ នៅពេលនោះប្រទេសមិនសូវមានសណ្តាប់ធ្នាប់ទី១) បញ្ហាចោរព្រៃក៏មាន ទី២)ប្រជាជនខ្មែរមួយចំនួនទៀតបានរត់ចូលព្រៃតស៊ូជាមួយក្រុមចលនាខ្មែរក្រហម ថែមទាំងមានទាហានយួនវៀតកុង(វៀតណាមខាងជើង)មកជួយក្រុមចលនាខ្មែរក្រហមក្នុងព្រៃ ដើម្បីវាយប្រយុទ្ធជាមួយទាហានឧត្តមសេនីយ លន់ នល់ មានការជួយគាំទ្រពីសហរដ្ឋអាមេរិក។ នៅក្នុងឆ្នាំ១៩៧១ សង្រ្គាមកើតឡើងកាន់តែខ្លាំងមានយន្តហោះទម្លាក់គ្រាប់បែកគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ប្រជាជនមិនបានប្រកបមុខរបរធ្វើស្រែចម្ការ និងភូមិឃុំមួយចំនួនក្លាយជាតំបន់រំដោះរបស់ខ្មែរក្រហម។

នៅឆ្នាំ១៩៧៤ សង្រ្គាមកាន់តែខ្លាំងឡើងៗរវាងយោធាខ្មែរក្រហម ដែលបានវាយប្រយុទ្ធជាមួយទាហានឧត្តមសេនីយ លន់ នល់។ ខ្ញុំបានដឹងហេតុការណ៍ជាច្រើននៅក្នុងពេលនោះ ជាពិសេសស្ថានភាពនៅក្រុងកែប កម្លាំងយោធាខ្មែរក្រហម ឡើងមកប្រយុទ្ធគ្នាជាមួយទាហានឧត្តមសេនីយ លន់ នល់ រួមទាំង(ប៉េអ៊ឹមក្រុង) នៅពេលវាយប្រយុទ្ធគ្នាម្តងៗឃើញមានមនុស្សស្លាប់តាមផ្លូវរថភ្លើងទាំងយោធាខ្មែរក្រហម និងទាហាន លន់ នល់  រីឯទីក្រុងកែបផ្ទាល់មន្រ្តីរាជការខេត្តខ្លះភ័យខ្លាចបានឡើងទៅទីក្រុងភ្នំពេញ មិនត្រឡប់មកធ្វើការងារវិញ។ នៅសល់មន្រ្តីមួយចំនួនធ្វើការ តែគ្មានពេលវេលាសម្រាប់ធ្វើការងារទេ ពីព្រោះកម្លាំងយោធាខ្មែរក្រហម ឡើងមកវាយប្រយុទ្ធរំខានរាល់ថ្ងៃនៅពេលយប់ ជួនណាពេលថ្ងៃថែមទៀត។ នៅអំឡុងចុងឆ្នាំ១៩៧៤  ក្នុងស្ថានភាពចលាចលជ្រួលច្របល់វឹកវរខាងផ្នែកនយោបាយដែលបង្កឲ្យមានបញ្ហាអស្ថិរភាពយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គម។ ខ្ញុំ និងមន្រ្តីរាជការមួយចំនួនទៀត បានភៀសខ្លួនមកធ្វើការងារនៅខេត្តកំពតវិញ បន្ទាប់មកទៀតប្រពន្ធខ្ញុំ បានទូរស័ព្ទមកថា កូនឈឺធ្ងន់ និងហើមភ្នែកទៀត។ ខ្ញុំក៏សម្រេចចិត្តសុំច្បាប់ តែចៅហ្វាយខេត្តឈ្មោះ អ៊ំ សាមុត អវត្តមាន។ ខ្ញុំមានការស្មុគស្មាញក្នុងចិត្តជាខ្លាំង ដោយគ្មានមធ្យោបាយធ្វើដំណើរតាមផ្លូវជាតិ៣មកភ្នំពេញវិញ ពីព្រោះកម្លាំងយោធាខ្មែរក្រហម ចាំវាយស្ទាក់តាមផ្លូវ។ នៅពេលនោះក៏ជួបសំណាងល្អ មានឧទ្ធម្ភាគចក្រមួយគ្រឿងរបស់មន្រ្តីរាជការមកពីភ្នំពេញឈ្មោះលោក(សង់ដឺណង់ដេស) បានសុំគាត់ជិះត្រឡប់មកភ្នំពេញវិញដែរ។ ខ្ញុំបានទៅរកជួបប្រពន្ធកូនដែលកំពង់រស់នៅម្តុំវត្តទួលទំពូង រស់នៅជាមួយគ្នាមិនបានត្រឡប់ទៅខេត្តកំពតវិញទេ។ នៅក្នុងឆ្នាំ១៩៧៥ មុនខ្មែរក្រហម វាយចូលទីក្រុងភ្នំពេញ។ ខ្ញុំបានតាមដានស្តាប់ឮវិទ្យុផ្សាយសំឡេងថា មេដឹកនាំខ្មែរក្រហម ជាមួយមេដឹកនាំទាហានឧត្តមសេនីយ លន់ នល់ មានទាំងព្រះសង្ឃចូលរួមពិភាក្សាគ្នាថា យើងសុទ្ធជាខ្មែរដូចគ្នា បានធ្វើការចចារគ្នាទៅ  នៅពេលខ្មែរក្រហមចូលដល់ទីក្រុងភ្នំពេញ យើងមិនប្រើអាវុធទេ ទម្លាក់អាវុធចុះទាំងអស់គ្នា កាលនោះមានការយល់ព្រមទាំងពីរភាគី។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបខ្មែរក្រហម បានឡើងកាន់អំណាច ហើយបានប្រកាសថា យើងបានឈ្នះមិនមែនដោយសារការចរចាទេ គឺឈ្នះដោយសារចុងអាវុធ។ ខ្ញុំគិតថា នោះទាហានឧត្តមសេនីយ លន់ នល់ ចាញ់កល្បិចខ្មែរក្រហម។ នៅក្នុងសភាពការណ៍នោះ ខ្ញុំក៏ដូចជាប្រជាជនដទៃទៀតដែរ ត្រូវបានយោធាខ្មែរក្រហម ជម្លៀសចេញពីទីក្រុងភ្នំពេញ ឲ្យរស់នៅតាមទីជនបទស្រុកស្រែចម្ការ។ ខ្ញុំបានចេញដំណើរជាមួយប្រពន្ធកូន ពីវត្តទួលទំពូងដោយដឹកអីវ៉ាន់តាមរទេះរុញចេញដំណើរមកដល់សាលាបឹងត្របែកមនុស្សច្រើនប្រហែលរាប់ពាន់នាក់ កកស្ទះស្ទើរដកង្ហើមមិនរួច ក៏សម្រេចចិត្តរកកន្លែងសម្រាកសិន រហូតដល់ពេលយប់រៀងទូលាយបន្តិចក៏បានធ្វើដំណើរបន្តទៀតដល់ក្រុងតាខ្មៅ(ខេត្តកណ្តាល)សំដៅទៅស្រុកស្អាងជាមួយប្រជាជនផ្សេងទៀត។  ខ្ញុំបានគិតឡើងវិញថា ភូមិកំណើតនៅបឹងខ្យាងតាមផ្លូវជាតិលេខ២ យើងមកតាមផ្លូវនេះមិនត្រូវទេ ក៏សម្រេចចិត្តសុំយោធាខ្មែរក្រហម ត្រឡប់ក្រោយវិញ។ នៅតាមផ្លូវ ខ្ញុំ បានឃើញសកម្មភាពផ្ទាល់ភ្នែកប្រជាជនដែលមានម៉ូតូជិះ(ម៉ាកវ៉េសស្ពា) និងអ្នកខ្លះទៀតមានរថយន្តជិះដឹកអីវ៉ាន់កូនចៅ។ អ្នកទាំងនោះសុទ្ធតែជាមុខសញ្ញារបស់យោធាខ្មែរក្រហម ហៅសួរនាំម្តងមួយៗ ជួនពេលខ្លះយោធាខ្មែរក្រហម បានបាញ់សម្លាប់ចោលនៅតាមផ្លូវតែម្តង មើលទៅសាហាវព្រៃផ្សៃណាស់។ ខ្ញុំបានធ្វើដំណើរបន្តចំនួនបីយប់បួនថ្ងៃ ទើបបានមកដល់ស្រុកកំណើតនៅភូមិព្រែកតាតូច ឃុំបឹងខ្យាង។ ខ្ញុំបានរស់នៅភូមិកំណើតជួបជុំសាច់ញាតិបងប្អូនប្រហែលជាពីរខែ អង្គការបានរៀបចំរចនាសម្ព័ន្ធថ្មី បានបែងចែកកម្លាំងទៅតាមវ័យ មនុស្សចាស់(ជរា),​ កណ្តាល(កសិករមានប្រពន្ធ), យុវជន(នៅលីវ) និងកុមារតូចៗ។ ខ្ញុំ និងគ្រួសារជាមុខសញ្ញារបស់អង្គការ ពីព្រោះប្រជាជនថ្មីមកពីភ្នំពេញ។ នៅក្នុងឆ្នាំ១៩៧៥ ដដែល ខ្ញុំត្រូវបានអង្គការចាត់តាំងឲ្យចូលរួមធ្វើការងារជាមួយកសិករនៅក្នុងមូលដ្ឋាន ដើម្បីភ្ជួររាស់ដីសម្រាប់ធ្វើស្រែ និងបន្ទាប់មកទៀតជីកទំនប់ប្រឡាយនៅម្តុំព្រែកហូរ រួចបន្តទៅស្រុកកណ្តាលស្ទឹងទៀត រីឯប្រពន្ធរស់នៅជាមួយកងស្រ្តីតាមសហករណ៍ក្នុងភូមិធ្វើការងារដកស្ទូង រីឯកូនច្បងនៅក្នុងអង្គភាពកុមារ ដូចជាកាប់ដើមទន្រ្ទាងខេត្រ ដើរកើបអាចម៍គោយកទៅធ្វើជីដាក់ស្រែ។ នៅក្នុងផែនការរបស់ខ្មែរក្រហម ដាក់មកលើប្រជាជនធ្វើស្រែឲ្យបានក្នុងមួយហិចតាបីតោន តែសម្រាប់អាហារវិញ មិនបានគ្រប់គ្រាន់ទេ ហូបតែបបរមិនដែលបានឆ្អែត។ នៅក្នុងរបបខ្មែរក្រហម ដូចថាយើងកំពុងតែធ្វើការងារសុខៗ បើមានប្រធានអង្គភាពប្រាប់ឲ្យយើងទៅជួយដាំដំឡូង ឬទៅជួយកាប់ឫស្សីនៅកន្លែងផ្សេងសុទ្ធតែជាមុខសញ្ញាចាប់ខ្លួនឬយកទៅសម្លាប់ចោល។

នៅឆ្នាំ១៩៧៨ ខ្ញុំត្រូវបានយោធាខ្មែរក្រហម ហៅមកសាកសួរជាច្រើនលើក នៅក្រោមដើមឈើ តែមិនមានការចាប់ចងខ្ញុំទេ នៅពេលនោះឈ្មោះ ថន និង ឆែម ជាអ្នកសួរ បាននិយាយលួងលោមខ្ញុំថា មិត្តឆ្លើយឲ្យស្មោះត្រង់ចំពោះមុខអង្គការ? បើមិត្តពិតជាធ្លាប់ពាក់សក្តិបី នៅជំនាន់ លន់ នល់ មែន អង្គការយកទៅធ្វើការវិញភ្លាម នៅភ្នំពេញអង្គការបានជ្រើសរើសយកអតីតទាហាន លន់ នល់ ជើងចាស់ ឲ្យចូលបម្រើការងារនៅក្នុងក្រសួងការពារជាតិ។ នៅពេលនោះ ខ្ញុំឆ្លើយដោយស្មោះត្រង់ប្រាប់អង្គការថា នៅជំនាន់ លន់ នល់ ខ្ញុំធ្វើខាងអគ្គិសនីទេ សួរពេលណាក៏ឆ្លើយបែបនេះរហូតទាល់តែយោធាខ្មែរក្រហម ដោះលែងមកវិញ។ នៅក្នុងស្ថានភាពនោះ មានប្រជាជនត្រូវបានជម្លៀសចេញពីខេត្តស្វាយរៀង និងខេត្តព្រៃវែង(ភូមិភាគបូព៌ា) មករស់នៅក្នុងភូមិព្រែកតាតូចដែរ។ សភាពការណ៍ពេលនោះ កម្មាភិបាលខ្មែរក្រហម រវល់រៀបចំប្រជាជនថ្មី។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំបានដឹងថា ខ្មែរក្រហម បានចាប់មនុស្សស្ទើរតែរៀងរាល់ថ្ងៃ ដូចជាលោកគ្រូឈុំ និងលោកគ្រូប៉ុន គាត់មិនបានពេញចិត្តរបបខ្មែរក្រហម នៅពេលអស់កម្លាំងគាត់សម្រាកដេកលេង ហើយនិយាយភាសាបារាំងថែមទៀត នៅពេលកងឈ្លបខ្មែរក្រហម បានស្តាប់ឮ យប់ឡើងចាប់ខ្លួនអ្នកទាំងពីរយកទៅដាក់មន្ទីរសន្តិសុខ(គុកសង់ទន្លេបាទី)។ បន្ទាប់មកទៀត អង្គការបានចាប់កម្មាភិបាលខ្មែរក្រហមគ្នាឯងអស់មួយចំនួនដូចជាឈ្មោះ សែម, ឆន, ពត, ម៉ម, យ៉ូត និងវិន។ នៅក្នុងរបបខ្មែរក្រហម បើយើងធ្វើគថ្លង់មិនសូវដឹងរឿង និងខិតខំធ្វើការងារឲ្យសកម្ម អង្គការមើលឃើញ បើចង់សម្លាប់យើងក៏ទុកប្រើសិនដែរ។

នៅឆ្នាំ១៩៧៩ ខ្ញុំបានរស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃរស់នៅក្នុងស្រុកកំណើត ប្រកបមុខរបរធ្វើស្រែចម្ការ ជាមួយប្រពន្ធកូន។ រឿងរ៉ាវខ្លះដែលបានកើតឡើងក្នុងរបបខ្មែរក្រហម ខ្ញុំចងចាំមិនភ្លេចទេ និងបន្តប្រាប់ទៅដល់កូនចៅជំនាន់ក្រោយឲ្យបានដឹងថា របបខ្មែរក្រហម ប្រើអំពើហឹង្សាព្រៃផ្សៃ ឃោឃៅធ្វើបាបប្រជាជនស្លាប់ដោយអត់អាហារ ធ្វើការងារហួសកម្លាំង ការធ្វើទារុណកម្មគ្រប់បែបយ៉ាងនិងយកទៅសម្លាប់ចោលនៅទូទាំងប្រទេសកម្ពុជា។

[1] នៅថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០០២, ផាន់ សុជា បានជួបសម្ភាសន៍ជាមួយឈ្មោះ ឌុច សន ហៅ កែវ សន ភេទប្រុស អាយុ៦៣ឆ្នាំ (អតីតមន្រ្តីរាជការផ្នែកអគ្គិសនី) មានស្រុកកំណើតនៅភូមិព្រែកតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អត្ថបទនេះ យើងបានសរសេរទៅតាមបទសម្ភាសន៍ជាមួយម្ចាស់ប្រវត្តិរូបផ្ទាល់។  បន្ទាប់មកយើងឃើញពាក្យមួយឃ្លាថា (សុខចិត្តសម្លាប់ច្រឡំ មិនដោះលែងច្រឡំ) ជាពាក្យនិយាយតៗគ្នា នៅសម័យកុម្មុយនីស្ត។

អត្ថបទដោយ សុខ វណ្ណៈ


 លេខឯកសារ (KDI0004)តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin