ធ្វើការសង្គមនិយម

ឌី បូពី រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី

(រតនគិរី)៖ ឌី បូពី មានអាយុ ៦១ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់បានសិក្សា និងរៀនសូត្រជំនាញពេទ្យទូទៅអំឡុងឆ្នាំ១៩៧២ និងជាឆ្មបនៅសម័យខ្មែរក្រហម។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានបំបិទសិទ្ធិសេរីភាពរបស់គាត់ និងហាមមិនឲ្យគាត់ជឿការត្អូញត្អែររបស់អ្នកជំងឺដែលគាត់បានពិនិត្យព្យាបាល។ ការពិនិត្យនៅសម័យនោះមានក្រុមគ្រូពេទ្យពី៣ទៅ៤នាក់ ដែលធ្វើការពិភាក្សាអំពីអាការរបស់អ្នកជំងឺ មុននិងធ្វើការសណ្ឋាន។ ប្រធានក្រុមបានផ្តាំគាត់ថា «កុំត្រចៀកស» នៅពេលពិនិត្យ។

ឆ្នាំ១៩៧៦ ដល់ ១៩៧៧ បូពី ត្រូវបានបង្ខំឲ្យរៀបការ ជាមួយគ្រូពេទ្យគ្រុនចាញ់។ បន្ទាប់ពីរៀបការបានបីថ្ងៃ អ្នកទាំងពីរត្រូវបានខ្មែរបញ្ជាឲ្យទៅធ្វើការងាររៀងខ្លួនតាមស្រែចម្ការ ដោយបញ្ឈប់អ្នកទាំងពីរពីការងារជាគ្រូពេទ្យ។

បូពី បានចងចាំថា នៅពេលដែលគាត់មានផ្ទៃពោះនៅឆ្នាំ១៩៧៧ គាត់ត្រូវដងទឹក និងរែកទឹកតែម្នាក់ឯងសម្រាប់​ប្រើប្រាស់។ បន្ទាប់ពីសម្រាលកូនរួច នៅចុងឆ្នាំដដែល គាត់ទទួលបានអង្ករចំនួន១៥កំប៉ុង ប្រេងកាត ១លីត្រ និងមាន់មួយក្បាលសម្រាប់បរិភោគ និងប្រើប្រាស់    រយៈពេល១៥ថ្ងៃ។ គាត់ត្រូវខ្មែរក្រហមបញ្ជាឲ្យធ្វើការ ដោយបុកស្រូវ និងអុំស្រូវទាំងដែលគាត់​ទើប​សម្រាលកូនរួច។

គាត់ត្រូវងើប និងបំបៅកូនរបស់គាត់មុនម៉ោង៥ព្រឹក ដើម្បីយកកូនទៅផ្ញើជាមួយជីដូនចាស់ៗ ដែលមានវ័យប្រហែលជាង៦០ទៅ៧០ឆ្នាំ។

ការងារត្រូវចាប់ផ្តើមដោយដកសំណាបនិងច្រូតស្រូវពីព្រឹករហូតដល់ម៉ោង១០យប់ ដោយពុំមានពេលសម្រាកនិងហូបចុកបានគ្រប់គ្រាន់នោះទេ។

អ្នកដែលមិនធ្វើការ នឹងគ្មានអ្វីសម្រាប់បរិភោគនោះទេ។ នៅពេលល្ងាច បន្ទាប់ពីត្រឡប់ពីធ្វើការគាត់ត្រូវងូតទឹក និងត្រឡប់ទៅយកកូន ហើយបង្ហួសទៅរោងបាយដើម្បីយកបាយសម្រាប់ហូប។ សម្រាប់អ្នកដែលមានកូនខ្ចីដូចរូបគាត់ ខ្មែរក្រហមអនុញ្ញាតឲ្យហូបបាយនៅខ្ទមជំនួសឲ្យនៅរោងបាយ។

ប្តីរបស់គាត់មិនត្រូវបានអនុញ្ញាតឲ្យបានជួបគាត់នៅមុននិងក្រោយពេលគាត់ឆ្លងទន្លេនោះទេ។ អ្នកទាំងពីរត្រូវបានបំបែកបំបាក់ ដោយប្តីរបស់គាត់ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅជីកក្តួចនៅភូមិផ្សេង។ ក្នុងមួយថ្ងៃខ្មែរក្រហមឲ្យអង្ករតែកន្លះកំប៉ុងប៉ុណ្ណោះទៅ​ប្តីរបស់គាត់សម្រាប់ចម្អិន​​​ហូប។

ឌី បូពី បានបន្តរៀបរាប់ពីទុក្ខលំបាកដែលគាត់បានឆ្លងកាត់នៅសម័យខ្មែរក្រហម។ គាត់ត្រូវធ្វើការតាំងពីព្រលឹមទល់ព្រលប់ ខ្មែរក្រហមបានហៅការងារទាំងនោះថា «ធ្វើការសង្គមនិយម»។

សម័យខ្មែរក្រហម គាត់ត្រូវបានព្រាត់ប្រាសក្រុមគ្រួសារ។  ចំណែកឯក្មេងៗបានរៀនសូត្របន្តិចបន្តួចប៉ុណ្ណោះតាមម្លប់ដើមឈើ និងទទួលបានរបបអាហារតិចជាងពាក់កណ្តាលចានចង្កឹះ។

ជាចុងក្រោយ បូពីបានលើកទឹកចិត្តអ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ក្រោយឲ្យបន្តការចុះជួបអ្នករស់រានមានជីវិតពីរបប​​​ខ្មែរក្រហម ដើម្បីចងក្រងជាឯកសារសម្រាប់អ្នកជំនាន់​ក្រោយបានសិក្សារៀនសូត្រពីរបបមួយនេះ និងទប់ស្តាត់កុំឲ្យរបបនេះកើតឡើងសារជាថ្មីម្តងទៀតនាពេលអនាគត៕

សម្ភាសន៍ដោយ ឡាយ កូរ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin