បាយលាយពោតក្រហម

(កណ្ដាល)៖ ឌឿ ឡុង ភេទស្រី អាយុ ៧១ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ឡុង មានឪពុកឈ្មោះ ឌឿ (ស្លាប់ឆ្នាំ១៩៧០) និងមានប្អូនស្រីម្នាក់ឈ្មោះ ឌឿ ឡន។ ឡុង បានរៀបការនៅមុនឆ្នាំ១៩៧២។
នៅឆ្នាំ១៩៧២ ឪពុកមារបស់ឡុង បាននាំឡុងនិងប្តី ព្រមទាំងប្អូនស្រី ទៅរស់នៅទីក្រុងភ្នំពេញ ដោយសារមានការទម្លាក់គ្រោះបែកនៅក្នុងភូមិ។ ចំណែក ម្ដាយឡុង បន្តរស់នៅភូមិកំណើត។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ និងជម្លៀស ឡុង និងប្តីមកស្រុកកំណើតវិញ។ ឡុង ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនថ្មី និងគំរាមគាត់ថា «ទុកក៏មិនចំណេញ ដកចេញក៏មិនខាត»។ ឡុង ត្រូវធ្វើការនៅក្នុងកងចល័ត ដោយត្រូវលើកទំនប់ រែកដី នៅព្រែកវល្លិ និងសំប៉ាន។ ចំណែក ប្តីឡុង ត្រូវទៅធ្វើការដូចជា រែកដី និងធ្វើផ្លូវ នៅអង្គភាពផ្សេង។ របបអាហារនៅពេលនោះ គឺមានតែបាយលាយពោតក្រហម, បបរមួយវែក ឬពោតពីរផ្លែ សម្រាប់ហូបក្នុងមួយពេល។
នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ។ ឡុងនិងប្តី បានត្រលប់មករស់នៅភូមិកំណើត និងប្រកបរបរធ្វើស្រែចម្ការ។ សព្វថ្ងៃ ឡុង មានជំងឺប្រចាំកាយ និងរស់នៅជាមួយកូន៕
សម្ភាសដោយ ឆែ អ៊ីឡាង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥